ភ្នំពេញៈ អង្គការ​សង្គម​ស៊ីវិល​ចំនួន​ ៤៥ សំណូមពរ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ ចំនួន​ ៤ ​អនុសញ្ញា ដើម្បី​ជា​សក្ខីភាព បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការបញ្ឈប់​អំពើហិង្សា​លើ​ស្ត្រី និង​ក្មេងស្រី​។

ការស្នើសុំ​នេះ​ធ្វើឡើង​តាមរយៈ​សេចក្តី​ថ្លែងការណ៍​រួម​ ១ ​នា​ថ្ងៃទី​ ៧ ធ្នូ ក្នុងឱកាស​ដែល​កម្ពុជា​កំពុង​ចូលរួម​ប្រារព្ធ​យុទ្ធនាការ​ ១៦ ​ថ្ងៃ ដើម្បី​លុបបំបាត់​អំពើហិង្សា ផ្អែកលើ​យេនឌ័រ​ឆ្នាំ​ ២០២១ ​នេះ​។ ក្នុង​សេចក្តីថ្លែងការណ៍​រួម​អង្គការ​សង្គម​ស៊ីវិល ឱ្យដឹងថា អនុសញ្ញា​ទាំង​ ៤ ​នោះ មាន អនុសញ្ញា​ ១៨៣ ស្តីពី​ការការពារ​មាតុភាព អនុសញ្ញា​ ១៨៩ ស្តីពី​ការងារ​សមរម្យ សម្រាប់​កម្មករ​ការងារ​តាម​ផ្ទះ អនុសញ្ញា​ ១៩០ ស្តីពី​ការលុប​បំបាត់​អំពើហិង្សា​ និង​ការបៀតបៀន​នៅក្នុង​ពិភព​ការងារ និង អនុសញ្ញា​ ១៤៤ ពី​ការពិគ្រោះ​យោបល់​ត្រីភាគី​រវាង​រដ្ឋ និយោជក និង​កម្មករនិយោជិត​។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​លើកឡើង​ថា ករណី​អំពើហិង្សា និង​ការបៀតបៀន​ផ្លូវភេទ​លើ​ស្ត្រី និង​ក្មេងស្រី បន្ត​កើតមាន​ជា​រៀងរាល់​ថ្ងៃ ទាំង​នៅក្នុង​ផ្ទះ នៅតាម​ដងផ្លូវ សាលារៀន និង​កន្លែង​ធ្វើ​ការងារ ដែល​ប៉ះពាល់​ដល់​សិទ្ធិសេរីភាព​ជា​មូលដ្ឋាន​របស់​ស្ត្រី​។ ក្នុង​វិស័យ​ការងារ​កន្លងមក​មាន​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ស្បែកជើង​ និង​កាបូប​មួយ​ចំនួន​បានកំណត់​វិធាន​ផ្ទៃក្នុង​មិនឱ្យ​មានការ​ប្រើប្រាស់​ហិង្សា​ក្នុង​កន្លែងធ្វើការ​។ ប៉ុន្តែ​តាម​របាយការណ៍​របស់​អង្គការ​ឃែរ​កម្ពុជា ឆ្នាំ​ ២០១៧ និង​របាយការណ៍​របស់​មជ្ឈមណ្ឌល​សាមគ្គីភាព​ឆ្នាំ​ ២០១៨ កម្មការិនី​យ៉ាងហោច​ម្នាក់​ក្នុងចំណោម​ ៣ ​នាក់​បាន​រាយការណ៍​ថា ពួកគាត់​រង​នូវ​អំពើ​ហិង្សា​ និង​ការបៀតបៀន​ពី​អ្នក​គ្រប់គ្រង និង​អ្នក​រួម​ការងារ​ជាមួយ​។

អង្គការ​ទាំងនោះ​លើកឡើង​ទៀតថា ស្ថានភាព​នៃ​អំពើហិង្សា និង​ការបៀតបៀន​នៅក្នុង​ពិភពការងារ​រឹតតែ​ធ្ងន់ធ្ងរ ចំពោះ​កម្មការិនី ក្នុង​វិស័យ​សេវា​កម្សាន្ត ទេសចរណ៍ សិល្បៈ រហូតដល់​វិស័យ​សារព័ត៌មាន​។ ទន្ទឹមនឹងនេះ ផ្នត់​គំនិត​សង្គម​ដែលមាន​លក្ខណៈ​រើសអើង​ទៅលើ​ស្ត្រី ប្រភេទ​ការងារ​ស្ត្រី និង​វប្បធម៌​នៃ​ការបន្ទោស​ស្ត្រី​រងគ្រោះ នៅតែ​បន្ត​កើតមាន​ពី​សំណាក់​មន្ត្រី​អ្នកផ្តល់​សេវា​ផ្លូវ​ច្បាប់ និង​សេវា​ពាក់ព័ន្ធ​នានា​។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​បញ្ជាក់​ថា​៖ «​ជា​ញឹកញាប់​នៅពេលដែល​ស្ត្រី​រងគ្រោះ​រាយការណ៍​ករណី​របស់ខ្លួន អាជ្ញាធរ​មួយចំនួន​បែរ​ជា​បន្ទោស​ថា ករណី​នោះ​មិនបាន​មកប្តឹង​ភ្លាម បន្ទាប់ពី​កើតហេតុ ខណៈ​អាជ្ញាយុកាល​នៃ​បណ្តឹង​នៅ​មិនទាន់​ផុត​នៅឡើយ​»​។

មាន​ករណីខ្លះ​អាជ្ញាធរ​បាន​បំភ័យ ស្ត្រី​រងគ្រោះ​ឱ្យ​បោះបង់ចោល​នូវ​ការដាក់​ពាក្យបណ្តឹង​ព្រហ្មទណ្ឌ​ទៅវិញ តាមរយៈ​ការបន្លាច​ស្ត្រី​រងគ្រោះ​អំពី​កាតព្វកិច្ច​ធ្វើ​ត្រាប់​ទៅវិញ ឬ​ការផ្តល់​ព័ត៌មាន​ទៅដល់​ក្រុមគ្រួសារ ឬ​អាជ្ញាធរ​ភូមិ​ឃុំ ដែល​នឹង​ធ្វើឱ្យ​បែកការ​សម្ងាត់​របស់​ស្ត្រី​ជាដើម​។ នេះ​ជា​ការបញ្ជាក់​បន្ថែម​របស់​អង្គការ​ទាំងនោះ​។

ក្រុម​អង្គការ​បន្តថា​៖ «​ទង្វើ​នេះ​បាន​ជះ​ផលប៉ះពាល់​ដល់​អវិជ្ជមាន​ជាខ្លាំង​ទៅលើ​ស្ត្រី​រងគ្រោះ ធ្វើឱ្យ​ពួកគេ​បាក់​ទឹកចិត្ត​ និង​កាន់តែ​រងគ្រោះ​បន្ថែមទៀត​។ កត្តា​ដែល​លើកឡើង​ទាំងនេះ​ក៏​ជា​ហេតុផល​ដែល​រារាំង​លើ​ស្ត្រី និង​ក្មេងស្រី​រងគ្រោះ​ក្នុងការ​រាយការណ៍​ពី​ករណី​អំពើហិង្សា​ដែល​ខ្លួន​ជួប​ប្រទះ​ផងដែរ​។ ជាពិសេស​សម្រាប់​កម្មការិនី ទាំង​ខ្លាច​បាត់បង់​ការងារ​ផង ទាំង​មិនមាន​ទំនុកចិត្ត​លើ​ប្រព័ន្ធយុត្តិធម៌​ផង​»​។

ឆ្លើយតប​នឹង​ការទាមទារ​នេះ លោក​ ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល វិជ្ជាជីវៈ ថ្លែង​នា​ថ្ងៃទី​ ៨ ធ្នូ ថា ក្រសួង នឹង​ពិនិត្យ​ពិចារណា​លើ​ទិដ្ឋភាព​ខ្លឹមសារ និង​និន្នាការ​តំបន់​លើ​ការផ្តល់​អនុសញ្ញា​ទាំងនេះ​។ ខ្លឹមសារ ស្នូល​ដែលមាន​ចែង​ក្នុង​អនុសញ្ញា គឺមាន​ចែង​ក្នុង​ច្បាប់ និង​លិខិតូបករណ៍​របស់​កម្ពុជា​រួចហើយ​។

លោក​ក៏​ធ្លាប់​ប្រាប់​ដែរ​ថា​ក្រសួង​ការងារ​នឹង​ពិនិត្យ​ពិចារណា​ចំពោះ​ការស្នើសុំ​របស់​អង្គការ​សង្គម​ស៊ិវិល​។ ប៉ុន្តែ​លោក​បញ្ជាក់ អ្វីដែល​អង្គការ​សមាគម​ទាំងនោះ​បានស្នើ គឺមាន​នៅក្នុង​ច្បាប់ និង​បទដ្ឋាន​គតិយុត្តិ​របស់​ក្រសួង​រួចហើយ​។

លោក​ថ្លែងថា​៖ «​យើង​នឹង​ពិនិត្យ​ពិចារណា ប៉ុន្តែ​ច្បាប់ និង​លិខិតបទដ្ឋាន​របស់​យើង គឺ​ក្តោប​លើ​បញ្ហា​នេះ​រួចហើយ​»​។

ទោះយ៉ាងណា ក្នុង​ពិធី​បើក​សិក្ខាសាលា​ត្រីភាគី​ថ្នាក់ជាតិ​ស្តីពី​ការពិនិត្យ​ឡើងវិញ​ប្រចាំឆ្នាំ​លើ “​កម្មវិធី​ការងារ​សមរម្យ​ប្រចាំ​ប្រទេស​កម្ពុជា​ឆ្នាំ​ ២០១៩-២០២៣” នៅ​សណ្ឋាគារ​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​ ៨ ធ្នូ លោក​ អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ ថ្លែងអំណរគុណ​ដល់​អង្គការ​អន្តរជាតិ​ខាង​ការងារ ដែល​តែងតែ​ផ្តល់នូវ​កិច្ចសហប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធ​សំដៅ​សម្រេច​នូវ​គោលដៅ​រួមគ្នា​។ ជាពិសេស​គោលដៅ​ទាំងឡាយ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ដាក់ចេញ​ក្នុង​កម្មវិធី នយោបាយ​ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​ ៤ ក៏ដូចជា ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ឆ្នាំ​ ២០១៩-២០២៣​។

លោក​ថ្លែងថា​៖ «​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ខិតខំ​បន្ត​យកចិត្តទុកដាក់​លើ​ការបង្កើត បរិយាកាស​ការងារ​ និង​មុខរបរ​ឱ្យ​កាន់តែ​ទូលំទូលាយ​ដោយ​ការបង្កើន​ឱកាស​ការងារ​សមរម្យ និង​ផលិតភាព​ការងារ​ខ្ពស់ ការពង្រីក​យន្តការ វិសាលភាព​ និង​ប្រសិទ្ធភាព​ក្នុង​ការផ្តល់​សេវា​មុខរបរ និង​ការងារ​ឱ្យ​ឆ្លើយតប​កាន់តែ​ប្រសើរ​តាម​តម្រូវការ​អ្នកប្រើប្រាស់​សេវា​»៕