ភ្នំពេញៈ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន​ជូនដំណឹង​ថា ចាប់ពី​ថ្ងៃទី​ ១៣ ខែធ្នូ ឆ្នាំ​ ២០២១ នេះ​តទៅ ក្រសួង​នឹង​ផ្ទេរ​ការចែកចាយ​ឧបករណ៍​តេស្ត​រហ័ស អង់ទីហ្ស៊ែន​កូវីដ-១៩ ទៅ​ប្រៃសណីយ៍​កម្ពុជា ដើម្បី​បន្ត​ចែកចាយ និង​អាច​ផ្ដល់​បន្ថែម​នូវ​សេវាកម្ម​ដឹកជញ្ជូន​ដល់​ប្រជាពលរដ្ឋ​ផងដែរ​។

សេចក្ដី​ជូនដំណឹង​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ស្ដីពី​ការផ្ទេរ​ការចែកចាយ​ឧបករណ៍​តេស្ដ​រហ័ស​នេះ​ទៅ​ប្រៃសណីយ៍​កម្ពុជា​ឱ្យដឹងថា ចាប់ពី​ថ្ងៃទី​ ១ ខែកក្កដា ឆ្នាំ​ ២០២១ ​មក ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន​ចែកចាយ​ឧបករណ៍​តេស្ត​រហ័ស អង់ទីហ្សែន​កូវីដ​ ១៩ ដែល​បានធ្វើឱ្យ​ឧបករណ៍​តេស្ត​មាន​ភាពសម្បូរ និង​បន្សាំ​ទៅនឹង​តម្លៃ​ទីផ្សារ​។

តាមរយៈ​កិច្ចការងារ​នេះ ក្រសួង ស្ថាប័ន រោងចក្រ សហគ្រាស​នានា និង​ប្រជាជន​ទូទៅ​មានលទ្ធភាព​ក្នុង​ការទិញយក​ទៅធ្វើ​តេស្ត​ និង​បាន​ចូលរួម​ចំណែក​យ៉ាងសំខាន់​ក្នុង​ការទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ផងដែរ​។

ក្រសួង​បញ្ជាក់ថា​៖ «​ចាប់ពី​ថ្ងៃទី​ ១៣ ខែធ្នូ ឆ្នាំ​ ២០២១​នេះ​តទៅ ក្រសួង​នឹង​ផ្ទេរ​ការចែកចាយ​ឧបករណ៍​តេស្ត​រហ័ស​ទាំង​ ២ ​ប្រភេទ​នេះ​ទៅ​ប្រៃសណីយ៍​កម្ពុជា ដើម្បី​បន្ត​ចែកចាយ​ និង​អាច​ផ្ដល់​បន្ថែម​នូវ​សេវាកម្ម​ដឹកជញ្ជូន​»​។

ក្រសួង​បាន​ជូនដំណឹង​ដល់​សាធារណជន ដែល​បាន​បញ្ជា​ទិញ​នឹង​ទូទាត់​រួច មុន​កាលបរិច្ឆេទ​នៃ​ការផ្ទេរ​ការចែកចាយ​នេះ គឺ​ត្រូវ​មក​ទទួល​ឧបករណ៍​តេស្ដ​រហ័ស​នៅ​ទីស្តីការ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ដដែល​។

បើតាម​សេចក្ដី​ជូនដំណឹង ក្រសួង ស្ថាប័ន ក្រុមហ៊ុន សហគ្រាស រោងចក្រ មន្ទីរពេទ្យ​ឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថាន​រង ភ្នាក់ងារ​ចែកចាយ និង​សាធារណជន អាច​បន្ត​បញ្ជា​ទិញ​ឧបករណ៍​តេស្ដ​រហ័ស តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ដែល​ធ្លាប់ប្រើ​ប្រាស់​ពីមុនមក ដែលមាន​តំណ​ភ្ជាប់ mptc.gov.kh/rt ឬ​មក​ទិញ​ដោយផ្ទាល់​នៅ​ប្រៃសណីយ៍​កម្ពុជា ដែលមាន​អាសយដ្ឋាន នៅ​វិថី​ព្រះអង្គអេង សង្កាត់​វត្តភ្នំ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ​។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង ទូរស័ព្ទ​លេខ ០៩៦ ៦៥៩ ២៧៣៣ ០១៥ ២៧៩ ៩១៧ ជា​រៀងរាល់​ម៉ោង​ធ្វើការ​ ឬ​តាមដាន​ទំព័រ​ហ្វេសប៊ុក​របស់​ប្រៃសណីយ៍​កម្ពុជា​។

បើតាម​សេចក្ដី​ជូនដំណឹង​នេះ បច្ចុប្បន្ន ក្រសួង​កំពុង​បន្ត​ចែកចាយ​ឧបករណ៍​តេស្ដ​រហ័ស​អង់ទីហ្ស៊ែន​កូវីដ​ ១៩ ប្រភេទ Asan Easy Test ផលិត​នៅ​ប្រទេស​កូរ៉េ និង Wondfo ផលិត​នៅ​ប្រទេស​ចិន ជូន​ដល់​ក្រសួង ស្ថាប័ន ក្រុមហ៊ុន សហគ្រាស រោងចក្រ មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង ភ្នាក់ងារ​ចែកចាយ និង​សាធារណជន​។

ទាក់ទង​នឹង​លទ្ធផល​នៃ​ការចែកចាយ​ឧបករណ៍​តេស្ត​រហ័ស អង់ទីហ្ស៊ែន​កូវីដ​ ១៩ នាពេល​កន្លងមក និង​ផ្ទេរ​ការចែក​ចាយ​ឧបករណ៍​តេស្ត​រហ័ស​នេះ​ទៅ​ប្រៃសណីយ៍​កម្ពុជា ភ្នំពេញ​ប៉ុស្ដិ៍ មិនអាច​ទាក់ទង​លោក​ សូ វិសុទ្ធី អ្នកនាំពាក្យ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍ និង​លោក​ ម៉ុក រ៉ាឌី អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន​ទេ កាលពី​ថ្ងៃទី​ ៨ ធ្នូ​៕