The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - មន្ទីរបរិស្ថាន​ខេត្តកំពត​ព្រមាន​អ្នក​កាប់​ទន្ទ្រាន​ដីព្រៃ​ឧទ្យាន​ជាតិ​បូកគោ​ឱ្យ​ដកខ្លួន​ចេញ

មន្ទីរបរិស្ថាន​ខេត្តកំពត​ព្រមាន​អ្នក​កាប់​ទន្ទ្រាន​ដីព្រៃ​ឧទ្យាន​ជាតិ​បូកគោ​ឱ្យ​ដកខ្លួន​ចេញ

Content image - Phnom Penh Post
មន្ត្រី​ក្រសួងបរិស្ថាន ចុះ​ពិនិត្យ​ដីព្រៃ​នៅ​តំបន់​ឧទ្យាន​ជាតិ​បូកគោ​កាលពី​ថ្ងៃទី​ ១៤ ​កញ្ញា​។ រូបថត ក្រសួង​បរិស្ថាន

មន្ទីរបរិស្ថាន​ខេត្តកំពត​ព្រមាន​អ្នក​កាប់​ទន្ទ្រាន​ដីព្រៃ​ឧទ្យាន​ជាតិ​បូកគោ​ឱ្យ​ដកខ្លួន​ចេញ

កំពតៈ ​មន្ទីរ​បរិស្ថាន​ខេត្តកំពត​បាន​ប្រកាស​ព្រមាន​ដល់​អ្នក​ដែល​បាន​កាប់​រានទន្ទ្រាន​ដីព្រៃ​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស «​បូកគោ​» យក​ធ្វើជា​កម្មសិទ្ធិ ត្រូវ​រុះរើ ដក​ប្រមូល​ចេញ​នូវ​បង្គោល​ព្រំដី ឬ​សំណង់​ខ្ទម​ចាំ​ដី​ដោយ​ស្ម័គ្រចិត្ត​ឱ្យ​អស់​ត្រឹម​ថ្ងៃទី​ ១៥ ខែធ្នូ ឆ្នាំ​ ២០២១ ជា​កំហិត បើ​មិនដូច្នោះ​ទេ អាជ្ញាធរ​ពាក់ព័ន្ធ​នឹង​ចាត់វិធានការ​តាមច្បាប់​។

លោក អេង ប៉ូឡូ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពត​ថ្លែង​នៅ​ថ្ងៃទី ៧ ​ធ្នូ​ថា មន្ទីរ​បរិស្ថាន​ខេត្តកំពត​បាន​ជូនដំណឹង​ឱ្យ​ប្រជាពលរដ្ឋ​ដែល​កាប់​គាស់ រុករាន​ដីព្រៃ ឆ្ការ ដុត ឈូសឆាយ​ដីព្រៃ សង់រោង ធ្វើ​ក្សូស បោះបង្គោល ដាំ​ដំណាំ ហ៊ុមព័ទ្ធ​ដីព្រៃ ដើម្បី​យក​ដី​ធ្វើជា​កម្មសិទ្ធិ ក្នុង​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស «​បូកគោ​» ត្រូវ​រុះរើ ដក​ប្រមូល​ចេញ​ដោយ​ខ្លួនឯង​ឱ្យអស់​ត្រឹម​ថ្ងៃទី​ ១៥ ខែធ្នូ ឆ្នាំ​ ២០២១ ជា​កំហិត​។ បើ​ហួស​កាលបរិច្ឆេទ​ដូច​បានកំណត់ មន្ទីរ​បរិស្ថាន មន្ត្រី​ឧទ្យានុរក្ស រដ្ឋបាល​ឃុំ-សង្កាត់ ក្រុង ស្រុក​ពាក់ព័ន្ធ​នឹង​អនុវត្តតាម​នីតិវិធី​ច្បាប់​ជា​ធរមាន​។

លោក អេង ប៉ូឡូ មិនមាន​ទិន្នន័យ​ពី​ចំនួន​ពលរដ្ឋ និង​ចំនួន​ផ្ទៃដី​ដែល​ពលរដ្ឋ​បាន​ចូលទៅ​ទន្ទ្រាន​កាន់កាប់​នៅ​ទីនោះទេ ប៉ុន្តែ​ការជូនដំណឹង​នេះ​ធ្វើឡើង​ដោយ​ផ្អែកទៅលើ​អ្វី​ដែលមាន​នៅលើ​ផែនទី និង​បទដ្ឋាន​គតិយុត្ត​ដែល​បានចង្អុល​បង្ហាញ​។

ចំពោះ​ការផ្សព្វផ្សាយ​ឱ្យ​ពលរដ្ឋ​រុះរើ​ចេញ​នេះ ដោយសារ​តែ​មន្ត្រី​ឧទ្យានុរក្ស​មាន​ចំនួន​តិចតួច ហេតុនេះ​មន្ទីរ​ចង់ឱ្យ​ប្រជាពលរដ្ឋ ដែល​បាន​ចូល​ទន្ទ្រាន​ដោយ​ខុសច្បាប់ ចូលរួម​ដក​បង្គោលព្រំ​ដី​ ឬ​រុះរើ​របង​ចេញ ចៀសវាង​ការប្រើប្រាស់​កម្លាំង និង​ពេលវេលា​ច្រើន​។

លោក​បញ្ជាក់ថា​៖ «​ទិន្នន័យ​នៅក្នុង​ការទន្ទ្រាន​នេះ នៅ​ខ្វះខាត​នៅឡើយ ប៉ុន្តែ​បើ​យើង​មើល​រូបភាព តាម​ផែនទី​ផ្កាយរណប​បាន​បង្ហាញថា មាន​ការទន្ទ្រាន​ជាច្រើន​កន្លែង​ក្នុង​រយៈពេល​ថ្មីៗ​នេះ ជាពិសេស​នៅ​ចុងឆ្នាំ​ ២០០០ រហូតដល់​ដើមឆ្នាំ​ ២០២១ ​នេះ​»​។ លោក ប៉ូឡូ បញ្ជាក់ថា ការជូនដំណឹង​របស់​មន្ទីរ​បរិស្ថាន​ខេត្តកំពត គឺ​មាន​ការទន់ភ្លន់​ក្នុង​ការអនុវត្ត​ច្បាប់ បើ​ប្រជាពលរដ្ឋ​បាន​យល់ដឹង និង​ចូលរួម នោះ​មិនមាន​បញ្ហា​ប្រឈម​ទេ ប៉ុន្តែ​បើ​ពលរដ្ឋ​នៅតែ​ចចេស​ចង់​កាន់កាប់​ដី​ទាំងនោះ ដោយ​មិនមាន​លិខិតស្នាម ឬ​លិខិតបទដ្ឋាន​គតិយុត្ត​បង្ហាញ​ទេ នឹងធ្វើ​ឱ្យ​ពួកគាត់​មាន​បញ្ហា​ផ្សេងៗ​បន្តទៀត​។

លោក យន់ ផល្លី មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ប្រចាំ​ខេត្តកំពត ថ្លែង​នៅ​ថ្ងៃទី​ ៧ ​ធ្នូ​ថា អ្នក​ដែល​បាន​ចូល​កាប់​ទន្ទ្រាន​នៅក្នុង​តំបន់​ឧទ្យាន​ជាតិ​មុនីវង្ស «​បូកគោ​» ​គួរតែ​ចាកចេញ​ហើយ​ប្រគល់​ដី​ជូន​រដ្ឋ​វិញ ដោយ​ការស្ម័គ្រចិត្ត ប៉ុន្តែ​ការអនុវត្ត​ច្បាប់ គួរតែ​ធ្វើឡើង​ដោយ​តម្លាភាព​។ លោក​ថ្លែងថា​៖ «​មិន​ថា អ្នកមាន​អ្នកក្រ ឬ​អ្នក​ដែលមាន​អំណាច​ទេ ឱ្យតែ​មាន​ការទន្ទ្រាន​ទៅ​លើដី​រដ្ឋ​ប៉ះពាល់​លើ​សួនឧទ្យាន​ហ្នឹង ត្រូវតែ​មាន​ការចាកចេញ​ដោយ​ស្ម័គ្រចិត្ត​។ ប៉ុន្តែ​បើ​នៅក្នុង​រង្វង់​ដី​ឧទ្យាន​ជាតិ​ហើយ​មិនមាន​ផលប៉ះពាល់​តែ​រដ្ឋ​ត្រូវការ​ក្នុង​ប្រការ​ណាមួយ​នោះ​គួរតែ​រក​ដំណោះស្រាយ​សមរម្យ​តាម​នីតិវិធី​»​។

លោក យន់ ផល្លី ប្រាប់ថា ជា​ការកត់សម្គាល់​លើ​ការទន្ទ្រាន​ដី​ឧទ្យាន​ជាតិ​មុនីវង្ស​ «​បូកគោ​» គឺ​ការទន្ទ្រាន​ពី​សំណាក់​ប្រជាពលរដ្ឋ​មិនមាន​ច្រើន​ប៉ុន្មាន​ទេ តែ​ភាគច្រើន​គឺ​អ្នក​ដែលមាន​ធនធាន​មាន​អំណាច​។ ចំណុច​នេះ​លោក​សង្ឃឹមថា រដ្ឋ​នឹង​ចាត់​វិធានការ​ប្រកបដោយ​តម្លាភាព​ទូ​ទៅលើ​អ្នក​ដែល​បាន​ទន្ទ្រាន​ដីព្រៃ​ដោយ​ខុសច្បាប់​។

ឆ្លើយតប​នឹង​ការលើកឡើង​របស់​អង្គការ​សង្គម​ស៊ីវិល លោក អេង ប៉ូឡូ បញ្ជាក់ថា ការអនុវត្ត​ច្បាប់ គឺ​មិន​មានការ​លម្អៀង​ទៅខាង​ណា​ឡើយ​។ សំខាន់​បើ​ទង្វើ​នោះ​ខុស​ទៅនឹង​អ្វី​ដែលជា​បទដ្ឋាន​គតិយុត្ត​ ឬ​ច្បាប់​ចង្អុលបង្ហាញ គឺ​ត្រូវតែ​អនុវត្ត​ច្បាប់​ដោយ មិន​លើកលែង​នោះទេ​។

ពាក់ព័ន្ធ​នឹង​ការទន្ទ្រាន​កាន់កាប់​ដី​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​នេះដែរ ក្រសួងបរិស្ថាន​កំពុង​បន្ត​ពិនិត្យ​ទិដ្ឋភាព​ច្បាប់​ប្រឆាំងនឹង​បុគ្គល​ល្មើសច្បាប់ ដែល​បាន​លួច​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ​។

យ៉ាងណាក្តី​នៅ​ថ្ងៃទី​ ៧ ​ធ្នូ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ ក្រសួងបរិស្ថាន​បញ្ជាក់​ថា ការងារ​នោះ​មិនទាន់​មាន​ការសម្រេច​យ៉ាងណា​នៅឡើយ​។ ក្នុង​ដំណើរ​ការចុះ​ល្បាត​ពិនិត្យមើល​ស្ថានភាព​រំលោភច្បាប់​តំបន់​នោះ កាលពី​ថ្ងៃទី ២៦ ខែ​កក្កដា លោក​ នេត្រ ភក្ត្រា ​បាន​ឱ្យ​ដឹងថា មាន​ការទន្ទ្រាន​កាន់កាប់​ដីព្រៃ​រដ្ឋ​ដោយ​ខុសច្បាប់ ចំនួន​ ១៩២ ​កន្លែង មាន​ទំហំ​ជាង ៧០០ ​ហិកតា ដែល​ស្ថិតនៅក្នុង​ឃុំ​ចំនួន​ ៨ របស់​ស្រុក​ឈូក ស្រុក​ទឹកឈូ និង​ក្រុង​កំពត​។

លោក ភក្ត្រា ថ្លែងថា​៖ «​ស្ថានភាព​នៃ​ការទន្ទ្រាន​កាន់កាប់​ដីព្រៃ​ថ្មីៗ​មិនមែន​ជា​ដី​ដែល​ត្រូវបាន​ប្រើប្រាស់ និង​អាស្រ័យផល​យូរ​ឆ្នាំ​ឡើយ​។ ការ​ល្មើសច្បាប់​ក្នុង​ការទន្ទ្រាន​ដី​រដ្ឋ​នោះ ត្រូវតែ​អនុវត្ត​ទៅតាម​ច្បាប់ ដោយ​មិនមាន​ការលើកលែង​ឡើយ វិធានការ​ទប់ស្កាត់ ការអនុវត្ត​នីតិវិធី​ច្បាប់​កម្រិតណា អាហ្នឹង​ស្ថិត​នៅលើ​ក្រសួង​បរិស្ថាន​» ៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍