បាត់ដំបងៈ នៅពេលនេះក្រុមកម្លាំងសមត្ថកិច្ចចម្រុះស្រុកសំឡូត ខេត្តបាត់ដំបង កំពុងបន្តហ៊ុមព័ទ្ធព្រៃ ១ កន្លែងនៅចំណុចភូមិអូរស្ងួត ឃុំតាសាញ ដើម្បីតាមចាប់បុរសវ័យ ៥៤ ឆ្នាំម្នាក់ ដែលបានផ្ទុះអាវុធជាង ២០ គ្រាប់ កាលពីយប់ថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២១ បង្កឱ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
លោក ស៊ូ វុន អធិការរងស្រុកសំឡូត ទទួលបន្ទុកផ្នែកព្រហ្មទណ្ឌបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ជនសង្ស័យក្នុងករណីផ្ទុះអាវុធម្នាក់នោះ ឈ្មោះ សុខ គង់ មានទីលំនៅក្នុងភូមិអូរស្ងួត ឃុំតាសាញ ស្រុកសំឡូត មានស្រុកកំណើតនៅខេត្តតាកែវ និងជាអតីតមន្ត្រីយោធានាសម័យរដ្ឋកម្ពុជា។ ប៉ុន្តែគាត់ត្រូវបានកាត់រំសាយពីជួរកងទ័ព នៅឆ្នាំ ១៩៩៨។
លោកថ្លែងថា៖ «យើងមិនដឹងថាគាត់លាក់អាវុធទុកតាំងពីពេលណានោះទេ។ កាលពីយប់ថ្ងៃ [៦-១២- ២០២១] គាត់បានផ្ទុះអាវុធឡើងលើបង្កឱ្យពលរដ្ឋក្នុងមូលដ្ឋានមានការភ័យខ្លាចយ៉ាងខ្លាំង។ ក្រោយកើតហេតុសមត្ថកិច្ចយើងបានរកឃើញសម្បកកាទូសគ្រាប់ AK-47 ចំនួន ២១ គ្រាប់ នៅមុខផ្ទះរបស់គាត់។ ប៉ុន្តែគាត់បានគេចខ្លួនចូលទៅក្នុងព្រៃ ដោយនាំយកអាវុធនោះទៅជាមួយផងដែរ»។
បើតាមលោក វុន ករណីផ្ទុះអាវុធនោះ មិនបានត្រូវនរណាម្នាក់ឡើយ។ នៅពេលនេះ ជនសង្ស័យ កំពុងលាក់ខ្លួននៅក្នុងព្រៃរបោះ និងព្រៃឫស្សី ខាងក្រោយភូមិអូរស្ងួតនៅឡើយ ហើយក្រុមកម្លាំងសមត្ថកិច្ចចម្រុះកំពុងហ៊ុមព័ទ្ធព្រៃនោះ ដើម្បីបង្ខំឱ្យគាត់ចេញមកប្រគល់ខ្លួនឱ្យសមត្ថកិច្ច ធ្វើការសួរនាំជុំវិញការផ្ទុះអាវុធ និងការលាក់ទុកអាវុធដោយខុសច្បាប់។
ជុំវិញករណីនេះ អ្នកស្រី សួន សុជាតិ មេឃុំតាសាញ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ក្រោយពីមានករណីនេះកើតឡើង អ្នកភូមិមានការភ័យខ្លាចជាខ្លាំង និង អំពាវនាវឱ្យកម្លាំងសមត្ថកិច្ច តាមចាប់ជនសង្ស័យយកទៅអប់រំណែនាំ ឬ មានវិធានការទៅតាមផ្លូវច្បាប់ ដើម្បីរក្សាឱ្យបាននូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពឡើងវិញ។
អ្នកស្រីបាននិយាយថា៖ «កាលពីព្រឹក [៨-១២-២០២១] មានអ្នកភូមិមករាយការណ៍ថា បានឃើញជនសង្ស័យនៅក្នុងព្រៃខាងក្រោយភូមិមានស្ពាយការុងមួយ ដែលមានលេចចុងកាំភ្លើង ១ ដើម និងដងកាំបិត ឬ ដាវ ចំនួន ២ ដើម ធ្វើឱ្យពួកគេភ័យខ្លាចមិនហ៊ានចូលរុករកអនុផលព្រៃឈើ សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃនោះទេ ព្រោះខ្លាចជនសង្ស័យ កាប់ឬបាញ់ប្រហារ»។
ជាមួយគ្នានេះ អ្នកស្រីបានអំពាវនាវឱ្យអ្នកភូមិរក្សាភាពស្ងប់ស្ងាត់ កុំចូលព្រៃរុករកអនុផលព្រៃឈើ ជាបណ្ដោះអាសន្ន ដើម្បីសុវត្ថិភាព និងទុកឱកាសឱ្យកម្លាំងសមត្ថកិច្ចប្រដាប់អាវុធចម្រុះ ធ្វើការងារនេះតាមមធ្យោបាយ និង ជំនាញ ដើម្បីចាប់ជនសង្ស័យយកមកចំណាត់ការតាមនីតិវិធីច្បាប់។
បើតាមការអះអាងរបស់លោក ជួន ចាន់ថន អាយុ ៥១ ឆ្នាំជាប្រជាពលរដ្ឋក្នុងភូមិ ឃុំ កើតហេតុខាងនោះ ជនសង្ស័យតែងតែរករឿង និងគំរាមបាញ់សម្លាប់ក្រុមគ្រួសារ សាច់ញាតិ និង អ្នកជិតខាង នៅពេលដែលគាត់ស្រវឹងស្រា ប៉ុន្តែ គ្មាននរណាម្នាក់បានដឹងថាគាត់មានលាក់កាំភ្លើងទុកនោះទេ។
លោក ចាន់ថន បានថ្លែងថា៖ «ខ្ញុំឮតែគាត់ [ជនសង្ស័យ] ជេរប្រមាថប្រពន្ធកូន និងអ្នកជិតខាង ដោយគំរាមសុទ្ធតែចង់បាញ់សម្លាប់ចោល ប៉ុន្តែមិនដែលឃើញ ឬដឹងថាគាត់មានកាំភ្លើងទេ ព្រោះគាត់ឈប់ធ្វើទាហានយូរហើយ។ ស្រាប់តែយប់ម្សិលមិញ គាត់បាញ់ផ្អើលភូមិតែម្ដង ម្នាក់ៗក្រាបពួនក្នុងផ្ទះឡើងញ័រខ្លួនអស់ហើយ»៕