ភ្នំពេញៈ សេចក្ដី​ព្រាងច្បាប់​ស្ដីពី​សាសនា​នៅ​កម្ពុជា បាននិង​កំពុង​សិក្សា​ ដើម្បី​ប្រមូល​ធាតុ​ចូល​ដែល​សេចក្ដីព្រាង​នេះ​គ្រោង​នឹង​បញ្ចប់​មុនពេល​បោះឆ្នោត​ថ្នាក់ជាតិ​ខាងមុខនេះ ក្នុង​នោះ​មាន​មាត្រាមួយ​រឹតបន្តឹង​ចំពោះ​ព្រះសង្ឃ​ក្នុង​ព្រះពុទ្ធ​សានា ដែលមាន​ចេតនា​ចូលរួម​ធ្វើបាតុកម្ម កូដកម្ម កុបកម្ម ដើម្បី​ប្រឆាំង​ជាមួយ​គណបក្ស​នយោបាយ​ណាមួយ​។

យោងតាម មាត្រា​ ៣៥ នៃ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សាសនា​នៅ​កម្ពុជា ដែល​ភ្នំពេញ​ប៉ុស្តិ៍ ទទួលបាន​បាន​ឱ្យ​ដឹងថា ព្រះសង្ឃ​អាច​ប្រឈម​នឹង​ការផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី ៧ ​ឆ្នាំ ដល់ ១៥ ឆ្នាំ ដោយ​មិនទាន់​គិតពី​ទោស​ដទៃទៀត​ដែល​ចែង​ក្នុង​ក្រមព្រហ្មទណ្ឌ​។

ទោះជា​យ៉ាងណាក៏ដោយ សង្គម​ស៊ីវិល និង​មន្ដ្រី​អតីត​បក្សប្រឆាំង​បាន​បង្ហាញ​ឆន្ទៈ​ចង់​ឱ្យ​សេចក្ដី​ព្រាងច្បាប់​នេះ​ស្របតាម​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​សិទ្ធិ​ប្រជាពលរដ្ឋ​។

លោក សេង សុមុនី រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ធម្មការ និង​សាសនា ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​នៅ​ថ្ងៃទី​ ៨ ធ្នូ ថា ទោសប្បញ្ញត្តិ​នេះ​បាន​ចែង​នៅក្នុង​សេចក្ដី​ព្រាងច្បាប់ ត្រង់​ជំពូក​ទី​​ ១០ និង​មាត្រា ៣៥ ដែល​បាន​កំណត់ថា ព្រះសង្ឃ​ព្រះពុទ្ធសាសនា មាន​ចេតនា​ចូលរួម​ធ្វើបាតុកម្ម កូដកម្ម កុបកម្ម ដើម្បី​ប្រឆាំង ឬ​ប្រឆាំង​នឹង​គណបក្សនយោបាយ​ណាមួយ ត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​។

លោក​បាន​បញ្ជាក់ថា​៖ «​ចំណុច​សំខាន់​នៃ​មាត្រា ៣៥ នៃ​ច្បាប់​នេះ គឺ​ចង់​ថែរក្សា​តម្លៃ​ពុទ្ធសាសនា ដែលជា​ទីសក្ការៈ និង​ជា​សទ្ធា​របស់​ពុទ្ធបរិស័ទ ខណៈ​កន្លងមក​ការធ្វើ​បាតុកម្ម គឺ​តែងតែ​មាន​ការប៉ះទង្គិច​គ្នា ស្រប​ពេលដែល​ព្រះសង្ឃ ជា​ស្រែបុណ្យ​ដ៏បរិសុទ្ធ​របស់​បរិស័ទ ដូច្នេះ​ចំណុច​នេះ​គឺ​បាន​ការពារ កុំឱ្យ​ព្រះសង្ឃ​ទៅ​ចូលក្នុង​ហ្វូងមនុស្ស ប្រាសចាក​ធម៌​វិន័យ​​ជាដើម​»​។

ទោះយ៉ាងណា​ក៏ដោយ លោក សុមុនី បាន​អះអាងថា ចំណុច​នៃ​សេចក្ដីព្រាង​នេះ គឺជា​គំនិត​គោលៗ​រួម​ប៉ុណ្ណោះ ដែល​សេចក្ដី​ព្រាង​ច្បាប់​នេះ នៅមាន​ការអភិវឌ្ឍ​បន្ថែមទៀត​។

លោក​បន្តថា​៖ «​ក្រុមការងារ​ចង់បាន​ធាតុ​ផ្សំ​ថា តើ​សាសនា​ទាំងអស់ មាន​ធាតុ​ផ្សំ​អ្វីខ្លះ​? ពុទ្ធសាសនា​មាន​ធាតុ​អ្វី​មក​ផ្សំ ហើយ​ទន្ទឹមនឹងនោះ​មហាជន​ទាំងអស់ ដែល​ចង់បាន​នោះ គឺមាន​អ្វី​ធាតុ​ផ្សំ​ខ្លះ ដែលមាន​ចែង​​ក្នុង​ច្បាប់ រដ្ឋធម្មនុញ្ញ និង​ច្បាប់​ស្ដីពី​បាតុកម្ម កូដកម្ម​ជា​គោល​។ កាលណា​ទៅ (​ធ្វើបាតុកម្ម កូដកម្ម​) វា​ប្រមាថ​អ្នកនេះ អ្នកនោះ​។ កាលណា​តែ​ជេរ ប្រមាថ ព្រះសង្ឃ​ម៉េច​នឹងត្រូវ ហើយ​បើ​ជ្រុល​ទៅ​វ៉ៃ​គ្នា យើង​ឃើញ ដូច​ស្ទឹងមានជ័យ លោក សង្ឃ ចោល​ដុំថ្ម​អី អាហ្នឹង​វា​មិនត្រូវ​ទេ មិនមែន​ជា​ព្រះសង្ឃ​ជា​ស្រែបុណ្យ​របស់​ពុទ្ធបរិស័ទ​ទេ​»​។

លោក​បញ្ជាក់ថា​៖ «​ដូច្នេះហើយ​បានជា​យើង​គិតថា​ដាក់​យ៉ាងម៉េច​ដើម្បី​ការពារ​តម្លៃ​ព្រះពុទ្ធសាសនា កុំឱ្យ​មាន​អ្នក​ដែល​បន្លំ​ក្នុង​ព្រះពុទ្ធសាសនា​ទៅ​បំផ្លាញ​ព្រះពុទ្ធសាសនា ដែល​ជា​សាសនា​មានតម្លៃ​សម្រាប់​ជាតិ ទើប​បាន​ជា​យើង​ត្រូវ​រៀបចំ​មាត្រា​នេះ​ឡើង​ហើយ​កំពុងតែ​ត្រៀម​បន្ថែម​យ៉ាងម៉េច​ឱ្យ​ល្អ​ឱ្យ​សម ឱ្យ​ទំនង ឱ្យ​មាន​ប្រយោជន៍ ឱ្យ​ប្រតិបត្ដិ​បាន​»​។

លោក សេង សុមុនី ថ្លែងថា ក្រុម​ការងារ​នៃ​ក្រសួង​ធម្មការ និង​សាសនា បានរៀបចំ​ធ្វើ​សេចក្តីព្រាងច្បាប់​ស្តីពី​សាសនា​នៅ​កម្ពុជា​នេះ​ឡើង​កាលពី​ឆ្នាំ​ ២០១៣ ហើយ​បច្ចុប្បន្ននេះ​ក្រុមការងារ​កំពុង​ធ្វើ​សិក្ខាសាលា​ជាមួយ​ភាគី​ពាក់ព័ន្ធ​ដើម្បី​ពិនិត្យ និង​ប្រមូលធាតុ​ចូល​បន្ថែមទៀត ដើម្បី​បំពេញ​ចំណុច​ខ្វះខាត​លើ​សេចក្ដី​ព្រាងច្បាប់​នេះ​។

លោក​បាន​ថ្លែងថា លោក ឈិត សុខុន រដ្ឋមន្ដ្រី​ក្រសួង​ធម្មការ និង​សាសនា ក៏បាន​ឆ្លង​ស្ថាប័ន​ជំនាញ​មួយចំនួន ដូចជា ក្រសួងយុត្តិធម៌ ក្រសួងមហាផ្ទៃ និង​គណៈកម្មការ​ពិគ្រោះ និង​ផ្ដល់យោបល់​របស់​រដ្ឋសភា និង​ព្រឹទ្ធសភា​ជាដើម ដើម្បី​ទទួលបាន​ធាតុ​ផ្សំ​បន្ថែម​លើ​សេចក្ដី​ព្រាងច្បាប់​នេះ​ ដើម្បី​អាចឈាន​ទៅ​បញ្ចប់​ឱ្យបាន​មុន​ការបោះឆ្នោតជាតិ​នាពេលខាងមុខ​។

លោក​ថ្លែងថា​៖ «(​ថ្ងៃទី​ ៧ ធ្នូ ២០២១) ឯកឧត្ដម​រដ្ឋមន្ដ្រី​បាន​ធ្វើជា​សិក្ខាសាលា​អន្តរ​សាសនា ដែលមាន​សាសនា​ទាំងអស់​នៅ​កម្ពុជា​រួម​នឹង​មន្ដ្រី​ថ្នាក់​ខេត្ដ មន្ដ្រី​ក្រសួង ដើម្បី​ផ្ដល់យោបល់​ធាតុ​ផ្សំ ហើយ​គណៈកម្មការ​នឹង​ធ្វើការ​អភិវឌ្ឍ​នូវ​អ្វីដែល​បាន​ព្រាង​នោះ​មុននឹង​បន្តថា​ត្រូវធ្វើ​យ៉ាងម៉េច​ទៀត​»​។

លោក​បានឱ្យដឹងថា តាមរយៈ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​វីដេអូ​ហ្ស៊ូម​នេះ គឺ​ដើម្បី​សុំ​យោបល់​ពី​អ្នកពាក់ព័ន្ធ និង​ថ្នាក់ក្រោម​ជាតិ​បន្ថែម​ទៀត​ថា តើ​មាន​អ្វី​ត្រូវ​បំពេញ​បន្ថែម​?

លោក​បញ្ជាក់ថា​៖ «​យើង​ឃើញថា មាន​ចំណុច​ល្អៗ​ជាច្រើន ដែល​ថ្នាក់មូលដ្ឋាន ក៏ដូចជា​ថ្នាក់ដឹកនាំ​សាសនា ដែល​កំពុង​ប្រតិបត្ដិ​នោះ ដែល​យើង​អាច​អភិវឌ្ឍ​បន្ថែមទៀត​លើ​ចំណុច​មួយចំនួន ដែលជា​ចំណុច​ត្រូវការ​ចាំបាច់​»​។

លោក អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាងរាស្ត្រ​អតីត​គណបក្សប្រឆាំង​បាន​លើកឡើងថា គ្រប់​ច្បាប់​ទាំងអស់​មិនអាច​ធ្វើឱ្យប៉ះពាល់​សិទ្ធិ​ជា​មូលដ្ឋាន​របស់​បុគ្គល​ទេ​។ ការធ្វើ​ច្បាប់​ទាំងអស់ គឺ​ត្រូ​តែ​រក្សា​សិទ្ធិ​ជា​មូលដ្ឋាន​សម្រាប់​មនុស្ស​ទាំងអស់​ក្នុង​ការចូលរួម ការបញ្ចេញមតិ ពាក់ព័ន្ធ​នឹង​នយោបាយ និង​សង្គម​ជាដើម​។

លោក​បាន​បន្តថា​៖ «​ខ្ញុំ​យល់ថា គួរតែ​រក្សា បើក​ឱ្យ​ទូលាយ​បន្តិច​។ យើង​ដឹង​ហើយ សាសនា​មាន​ប្រយោជន៍​ណាស់​សម្រាប់​សង្គម​នីមួយៗ ជាពិសេស អ្នកបួស គឺ​សុទ្ធតែ​បាន​សិក្សា​បាន​រៀនសូត្រ ភាគច្រើន​សុទ្ធតែ​បានគិត បាន​ពិចារណា​លើ​រឿង​ប្រទេសជាតិ​នេះ​ច្រើន ហើយ​ក្នុង​ប្រវត្ដិសាស្ដ្រ​ក៏​យើង​ឃើញ​ដែរ ការដឹកនាំ​ចេញពី​អាចារ្យ ព្រះសង្ឃ​នេះ​ច្រើនណាស់​។ ខ្ញុំ​យល់ថា ច្បាប់​ណា​ដែល​ប៉ះពាល់​ដល់​សិទ្ធិសេរីភាព ក្នុង​ការចូលរួម បញ្ចេញមតិ ការចូលរួម​តវ៉ា​ជាដើម​នេះ គឺ​មិនល្អ​សម្រាប់​សង្គម​លទ្ធិប្រជាធិប្បតេយ្យ​ទេ​»​។

ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​លោក ប៉ា ចន្ទរឿន បាន​លើកឡើង​ថា ច្បាប់​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​ឆ្នាំ​ ១៩៩៣ បានចែង​អំពី​ការប្រកាន់​របប​នយោបាយ​នៅ​កម្ពុជា គឺ​ប្រជាធិបតេយ្យ សេរីពហុបក្ស ដែលមាន​ការគោរព​សិទ្ធិមនុស្ស ដូច​មានចែង​នៅក្នុង​ធម្មនុញ្ញ​របស់​អង្គការ​សហប្រជាជាតិ សេចក្ដី​ថ្លែងការណ៍​ជា​សកល​ស្ដីពី​សិទ្ធិមនុស្ស ជាដើម​ដែល​កម្ពុជា​បានផ្ដល់​សច្ចាប័ន​រួម​នឹង​សិទ្ធិនយោបាយ និង​សិទ្ធិ​ពលរដ្ឋ​ផងដែរ ដូច្នេះ​ព្រះសង្ឃ​ក៏​ជា​ពលដ្ឋ​មាន​ភេទ​ជា​បព្វជិត ដែល​ព្រះអង្គ​ក៏មាន​សិទ្ធិ​ក្នុង​ការចូលរួម​ក្នុង​កិច្ចការងារ​សង្គម នយោបាយ ការប្រើប្រាស់​សិទ្ធិ​នៅក្នុង​ការគាំទ្រ ប្រឆាំង តវ៉ា ទាមទារ​ណាមួយ និង​ការបោះឆ្នោត​។

លោក​ថ្លែងថា​៖ «​យោងតាម​ចំណុច​ (​មាត្រា​នោះ​) ​ប្រសិនបើ​ហាម​មិនឱ្យ​ព្រះសង្ឃ​សម្ដែង​មតិ ប្រឆាំង​អ្វីមួយ​រួមទាំង​គណបក្សនយោបាយ គឺ​ផ្ទុយគ្នា​ហើយ​គោលការណ៍​ច្បាប់​នេះ​។ ពិសេស​ត្រង់ចំណុច​មាត្រា​ ៣៥ នៃ​ច្បាប់​នេះ គឺ​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ និង​សេចក្ដី​ថ្លែងការណ៍​ជា​សកល​ស្ដីពី​សិទ្ធិមនុស្ស​ ជាពិសេស​គឺ​សិទ្ធិ​នយោបាយ និង​សិទ្ធិ​ពលរដ្ឋ​តែម្ដង​»​។ លោក​ថា សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សាសនា​នៅ​កម្ពុជា​នេះ​មាន ១៣ ជំពូក និង ៥៤ មាត្រា ហើយ​តាម​ផែនការ​ក្រុមការងារ​ចង់ឱ្យ​សេចក្ដី​ព្រាងច្បាប់​នេះ​រួចរាល់​នៅមុន​ការបោះឆ្នោតជាតិ​នាពេលខាងមុខ​។ គោលដៅ​ការធ្វើ​ច្បាប់​នេះ គឺ​ដើម្បី​ការពារ ថែរក្សា​នូវ​សាសនា​ដែលមាន​វត្ដមាន​នៅ​កម្ពុជា​ឱ្យមាន​សុខដុមនីយកម្ម និង​ពង្រឹង ពង្រីក ប្រសិទ្ធភាព​នៃ​ការប្រតិបត្ដិ និង​ប្រសិទ្ធភាព​នៃ​ការដុះដាល​សាសនា​របស់​រដ្ឋ​ទាក់ទង​នឹង​ពុទ្ធសាសនា​ដែល​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​។ លោក​ថា​៖ «​ខ្ញុំ​ចង់​ជម្រាប​ថា ការធ្វើ​ច្បាប់​នេះ មិនមែន​ជា​រឿង​សុខដុម​នីយកម្ម​ដែលមាន​ហើយ​ទេ គឺ​យើង​គិតដល់​ពេល​ខាងមុខ សុខដុមនីយកម្ម​របស់​យើង​ឋិតថេរ​គង់វង្ស​ដូច្នេះ​ត្រូវតែមាន​ច្បាប់​ដើម្បី​ការពារ​នូវ​សុខដុមនីយកម្ម​នេះ​ឱ្យ​រឹងមាំ​»៕