ព្រះវិហារៈ រដ្ឋាភិបាល​អាមេរិក​ប្រកាស​ផ្តល់ជំនួយ​បន្ថែម​ជាង​ ៨ ​ម៉ឺន​ដុល្លារ ដែលជា​ជំនួយ​លើក​ទី​ ៣ ​សម្រាប់​ជួសជុល​ជណ្តើរ​ខាងជើង​ប្រាសាទ​ព្រះវិហារ ដើម្បី​រួមចំណែក​ក្នុង​ការជួយ​អភិរក្ស​ប្រាសាទ​របស់​កម្ពុជា​ដែលជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។

នៅក្រោយ​ពិធី​ចុះហត្ថលេខា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​នៅ​ប្រាសាទ​ព្រះវិហារ ខេត្តព្រះវិហារ កាល​ថ្ងៃទី​ ៨ ខែធ្នូ លោក W.Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​បាន​ថ្លែងថា លោក​ពិតជា​មាន​មោទនភាព ក្នុង​ការសហការ​នូវ​ការបរិច្ចាគ​បន្ថែម ដើម្បី​ជួយ​ដល់​ការអភិរក្ស​ប្រាសាទព្រះវិហារ​ដ៏អស្ចារ្យ​នេះ ហើយ​សហរដ្ឋ​អាមេរិក​នឹង​បន្ត​ធ្វើជា​ដៃគូ​ដ៏សំខាន់​ក្នុង​កិច្ចប្រឹងប្រែង​អភិរក្ស​នូវ​សម្បត្តិ​អច្ឆរិយ​របស់​កម្ពុជា​។ ជំនួយ​នេះ​ក៏​បង្ហាញ​ពី​ទំនាក់ទំនង​ជិតស្និទ្ធ​រវាង​អាមេរិក និង​កម្ពុជា​ក្នុង​កិច្ចការ​អភិរក្ស​បេតិកភណ្ឌ​ពិភពលោក​។

លោក​ថា​៖ «​សហរដ្ឋអាមេរិក​គឺជា​ដៃគូ​ដ៏ធំ​មួយ​ក្នុង​ការអភិរក្ស​នៅលើ​ពិភពលោក មិនមែន​សម្រាប់តែ​នៅ​កម្ពុជា​នោះទេ តែ​ទីនេះ​គឺជា​តំបន់​បេតិកភណ្ឌ​ពិភពលោក ដូច្នេះ​អាមេរិក​មាន​មោទនភាព​ក្នុង​ការផ្តល់​ជំនួយ​ជួយ​អភិរក្ស​ប្រាសាទព្រះវិហារ »​។ គម្រោង​ដែល​បាន​កំពុង​ធ្វើ​នេះ​គឺ​បានផ្តល់​ការងារ​ជាច្រើន​ដល់​ប្រជាជន​កម្ពុជា​ក្នុង​តំបន់ ពីព្រោះ​បាន​ជួយ​អភិរក្ស​ផង និង​បានផ្តល់​ចំណេះ​ក្នុង​ការជួសជុល សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ផង​។

លោក​ឯកអគ្គរដ្ឋទូត​បានឱ្យដឹងថា នេះ​ជា​ជំនួយ​លើក​ទី​ ៣ ដល់​ការអភិរក្ស​ប្រាសាទព្រះវិហារ​ដែលមាន​ទឹកប្រាក់​ចំនួន ៨៦ ៦៦៤ ​ដុល្លារ ខណៈ​ជំនួយ​លើក​ទី​ ១ ចំនួន ២០ ​ម៉ឺន​ដុល្លារ និង​លើក​ទី​ ២ ១២ ​ម៉ឺន​ដុល្លារ​។

លោកស្រី ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ថ្លែងថា នៅក្នុង​ការថែរក្សា ការការពារ​បេតិកភណ្ឌ​ជាតិ សហរដ្ឋអាមេរិក​គឺជា​ដៃគូ​ដ៏សំខាន់បំផុត ក្នុង​ការជួយ​រដ្ឋាភិបាល​កម្ពុជា និង​ប្រជាជន​កម្ពុជា​ក្នុង​ការទប់ស្កាត់​ការបំផ្លិចបំផ្លាញ និង​ការនាំចេញ​វត្ថុ​បុរាណ​ខុសច្បាប់ និង​បាន​នាំ​វត្ថុ​បុរាណ​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​ជា​បន្តបន្ទាប់​។ លោកស្រី​ថា​៖ «​ដូច្នេះ ខ្ញុំ​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​អាមេរិក​ដែល​បាន​ខិតខំ​ចូលរួម​ជាមួយ​ក្រសួង ដើម្បី​ថែរក្សា​បេតិកភណ្ឌ​ជាតិខ្មែរ ហើយ​ការដែល​រៀបចំ​ជួសជុល​ប្រាសាទ​បេតិកភណ្ឌ​ជាតិ យើង​មិន​ត្រឹមតែ​ប្រើប្រាស់​ថវិកាជាតិ និង​សប្បុរសជន​ប៉ុណ្ណោះ​ទេ យើង​បាន​ប្រើប្រាស់​ថវិកា​របស់​ដៃគូ​អន្តរជាតិ​នានា ដើម្បី​បន្ត​ការជួសជុល​»​។

លោកស្រី​បន្តថា ជំនួយ​នេះ​មិន​ត្រឹមតែ​ជួយ​ថែរក្សា​បេតិកភណ្ឌ​ប៉ុណ្ណោះ​ទេ ថែមទាំង​ជួយ​ប្រជាជន​កម្ពុជា​បង្កើន​ជំនាញ​អាច​បង្កើន​សមត្ថភាព​ក៏ដូចជា​ស្រាវជ្រាវ​ការងារ​ថ្មី សម្រាប់​អនុវត្ត​ជាពិសេស​លើកកម្ពស់​ជីវភាព​ពលរដ្ឋ​នៅ​តំបន់​នេះ​។ លោកស្រី​បញ្ជាក់ថា ការថែរក្សា​បេតិកភណ្ឌ​ទាំង​រូបិយ និង​អរូបិយ ដើម្បីឱ្យ​កូនចៅ​ជំនាន់​ក្រោយ​បានដឹង​ពី​តម្លៃ និង​ស្នាដៃ​សិល្បៈ​របស់​ដូនតា ហើយ​អ្វីដែល​យើង​ធ្វើ​រួមគ្នា​នាពេលនេះ គឺ​នឹង​ក្លាយទៅជា​និមិត្តរូប និង​ចំណងមិត្តភាព​នៃ​ការជួយ​គ្នា​ទៅវិញ​ទៅមក​ខាង​ផ្នែក​វប្បធម៌​រវាង​ប្រទេស​កម្ពុជា និង​សហរដ្ឋអាមេរិក​។

អគ្គនាយក​នៃ​អាជ្ញាធរ​ជាតិ​ព្រះវិហារ លោក គង់ ពុទ្ធិការ ថ្លែងថា ការចូលរួម​ចំណែក​នេះ​ពិតជា​មាន​អត្ថន័យ​សំខាន់​ណាស់​ក្នុង​ការជួយ​ការងារ​អភិរក្ស​ប្រាសាទព្រះវិហារ​។ លោក​ថា​៖ «​នេះ​គឺជា​ការជួយ​សាមគ្គី​គ្នា​ក្នុង​កម្រិត​អន្តរជាតិ​ក្នុង​ការជួយ​អភិរក្ស​បេតិកភណ្ឌ​កម្ពុជា​។ អ៊ីចឹង​យើង​មាន​មោទនភាព​ណាស់​ដែល​បានទទួល​ការជួយ​ទាំង​ថវិកា និង​កម្លាំងចិត្ត ទាំង​បច្ចេកទេស​ក្នុង​ការងារ​អភិរក្ស​» ​។ គម្រោង​នេះ​នឹង​ជួសជុល​ជណ្តើរ​បុរាណ​ខាងជើង​ប្រាសាទព្រះវិហារ​នៃ​ជណ្តើរ​ថ្នាក់​ទី​ ៦ និង​ទី​ ៧ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ខែកញ្ញា ឆ្នាំ​ ២០២២ ខាងមុខ​។

បើតាម​លោក​ឯកអគ្គរដ្ឋទូត​អាមេរិក រដ្ឋាភិបាល​អាមេរិក បាន​ផ្តល់ជំនួយ​ដល់​កម្ពុជា ជាង ៥ ​លាន​ដុល្លារ តាំងពី​ឆ្នាំ ២០០១ ​មក ដើម្បី​ជួយ​ដល់​ការអភិរក្ស​ទីតាំង​បេតិកភណ្ឌ​សំខាន់ៗ​ផ្សេងទៀត មាន​ទាំង​សម្ភារ ឯកសារ​ប្រវត្តិសាស្ត្រ​នៅ​ប្រទេស​កម្ពុជា ដោយ​ក្នុង​នោះ រួមមាន​ការអភិរក្ស​នៅ ប្រាសាទ​ភ្នំបាខែង ប្រាសាទ​បន្ទាយស្រី សារមន្ទីរ​ជាតិ សារមន្ទីរ​ប្រល័យ​ពូជសាសន៍​ទួលស្លែង និង​សារមន្ទីរ​អង្គរបុរី​៕