ភ្នំពេញៈ ជនជាប់ចោទ​ជា​អតីតមន្ត្រី​នគរបាល​ម្នាក់ ដែល​រំលោភ​សេពសន្ថវៈ​សង្សារ ហើយ​ឱ្យ​អ្នកផ្សេង​រួមភេទ​បន្ត​កាលពី​ឆ្នាំ​ ២០១៧ ដែល​តុលាការ​កំពូល​ជំនុំជម្រះ​កាលពី​ថ្ងៃទី​ ១​ធ្នូ ឆ្នាំ​ ២០២១ ត្រូវបាន​តុលាការ​កំពូល​ប្រកាស​សាលដីកា នៅ​ព្រឹក​ថ្ងៃទី​ ៨ ធ្នូ សម្រេច​តម្កល់​ទណ្ឌកម្ម​ទោស​ ៧ ​ឆ្នាំ​ដដែល​។

លោកស្រី ម៉ៅ ធីតា អ្នកនាំពាក្យ​តុលាការ​កំពូល ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​រសៀល​ថ្ងៃទី​ ៨ ធ្នូ ថា ជនជាប់ចោទ​ឈ្មោះ​ ឌឹម មករា ហៅ តឹក អាយុ ៣៨ ​ឆ្នាំ​ត្រូវ​បាន​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ លោក​ចៅក្រម ជីវ កេង សម្រេច​តម្កល់​ទណ្ឌកម្ម​ទោស​ ៧ ​ឆ្នាំ​ដដែល​។ លោកស្រី​ថ្លែងថា​៖ «​សំណុំ​រឿងនេះ ក្រោយពី​តុលាការ​កំពូល​បាន​ពិភាក្សា​មក តុលាការ​កំពូល​សម្រេច​តម្កល់​សាលដីកា​របស់​ឧទ្ធរណ៍​ដដែល​»​។

កាលពី​ថ្ងៃ​ជំនុំជម្រះ នៅ​តុលាការ​កំពូល​ពីថ្ងៃ​ទី​ ១ ​ធ្នូ ឆ្នាំ ​២០២១ មាន​លោក ចៅក្រម ជីវ កេង ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​។ ពេល​ជំនុំជម្រះ​នោះ​ជនជាប់ចោទ​បាន​បដិសេធ​ពី​ការប្រព្រឹត្ត​របស់ខ្លួន ដោយ​ឆ្លើយ​ប្រាប់​តុលាការ​ថា ករណីនេះ រូបគេ​ជាមួយ​នារី​រងគ្រោះ ព្រមព្រៀង​ស្រឡាញ់​គ្នា​ដោយ​ស្មោះស្ម័គ្រ​ទេ​។

តាម​អង្គហេតុ​នារី​រងគ្រោះ​រស់នៅ​ភូមិ​មួយ ក្នុង​ឃុំ​អន្សោង ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។ កាលពី​ថ្ងៃទី​ ១៧ វិច្ឆិកា ២០១៧ ជនជាប់ចោទ​បាន​រួមភេទ​ជាមួយ​នាង​។ បន្ទាប់មក​ជនជាប់ចោទ​បាន​នាំ​នារី​រងគ្រោះ​មក​រាជធានី​ភ្នំពេញ​។

រយៈពេល​រស់នៅ​រាជធានី​ភ្នំពេញ ជនជាប់ចោទ​បាន​បង្កើត​អាខោន​ហ្វេសប៊ុក​មួយ ដោយ​ដាក់​រូបថត​របស់​នារី​រងគ្រោះ​។ គ្រានោះ ក៏មាន​បុរស​ម្នាក់​ឈ្មោះ​ ណាំ នេត ទាក់ទង​ស្នេហា​ជាមួយ​នារី​រងគ្រោះ​តាមរយៈ​ហ្វេសប៊ុក ប៉ុន្តែ​ការសរសេរ​ឆ្លើយឆ្លង​គ្នា គឺ​ជនជាប់ចោទ​ជា​អ្នកដើរតួ​ជំនួស​នារី​រងគ្រោះ​ទាំងអស់​។

ជនជាប់ចោទ​បាន​លួងលោម​នារី​រងគ្រោះ​ឱ្យ​រួមភេទ​ជាមួយ​បុរស​ម្នាក់​នោះ​ជា​ថ្នូរ​នឹង​ម៉ូតូ​ ១ ​គ្រឿង​។ ប៉ុន្តែ​ក្រោយមក​ក្នុង​ឆ្នាំ​ ២០១៨ ពេល​ជនជាប់ចោទ​នាំ​នារី​រងគ្រោះ​ទៅ​ស្រុកកំណើត​វិញ ក៏ត្រូវ​ឪពុក​របស់​នារី​រងគ្រោះ​ប្តឹង​ឱ្យ​សមត្ថកិច្ច​ចាប់ខ្លួន​តែម្តង​។ សំណុំ​រឿងនេះ​ត្រូវបាន​សាលាដំបូង​ខេត្តព្រៃវែង បើក​សវនាការ​ជំនុំជម្រះ និង​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី​ ៥ ​មីនា ឆ្នាំ​ ២០១៩ ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ ៨ ​ឆ្នាំ និង​បង្គាប់​ឱ្យ​សង​សំណង​ទៅ​ជនរងគ្រោះ ២៨ ​លាន​រៀល​។ តែ​ជនជាប់ចោទ​មិន​សុខចិត្ត​ក៏បាន​ប្តឹង​ជំទាស់​មក​សាលាឧទ្ធរណ៍​ភ្នំពេញ ហើយ​ត្រូវ​សាលាឧទ្ធរណ៍​បើកសវនាការ និង​ប្រកាស​សាល​ដីកា​នៅ​ថ្ងៃទី​ ៤ ខែមីនា ឆ្នាំ​ ២០២១ សម្រេច​បន្ថយទោស​ពី​ ៨ ​ឆ្នាំ មក​ ៧ ​ឆ្នាំ​វិញ​៕