ភ្នំពេញៈ ប្រជាពលរដ្ឋជនជាតិដើមភាគតិច និងស្ថាប័នក្រៅរដ្ឋាភិបាលប្រមាណ ១ ពាន់នាក់ បានចូលរួមសន្និសីទសហគមន៍ថ្នាក់ជាតិ ២ ថ្ងៃកន្លងមកនេះ បានស្នើទៅដល់រាជរដ្ឋាភិបាលកម្ពុជាធ្វើការពិនិត្យ និងដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋ និងផ្តល់លម្ហដល់ការសម្តែងមតិ ដូចជាការទាមទារពីបញ្ហាសិទ្ធិដីធ្លី និងសិទ្ធិធនធានធម្មជាតិ។
សន្និសីទសហគមន៍ថ្នាក់ជាតិបានធ្វើកាលពីថ្ងៃទី ៧-៨ ខែធ្នូ ឆ្នាំ ២០២១ តាមប្រព័ន្ធអនឡាញក្រោមប្រធានបទ «ការពារកូវីដ ១៩ ការពារសិទ្ធិដីធ្លី និង ធនធានធម្មជាតិ»។
លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) បានថ្លែងដូចនេះក្នុងសន្និសីទសហគមន៍ថ្នាក់ជាតិក្រោមប្រធានបទ «ការពារកូវីដ ១៩ ការពារសិទ្ធិដីធ្លី និងធនធានធម្មជាតិ» តាមប្រព័ន្ធអនឡាញរយៈពេល ២ ថ្ងៃ គឺថ្ងៃទី ៧-៨ ខែធ្នូ ឆ្នាំ ២០២១។
កម្មវិធីនេះធ្វើឡើងក្នុងគោលបំណង ដើម្បីចែករំលែកបញ្ហាប្រឈមផលប៉ះពាល់ ក្ដីកង្វល់ពាក់ព័ន្ធទៅនឹងបញ្ហាវិវាទដីធ្លី និងការបាត់បង់ធនធានធម្មជាតិ សិទ្ធិលំនៅឋាន ការរំលោភសិទ្ធិមនុស្ស តាមសហគមន៍ជនបទ និងទីក្រុងក្នុងប្រទេសកម្ពុជា។
លោក វន់ ពៅ បានលើកឡើងថា ថ្ងៃនេះជាថ្ងៃបង្ហាញសាររួមគ្នារបស់បងប្អូនសហគមន៍ដីធ្លី ទាំងបងប្អូនជនជាតិដើមភាគតិច និងយើងទាំងអស់គ្នាដែលរងវិបត្តិបញ្ហាដីធ្លី និងធនធានធម្មជាតិ ដែលទាំងអស់នេះជាភ័ស្តុតាង ជាសារបញ្ជាក់ទៅរាជរដ្ឋាភិបាល ស្ថាប័នជាតិ-អន្តរជាតិឱ្យប្រមើលមើលនូវបញ្ហាទាំងអស់នេះ»។
លោកបានថ្លែងថា៖ «បើទោះបីជាមានការដោះលែងសកម្មជនធនធានធម្មជាតិ សកម្មជនបរិស្ថាន សកម្មជនដីធ្លីមួយចំនួនក៏ដោយ ប៉ុន្តែអ្នកទាំងនោះនៅតែពាក់ព័ន្ធនឹងការឃ្លាំមើល និងគំនាបរបស់តុលាការនៅឡើយ»។
លោក វន់ ពៅ បានបន្ថែមថា៖ «យើងសុំស្នើទៅដល់រាជរដ្ឋាភិបាលក៏ដូចជាស្ថាប័នពាក់ព័ន្ធទាំងអស់ធ្វើការដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋរងគ្រោះ ហើយក៏សុំផ្ញើសារទៅរាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធថាយន្តការដោះស្រាយដីធ្លីមិនមែនជាយន្តការបង្កើតគណៈកម្មការក្នុងការរកមុខ ការដាក់ទោសទណ្ឌទៅដល់សហគមន៍ដីធ្លីនោះទេ»។
លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) បានឱ្យដឹងផងដែរថា ជំងឺកូវីដ ១៩ បានរីករាលដាលពាសពេញប្រទេសកម្ពុជា ក៏ប៉ុន្តែបញ្ហារំលោភយកដីធ្លី ធនធានធម្មជាតិ និងការបំផ្លិចបំផ្លាញធនធានធម្មជាតិក៏មានការរីករាលដាលផងដែរ។
លោកបានឱ្យដឹងថា៖ «នៅក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ ១៩ នេះដែរ បងប្អូនក៏បានចូលរួមតវ៉ា និងធ្វើសកម្មភាពផ្សេងផងដែរ ដើម្បីឱ្យមានដំណោះស្រាយ ហើយក៏មានការចាប់ខ្លួនតំណាងសហគមន៍ដីធ្លី តំណាងសហគមន៍កសិករ កម្មករ ដោយប្រើប្រាស់ច្បាប់កូវីដមិនឱ្យបងប្អូនមានការតវ៉ា និងការពារដីធ្លី»។
លោក ថេង សារឿន ក៏បានធ្វើការផ្ញើសារពីបញ្ហាដីធ្លី និងធនធានធម្មជាតិទៅកាន់ប្រមុខរាជរដ្ឋាភិបាលក៏ដូចជាស្ថាប័នពាក់ព័ន្ធក្នុងឱកាសរៀបចំទិវាសិទ្ធិមនុស្សខួបទី ៧៣ នាថ្ងៃទី ១០ ធ្នូខាងមុខនេះផងដែរ។
លោក សឿង សារ៉ន នាយកប្រតិបត្តិនៃអង្គការសមាគមធាងត្នោតដែលបានចូលរួមក្នុងសន្និសីទនេះក៏បានបង្ហាញផងដែរទាក់ទងនឹងផលប៉ះពាល់ទៅដល់ស្ត្រី ជាពិសេសបញ្ហាផ្លូវចិត្តក្នុងអំឡុងពេលនៃការឆ្លងរាលដាលនៃវីរុសកូវីដ ១៩។
លោកបានបញ្ជាក់ថា៖ «ស្ត្រីដែលបានចូលរួមក្នុងបទសម្ភាសន៍របស់យើង ១០០% មានជំងឺធ្លាក់ទឹកចិត្តយ៉ាងខ្លាំង ដោយសារពួកគាត់បាត់បង់ប្រាក់ចំណូល គាត់មិនអាចមានលទ្ធភាពក្នុងការចាត់ចែង និងគ្រប់គ្រងម្ហូបអាហារ។ មិនមែនតែសហគមន៍ក្រីក្រទេដែលគាត់ប្រឈមខ្លាំង តែមនុស្សជាទូទៅក៏មានបញ្ហាដែរ តែអ្វីដែលជាការចាប់អារម្មណ៍គឺពួកគាត់ជាស្ត្រីដែលជាអ្នកចាត់ចែងក្នុងផ្ទះ»។
លោក សឿង សារ៉ន បានបន្ថែមទៀតថា ស្ត្រីដែលមានសមាជិកគ្រួសារដែលឆ្លងជំងឺកូវីដ ១៩ ពួកគាត់បានបាត់បង់ចំណូល និងក្តីសង្ឃឹមស្ទើរតែទាំងស្រុងផងដែរ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៨ ខែធ្នូ ថាការលើកឡើងរបស់ក្រុមសមាគម សហជីព និងបណ្តាញសហគមន៍នេះមិនសមស្របទេ តែពួកគាត់វិញទេដែលរំលោភលើការទុកចិត្តរបស់រាជរដ្ឋាភិបាល ហើយការរៀបចំធ្វើរបស់ពួកគេស្ថិតក្នុងរូបភាពនៃនិន្នាការនយោបាយប៉ុណ្ណោះ។
លោកបានថ្លែងថា៖ «ទាក់ទងនឹងបញ្ហាបរិស្ថាន គឺក្រសួងបរិស្ថានបានបើកចំហ តែបែរជាក្រុមដែលតាំងខ្លួនជាអ្នកការពារបរិស្ថានតែងបង្កបញ្ហាទៅវិញ មិនជួយទប់ស្កាត់បញ្ហាទេ គឺមានតែការបង្ហោះព័ត៌មាន ឬមានភ្នាក់ងារបរទេសធ្វើរបាយការណ៍ឱ្យទៅមេខ្លោងរបស់ពួកគេ»។
លោកថ្លែងថា រាជរដ្ឋាភិបាលបានបង្កើនសកម្មភាពរបស់ខ្លួនក្នុងការទប់ស្កាត់ការរំលោភដី និងការដោះស្រាយវិវាទដីធ្លីរបស់ប្រជាពលរដ្ឋ ហើយរាជរដ្ឋាភិបាលមិនដែលព្រងើយកន្តើយនោះទេ ដោយរដ្ឋាភិបាលមានគណៈកម្មការដោះស្រាយវិវាទដីធ្លីនៅតាមថ្នាក់ស្រុក និងខេត្ត តាមមធ្យោបាយរដ្ឋបាល។
លោក ផៃ ស៊ីផាន បញ្ជាក់ថា៖ «ខ្ញុំសង្ឃឹមថា ទាំងសហជីព និងសមាគមន៍ទាំងនេះ នឹងបំពេញការងាររបស់ខ្លួនទៅតាមច្បាប់របស់ខ្លួន ហើយកុំដើរតួជាសកម្មជន។ បើប្រជាពលរដ្ឋមានបញ្ហាដី ឬមិនសប្បាយចិត្តនឹងដីណាមួយ យើងមានអង្គភាពដែលមកពីរាជរដ្ឋាភិបាលក្នុងការទទួលពាក្យបណ្តឹងរបស់ពួកគាត់បាន»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងឱ្យដឹងកាលពីថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២១ នៅក្នុងពិធីដាក់សម្ពោធឱ្យប្រើប្រាស់ផ្លូវក្នុងខេត្តព្រៃវែង ថា រាជរដ្ឋាភិបាលបានជួយទៅដល់ប្រជាពលរដ្ឋដែលជួបការលំបាក និងងាយរងគ្រោះដោយសារការរីករាលដាលនៃវីរុសកូវីដ- ១៩ ដោយក្នុងនោះលោកក៏បានបន្តធ្វើការឧបត្ថម្ភថវិកាទៅដល់កម្មករ កម្មការិនីដែលរងផលប៉ះពាល់ផងដែរ៕