ភ្នំពេញៈ ក្នុង​រយៈពេល ​១ ខែ វិច្ឆិកា ឆ្នាំ ២០២១ កន្លងមកនេះ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​នគរបាល​ខណ្ឌ​ទាំង ​១៤ ​នៅក្នុង​រាជធានី​ភ្នំពេញ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​៧១​ករណី ឃាត់​មនុស្ស​បាន​ចំនួន​ ១២៤ ​នាក់ និង​រឹបអូស​គ្រឿងញៀន​បាន​ជិត ​១ ​គីឡូក្រាម​។​ នេះ​បើ​យោងតាម​គេហទំព័រ​របស់​អគ្គស្ន​ង​ការដ្ឋាន​នគរបាល​ជាតិ​ចុះផ្សាយ​នៅ​ថ្ងៃទី​ ៩ ធ្នូ ឆ្នាំ ២០២១​។​

លោក រ៉ឹ​ម ម៉ិច នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់​គេហទំព័រ នៅ​រសៀល​ថ្ងៃទី ៨ ខែធ្នូ ថា លទ្ធផល​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នេះ គឺជា​ការចូល​រួមសហកា​រ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌ​ទាំង​ ១៤ នៅក្នុង​រាជធានី​ភ្នំពេញ​។ ការរួម​សហការ​នេះ​គឺ​ដើម្បី​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន នៅក្នុង​រាជធានី​ភ្នំពេញ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​លើកកម្ពស់ ថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព​សង្គម​ឱ្យ បាន​ប្រសើរឡើង​។​

លោក​រ៉ឹ​ម ម៉ិច បន្តថា​៖ «​បទល្មើស​គ្រឿងញៀន​ជា​បញ្ហា​ប្រឈម​បំផុត បង្ក​អសន្តិសុខ​សង្គម​។ ជា​ប្រភព​បញ្ហា​បង្ក​ឱ្យ​កើតមាន បទល្មើស លួច ឆក់ ប្លន់ អំពើហិង្សា និង​បទល្មើស​ផ្សេងៗ​ទៀត​»​។​

លោក​បញ្ជាក់ថា ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន នៅក្នុង​រាជធានី​ភ្នំពេញ​នេះ​គឺ កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន រាជធានី​ភ្នំពេញ បាន​អនុវត្តតាម​បទបញ្ជា​របស់លោក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។ ដោយមាន​លោក គល់ យី ស្នងការរង​ទទួល​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន​បាន​ដឹកនាំ​ចេញ​ប្រតិបត្តិ​ការបង្ការ​ជាប្រចាំ​។​

លោក​បន្ថែមថា ការងារ​នេះដែរ​គឺ​កម្លាំង​សមត្ថកិច្ច​របស់លោក​បាន​អនុវត្ត​នៅ​គ្រប់​គោលដៅ​នៅក្នុង​រាជធានី​ភ្នំពេញ ដែលមាន​បញ្ហា​ស្មុគស្មាញ និង​សង្ស័យថា​មានការ​លួចលាក់​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​ខុសច្បាប់​។​ ដើម្បី​ចូលរួម​អនុវត្ត នៃ​ផែនការ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​​គឺ​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានដាក់​ចេញ នូវ​វិធានការ ចំនួន ​៤ ​ចំណុច​។ វិធានការ​ទី ​១ គឺ​អប់រំ​ផ្សព្វផ្សាយ​ដល់ សិស្ស និស្សិត កម្មករ និង​មុខសញ្ញា​ងាយ​រងគ្រោះ​ផ្សេងទៀត​បំណង​ឱ្យ​ពួកគាត់​ចៀសឱ្យផុត​ពី​គ្រឿងញៀន​។ ទី​ ២ ​គឺ វិធានការ​រដ្ឋបាល ដែល​កម្លាំង​សមត្ថកិច្ច​ជំនាញ​គ្រឿងញៀន​ចុះ​ធ្វើ​រដ្ឋបាល​នៅតាម​គោលដៅ​ងាយ​រងគ្រោះ​ដូចជា នៅតាម​បន្ទប់​ជួល ផ្ទះសំណាក់ និង​នៅតាម​កន្លែង​កម្សាន្ត​ផ្សេង ដោយ​ឱ្យ​ពួកគេ​ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច​។ ទី​៣ គឺ វិធានការ​ច្បាប់ ដោយ​អនុវត្ត​បង្ក្រាប​ជាក់ស្តែង និង​ស្រាវជ្រាវ​រកមុខ​សញ្ញា​ជ​ន​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន ដើម្បី​ចាប់ខ្លួន​យកទៅ​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​។ ទី​ ៤ គឺ វិធានការ​ព្យាបាល និង​ស្តា​នីតិសម្បទា ដល់​ជន​ងាយ​រងគ្រោះ​ដោយសារ​គ្រឿងញៀន​ដោយ​បញ្ជូន​អ្នកញៀន​គ្រឿងញៀន​ទៅ​ព្យាបាល​នៅតាម​មជ្ឈមណ្ឌល​ព្យាបាល និង​ស្តា​នីតិសម្បទា​ជាដើម​៕