ព្រះ​វិហារៈ​ សហគមន៍​ព្រៃ​ព្រះ​រកា​ក្នុង​ខេត្តព្រះវិហារ ដែល​ភាគច្រើន​ជនជាតិដើម​ភាគតិច​កួយ​នាំគ្នា​រៀបចំ​ពិធី​បំបួស​ដើមឈើ​ខួប​លើក​ទី​ ៥​ ឆ្នាំ នៅ​ចំណុច​អូរ​ស្ពង់ នៃ​ព្រៃ​ព្រះ​រការ ក្នុង​ឃុំ​ពោធិ៍ ស្រុក​ត្បែងមានជ័យ​នៅ​ថ្ងៃទី ១០ ខែធ្នូ​នេះ ដើម្បី​ពញ្ញាក់​ស្មារតី​ឲ្យ​មានការ​ចូលរួម​ថែរក្សា​ធនធានធម្មជាតិ​នៅ​ទីនោះ​ឲ្យ​បានយូរ​អង្វែង​។

លោក ស៊ុន ពៅ បណ្តាញ​សហគមន៍​ព្រៃ​ព្រះ​រការ ថ្លែង​នៅ​ថ្ងៃទី ៩ ខែធ្នូ​ថា ការ​បំបួស​ដើមឈើ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​រម្លឹក​គុណ​វីរៈជន​ដែល​បាន​ប្តូរជីវិត​ដោយសារ​ភារៈ​កិច្ចការពារ និង​ស្រឡាញ់​ធនធានធម្មជាតិ អា​រុក្ខ​អារក្ស អ្នកតា​ដែល​បាន​ថែរក្សា​ព្រៃឈើ និង​ចង់​បង្ហាញថា​ដើមឈើ​ជួយ​ជីវិត​មនុស្ស​សត្វ​និង ជីវៈចម្រុះ​គ្រប់​ប្រភេទ​។

កម្មវិធី​នេះ​ក៏​ធ្វើឡើង​ដើម្បី​ទាញ​ចំណាប់អារម្មណ៍ អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ និង​សាធារណៈជន​សហការ​ចូល​រួម​ថែរក្សា​ការពារ ព្រៃឈើ ស្របតាម​គោលការណ៍ របស់​រាជរដ្ឋាភិបាល​ក្នុងការ​រួមចំណែក​ទប់​ស្កាត់​បទល្មើស​ព្រៃឈើ សត្វព្រៃ ក៏ដូចជា​ចែករំលែក​ចំណេះដឹង​មូលដ្ឋាន​ក្នុងការ​គ្រប់គ្រង ថែរក្សា​ព្រៃឈើ រវាង​សហគមន៍​ព្រៃ​ព្រះ​រការ ជាមួយនឹង​អាជ្ញាធរ មូលដ្ឋាន​និង​អ្នកពាក់ព័ន្ធ​ផងដែរ​។

លោក​ប្រាប់ថា សមាជិក​សហគមន៍​ព្រៃ​ព្រះ​រកា​ទាំង​ ៣ ​ស្រុក មានស្រុក​ត្បែងមានជ័យ ស្រុក​ឆែប និង​ស្រុក​ជាំ​ក្សាន្ត ចំនួន​ ៩ ឃុំ និង ២១ ភូមិ ក្នុង​ខេត្តព្រះវិហារ កំពុង​រស់នៅ​អាស្រ័យ​ផល និង​អនុផល​ព្រៃឈើ​តាម​ទំនៀមទម្លាប់ វប្បធម៌​ប្រពៃណី ភាគច្រើន​ជា​ជនជាតិដើម​ភាគតិច​កួយ​។

លោក​បន្ថែមថា ការ​បំបួស​ដើមឈើ​ជា​រឿង​សំខាន់​ណាស់ ក្នុងការ​ពញ្ញាក់​ស្មារតី​ឲ្យ​គ្រប់គ្រាន់​ចូលរួម​ថែរក្សា​ធនធានធម្មជាតិ​។ ​ដើមឈើ​ដែល​ត្រូវ​បំបួស​ក្នុង​ពេលនេះ ជា​ប្រភេទ​ដើមឈើ​ទាល និង​ដើម​ផ្តៀក ដែលមាន​ដើម​ធំៗ​នៅ​ជុំគ្នា​មាន​ចន្លោះ​ពី ៥​ ទៅ ​៧ ​ដើម ដោយឡែកចំពោះ​ការ​បំបួស​ដើមឈើ​ក្នុង​រយៈពេល​បួន​លើក​កន្លងមក មាន​ដើមឈើ​សរុប​ប្រមាណ ១០០​ដើម រាប់ទាំង​តូច​ទាំង​ធំ បាន​បំបួស​នៅ​កន្លែង​ផ្សេងៗ​គ្នា ក្នុងព្រៃ​ព្រះ​រកា​នេះ​។

លោក​ថ្លែងថា ៖«​ជា​ទម្លាប់​ទូទៅ​ខ្ញុំ​ធ្លាប់បាន​បំបួស​ដើមឈើ​ចាប់ពី ​៥ ​ទៅ ​៧​ ដើម ប្រភេទ​ដើមឈើ​ទាល ដើម​ផ្តៀក ជាដើម គឺ​ដើម​ណា​ធំៗ​ដុះ​នៅ​ជុំគ្នា ចំណែក​ប្រភេទ​ដើម​តូចៗ​យើង​អត់​បាន​បំពាក់​ឲ្យ​វា​ទេ​ដូច​ជាដើម​ស្រឡៅ នាងនួន បេង កកោះ​អី​តូច​តូច​យើង​អត់​បាន​បំពាក់​ឲ្យ​ទេ បំពាក់​តែ​ដើម​ណា​ធំ​ហើយ​អាយុ​ច្រើន​» ។

លោក​ សុង ច័ន្ទ​សុជាតិ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ​ថ្លែង​នៅ​ថ្ងៃទី ៩ ខែធ្នូ​ថា មន្ទីរ​បរិស្ថាន​បានអនុញ្ញាត​ឲ្យ​រៀបចំ​ពិធី​សាសនា​សម្រាប់​សហគមន៍​នៅ​ដែនជម្រកសត្វព្រៃ​ព្រះ​រការ នៅ​ថ្ងៃទី ១០ ខែធ្នូរ ២០២១ ដោយ​កំណត់​ចំនួន​អ្នកចូលរួម​ត្រឹម ២០០ ​នាក់ និង​ត្រូវគោរព​វិធានការ​សុខាភិបាល ដើម្បី​ការពារ​ជំងឺ​កូ​វីដ ​១៩​។

លោក​ប្រាប់ថា មន្ត្រី​មន្ទីរ​បរិស្ថាន​ក៏​ចូលរួម​ក្នុង​កម្មវិធី​នោះដែរ គ្រាន់តែ​មិនទាន់​ដឹង​ច្បាស់​ថា​ប៉ុន្មាន​អ្នកចូលរួម​។ លោក​ថ្លែងថា ៖«​ខ្ញុំ​អត់​ទាន់​ដឹងថា​ពួក​ខ្ញុំ​បាន​ប៉ុន្មាន​នាក់​ទៅ​ទេ ដោយសារ​ពួក​ខ្ញុំ​ខ្លះ​ជាប់​ប្រជុំ ហើយ​ខ្លះទៀត​ជាប់​ចុះ​ល្បាត​តាម​ព្រៃ​ដែរ » ។

លោក​ប្រធាន​មន្ទីរ​បញ្ជាក់ថា ដើម្បី​ឲ្យ​មានការ​ចូលរួម​នាពេល​អា​នាគ​ត​ពី​សហគមន៍ និង​អង្គការ​សង្គម​ស៊ីវិល​នានា ក្នុងការ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​ពិតប្រាកដ មាន​ប្រសិទ្ធភាព និង​ត្រឹមត្រូវ​ស្រម​តាម​នីតិវិធី​ច្បាប់ ជា​ធរមាន មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ ណែនាំ ស្នើសុំ​ឲ្យ បណ្តាញ​សហគមន៍​ព្រៃ​ព្រះ​រការ ដែល​ពុំទាន់​មានការ​ទទួលស្គាល់​ដោយ​ច្បាប់ ត្រូវ​រៀបចំ​បំពេញ​នីតិវិធី បង្កើតជា​សហគមន៍​តំបន់ការពារធម្មជាតិ ដើម្បី​ឲ្យ​មានការ​ទទួលស្គាល់​ជា​ផ្លូវការ​ពី​ក្រសួងបរិស្ថាន​។

ដោយឡែក​ចំពោះ​អង្គការ​សង្គម​ស៊ីវិល​ដែល​ផ្តល់​កិច្ចសហការ​ជាមួយ​បណ្តាញ​ព្រៃ​ព្រះ​រការ មិនទាន់មាន​កិច្ច ព្រមព្រៀង ឬ​អនុសារណៈ ជា​មួ​ក្រសួងបរិស្ថាន ក្នុង​ការធ្វើសកម្មភាព ក្នុង​តំបន់ការពារធម្មជាតិ ត្រូវ​ស្នើសុំ​រៀបចំ​កិច្ចព្រមព្រៀង ឬ​អនុសារណៈ ជា​មួ​ក្រសួង​ប​វរិ​ស្ថាន​ស្របតាម​ច្បាប់​។

លោក ឡោ ចាន់ អ្នកសម្របសម្រួល​សមា​គម​អាដហុក​ប្រចាំខេត្ត​ព្រះវិហារ​ថ្លែង​នៅ​ថ្ងៃទី ៩ ខែធ្នូ​ថា ចំពោះ​អង្គការ​សង្គម​ស៊ីវិល​នៅ​ខេត្តព្រះវិហារ​នេះ លោក​មិនបាន​ដឹងថា អង្គការ​មួយណា​មិនបាន​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ​នោះទេ ប៉ុន្តែ​អង្គការ​ដែលជា​ដៃគូ​ជាមួយ​សមាគម​អាដហុក សុទ្ធតែ​បាន​ចុះបញ្ជី​រួច​អស់ហើយ​។ ប៉ុន្តែ​ទន្ទឹម​នោះ ពាក់ព័ន្ធ​សហគមន៍ លោក​ទទួលស្គាល់ថា សហគមន៍​មិនបាន​ចុះបញ្ជី​ទាំងអស់​នោះទេ ព្រោះ​សហគមន៍​ខ្លះ​មិន​ចុះបញ្ជី​ក៏​មិន​ខុសច្បាប់​ដែរ​។

លោក​ថ្លែងថា ៖«​ក្នុង​ផ្លូវច្បាប់​ក៏​គេ​បែងចែក​ដែរ ថា​សហគមន៍​ណា​ដែល​ទាមទារ​ដាច់ខាត​ត្រូវតែ​ចុះបញ្ជី ដូចជា​សហគមន៍​ជនជាតិដើម​ភាគតិច សហគមន៍​ព្រៃឈើ សហគមន៍​នេសាទ អ៊ីចឹងទៅ​ដែល​គាត់​ត្រូវតែ​ចុះ ប៉ុន្តែ​សហគមន៍​មួយចំនួន គឺ​គាត់​គ្រាន់តែ​បង្កើត​សហគមន៍​ក្រៅផ្លូវការ​ដើម្បី​ចូលរួម​រួមចំណែក​ជួយ​ប្រជាពលរដ្ឋ ជួយ​សង្គម ក្នុង​តំបន់​គាត់ អាហ្នឹង​មិនមែន​ខុសច្បាប់​ទេ​» ។

អ្នកសម្របសម្រួល​សមា​គម​អាដហុក​ប្រចាំខេត្ត​ព្រះវិហារ កត់សម្គាល់ថា ការដែល​រៀបចំ​ឲ្យ​មាន​កម្មវិធី​បំបួស​ដើមឈើ​បែបនេះ​មាន​ប្រយោជន៍​ដើម្បី​ឲ្យ​ជន​ប្រព្រឹត្ត​បទល្មើស​មានការ​ភ័យខ្លាច​រអារ តាម​លក្ខណៈ​ប្រពៃណី​ក៏​ដូ​ជា ជំនឿ​សាសនា​។ លោក​ថា ដើមឈើ​ដែល​សហគមន៍​ជនជាតិដើម​ភាគតិច​បាន​បំបួស​ក្តី ឬ​ខាង​ពលរដ្ឋ​មិនមែន​ជនជាតិដើម​ភាគតិច​បំបួស​ក្តី គឺ​អ្នកប្រព្រឹត្ត​បទល្មើស​មិន​ហ៊ាន​កាប់បំផ្លាញ​ឡើយ ប៉ុន្តែ ដើមឈើ ឬ​ព្រៃឈើ​ដែល​មិន​មានការ​បំបួស​នោះ​គឺ​ត្រូវបាន​កាប់បំផ្លាញ​ស្ទើរ​គ្មាន​សល់​។​

លោក​ថ្លែងថា ៖«​ការដែល​គេ​បំបួស​ដើមឈើ ឬ​ពិធីសែនព្រេន​តាមបែប​ប្រពៃណី​ផ្សេងៗ​ហ្នឹង​គឺ​ធ្វើ​ឲ្យ​ជន​ប្រព្រឹត្ត​បទល្មើស ឬ​អ្នក​ដែលមាន​អំណាច ក្នុង​រឿង​ហ្នឹងរ​អារ​មួយចំនួន ដូច​ច្នេះ​ហើយ​ទើប​ពេលខ្លះ​នៅពេលដែល​ពួកគាត់​រៀបចំ​កម្មវិធី​តែងមាន​ការរារាំង មិន​ចង់​ឲ្យ​រៀបចំ​» ៕