ភ្នំពេញៈក្រសួងបរិស្ថាន និង​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) ក្រោម​ជំនួយ​ថវិកា​ពី​ប្រទេស​ជប៉ុន បាន​សម្ពោធ​ជា​ផ្លូវការ​ នូវ​កម្មវិធី​ប្រកួតប្រជែង​គំនិត​ច្នៃប្រឌិត​ស្តីពី «យុទ្ធនាការ​កាត់បន្ថយ​សំណល់​ប្លា​ស្ទិ​ក» នៅ​ថ្ងៃទី ៩ ធ្នូ ដើម្បី​ទប់ស្កាត់​សំណល់​ប្លា​ស្ទិ​ក​សមុទ្រ​។

កម្មវិធី​ប្រកួតប្រជែង​គំនិត​ច្នៃប្រឌិត​នេះ នឹង​ផ្តល់ឱកាស​ដល់​ក្រុមហ៊ុន និង​បុគ្គល ជាពិសេស​យុវជន​អាច​ចូលរួម​បំផុស​គំនិត​នានា ​ក្នុងការ​ផ្តល់​ការអប់រំ​ពាក់ព័ន្ធ​នឹងការ​​កាត់បន្ថយ​សំណល់​រឹង និង​ប្លា​ស្ទិ​ក ដែល​ប្រធាន​បទ​ទាំងនោះ ត្រូវផ្តោត​សំខាន់​​ទៅលើ​សិស្សានុសិស្ស យុវជន វិស័យ​កាត់ដេរ និង​វិស័យ​ឯកជន​ដទៃទៀត។

លោក គិត ច័ន្ទ​គ្រឹ​ស្នា នាយក​គម្រោង​ជាតិ និង​ជាទី​ប្រឹក្សា​ក្រសួងបរិស្ថាន បានលើកឡើង​ក្នុងឱកាស​នោះ​ នា​ទីស្តីការ​ក្រសួងបរិស្ថាន​ថា កម្មវិធី​ប្រកួតប្រជែង​គំនិត​ច្នៃប្រឌិត គឺ​​ជា​ផ្នែក​មួយ​ នៃ​គម្រោង​ទប់ស្កាត់​សំណល់​ប្លា​ស្ទិ​ក​សមុទ្រ​នៅ​កម្ពុជា ដែលមាន​រយៈពេល​ជាង ២ ឆ្នាំ ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​សំណល់​រឹង និង​ប្លា​ស្ទិ​ក។

កម្មវិធី​នេះ ក៏បាន​ចូលរួម​ចំណែក​ជាមួយនឹង​គោលនយោបាយ ​របស់​រដ្ឋាភិបាល ក្នុងការ​កៀរគរសាធារណជន ឱ្យ​មាន​ការ​យកចិត្តទុកដាក់​នឹង​បញ្ហា​បរិស្ថាន​ផងដែរ។

លោក​បញ្ជាក់ថា៖ «គម្រោង​នេះ គឺ​យើង​ចូលរួម​កាត់បន្ថយ​សំណល់​រឹង​ជារួម និង​សំណល់​ប្លា​ស្ទិ​ក ទាំង​នៅលើ​ដី និង​ក្នុង​សមុទ្រ។ សមុទ្រ​ហ្នឹង មិន​និយាយ​តែ​ក្នុង​កំពង់សោម កោះកុង នៅ​កែប កំពត​អី​ទេ នៅ​សៀម​រាប បឹង​ទន្លេសាប​របស់​យើង ក៏​ហូរ​ចាក់​ទៅ​សមុទ្រ។ ចឹ​ង​ទាំង​ក្នុង​ទឹក លើដី យើង​ធ្វើការ​កាត់បន្ថយ​ទាំងអស់គ្នា​តាមរយៈ 4Rs»។

ចាប់​​តាំងពី​ឆ្នាំ ២០១៨ រាជរដ្ឋាភិបាល​ បានចាប់ផ្តើម​ផ្សព្វផ្សាយ​លើកកម្ពស់​ការអនុវត្ត​គោលការណ៍ 4Rs (បដិសេធ កាត់បន្ថយ ប្រើប្រាស់​ឡើងវិញ និង​កែច្នៃ​ឡើងវិញ)។

នៅ​ខែមករា ឆ្នាំ ២០២១ គម្រោង «ការទប់ស្កាត់​សំណល់​ប្លា​ស្ទិ​ក​សមុទ្រ​នៅ​កម្ពុជា» ត្រូវបាន​ផ្តួចផ្តើម​ក្រោម​ការគាំទ្រ​ថវិកា​ពី​ប្រទេស​ជប៉ុន។

គម្រោង​ប្លា​ស្ទិ​ក​សមុទ្រ​នេះ មាន​គោលដៅ​ទប់ស្កាត់ និង​កាត់បន្ថយ​ការបំពុល​ដោយ​សំណល់​ប្លា​ស្ទិ​ក​ទាំង​នៅលើ​ដីគោក និង​នៅក្នុង​សមុទ្រ ក្នុង​ខេត្ត​ក្រុង​ចំនួន ៦ គឺ ភ្នំពេញ សៀមរាប ព្រះសីហនុ កែប កំពត និង​កោះកុង។

បើ​តាម UNDP កម្មវិធី​ប្រកួតប្រជែង​គំនិត​ច្នៃប្រឌិត នឹង​បើកទទួល​ពាក្យស្នើសុំ​ចូលរួម​ចាប់ពី​ថ្ងែ​ទី ០៩ រហូតដល់ ថ្ងៃទី ៣១ ធ្នូ ដែល​ផ្តល់​សិទ្ធិ​ដល់​បុគ្គល ក្រុម​យុវជន អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក អង្គការ​ សហគមន៍ ភ្នាក់ងារ​រៀបចំ​កម្មវិធី និង​ក្រុមហ៊ុន​ឯកជន​នានា ដែល​ស្រលាញ់ និង​យកចិត្តទុកដាក់​អំពី​បរិស្ថាន អាចដាក់​ពាក្យ​ចូ​ល​រួម​បាន។

UNDP បាន​បញ្ជាក់ថា​៖«ប្រសិនបើ​អ្នក​មានគំនិត​ច្នៃប្រឌិត​ ក្នុងការ​រៀបចំ​យុទ្ធនាការ សូម​ចូលរួម​ទប់ស្កាត់ និង​កាត់​បន្ថយ​ប្លា​ស្ទិ​ក​ទាំងអស់គ្នា។ អ្នក​អាច​ទទួលបាន​រង្វាន់​ជា​ទឹកប្រាក់​រហូតដល់ ១៨ ០០០ ដុល្លារ ​សហរដ្ឋអាមេរិក សម្រាប់​អនុវត្ត​គំនិត​ផែនការ​យុទ្ធនាការ​របស់​អ្នក។ រង្វាន់​ជា​ទឹកប្រាក់​ទាំងអស់​សរុប គឺ ៧០ ០០០ ដុល្លារ​សហរដ្ឋអាមេរិក»។

លោកស្រី MoeKo Saito Jensen ជំនាញការ​បរិស្ថាន​នៃ​អង្គការ UNDP បាន​និយាយថា សំណល់​ប្លា​ស្ទិ​ក គឺ​ងាយ​ស្រួល​​ក្នុងការ​ហូរចូលទៅក្នុង​សមុទ្រ​ខ្លាំងណាស់ ហើយ​ការហូរ​នៅក្នុង​សមុទ្រ​នេះ គឺ​វា ត្រូវការ​រយៈពេល​យូរ​មែនទែន ដោយ​បំ​ប្លែង​ខ្លួន​តាមរយៈ​ត្រី ដែល​បាន​ស៊ី​វា។

ដូច្នេះ លោកស្រី បារម្ភ​ពី​ផលប៉ះពាល់​ដល់​បរិស្ថាន សុខភាព​មនុស្ស និង​ផល​ត្រី ដែល​បណ្តាលមកពី​សំណល់​ប្លា​ស្ទិ​ក​ទាំងនេះ ហើយ​ទាមទារ​ឱ្យ​មានការ​រួមគ្នា កាត់បន្ថយ​សំណល់​ប្លា​ស្ទិ​ក​នៅក្នុង​សមុទ្រ។

លោកស្រី​បាន​បញ្ជាក់ថា៖«​ មិន​ត្រឹម​តែ​ប៉ះពាល់​បរិស្ថាន និង​ត្រី ប្លា​ស្ទិ​ក​ដែល​បាន​បោះចោល​នៅក្នុង​ប្រឡាយ នៅក្នុង​សមុទ្រ គឺអាច​ស្ទះ​ប្រព័ន្ធ​បង្ហូរទឹក ហើយក៏​អាច​ចំណាយ​អស់​ថវិកា​រាល់​ការសំអាត។ ជាពិសេស​ការដុត​ប្លា​ស្ទិ​ក ក៏​អាចមាន​ផលប៉ះ​ពាល់​ដល់​សុខភាព ផង​ដែរ»។

បើតាម​របាយការណ៍​ UNDP សំណល់​ប្លា​ស្ទិ​ក បាន​ក្លាយជា​វិបត្តិ​ជាស​កល ដោយ​បរិ​មាណនៃ​ការផលិត​ប្លា​ស្ទិ​កបាន​កើន​ឡើង​យ៉ាងខ្លាំង​ពី ២,៣ លាន​តោន​ក្នុង​ឆ្នាំ ១៩៥០ រហូតដល់ ៤៤៨ លាន​តោន​ត្រឹម​ឆ្នាំ ២០១៥។ 

ជា​រៀងរាល់ឆ្នាំ សំណល់​ប្លា​ស្ទិ​ក​ប្រហែល ៨ លាន​តោនបាន​​ហូរ​ចេញពី​ប្រទេស​នានា​ដែល​នៅជាប់​ឆ្នេរសមុទ្រ ចូលទៅក្នុង​សមុទ្រ​តាមរយៈ​ទន្លេធំៗចំនួន ១០ ក្នុង​នោះ រាប់​បញ្ចូល​ទាំង ទន្លេ​មេគង្គ ផង​ដែរ៕