មណ្ឌលគិរីៈ ​ពលរដ្ឋ​ជា​ជនជាតិ​​ដើម​ភាគតិច​ព្នង​ ៥៩ ​គ្រួសារ​ដែល​មាន​សមាជិក​ ២០៣ ​នាក់​ បានដាក់​ពាក្យស្នើសុំ​រដ្ឋបាលខេត្ត​មណ្ឌលគិរី​ជួយ​អន្តរាគមន៍​បញ្ឈប់​ការឈូសឆាយ​បណ្តោះអាសន្ន​លើដី​ព្រៃ​កប់​សព​ដូនតា​ពួកគាត់​ទំហំ​ជាង​ ៧ ​ហិកតា នៅ​​ភូមិ​ឡៅការ សង្កាត់​សុខដុម ក្រុង​សែនមនោរម្យ ដើម្បី​ដោះស្រាយ​វិវាទ​ដីធ្លី​។

អ្នកស្រី​ ផ្លឹក ណាវី អាយុ​ ៣៨ ​ឆ្នាំ​ ជា​តំណាង​ជនជាតិដើម​ភាគតិច​ព្នង​ ៥៩ ​គ្រួសារ​ថ្លែង​នៅ​ថ្ងៃទី​ ៩ ធ្នូ​ថា អ្នកស្រី និង​តំណាង​ចំនួន​ ៧ ​នាក់​បាន​ទៅ​ដាក់ពាក្យ​ស្នើសុំ​អន្តរាគមន៍​ជូន​រដ្ឋបាលខេត្ត​​មណ្ឌលគិរី​នៅ​ថ្ងៃទី​ ៧ ខែធ្នូ ដើម្បី​ជួយ​បញ្ឈប់​ការឈូសឆាយ​​ដីព្រៃ​កប់​សព ព្រៃត្រណម ព្រៃអារក្ស និង​សុំ​ជួយ​ដោះស្រាយ​​បញ្ហាដីធ្លី​នៅ​ភូមិ​ឡៅការ សង្កាត់​សុខដុម ក្រុង​សែនមនោរម្យ បន្ទាប់ពី​បាន​សុំ​អន្តរាគមន៍​ពី​អាជ្ញាធរ​មូលដ្ឋាន​មិនបាន​ផល​។

អ្នកស្រី​បាន​រៀបរាប់ថា កាល​ថ្ងៃទី​ ៥ ខែតុលា ឆ្នាំ​ ២០២០ មាន​ពលរដ្ឋ​ប្រមាណ​ ៧០ ​នាក់​​បាន​នាំគ្នា​ទៅ​ដក​បង្គោលរបង​នៅ​ទីតាំង​ខាងលើ​ ដើម្បី​ការពារ​ដីភ្នំ​ទុក​ចុះបញ្ជី​ជា​ដី​សមូហភាព​ជនជាតិដើម​ភាគតិច​ព្នង​ដោយ​គ្មាន​ចេតនា​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ​ទេ​។ ​លុះដល់​ថ្ងៃទី​ ៩ ខែតុលា ឆ្នាំ​ ២០២០ ក៏មាន​អ្នកប្តឹង​ពលរដ្ឋ​ចំនួន​ ៣ ​នាក់​ក្នុង​​ចំណោម​នោះ​ពី​បទ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ ករណី​ដក​បង្គោលរបង​នោះ ខណៈ​ពួកគាត់​មិនបាន​ដឹងថា ដី​នោះ​ត្រូវបាន​គេ​លួច​ទិញ​លក់​។

អ្នកស្រី​បញ្ជាក់ថា ក្រោយមក​នៅ​ថ្ងៃទី​ ១៦ តុលា ឆ្នាំ​ ២០២១ តុលាការ​ខេត្ត​មណ្ឌលគិរី​បាន​ចេញ​សាលក្រម​សម្រេច​ឱ្យ​អ្នកទាំង​ ៣ ​នាក់​នោះ​ចាញ់ក្តី​ដោយ​ផ្ទន្ទាទោស​ដាក់ពន្ធនាគារ​ម្នាក់​ ២ ​ឆ្នាំ​។ ប៉ុន្តែ​ក្នុង​សាលក្រម​នោះ​​បញ្ជាក់ថា តុលាការ​សម្រេច​តែ​រឿង​ព្រហ្មទណ្ឌ​ប៉ុណ្ណោះ ចំណែក​វិវាទ​ដីធ្លី​ជា​សមត្ថកិច្ច​របស់​អាជ្ញាធរ​។ បន្ទាប់មក ស្រាប់តែ​នៅ​ថ្ងៃទី​ ១ ខែធ្នូ ឆ្នាំ​ ២០២១ មាន​​ក្រុម​កម្មករ​បាន​យក​គ្រឿងចក្រ​ចូល​ឈូសឆាយដី​កំពុងមាន​វិវាទ​នោះ​យក​ធ្វើជា​របស់ខ្លួន ដោយ​សំអាងថា​ឈ្នះក្តី​នៅ​តុលាការ​។

អ្នកស្រី​ថ្លែងថា​៖ «​ពួកខ្ញុំ​អត់​ដឹង​រឿងរ៉ាវ​ដែល​គេ​លក់ដូរ​ទៅ​​នោះទេ ហើយ​ឥឡូវ​ហ្នឹង​គេ​ឈូស​ឆាយដី​ហ្នឹង ចង់​ដាំ​ដើម​ប័រ អ៊ីចឹង​ពួកខ្ញុំ​ប្រាប់ថា កុំ​ដាំ កុំ​អី ដោយសារ​កន្លែង​ហ្នឹង​ពួកខ្ញុំ​ទុក​ឃ្វាល​គោក្របី ហើយ​កន្លែង​ហ្នឹង​ក៏​ជា​ព្រៃ​កប់​សព ព្រៃ​អារក្ស ព្រៃ​ត្រណម​ដែរ ប៉ុន្តែ​ពួក​ខ្ញុំ​ប្រាប់​គេ​មិន​ស្តាប់ អ៊ីចឹង​ពួក​ខ្ញុំ​ក៏​ដាក់ពាក្យ​ប្តឹង​ទៅដល់​ខេត្ត​» ។

អ្នកស្រី ផ្លឹក ណាវី ប្រាប់ថា មន្ត្រី​បរិស្ថាន​ ២ ​នាក់​បាន​ខ្ចី​ដី​ពី​ជនជាតិដើម​នៅ​តំបន់​នោះ​ធ្វើ​ស្នាក់ការ​បណ្តោះអាសន្ន តែ​​ក្រោយមក​ក៏បាន​រុះរើ​ទៅវិញ ហើយ​ស្រាប់​តែមាន​អ្នកផ្សេង​មក​​អះអាងថា ជា​ម្ចាស់​ដី​នៅ​ទីនោះ​ដោយ​បាន​ទិញ​ពី ឈ្មោះ ញ៉ោម សុផល និង ស៊ុម សុវណ្ណារិទ្ធ ដែលជា​មន្ត្រី​បរិស្ថាន​ធ្លាប់​ខ្ចី​ដី​នៅ​​ទីនោះ​។ អ្នកស្រី​ថា៖ «​តាំងពី​ពួកគាត់​រុះរើ​ស្នាក់​ការចេញ ពួកខ្ញុំ​អត់​ដែល​ជួប​ពួកគាត់​ហ្នឹង​ទៀត​ទេ ហើយ​មិនដឹងថា​ពួកគាត់​លក់​តាំងពី​ពេលណា ដោយ​របៀប​ណា​ទេ​» ។

យ៉ាងណាក្ដី លោក កែវ សុភគ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី​ថ្លែង​នៅ​ថ្ងៃទី​ ៩ ខែធ្នូ​ថា មន្ត្រី​បរិស្ថាន​ខេត្ត​នេះ​មិន​មាន​ពាក់ព័ន្ធ​នឹង​ការទិញ​លក់​ដី​នេះ​ទេ​។

រីឯ​ឈ្មោះ ញ៉ោម សុផល ដែល​​ធ្លាប់ជា​អនុប្រធាន​មន្ទីរ​បរិស្ថាន​ពីមុន ក្រោយ​តុលាការ​ចេញ​ដីកា​តាម​ចាប់​ជន​នោះ​មិនដឹង​​រត់​ទៅ​ទីណា​ទេ ចំណែក​ឈ្មោះ ស៊ុម សុវណ្ណរិទ្ធ ក៏​គ្មាន​ឈ្មោះ​ក្នុង​​មន្ត្រី​បរិស្ថាន​បច្ចុប្បន្ន​នេះដែរ​។

លោក ជាក់ ម៉េងហ៊ាង អភិបាលរង និង​ជា​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​មណ្ឌលគិរី​ថ្លែង​នៅ​ថ្ងៃទី​ ៩ ធ្នូ​ថា លោក​មិនទាន់​បានឃើញ​ពាក្យស្នើសុំ​របស់​បងប្អូន​ពលរដ្ឋ​នៅឡើយ​ទេ ប៉ុន្តែ​​លោក​ថា បើ​រឿង​នោះ​មាន​មែន​លោក​នឹង​ចាត់​ឱ្យ​មាន​ការស្រាវជ្រាវ​ ដើម្បី​ប្រាកដថា បញ្ហាដីធ្លី​នោះ​ការពិត​យ៉ាងណា បើ​ពិតជា​របស់​ពលរដ្ឋ​នោះ​នឹង​រៀបចំ​រក្សាទុក​ជូន​ពលរដ្ឋ​វិញ​។

លោក​ថា​៖ «​យើង​ត្រូវ​ពិនិត្យ​ជាក់ស្តែង​តើ​ដី​ហ្នឹង​ជា​ប្រវត្តិ​កប់​​ខ្មោច​ពិតប្រាកដ​ ឬមួយ​ដី​របៀប​ម៉េច អាហ្នឹង​កាលណា​សន្និដ្ឋាន​ភ្លាម​វា​អត់​ត្រូវ​ទេ​ទាល់តែ​ឱ្យ​ក្រុម​ការងារ​ចុះទៅពិនិត្យ​ជាក់ស្តែង​ជួនកាល​ដីធ្លី​ឡើងថ្លៃ​ដូច្នេះ​មាន​​ជនខិលខូច​ខ្លះទៅ​បង្កបញ្ហា​វឹកវរ​​ក្នុង​ភូមិ​ឃុំ​របស់​យើង​អាហ្នឹង​យើង​ពិនិត្យ​សិន បើ​ពិតប្រាកដ​ក្នុង​នាម​អាជ្ញាធរ​យើង​ត្រូវតែ​រក្សាទុក​ជូន​គាត់​» ។

លោក គ្រើង តុលា អ្នក​ប្រឹក្សា​យោបល់​ក្រុមការងារ​បណ្តាញ​សហគមន៍​ជនជាតិដើម​ភាគតិច​ព្នង​ខេត្តមណ្ឌលគិរី​ថ្លែង​នៅ​ថ្ងៃទី​​ ៩ ខែធ្នូ​ថា ពាក់ព័ន្ធ​នឹង​ប្រពៃណី​ដូនតា​ជនជាតិដើម​ភាគតិច​ព្នង​គឺ​អ្នក​ដែល​ទិញ​លក់​ដី​​ជនជាតិ​ត្រូវតែ​ជាប់ទោស​ដោយ​​ត្រូវ​លោះ​លាង​យក​សត្វ​ក្របី​ ឬ​សត្វ​ដំរី​សង តែបើ​គ្មានអ្វី​សង​ទេ​​គឺ​អ្នកនោះ​ត្រូវធ្វើ​កញ្ជះ​គេ ប៉ុន្តែ​បរិបទ​បច្ចុប្បន្ន​គឺ​ត្រូវ​ជាប់ទោស​។

លោក​ថា ចំពោះ​ផ្លូវច្បាប់​វិញ​ក្នុង​ច្បាប់​ភូមិបាល​ចែងថា ព្រៃ​កប់សព ព្រៃ​ត្រណម ចម្ការ​វិលជុំ ដី​បម្រុង​ទុក និង​ដី​លំនៅឋាន​ជនជាតិដើម​ភាគតិច​ព្នង​មិន​​អាច​ទិញ លក់​បានទេ ។

លោក​ថា​៖ «​ខ្ញុំ​ថា គួរតែ​ស្នើ​ទៅ​​ឯកឧត្តម​អភិបាលខេត្ត​និរាករណ៍​ចោល​រាល់​ការទិញ​លក់​របស់​​គាត់​ហ្នឹង ហើយ​ឱ្យ​សង​រាល់​ការខូចខាត ពីព្រោះ​បងប្អូន ជនជាតិដើម​ភាគតិច​មិនមាន​ទម្លាប់​កប់​សព នៅក្រោយ​ផ្ទះ​​ក្រោមផ្ទះ​ ឬ​បូជា​ទេ​គឺ​គាត់​មាន​​ច្បាប់​របស់គាត់ មាន​កន្លែង​កប់​សព​របស់​គាត់​ត្រឹមត្រូវ​»៕