ឧត្តរមានជ័យៈ រដ្ឋបាល​ខេត្ដ​ជាប់​ព្រំដែន​កម្ពុជា-ថៃ​បានឱ្យ​ដឹងថា ក្នុង​រយៈពេល​ ១ ​សប្ដាហ៍​កន្លងមកនេះ​ចំនួន​ពលករ​ខ្មែរ​វិល​ត្រឡប់​មកពី​ប្រទេស​ថៃ​វិញ មាន​ការកើនឡើង​ចាប់តាំងពី​ប្រទេស​កម្ពុជា​បាន​បើក​ដំណើរការ​ប្រទេស​ឡើងវិញ​ចាប់តាំងពី​ថ្ងៃទី​ ១ ​វិច្ឆិកា នៅពេលដែល​ប្រទេស​ថៃ​នៅ​មិនទាន់​មាន​គោលការណ៍​បើក​ប្រទេស​ឡើងវិញ​នៅឡើយ​។

លោក ឌី រ៉ាដូ អភិបាលរង និង​ជា​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ឧត្តរមានជ័យ ថ្លែងប្រាប់​ភ្នំពេញ-ប៉ុស្ដិ៍ នៅ​ថ្ងៃទី​ ៩ ធ្នូ​ថា រយៈពេល ១ ​សប្ដាហ៍​មកនេះ ចំនួន​ពលករ-ខ្មែរ ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ វិលត្រឡប់​ចូលមក​កម្ពុជា​វិញ​តាម​ច្រក​អូរស្មាច់​មាន​ការកើនឡើង​ពី​ជាង​ ១៥០ នាក់​រហូតដល់​ជាង​ ២០០ ​នាក់​។ ការវិល​ត្រឡប់មក​ច្រើន​របស់​ពលករ​ខែ្មរ​នេះ គឺអាច​បណ្ដាលមកពី​ការរកឃើញ​ករណី​មេរោគ​បំប្លែង​ខ្លួន​ថ្មី អូមីក្រុង នៅក្នុង​ប្រទេស​ថៃ​។

លោក​បញ្ជាក់ថា​៖ «​រដ្ឋាភិបាល​បាន​បើក​ដំណើរការ​ប្រទេស​ឡើងវិញ ចាប់តាំងពី​ថ្ងៃទី​ ១ ខែវិច្ឆិកា​មក ដូច្នេះ​ការចរាចរ គឺ​ធម្មតា​នៅក្នុង​ប្រទេស​កម្ពុជា​។ ប៉ុន្ដែ​ការចរាចរ​ធម្មតា​នៅ​ប្រទេស​ថៃ​បើតាម​ព័ត៌មាន​ដែល​ខ្ញុំ​ទទួល​បាន​ខាង​ភាគី​ថៃ គឺ​មិនទាន់​អនុញ្ញាត​ទេ​។ ប៉ុន្ដែ​ចំពោះ​ការដឹក​ជញ្ជូន​ទំនិញ គឺមាន​ចរាចរណ៍​ធម្មតា​ដដែល​»​។ ពលករ​ខ្មែរ​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ ដែល​ត្រឡប់មក​កម្ពុជា​វិញ រដ្ឋបាលខេត្ត​បានទទួល​ជាធម្មតា​ដោយ​ពិនិត្យ​សុខភាព ពិនិត្យ​កាត​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ និង​ធ្វើ​ចត្ដាឡីស័ក ចំពោះ​ពលរដ្ឋ​ដែល​មិនទាន់​បាន​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩​។

លោក រ៉ាដូ បញ្ជាក់ថា​៖ «​ពលករ​ខ្មែរ​ត្រឡប់​មកពី​ប្រទេស​ថៃ​វិញ ឥឡូវ​មាន​ច្រើន​ក្នុង​ ១ ​ថ្ងៃៗ​ជា​មធ្យម​មាន​ ២០០ ​នាក់​។ ការវិល​ត្រឡប់​របស់​ពលករ​មក​កម្ពុជា​វិញ​នេះ គឺ​ចាប់ផ្ដើម​កើនឡើង​កាលពី​សប្ដាហ៍​មុន​»​។

លោក​បានឱ្យដឹងថា បច្ចុប្បន្ន​ក្នុង​ខេត្ដ​ឧត្ដរមានជ័យ ពលករ​ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ​វិញ កំពុង​ត្រូវធ្វើ​ចត្តាឡីស័ក​មាន​ចំនួន ៤៥១ ​នាក់ និង​ពលករ​ដែលមាន​ជំងឺ​កូវីដ​ ១៩ កំពុង​បន្ត​សម្រាក​ព្យាបាល​ចំនួន ៨៧ ​នាក់​។ ចំណែក​ពលករ​ដែល​មិនទាន់​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ គឺ​តម្រូវឱ្យធ្វើ​ចត្ដាឡីស័ក​រយៈពេល ១៤ ​ថ្ងៃ​តាម​វិធានការ​សុខាភិបាល​។

លោក​ សឿម ប៊ុនរិទ្ធិ អភិបាលរង និង​ជា​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​បាត់ដំបង​បានឱ្យដឹង​នៅ​ថ្ងៃទី​ ៩ ​ធ្នូ​នេះដែរ​ថា ពលករ​ខ្មែរ​​ត្រឡប់​មកពី​ប្រទេស​ថៃ​តាម​ច្រកព្រំដែន ក្នុង​ភូមិសាស្ដ្រ​ខេត្ដ​បាត់ដំបង​កាលពី​ថ្ងៃទី​ ៨ ខែធ្នូ​នេះ មាន​ចំនួន​ ២៥២ ​នាក់ ខណៈ​កាលពី​ខែវិច្ឆិកា​កន្លង​ទៅ ពលករ​ខ្មែរ​ត្រឡប់​មកពី​ថៃ​ជា​មធ្យម​មាន​ត្រឹម​ពី​ ៥០ ​ទៅ​ ៦០ ​នាក់​ប៉ុណ្ណោះ​ក្នុង ១ ​ថ្ងៃ​។ លោក​ថ្លែងថា​៖​ «​ពលករ​ដែល​ត្រឡប់មក​ប្រទេស​វិញ គឺ​យើង​ធ្វើតេស្ដ​ទាំងអស់​។ ចំណែក​ពលករ​ដែល​មិនទាន់​បាន​ចាក់​វ៉ាក់សាំង​គ្រប់ ២ ​ដូស យើង​តម្រូវឱ្យ​ពួកគាត់​ធ្វើ​ចត្ដាឡីស័ក ១៤ ​ថ្ងៃ​»​។

បច្ចុប្បន្ន​ចំពោះ​ពលករ​ខ្មែរ ដែល​អាច​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ គឺ​ទាល់​តែមាន​លិខិត​អនុញ្ញាត​ពី​ក្រសួង​ការងារ​នៅ​កម្ពុជា និង​ក្រសួង​ការងារ​នៅ​ប្រទេស​ថៃ ដើម្បី​ចេញទៅ​បំពេញការងារ​លើ​ផ្នែក​ណាមួយ ដូចជា កសិកម្ម ឧស្សាហកម្ម​ជាដើម ទើប​អាច​ចូលទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​បាន​។ លោក ប៊ុនរិទ្ធិ បានឱ្យដឹងថា ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើ​ចត្ដាឡីស័ក​ក្នុង​ខេត្ដ​បាត់ដំបង​បាន​ចែកចេញ​ជា​ ២ គឺ​ពលករ​នៅក្នុង​ខេត្ដ និង​ពលករ​ត្រឡប់​មកពី​ប្រទេស​ថៃ​វិញ​។ បច្ចុប្បន្ន​ពលករ​ក្នុង​ខេត្ដ​បាត់ដំបង ដែល​កំពុង​ធ្វើ​ចត្ដាឡីស័ក​មាន​ចំនួន ២៥០ ​នាក់ រីឯ​ពលករ​ត្រឡប់​មកពី​ប្រទេស​ថៃ​វិញ​មាន​ចំនួន ២២៩ ​នាក់​។ លោក​បន្តថា ក្នុង​ខេត្ដ​បាត់ដំបង មាន​មណ្ឌល​ព្យាបាល​អ្នកជំងឺ​កូវីដ​ ១៩ ចំនួន ២ កម្រិត​គឺ​មណ្ឌល​ព្យាបាល​កម្រិត​ស្រាល និង​មណ្ឌល​ព្យាបាល​កម្រិត​មធ្យម និង​កម្រិតធ្ងន់ ខណៈ​បច្ចុប្បន្ន​មាន​អ្នកជំងឺ​កូវីដ​ ១៩​កម្រិត​ស្រាល​ចំនួន ៨៥ ​នាក់ និង​អ្នកជំងឺ​កម្រិតធ្ងន់​ចំនួន ៨០ ​នាក់​កំពុង​សម្រាក​ព្យាបាល​៕

វីដេអូ៖