កំពតៈ ម៉ូតូ​ស៊េរី​ថ្មី​ចម្រុះ​ចំនួន​ ៥៧ ​គ្រឿង​បាន​រង​ការខូចខាត​ធ្ងន់ធ្ងរ និង​តិចតួច ក្នុង​គ្រោះ​អគ្គិភ័យ​ឆេះ​ហាង​លក់​ម៉ូតូ​ ១ ​កន្លែង​ស្ថិតនៅ​ភូមិ-សង្កាត់​កំពង់បាយ ក្រុង-ខេត្តកំពត នៅវេលា​ម៉ោងជាង​ ៦ ​ព្រឹក​ថ្ងៃទី​ ៩ ធ្នូ​។

លោក​ ភី នូច នាយការិយាល័យ​ពន្លត់ និង​បង្ការ​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​ប្រាប់​នៅ​ព្រឹក​ថ្ងៃទី​ ៩ ធ្នូ ថា ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោងជាង​ ៦ ​ព្រឹក​ថ្ងៃទី​ ៩ ធ្នូ ឆ្នាំ​ ២០២១​។ រីឯ​ហាង​លក់​ម៉ូតូ​ដែល​ឆេះ​នោះ​យីហោ​ «​លី ប៉េង​» ដែល​ស្ថិតនៅ​ភូមិ​កំពង់បាយ សង្កាត់ កំពង់បាយ ក្រុង-ខេត្តកំពត​។

លោក​បន្តថា ក្នុង​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​នេះ​មាន​ម៉ូតូ​ស៊េរី​ថ្មី​ចម្រុះ​ចំនួន​ ៥៧ ​គ្រឿង​ត្រូវ​រងការឆេះ​ខូចខាត​ធ្ងន់ និង​តិចតួច​ព្រមទាំង​មាន​រថយន្ត​ម៉ាក​ឡង់គ្រីស័រ​ ៥៧០ និង​រថយន្ត​ម៉ាក​ម៉ាស្តា​ ២ ​គ្រឿង​ត្រូវបាន​ឆេះ​ខូចខាត​ទាំងស្រុង​។ ក្រៅពីនេះ​ក៏មាន​ឆេះ​សម្ភារ​ប្រើប្រាស់​សម្រាប់​បំពាក់​ម៉ូតូ​មួយចំនួនធំ​ទៀតផង​។

លោក​ ភី នូច បញ្ជាក់ថា​៖ «​ការឆេះ​នេះ​មិន​បណ្តាល​ឱ្យ​គ្រោះថ្នាក់​បាត់បង់​ជីវិត​មនុស្ស​ទេ​។ ករណី​នេះដែរ យើង​បាន​ទប់ទល់​សភាពការណ៍​បាន​ទាន់ពេល​វេលា​។ ព័ត៌មាន​បឋម គឺ​មកពី​ឆ្លង​ចរន្តអគ្គិសនី​»​។

លោក​ ហោ វណ្ណា អធិការ​នគរបាល​ក្រុង​កំពត​ប្រាប់​នៅ​ថ្ងៃទី​ ៩ ធ្នូ ថា ចំពោះ​ការជួយ​ធ្វើ​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ​នេះ​គឺ​សមត្ថកិច្ច​នគរបាល​ក្រុង​កំពត​សហការ​ជាមួយ​កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​។ ខាង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អស់​ ៣ ​គ្រឿង ហើយ​អធិការដ្ឋាន​នគរបាល​ប្រើ​រថយន្ត​ទឹក​អស់​ ៣ ​គ្រឿង​ទៀត​។

លោក​បន្តថា ក្នុង​ហេតុការណ៍​ឆេះ​នេះ បើ​តាម​មន្ត្រី​ជំនាញ​ខាង​ពន្លត់​អគ្គិភ័យ​របស់​ការិយាល័យ​នគរបាល​បង្ការ និង​ពន្លត់​អគ្គិភ័យ​ខេត្តកំពត​បង្ហាញ​ថា សម្ភារ​ដែលមាន​នៅក្នុង​ហាង ភាគច្រើន​ជា​សម្ភារ​គ្រឿង​ម៉ូតូ ហើយ​ត្រូវបាន​ឆេះ​ខូចខាត​ស្ទើរ​ទាំងស្រុង​។

លោក​បន្ថែមថា​៖ «​ព័ត៌មាន​បឋម​ដែល​បានមកពី​ម្ចាស់ផ្ទះ​គាត់​ប្រាប់​សមត្ថកិច្ច​យើង​ថា ការ​ឆេះ​នេះ​បណ្តាលមកពី​ឆ្លង​ចរន្ត​អគ្គិសនី​។ សមត្ថកិច្ច​របស់​យើង រួមទាំង​មន្ត្រី​ជំនាញ​ពន្លត់​អគ្គិភ័យ​ខេត្ត​បាន​ប្រើ​មធ្យោបាយ​បាញ់​ទឹក​ធ្វើការ​ទប់ស្កាត់​ភ្លើង​មិនឱ្យ​រាលដាល​ដល់ផ្ទះ​ជិតខាង​បាន​ជោគជ័យ​»៕

វីដេអូ៖