ភ្នំពេញៈ មន្ត្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​គ្រោង​នឹង​ចុះ​ធ្វើ​បច្ចុប្បន្នភាព​សាកល្បង​នៃ​ការស្នាក់នៅ​របស់​ជនអន្តោប្រវេសន៍​ក្នុង​សង្កាត់​បឹងកេងកង​ ខណ្ឌ​បឹង​កេងកង​ក្នុងពេល​ឆាប់ៗ និង​បន្ទាប់មក នឹង​ធ្វើ​នៅ​សង្កាត់​មួយ​នៅ​ខេត្ត​ព្រះសីហនុ​ ដើម្បី​ប្រមូលយក​បទពិសោធ មុននឹង​ឈានទៅ​ធ្វើ​បច្ចុប្បន្នភាព​ជនអន្តោប្រវេសន៍​ទូទាំង​ប្រទេស​។

ការគ្រោង​ចុះ​ធ្វើ​បច្ចុប្បន្នភាព​ជនបរទេស​សាកល្បង​នេះ ធ្វើឡើង​បន្ទាប់ពី​រកឃើញថា​ទិន្នន័យ​នៅក្នុង​ប្រព័ន្ធគ្រប់គ្រង​ជនបរទេស FPCS ខុសពី​ទិន្នន័យ​នៅតាម​គោលដៅ​ជាក់ស្តែង​។

លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ថ្លែង​នៅ​ថ្ងៃទី ៨ ខែធ្នូ​ថា ការធ្វើការងារ​ជាមួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​បឹងកេងកង​ក្នុងពេល​កន្លងមក តាមរយៈ​ការផ្ទៀងផ្ទាត់​តាម​បញ្ជីស្នាម​បង្ហាញថា ទិន្នន័យ​ខ្លះ​មាន​ក្នុង​ប្រព័ន្ធ​អនឡាញ FPCS ប៉ុន្តែ​មិនមាន​នៅក្នុង​គោលដៅ​ជាក់ស្តែង​។ ហេតុនេះ មន្ត្រី​ជំនាញ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នឹង​ចុះទៅ​ពិនិត្យ​ជាក់ស្តែង នៅ​តាម​គោលដៅ​ដែល​ដំបូង​នឹង​ធ្វើ​សាកល្បង​នៅ​សង្កាត់​បឹងកេងកង ខណ្ឌ​បឹងកេងកង រាជធានី​ភ្នំពេញ​ក្នុង​ពេល​ឆាប់​ខាងមុខ​។

លោក​ថ្លែងថា​៖ «​ដោយមាន​ការអនុញ្ញាត​ពី​ឯកឧត្តម នាយឧត្តមសេនីយ៍​អគ្គនាយក គាត់​ឱ្យ​យើង​ចុះ​ផ្ទាល់​ទៅដល់​ទីតាំង​តែម្តង យើង​ដាក់​ទីតាំង​ទៅ​។ ឧទាហរណ៍​ថា ឥឡូវ​សង្កាត់​បឹងកេងកង​មាន​ ១០០ ​គោលដៅ តែ​នគរបាល​ប៉ុស្តិ៍​គាត់​ថា អត់​មាន​ទេ​មានតែ​ ៨០ អ៊ីចឹង ២០ ​ហ្នឹង​យើង​ត្រូវតែ​ពិនិត្យ​ជាក់ស្តែង ថា​តើ​យ៉ាងម៉េច បាន​ក្នុង​គោលដៅ​ហ្នឹង​មាននៅ​ក្នុង​ប្រព័ន្ធ តែ​ម្ចាស់​គោលដៅ​គេ​ថា​អត់​មាន​»​។

លោក​ អ៊ុក ហៃសីឡា ប្រាប់ថា ក្រោយពី​ការសាកល្បង​ធ្វើ​នៅ​សង្កាត់​បឹងកេងកង មន្ត្រី​ជំនាញ​ក៏​នឹងធ្វើ​នៅ​សង្កាត់​មួយទៀត​ក្នុង​ខេត្ត​ព្រះសីហនុ​។ នៅពេល​បាន​លទ្ធផល​នឹង​ប្រជុំ​ដក​បទពិសោធ​រួច​នឹង​ណែនាំ​ទៅដល់​សមត្ថកិច្ច​នគរបាល​រាជធានី- ខេត្ត​ដើម្បី​អនុវត្ត​នៅ​ទូទាំងប្រទេស​តែម្តង​។ បើតាម​លោក ហៃសីឡា កន្លងមក​មាន​ការធ្វើ​ប្រតិបត្តិការ​បឋម​ក្នុង​ការត្រួតពិនិត្យ ផ្ទៀងផ្ទាត់​ការងារ​គ្រប់គ្រង​ជនបរទេស​តាម​ប្រព័ន្ធ FPCS នៅក្នុង​សង្កាត់​ចំនួន​ ២ គឺ​នៅ​រាជធានី​ភ្នំពេញ និង​មួយទៀត​នៅ​ខេត្ត​ព្រះសីហនុ​បាន​បង្ហាញ ដំណើរការ​ចុះបញ្ជី​ជនបរទេស​តាម​ប្រព័ន្ធ FPCS បាន​ដំណើរការ​ល្អប្រសើរ​ក្នុង​ការគ្រប់គ្រង​ការស្នាក់នៅ​របស់​ជនបរទេស នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។

ប៉ុន្តែ​ក៏​នៅមាន​បញ្ហា​មួយចំនួន​ដែល​ត្រូវ​ធ្វើការ​កែលម្អ និង​ធ្វើឱ្យ​ទំនើប​បន្ថែមទៀត​ដូចជា​បញ្ហា​ដែល​បាន​រកឃើញ​រួមមាន​គណនី​ដែល​មិន​បញ្ជាក់​ទីតាំង​ច្បាស់លាស់​គណនី​ដែល​មិន​ដំណើរការ ឬ​គ្មាន​ទិន្នន័យ គណនី​ដែល​ព័ត៌មាន​មិន​គ្រប់​ ឬ​គណនី​ដែល​ស្ទួន និង បញ្ហា​ម្ចាស់​លំនៅឋាន​មាន ការធ្វេសប្រហែស​មិន​គោរព​ច្បាប់​ជាដើម​។

លោក​បញ្ជាក់ថា​៖ «​ម្ចាស់លំនៅឋាន​ខ្លះ គាត់​ជា​ខ្មែរ​ហ្នឹង គាត់​ឱ្យ​ជនបរទស​ដែល​ស្នាក់នៅ​ចុះ​ដោយ​ខ្លួនឯង បង្កើត​អាខោន​ដោយ​ខ្លួនឯង ប៉ុន្តែ​ក្នុង​លក្ខខណ្ឌ​យើង​អត់​បានទេ គឺ​បានតែ​ម្ចាស់​លំនៅឋាន​ទេ​។ បើ​ជនបរទេស​ហ្នឹង ជា​ម្ចាស់​លំនៅឋាន​គាត់​ចុះ​បាន​តែបើ​ជនបរទេស​ដែល​ស្នាក់នៅ​កន្លែង​គាត់ អាហ្នឹង​ក៏ត្រូវ​ចុះ​ឱ្យគេ​ដែរ អត់​អាច​ឱ្យគេ​ចុះ​ខ្លួនឯង​ទេ​»​។

ក្នុង​កិច្ចប្រជុំ​ស្តីពី​លទ្ធផល​នៃ​កិច្ចប្រតិបត្តិការ​បឋម​ក្នុង​ការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ ការងារ​គ្រប់គ្រង​ជនបរទេស​តាម​ប្រព័ន្ធ FPCS កាលពី​ថ្ងៃទី​ ៧ ​ខែធ្នូ លោកនាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក​អន្តោប្រវេសន៍​បាន​ជំរុញ​ដល់​ក្រុមការងារ បន្តធ្វើ​យ៉ាងណា ត្រូវ​រៀបចំ​ផែនការ​ការងារ​មួយ​ច្បាស់លាស់​ក៏ដូចជា​បញ្ហា​បច្ចេកទេស​ឱ្យ​កាន់តែ​សុក្រិត្យ​ ដើម្បី​ប្រសិទ្ធភាព​ការងារ​ក្នុង​ការគ្រប់គ្រង​ជនបរទេស​តាម​ប្រព័ន្ធ FPCS នាពេលខាងមុខ​។

លោក​ថា​៖ «​គោលបំណង​សំខាន់​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្នុង​ការប្រើប្រាស់​ប្រព័ន្ធ FPCS នេះ​គឺ​ដើម្បី​បំពេញ​កាតព្វកិច្ច​របស់ខ្លួន​ក្នុង​ការគ្រប់គ្រង​ជនបរទេស​ដែល​កំពុងស្នាក់នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យបាន​ច្បាស់លាស់ និង​មាន​ប្រសិទ្ធភាព ដែល​ជា​ការចូលរួម​ក្នុង​ការអភិវឌ្ឍ និង​ការថែរក្សា​សន្តិសុខ​សុវត្ថិភាព​របស់​ជាតិ​មាតុភូមិ​»៕

វីដេអូ៖