ភ្នំពេញៈ ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃទី​ ៩ ធ្នូ​នេះ​បាន​ធ្វើ​សិក្ខាសាលា​ណែនាំ​ស្តីពី​តួនាទី និង​ភារកិច្ច​របស់​ជំនួយការ​អប្បមាទ​នៅ​ទូទាំងប្រទេស​ជាង ១ ៥០០ នាក់​សម្រាប់​ត្រៀមប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង​នា​ថ្ងៃ ២៧-២៨ ធ្នូ ២០២១ ខណៈ​បេក្ខជន​ប្រឡង​ឆ្នាំនេះ​មាន​ចំនួន​សរុប ១១៥ ១៣៩​។ នេះ​បើតាម​មន្ដ្រី​អ្នកនាំពាក្យ​ក្រសួង​អប់រំ​។

លោក រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា ថ្លែងប្រាប់​ភ្នំពេញ-ប៉ុស្ដិ៍​នៅ​ថ្ងៃទី​ ៩ ធ្នូ ថា នៅ​ថ្ងៃទី​ ៩ ខែធ្នូ​នេះ​ក្រសួង​អប់រំ​បាន​ធ្វើ​សិក្ខាសាលា​ណែនាំ​ស្តីពី​តួនាទី និង​ភារកិច្ច​របស់​ជំនួយការ​អប្បមាទ​ទូទាំងប្រទេស សម្រាប់​ត្រៀមប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង នា​ថ្ងៃ ២៧-២៨ ធ្នូ ២០២១ ដើម្បីឱ្យ​ដំណើរការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំនេះ​ប្រព្រឹត្តទៅ​ស្របតាម​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួល​យក​បាន​។

លោក​បាន​ថ្លែងថា​៖ «​ដើម្បីឱ្យ​ដំណើរការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នា​ថ្ងៃ ២៧-២៨ ធ្នូ ២០២១ ប្រព្រឹត្តទៅ​ស្របតាម​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួលយកបាន ទន្ទឹមនឹង​វិធានការ​សុវត្ថិភាព​សុខភាព ក្រសួង​អប់រំ បាន​រៀបចំ​សិក្ខាសាលា​ស្ដីពី​តួនាទី​ភារកិច្ច​របស់​ជំនួយការ​អប្បមាទ​ទូទាំង​ប្រទេស ដែល​សិក្ខាសាលា​នេះ​បាន​ប្រព្រឹត្ត​ទៅ​ព្រម​គ្នា​ទូទាំងប្រទេស​»​។

លោក​បញ្ជាក់ថា អង្គសិក្ខាសាលា​មាន​គោលបំណង​ផ្តោតលើ​ប្រធានបទ​ចំនួន ៤ គឺ​ទី​ ១ ការរៀបចំ​យន្តការ​ដំណើរការ​មណ្ឌល​សំណេរ​។ ទី​ ២ តួនាទី និង​ភារកិច្ច​របស់​គណៈកម្មការ​អប្បមាទ​ទូទាំងប្រទេស​។ ទី​ ៣ តួនាទី និង​ភារកិច្ច​របស់​ជំនួយការ​អប្បមាទ​ទូទាំង​ប្រទេស​។ ទី​ ៤ បទប្បញ្ញត្តិ និង​កម្រិត​វិន័យ​ចំពោះ​បុគ្គលិក​អប់រំ ក្នុង​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​។

លោក​ រស់ សុវាចា បាន​ថ្លែងថា ក្រសួង​អប់រំ​បាន​ចេញ​សេចក្តី​ណែនាំ​ប្រតិបត្តិ​ស្ដីពី​វិធានការ​សុខភាព និង​សុវត្ថិភាព សម្រាប់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ដើម្បី​ធានាបាន​នូវ​ការការពារ​សុខភាព និង​សុវត្ថិភាព​ជូន​បុគ្គលិក​អប់រំ និង​សិស្សានុសិស្ស​ទាំងអស់​។

លោក​បានឱ្យដឹងថា ទិន្នន័យបឋម​គិត​ត្រឹម​ថ្ងៃទី​ ៩ ខែធ្នូ​នេះ ចំនួន​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សរុប ១១៥ ១៣៩ ​នាក់​ក្នុង​នោះ​មាន​បេក្ខនារី​ចំនួន ៦០ ៦៦១ នាក់​។ មណ្ឌល​ប្រឡង​មាន ២០៤ មណ្ឌល បន្ទប់​ប្រឡង​មាន ៤ ៦៥២ បន្ទប់​។ គណៈកម្មការ​អប្បមាទ​មាន ៦១២ នាក់ និង​ជំនួយការ​អប្បមាទ​មាន ១៥៧៨ ​នាក់​។

លោក សុវាចា បាន​បញ្ជាក់ថា បេក្ខជន​ប្រឡង​ឆ្នាំនេះ ពិន្ទុ​ដែល​បេក្ខជន​ប្រឡង​ត្រូវធ្វើ​ឱ្យបាន ដើម្បី​ប្រឡង​ជាប់​គឺ ២៣៧ ពិន្ទុ នៃ​ពិន្ទុ​សរុប​ចំនួន ៥០០ ​ពិន្ទុ​។

កន្លងមក ក្រសួង​អប់រំ​បានកំណត់​យក​កាលបរិច្ឆេទ​នៃ​ការប្រឡង​នេះ​នៅ​ថ្ងៃទី ៦ ខែធ្នូ ឆ្នាំ​ ២០២១​។ ប៉ុន្ដែ​ក្រោយមក​ក្រសួង​បាន​សម្រេច​រំកិល​កាលបរិច្ឆេទ​ប្រឡង​បាក់ឌុប​ទៅ​ថ្ងៃ​ ២៧-២៨ ធ្នូ ២០២១ ដើម្បី​ទុក​ឱកាស​ជូន​សិស្ស​ថ្នាក់​ទី​ ១២ មាន​ពេល​បន្ថែម​ដើម្បី​រៀន​ត្រៀម​សម្រាប់​ការប្រឡង​។

លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ប្រាប់​អ្នក​សារព័ត៌មាន​កាលពី​ថ្ងៃទី​ ៣ ខែវិច្ឆិកា កន្លងទៅនេះ​ថា សាលា​ដែល​បើក​ដំណើរការ​ឡើងវិញ​មាន​ជាង​ ១ ៣០០ សាលា ដែលមាន​សិស្ស​ជាង ២ លាន​នាក់​បាន​ចូលរៀន​ឡើងវិញ​។ លោក​ថ្លែងថា​៖ «​ការប្រឡង​ទៀតសោត​គឺ​ដើម្បី​លើកទឹកចិត្ត​ឱ្ស​សិស្ស​ខំប្រឹង​រៀន​។ បើសិនជា​យើង​មិនឱ្យ​គាត់​ប្រឡង គឺ​ច្បាស់​ជា​គាត់​ឈប់រៀន​»៕