ភ្នំពេញៈ អាជ្ញាធរខេត្ត​កំពង់​ធំ រកឃើញ​ផ្ទៃដី​ព្រៃលិច​ទឹក​ប្រមាណ​ជាង ១ ម៉ឺន​ហិកតា ក្នុង​តំបន់​ ៣ នៃ​បឹង​ទន្លេសាប ស្ថិត​ក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ធំ​ទទួលរង​នូវ​ការកាប់​ទន្ទ្រាន ខណៈ​មកដល់​ពេល​នេះ​មាន​អ្នក​ចូលខ្លួន​ប្រគល់​ដី​ត្រឡប់​មកវិញ​ជាង ២០០ គ្រួសារ​លើ​ផ្ទៃដី​ជាង ២ ពាន់​ហិកតា​។

លោក ងួន រតនៈ អភិបាលខេត្ត​កំពង់ធំ​បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៩ ធ្នូ​ថា មកដល់​ពេល​នេះ សកម្មភាព​រំលោភបំពាន​ថ្មី​លើ​ផ្ទៃដី​ហាមឃាត់ បឹង​ទន្លេសាប គឺ​មិន​ត្រូវបាន​រកឃើញ​ទៀត​នោះទេ​។ ប៉ុន្តែ​តាមរយៈ​សកម្ម​ភាពចុះ​ត្រួតពិនិត្យ​របស់​អាជ្ញាធរ​ថ្នាក់​ខេត្ត គឺ​បាន​រកឃើញ​ផ្ទៃដី​ព្រៃ​លិចទឹក​ក្នុង​តំបន់​ ៣ ដែល​រង​ការកាប់​ទន្ទ្រាន​ប្រមាណ ១ ម៉ឺន​ហិកតា​។

លោក​បន្តថា ក្នុងនោះ​ក៏មាន​ប្រជាពលរដ្ឋ​ជាង ២០០ គ្រួសារ​សម្រេច​ប្រគល់​ដី​ជាង ២ ០០០ ហិកតា ត្រឡប់មក​រដ្ឋ​ដោយ​ភ្ជាប់​ជាមួយ​កិច្ចសន្យា បញ្ឈប់​ការកាប់​ទន្ទ្រាន និង​កាន់កាប់​ដី​រដ្ឋ​បន្តទៀត ខណៈ​ផ្ទៃដី​ជាង ៣ ៥០០ ហិកតា ដែល​កំពុង​ជាប់​ពាក់ព័ន្ធ​នឹង​បណ្តឹង ៤០ ករណី អាជ្ញាធរ​កំពុង​សហការ​ដើម្បី​ដកហូត​មកវិញ​។

លោក​បញ្ជាក់ថា​៖ «​យើង​ធ្វើការ​វាស់វែង​មិនទាន់​ចប់​ទេ ព្រោះ​កន្លែង​ខ្លះ យើង​ចុះ​វាស់វែង​មិនទាន់​កើត ដោយសារ​តែ​ទឹក​មិនទាន់​ស្រក រក​បង្គោលព្រំ​មិនទាន់​ឃើញ​។ គ្រាន់តែ​យើង​ដឹងថា ដី​ក្នុង​តំបន់​ ៣ មាន​ជាង ១ ម៉ឺន​ហិកតា ដែល​ត្រូវបាន​រំលោភបំពាន​។ យើង​អត់​បាន​ឃាត់ខ្លួន​អ្នកពាក់ព័ន្ធ​អ្វី​ថ្មី​ទេ តាំងពី​សម្តេច​ប្រកាស​មក ពួកគាត់​ចេញពី​ដី​អស់ហើយ​»​។

ជាមួយ​នឹង​ការរកឃើញ​នេះ លោក ងួន រតនៈ បាន​អះអាង​បន្ថែមថា វិធានការ​នានា ត្រូវ​បាន​ដាក់ចេញ​ក្នុង​ការហាមឃាត់​ធ្វើការ​ដាំដុះ និង​ផ្អាក​រាល់​សកម្មភាព​នានា ដើម្បី​ធ្វើការ​ដកហូត​ផ្ទៃដី​ទាំងនោះ​ត្រឡប់មកវិញ និង​ឈានទៅរក​ការដាំ​ដើមឈើ​ឡើងវិញ​។

ក្នុង​យុទ្ធនាការ​ចុះពិនិត្យ និង​ចាត់វិធានការ​បង្ក្រាប​ការទន្ទ្រាន​ដីព្រៃ​លិចទឹក​ជាង ១ សប្តាហ៍ រាជរដ្ឋាភិបាល​ប្រកាស​ថា បាន​រកឃើញ​ផ្ទៃដី​ដែល​បាន​រំលោភបំពាន​ក្នុង​តំបន់​ ៣ និង​សម្រេច​ដកហូត​ត្រឡប់មកវិញ​ជិត ៣ ម៉ឺន​ហិកតា ពី​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ទាំង ៦ ជាប់​បឹង​ទន្លេសាប​។ ជាមួយ​នឹង​ផ្ទៃដី​ដែល​បាន​ដកហូត​ទាំងនេះ រដ្ឋបាល​ជលផល​កំពុង​ត្រៀម​កូនឈើ​រាប់ម៉ឺន​ដើម ដើម្បី​ដាំ​បំពេញ​លើ​ផ្ទៃដី​ដែល​បាន​ដកហូត​ត្រឡប់​មកវិញ និង​អំពាវនាវ​ឱ្យមាន​ការចូលរួម​ដាំ​ដើមឈើ​ពី​ពលរដ្ឋ​ផងដែរ​។

ដោយឡែក​ខេត្ត​កំពង់ឆ្នាំង​វិញ អាជ្ញាធរខេត្ត​នេះ​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ផ្សព្វផ្សាយ​អំពី​វិធាន​ការជូន​ប្រជាពលរដ្ឋ​ឱ្យ​បញ្ឈប់​សកម្មភាព​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក ដែល​បាន​ដកហូត ក្នុង​តំបន់​ ៣ នៅ​ឃុំ​ច្រណូក​រួម​នឹង​ឃុំ​ផ្សេងៗ​ក្នុងស្រុក​ដទៃទៀត​ជា​បន្តបន្ទាប់​ផងដែរ​។

លោក សាន់ យូ អភិបាលរង​ខេត្តកំពង់ឆ្នាំង បាន​និយាយថា មិនមែន​តែ​ឃុំ​ច្រណូក​នោះទេ ដែល​ត្រូវ​បញ្ឈប់​ការភ្ជួរ​រាស់​ដី និង​ព្រោះស្រូវ ឃុំ​ដទៃទៀត​ដែល ស្ថិតនៅ​ក្នុងស្រុក​កំពង់លែង ស្រុក​បរិបូណ៌ និង​ជល​គិរី ក៏ត្រូវ​បញ្ឈប់​ការកាប់​ទន្ទ្រាន​ដូចគ្នា​ដែរ​។

លោក​បាន​បញ្ជាក់ថា​៖ «​ចំណែក​ប្រជាកសិករ ដែល​បានធ្វើការ​ព្រោះស្រូវ​លើដី​ជួល​ពី​ក្រុម​ជនខិលខូច​កន្លងមក អាជ្ញាធរ​ខេត្ត​អនុញ្ញាត​ឱ្យ​បន្ត​ការថែទាំ និង​ចាំ​ប្រមូលផល​នៅក្នុង​អំឡុង​ ២-៣ ​ខែ​ខាងមុខ​ទៀត ប៉ុន្តែ​ក៏​មិន​អនុញ្ញាតឱ្យ​ធ្វើការ​ព្រោះស្រូវ​ថែម​ថ្មី​លើដី​នោះឡើយ​»​។

លោក សាន់ យូ ក៏បាន​ផ្សព្វផ្សាយ​គោលការណ៍ និង​ជំរុញ​ឱ្យ​អ្នកពាក់ព័ន្ធ​នឹង​ការបង្កបង្កើនផល​នៅក្នុង​តំបន់​ ៣ ដែល​រដ្ឋ​បាន​ដកហូត អនុវត្ត​វិធានការ​ចំនួន ២ ចំណុច ដោយ​កសិករ​ដែល​បាន​ដាំ ឬ​ព្រោះស្រូវ​រួចហើយ គឺ​អនុញ្ញាត​ឱ្យនៅ​ថែទាំ​ដំណាំ រហូត​ដល់​ពេល​ប្រមូលផល​សិន ប៉ុន្តែ​មិនឱ្យ​ដាំ​ថែម​ប្រដេញទឹក​ទេ ខណៈ​កសិករ មិនទាន់​បាន​ដាំ ឬ​ព្រោះស្រូវ ដោយសារ​ទឹក​មិនទាន់​ស្រក ឬ​ដោយ​ប្រការ​ណាមួយ គឺ​មិនឱ្យ​ចូលក្នុង​តំបន់​ ៣ តែម្តង​។

តាមរយៈ​សកម្មភាព​ដែល​បាន​ចុះ​ធ្វើការ​កន្លងមក​ចាប់ពី​ថ្ងៃទី ២៩ វិច្ឆិកា ដល់​ថ្ងៃទី ៧ ធ្នូ ខេត្តកំពង់ឆ្នាំង គឺមាន​ប្រជាពលរដ្ឋ​ប្រមាណ​ជិត ៣០០ គ្រួសារ​ក្នុង​ស្រុក​ចំនួន​ ៣ មានស្រុក​កំពង់លែង ស្រុក​ជលគិរី និង​ស្រុក​បរិបូណ៌​បាន​ចូលខ្លួន​ប្រគល់​ដីព្រៃ​លិចទឹក​ជិត ៣ ពាន់​ហិកតា​ត្រឡប់មកវិញ​។ នេះ​បើតាម​ការអះអាង​របស់​អាជ្ញាធរខេត្ត​។

លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ៩ ធ្នូ​ថា បេសកកម្ម​ដែល​ថ្នាក់ជាតិ​បាន​ចុះ​ទៅជា​បន្តបន្ទាប់​ក្នុង​ខេត្ត​ទាំង ៦ រាប់​ចាប់ពី​ខេត្តកំពង់ឆ្នាំង​មុនគេ ហើយ​បន្តទៅ​បញ្ចប់​បេសកកម្ម​ក្រោយ​គេ​នៅ​ខេត្ត​សៀមរាប គឺ​បាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​។

លោក​បន្តថា ការងារ​ទាំងនោះ​ក៏​បាន​សម្រេច​កិច្ចការ​ជាច្រើន ដែល​ក្រុមការងារ​ថ្នាក់ជាតិ​នឹង​បន្ត​តាមដាន​ការងារ​ទាំងនេះ​បន្តទៀត ក្រោយ​បានដាក់​បញ្ជា​ឱ្យ​ថ្នាក់​ខេត្ត​ធ្វើការ​ស្រាវជ្រាវ និង​ដកហូត​ដីព្រៃ​លិច​ទឹក​ក្នុង​តំបន់​ ៣ ​ជុំវិញ​បឹង​ទន្លេសាប​ត្រឡប់មកវិញ និង​វិធានការ​នានា​ជាច្រើន​ទៀត ដើម្បី​ការពារ​ដីព្រៃ​លិចទឹក​ទាំងនេះ​៕