ភ្នំពេញៈ នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​អះអាង​ថា ក្នុង​រយៈពេល​ ៣ ​ឆ្នាំ​ចុង​ក្រោយនេះ ការប្រព្រឹត្ត​អំពើពុករលួយ​ខ្នាតតូច​នៅ​ប្រទេស​កម្ពុជា​មាន​ការថយចុះ គួរឱ្យ​កត់សម្គាល់ ប៉ុន្តែ​ការប្រព្រឹត្ត​អំពើ​ពុករលួយ​ខ្នាត​ធំ នៅ​តែ​បន្ត​កើតមាន​ដែល​ទាមទារ​ឱ្យ​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ចូលរួម​ទាំងអស់​គ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​នេះ​។

លោក​ ប៉ិច ពិសី នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ក្រោយ​ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​ជាតិ និង​អន្តរជាតិ ស្តីពី​ការប្រយុទ្ធប្រឆាំង​អំពើ​ពុករលួយ​ឆ្នាំ​ ២០២១ ក្រោម​ប្រធានបទ «​សិទ្ធិ​យើង តួនាទី​យើង​» នា​ថ្ងៃទី​ ៩ ធ្នូ ឆ្នាំ​ ២០២១ ថា ការថយចុះ​នេះ ដោយសារ​រាជរដ្ឋាភិបាល តាមរយៈ​ក្រសួង​មហាផ្ទៃ អង្គភាព​ប្រឆាំង​អំពើពុករលួយ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​បាន​ខិតខំ​ប្រឹងប្រែង​ផ្សព្វផ្សាយ អប់រំ ទាក់ទង​នឹង​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ​។ លោក​ថា ក្នុង​រយៈពេល​ ៤-៥ ​ឆ្នាំ​កន្លងមកនេះ ការផ្តល់​សេវា​សាធារណៈ​របស់​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ឃើញ​ថា មាន​លក្ខណៈ​ល្អប្រសើរ​ជាង​មុន​ដែល​ធ្វើឱ្យ​ការកើតឡើង​នៃ​អំពើពុករលួយ​មាន​តិច​បំផុត​។ ប៉ុន្តែ​នៅមាន​បញ្ហា​ច្រើន​ដែរ ជាពិសេស​អំពើពុករលួយ ខ្នាត​ធំ​នៅ​តែ​បន្ត​កើតមាន​ដដែល​។

លោក​ថ្លែងថា​៖ «​យើង​មិនមាន​តួលេខ​ទេ ប៉ុន្តែ​យើង​បាន​សួរនាំ​ប្រជាពលរដ្ឋ ហើយ​គាត់​ឆ្លើយថា ការបង់ប្រាក់​ក្រៅ​សេវា សេវា​សាធារណៈ​ [​ជា​អំពើ​ពុករលួយ​តូចៗ​] មាន​ការថយចុះ​។ ប៉ុន្តែ​នៅ​មាន​បញ្ហា​អំពើពុករលួយ​ខ្នាត​ធំ គឺ​នៅមាន នៅតាម​ក្រសួង និង​ថ្នាក់​ក្រោម​ជាតិ​»​។

បើតាម​លោក​ ពិសី ទិវា​អន្តរជាតិ ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​ត្រូវបាន​គេ​ប្រារព្ធ​ធ្វើជា​រៀងរាល់ឆ្នាំ​នៅ​ថ្ងៃទី​ ៩ ធ្នូ​។ ជាពិសេស​ប្រទេស​ដែល​មាន​ហត្ថលេខី​លើ​សច្ចាប័ន​អំពី​អនុសញ្ញា​ស្តីពី​ការប្រឆាំង អំពើពុករលួយ ដែលជា​យន្តការ​របស់​អង្គការ​សហប្រជាជាតិ​។ ក្នុងឆ្នាំនេះ អង្គការ​តម្លាភាព​បាន​ប្រារព្ធ​ធ្វើ​នៅ​ ២ ​ខេត្ត គឺ​ខេត្តកំពត និង​បាត់ដំបង ​ដើម្បី​ជំរុញ​ឱ្យ​មន្ត្រី​សាធារណៈ សង្គម​ស៊ីវិល និង​ឯកជន​ទាំងអស់​ត្រូវមាន​តួនាទី​ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​នេះ​។ ជាពិសេស​ផ្តល់​សំឡេង​ឱ្យ​ពលរដ្ឋ​នៅ​ខេត្ត ចំពោះ​ការយល់ឃើញ​របស់​ពួកគាត់​ជុំវិញ ការទាមទារ​ក្នុង​ការបង្កើន​ការប្រឆាំង​អំពើ​ពុករលួយ និង​សុចរិតភាព​ឱ្យ​កាន់តែ​ល្អប្រសើរ​ជាង​បច្ចុប្បន្ន​។

លោក​ អ៊ឹម ណារិន នាយកកម្មវិធី​អង្គការ​តម្លាភាព​កម្ពុជា​ថ្លែង​ថា អំពើពុករលួយ​មាន​ទម្រង់​ជាច្រើន មិន​ថា​ក្នុង​រូបភាព​ជា​ការសូកប៉ាន់ ការបង្វែរ​មូលនិធិ​របស់​រដ្ឋ ដើម្បី​ប្រើប្រាស់​ផលប្រយោជន៍​ជា​ឯកជន ការប្រើប្រាស់​តួនាទី​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន និង​បញ្ហា​បក្ខពួកនិយម ឥទ្ធិពល​របស់​ធុរជន​ទៅលើ​មន្ត្រី​សាធារណៈ ការកេងបន្លំ​ចំណូល​របស់​ជាតិ លំហូរ​ហិរញ្ញវត្ថុ​ទុច្ចរិត ក៏ដូចជា​ការលាងលុយកខ្វក់​ជាដើម ទាំងនេះ គឺជា​ទម្រង់​នៃ​អំពើពុករលួយ​។

លោក​បន្តថា ប៉ុន្តែ​អ្វីដែល​ត្រូវ​យកចិត្ត​ទុកដាក់​ធ្វើ​បំផុត​នោះ គឺ​ផលប៉ះពាល់​នៃ​អំពើ​ពុករលួយ ពីព្រោះ​វា​មាន​ទំហំ​ធំ​ណាស់​។

លោក​ អ៊ឹង ឆាយ អភិបាលរង​ខេត្តកំពត​ថ្លែង​ក្នុង​ពិធី​នោះដែរ​​ថា ប្រទេស​កម្ពុជា​បាន​ចូលរួម​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ ដែល​អំពើពុករលួយ​នេះ គឺជា​ដំបៅ​សង្គម ដែល​មិន​អាច​ឱ្យ​សង្គម​មាន​ការអភិវឌ្ឍ​ទៅមុខ​បាន​លឿន​ទេ​។ រដ្ឋបាល​ខេត្តកំពត និង​រាជរដ្ឋាភិបាល​តែងតែ​យកចិត្ត​ទុកដាក់​ទប់ស្កាត់​ប្រយុទ្ធ​នឹង​អំពើពុករលួយ​នេះ​ជានិច្ចកាល​។

លោក​ថា គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​បាននិង​កំពុង​យកចិត្ត​ទុកដាក់ ជាពិសេស​ជំរុញ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ឱ្យមាន​ការអនុវត្ត​តួនាទី​ភារកិច្ច​របស់ខ្លួន​ត្រឹមត្រូវ និង​កំណែទម្រង់​ស៊ីជម្រៅ​រហូតមកដល់​ពេលនេះ​។ គោល​នយោបាយ​នេះ ធ្វើយ៉ាងណា បម្រើ​សេវា​ជូន​ប្រជាពលរដ្ឋ បាន​ឆាប់រហ័ស​។ លោក​ថា​៖ «​យន្ត​ការសម្រាប់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នេះ បាន​ធ្វើការ​កំណែទម្រង់​យ៉ាង​ស៊ីជម្រៅ ពិសេស​ដើម្បី​តម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព​ និង​លុបបំបាត់​អំពើ​ពុករលួយ​នេះ​។ នៅ​ថ្នាក់​ខេត្ត យើង​មាន​ការិយាល័យ​ច្រកចេញចូល​តែ​ ១ ដោយ​ប្រមូលផ្តុំ​សេវា​គ្រប់​ទាំងអស់​របស់​ខេត្ត​ឱ្យនៅ​ច្រកចេញ-ចូល​តែ​ ១ ​ដើម្បី​កាត់បន្ថយ​ការចំណាយ ការរត់ការ និង​ចំណាយ​ពេលវេលា​យូរ​»​។

លោក​ ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បដិសេធ​អធិប្បាយ នា​ថ្ងៃទី​ ៩ ធ្នូ​៕