ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ជាថ្មី​ដល់​អ្នកសារព័ត៌មាន​ឱ្យ​ប្រកាន់ខ្ជាប់​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន មាន​សុចរិតភាព​ក្នុង​ការផ្សព្វផ្សាយ ចៀសវាង​ការបំពាន​វិជ្ជាជីវៈ​ធ្វើឱ្យ​ប៉ះពាល់​ដល់​សេចក្តី​ថ្លៃថ្នូរ​ស្ថាប័ន​ និង​អ្នកសារព័ត៌មាន​អាជីព​ដែល​អនុវត្តបាន​ត្រឹមត្រូវ​។

លោក ហ៊ុន សែន អំពាវនាវ​បែបនេះ​តាមរយៈ​សារលិខិត​អបអរសាទរ​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុជា​ស្តីពី «​កូវីដ ១៩៖ បញ្ហា​ប្រឈម និង​ឱកាស​សម្រាប់​អ្នកសារព័ត៌មាន​» នៅ​ថ្ងៃទី​ ១១ ធ្នូ​»​។

លោក​ថ្លែងថា​៖ «​ជាថ្មី​ម្តងទៀត ខ្ញុំ​សូម​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​ស្ថាប័ន​សារព័ត៌មាន និង​បងប្អូន​អ្នកសារព័ត៌មាន ទាំងអស់​សូម​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន​ និង​មាន​សុចរិតភាព​ក្នុង​ការបំពេញ​ភារកិច្ច ចៀសវាង​ការបំពានច្បាប់​ និង​វិជ្ជាជីវៈ​ដោយ​គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន​ធ្វើឱ្យប៉ះពាល់​ដល់​កិត្តិយស សេចក្តី​ថ្លៃថ្នូរ កិត្យានុភាព​ស្ថាប័ន​សារព័ត៌មាន និង​អ្នកសារព័ត៌មាន​អាជីព​ដែល​អនុវត្តបាន​ត្រឹមត្រូវ​តាម​វិជ្ជាជីវៈ​»​។

តាមរយៈ​សារលិខិត​នោះ លោកនាយក​រដ្ឋមន្ត្រី​ក៏​អំពាវនាវ​ដល់​អ្នកសារព័ត៌មាន​ឱ្យ​ចូលរួម​ឱ្យ​កាន់តែ​សកម្ម​ថែមទៀត​ក្នុង​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ ដោយ​ធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​អប់រំ និង​វិធានការ​របស់​រដ្ឋាភិបាល​ក្នុង​ការទប់ស្កាត់​ជំងឺ​កូវីដ​ ១៩ ព្រមទាំង​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ​ដោយ​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត និង​ធ្វើការ​បកស្រាយ​ពន្យល់​ ដើម្បី​បន្សាប​ព័ត៌មាន​ក្លែងក្លាយ​ឱ្យបាន​ទាន់សភាពការណ៍​។

ក្នុង​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុជា​ស្តីពី «​កូវីដ​ ១៩៖ បញ្ហា​ប្រឈម និង​ឱកាស​សម្រាប់​អ្នកសារព័ត៌មាន​» ថ្ងៃទី​ ១១ ធ្នូ នៅ​សណ្ឋាគារ​ហ៊ីម៉ាវ៉ារី លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ថ្លែងថា បញ្ហា​កូវីដ​ ១៩ ​បាន​បង្ក​ការជ្រួលច្របល់​ទូទាំង​ពិភពលោក មិនមែន​តែ​នៅ​កម្ពុជា​ទេ ប៉ុន្តែ​ការលេចឡើង​ថ្មី​មួយទៀត​នោះ​គឺ​ការកើនឡើង​ច្រើ​នូវ​សារព័ត៌មាន​អនឡាញ​។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ថ្លែងថា បញ្ហា​កូវីដ​ ១៩ ​បាន​បង្ក​ការជ្រួលច្របល់​ទូទាំង​ពិភពលោក មិនមែន​តែ​នៅ​កម្ពុជា​ទេ ក្នុង​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុជា​ស្តីពី «​កូវីដ​ ១៩៖ បញ្ហា​ប្រឈម និង​ឱកាស​សម្រាប់​អ្នកសារព័ត៌មាន​» ថ្ងៃទី​ ១១ ធ្នូ នៅ​សណ្ឋាគារ​ហ៊ីម៉ាវ៉ារី ។ សំ រិទ្ធ

លោក​បន្តថា អ្នកណា​ក៏​អាច​ធ្វើការ​ជា​អ្នកសារព័ត៌មាន​បាន​ដែរ​គ្រាន់តែ​នៅពេល​ធ្វើ​ត្រូវតែ​ប្រកាន់ខ្ជាប់​វិជ្ជាជីវៈ ប៉ុន្តែ​អ្នកព័ត៌មាន​មួយចំនួន​មិនបាន​រវល់​គិតគូរ​ពី​បញ្ហា​នេះ​ទេ​សំខាន់​គេ​ធ្វើយ៉ាងណា​ផ្សាយ​ផ្ទាល់​ឱ្យមាន​ចំនួន​អ្នកមើល​ច្រើន​ និង​ទទួលបាន​ចំណូល​ច្រើន​ប៉ុណ្ណោះ​។

លោក​ថ្លែង​ថា៖ «​អ្វីដែល​សំខាន់ ពេលណា​ក្លាយជា​អ្នកសារព័ត៌មាន​ត្រូវ​ប្រឹងប្រែង​គោរព​វិជ្ជាជីវៈ ហើយ​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​នេះ ជា​អាវ​ក្រោះ​របស់​យើង​ផង ការពារ​យើង​ផង លើក​កិត្តិយស​យើង​ផង បើ​យើង​មិន​នាំគ្នា​ថែរក្សា​វិជ្ជាជីវៈ ក្រមសីលធម៌​របស់​យើង​ទេ កាលណា​យើង​ចុះ​និយាយ​គេ​មិន​ស្តាប់​គឺ​ខ្លួន​យើង​ផ្ទាល់​ដែល​ទទួល​ផល​វិបត្តិ​ពី​បញ្ហា​នេះ​»​។

លោក ប៉ែន បូណា ប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា​ថ្លែងថា វិស័យ​សារព័ត៌មាន​ដែល​កំពុង​ទទួលរង​ផលប៉ះពាល់​ ដោយសារ​ជំងឺ​កូវីដ​ ១៩ គឺជា​ប្រធានបទ​មួយ​ដែល​ត្រូវតែ​លើកយក​មក​ពិភាក្សា​។ លោក​ថា ២ ​ឆ្នាំ​ជាប់​គ្នា​ហើយ​ដែល​ក្លិប​អ្នកកាសែត​លើកយក​បញ្ហា​នេះ​មក​ពិភាក្សា ខណៈ​ឆ្នាំនេះ​វេទិកា​និពន្ធ​នាយក​នឹង​ពិនិត្យមើល​បញ្ហា​ប្រឈម និង​ឱកាស​ដែល​កើតចេញពី​បញ្ហា​កូវីដ​ ១៩​។ លោ​ថ្លែងថា៖ «​យើង​នឹង​រិះរក​មធ្យោបាយ​ទាំងអស់គ្នា​ត្រៀមខ្លួន​ថា​តើ​ថ្ងៃមុខ​ត្រូវធ្វើ​អ្វី​ ដើម្បី​ប្រឈមមុខ​ដោះស្រាយ​បញ្ហា​ណាមួយ​ដែល​កើតឡើង​ដូច​កូវីដ ​១៩ ដែល​កើតមាន​ពេលនេះ​ជាដើម​»៕