ភ្នំពេញៈ លោក​ នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ និង​អ្នកនាំពាក្យ ក្រសួង​បរិស្ថាន​ថ្លែងថា ឧបករណ៍​ចម្រោះទឹក ផ្តល់​ទឹក​មាន​គុណភាព​សម្រាប់​ពិសា ជួយ​សន្សំសំចៃ​ថវិកា និង​លើកកម្ពស់​បរិស្ថាន​ដោយ​បន្ថយ​សំណល់​ប្លាស្ទិក​ដែល​កើតចេញ​ពី​ការទទួល​ទាន​ទឹក ដែល​ច្រក​ក្នុង​ដប​ប្លាស្ទិក​។

តាមរយៈ​ហ្វេសប៊ុក​នៅ​ថ្ងៃទី​ ១១ ខែធ្នូ​នេះ លោក នេត្រ ភក្ត្រា បានឱ្យដឹងថា នៅ​ថ្ងៃទី​ ១០ ខែធ្នូ ឆ្នាំ​ ២០២១ លោក​បាន​ចូលរួម​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ឧបករណ៍​ចម្រោះ​ទឹក​ សម្រាប់​ពិសា​ដែលមាន​សមត្ថភាព​ផលិត​ទឹកស្អាត​មានគុណ​ភាព​បាន​បរិមាណ ៤ ម៉ែត្រគុប​ក្នុង​រយៈពេល ៨ ម៉ោង​នៅ​តំបន់​ភូមិ​បណ្តែត​ទឹក ព្រែក​ទាល់ ឃុំ​កោះជីវាំង ស្រុក​ឯកភ្នំ ខេត្តបាត់ដំបង​។

មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន​រូបនេះ ថ្លែងថា​ដោយមាន​ឧបករណ៍​ចម្រោះ​ទឹក​នេះ​ជា​ជំនួយ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​លើ​ភូមិ​បណ្តែតទឹក​នៅ​ឃុំ​កោះជីវាំង​ជាង ១ ម៉ឺន​នាក់​នឹង​អាច​ធូរស្រាល​ការចំណាយ លើ​ការប្រើប្រាស់​ទឹក​សម្រាប់​ពិសា និង​ជួយ​ចូលរួម​កាត់បន្ថយ​សំណល់​ប្លាស្ទិក​ដែល​កើតចេញពី​ការពិសា​ទឹក ដែល​ច្រក​ក្នុង​ដប​ប្លាស្ទិក​។

លោក​ថ្លែងថា៖ «​ឧបករណ៍​ចម្រោះ​ទឹកស្អាត​សម្រាប់​ពិសា​ដែលជា​គម្រោង​របស់​ក្រសួង​បរិស្ថាន គាំទ្រ​ថវិកា​ដោយ​មូលនិធិ​សង្គម​ និង​បរិស្ថាន​គឺ​សម្រាប់​ផលិត​ទឹក​ពិសា​ចែកជូន​ដោយ​ឥតគិតថ្លៃ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ព្រះសង្ឃ រដ្ឋបាល​ឃុំ ប៉ុស្តិ៍​រដ្ឋបាល មណ្ឌល​សុខភាព និង​មន្ត្រី​បុគ្គលិក​ដែល​បម្រើការ​នៅ​តំបន់​នោះ​»​។

លោក នេត្រ ភក្ត្រា បាន​គូសបញ្ជាក់ថា ឧបករណ៍​ចម្រោះ​ទឹក​នេះ​បាន​ដើរតួនាទី ទី​ ១ ជា​អ្នក​ផលិត​ទឹក និង​ផ្តល់​ទឹកស្អាត​គ្រប់គ្រាន់​សម្រាប់​ពិសា នៅក្នុង​សហគមន៍​ជាពិសេស​បងប្អូន​ប្រជាពលរដ្ឋ​មាន​ជីវភាព​ក្រីក្រ​ឱ្យ​ពួកគាត់​មានទឹក​ពិសា​ប្រកបដោយ​អនាម័យ​។ ទី​ ២ ជួយ​សន្សំសំចៃ​ថវិកា​របស់​ពលរដ្ឋ​ក្នុង​ការចំណាយ​ទិញ​ទឹកដប​សម្រាប់​ពិសា​។

ទី​ ៣ គិតគូរ​ពី​សុខភាព​របស់​ប្រជាពលរដ្ឋ និង​ជំរុញ​លើកកម្ពស់​លើ​ការរស់នៅ​ស្អាត ហូប​ស្អាត ផឹក​ស្អាត អនាម័យ​។ និង ទី​ ៤ លើកកម្ពស់​តម្លៃ​បរិស្ថាន​សហគមន៍ សាលារៀន​ស្អាត ភូមិឋាន​ស្អាត​ និង​ជាពិសេស​កាត់បន្ថយ​ការប្រើប្រាស់​ប្លាស្ទិក និង​ការបំពុល​ដោយ​ប្លាស្ទិក​នៅក្នុង​បឹង​ទន្លេសាប​ដោយសារ​តែ​ការទុក​ដាក់​គ្រប់គ្រង​សំណល់​ប្លាស្ទិក​មិនបាន​ត្រឹមត្រូវ​។

លោក​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​ថ្លែង​ទៀតថា សំណល់​ប្លាស្ទិក​ជា​ក្តីកង្វល់​រួម​របស់​ពិភពលោក ដោយសារ​តែ​ការប្រើប្រាស់​ផលិតផល​ពី​ប្លាស្ទិក​បន្ត​មាន​និន្នាការ​កើនឡើង ពី​មួយថ្ងៃ​ទៅមួយថ្ងៃ​ដោយសារ​តែ​វា​មាន​ភាពងាយស្រួល​ប្រើ តម្រូវការ​ប្រើប្រាស់​វេចខ្ចប់​ខ្ពស់ និង​មាន​តម្លៃថោក​។

លោក​បញ្ជាក់ទៀតថា ស្ថានីយ​ផលិត​ទឹក​ពិសា​សហគមន៍​ព្រែក​ទាល់​ត្រូវបាន​សាងសង់ឡើង​នៅ​ឆ្នាំ​ ២០១១ ដោយមាន​ការឧបត្ថម្ភ​ពី​អង្គការ​ដៃគូ​ ដើម្បី​ផលិត​ និង​ផ្គត់ផ្គង់​ទឹក​ហូប​ជូន​ប្រជាសហគមន៍​ព្រែកទាល់​។ ស្ថានីយ​ផលិត​ទឹក​ពិសា​សហគមន៍​ព្រែក​ទាល់​ដំបូង​ឡើយ​បាន​បំពាក់​ចម្រោះ​ទឹក​ធ្វើ​ពី​ស្រទាប់​ខ្សាច់ ធ្យូង និង​ដុំ​គ្រួស​តូចៗ ឬ​គេ​អាច​ហៅថា តម្រង​ខ្សាច់​ជីវសាស្ត្រ- Bio-sand Filter​។

ស្ថានីយ​នេះ​បាន​ផ្ទេរ​ឱ្យ​សហគមន៍​ព្រែកទាល់ គណៈកម្មការ​ឃុំ​កោះជីវាំង ជា​អ្នកគ្រប់គ្រង​ផ្ទាល់​ពី​ឆ្នាំ​ ២០១៧ ដល់​ឆ្នាំ​ ២០២១​។ តាមរយៈ​កិច្ចសន្យា​ប្រគល់​ទទួល​ផែទឹក ចុះ​ថ្ងៃទី​ ២០ ខែមករា ឆ្នាំ​ ២០២១ មន្ទីរ​បរិស្ថាន​ខេត្តបាត់ដំបង​មាន​ភារកិច្ច ដឹកនាំ កែលម្អ​ជួសជុល និង​គ្រប់គ្រង​ស្ថានីយ​ផលិត​ទឹក​ពិសា​សហគមន៍​ព្រែកទាល់​។ ផែ​ទឹក​ត្រូវបាន​ជួសជុល​បច្ចេកវិទ្យា Ultrafilter (UF) Reverse Osmosis (RO) និង Ultra Violet (UV) ត្រូវបាន​បំពាក់​ជា​ប្រព័ន្ធ​ចម្រោះ​ទឹក​ហូប​។ ប្រព័ន្ធ​ថាមពល​អ៊ីប្រ៊ីត (​ថាមពល​កកើត​ឡើងវិញ ឬ សូឡា​ព្រះអាទិត្យ និង​ម៉ាស៊ីនភ្លើង​) ត្រូវបាន​ដំឡើង និង​ប្រើប្រាស់​។

លោក នេត្រ ភក្ត្រា បាន​ថ្លែងថា យោងតាម​គោលការណ៍ ចំពោះ​វត្ត​អារាម សាលាឃុំ មណ្ឌល​សុខភាព ស្នាក់ការ​ និង​មន្ត្រី​ឧទ្យានុរក្ស មនុស្ស​ចាស់ គ្រួសារ​ និង​ជនក្រីក្រ សិស្សសាលា អាច​ប្រើប្រាស់​ទឹក​ដោយ​មិន​គិតថ្លៃ​។ ជាមួយ​គ្នានេះ គម្រោង​ឧបករណ៍​ចម្រោះ​ទឹកស្អាត​សម្រាប់​ពិសា​នេះ​ក៏​បាននិង​កំពុង​រៀបចំ​គោលការណ៍​យក​សំណល់​ដប​ទឹក និង​ថង់​ប្លាស្ទិក​ប្តូរ​ទឹកស្អាត​សម្រាប់​ពិសា​ផងដែរ​។

បើតាម​លោក នេត្រ ភក្ត្រា ការចូលរួម​របស់​ពលរដ្ឋ​ទាំងអស់​ក្នុង​ការប្រើប្រាស់​ទឹក​ពិសា​ផលិត​ពី​ឧបករណ៍​ចម្រោះ នេះ​នឹងចូលរួម​កាន់តែច្រើន​ក្នុង​ការកាត់បន្ថយ​សំណល់​ប្លាស្ទិក​នៅលើ​បឹង​ទន្លេសាប កាត់បន្ថយ​ការបំពុល​បរិស្ថាន និង​ការបំពុល​ជីវៈចម្រុះ​។

លោក​ថ្លែងថា​៖ «​សំណល់​ប្លាស្ទិក​នៅលើ​បឹង​ទន្លេសាប​មាន ២ ប្រភេទ​គឺ​សំណល់​ដែល​ចេញពី ការប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ​នៅលើ​ទីតាំង​ភូមិ​បណ្តែត​ទឹក និង​សំណល់​ប្លាស្ទិក​ក្នុង​បរិស្ថាន​ដែល​បាន​ហូរ​នាំ​សំណល់​ប្លាស្ទិក​ពី​តំបន់​ជុំវិញ​បឹង​ទន្លេសាប​នៅ​រដូវ​ទឹក​ឡើង​នា​ខែវស្សា​តាម​ស្ទឹងព្រែក​នានា​»​។

មន្ត្រីជាន់ខ្ពស់​ក្រសួង​បរិស្ថាន អំពាវនាវ​ដល់​ពលរដ្ឋ​ទាំងអស់​ចូលរួម​ញែក​សំរាម តាម​ប្រភេទ និង​វេចខ្ចប់​ទុកដាក់​ឱ្យបាន​ត្រឹមត្រូវ កុំ​បោះ​សំណល់​សំរាម​ប្លាស្ទិក​ពាសវាល​ពាសកាល ដែល​ផលប៉ះពាល់​នឹង​ធ្លាក់​មកលើ​យើង​វិញ​។ ​ដើម្បី​ងាយស្រួល​ក្នុង​ការប្រើប្រាស់​។

ក្រសួង​បរិស្ថាន​ក៏បានផ្តល់​ជូន​ពលរដ្ឋ​ដែលមាន​ជីវភាព​ក្រីក្រ​ និង​រដ្ឋបាល​ឃុំ ប៉ុស្តិ៍នគរបាល សាលារៀន មណ្ឌល​សុខភាព​នូវ​ធុង​ទឹក ចំណុះ ២០ ​លីត្រ​សម្រាប់​ដាក់​ទឹក​យកទៅ​ប្រើប្រាស់​ប្រចាំថ្ងៃ ហើយ​ពេល​អស់​អាចមក​យក​សាជាថ្មី​។ ប្រជាពលរដ្ឋ ដែល​បាន​ទទួល​សេវា​ផ្គត់ផ្គង់​ទឹកស្អាត​សម្រាប់​ពិសា​បានបង្ហាញ​អារម្មណ៍​សប្បាយរីករាយ និង​បាន​ថ្លែង​អំណរគុណ​ចំពោះ​ក្រសួងបរិស្ថាន​ដែល​បាន​យកចិត្តទុកដាក់ ចំពោះ​សុខុមាលភាព​ប្រជាពលរដ្ឋ​ជាពិសេស​ផ្គត់ផ្គង់​ទឹក សម្រាប់​ពិសា​ ដើម្បី​សុខភាព​៕