កំពង់ឆ្នាំងៈ អាជ្ញាធរខេត្ត​កំពង់ឆ្នាំង ប្រាប់​អ្នក​ដែល​ចង់​បម្រើ​សេវាកម្ម អនាម័យ និង​បរិស្ថាន​ដាក់ពាក្យ​ស្នើសុំ​ធ្វើ​អាជីវកម្ម​ទៅ​រដ្ឋបាល​ក្រុង​-​ស្រុក​ដោយផ្ទាល់ និង​ភ្ជាប់​តារាង​ឧបសម្ព័ន្ធ ដោយមាន បញ្ជី ចំណាយ លម្អិត​លើ​សម្ភារ មធ្យោបាយ និង​កម្លាំង​ពលកម្ម និង​មិនត្រូវ​ប្រើប្រាស់​ឈ្មោះ តួនាទី មុខងារ ក្នុង​ស្ថាប័ន​បច្ចុប្បន្ន​ឡើយ ចៀសវាង​មាន​វិសមភាព​។

លោក នៃ ចារី អភិបាលរង​នៃ​គណៈអភិបាលខេត្ត​កំពង់ឆ្នាំង នៅ​សាលប្រជុំ គ​៦ នៃ​សាលាខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃទី​ ១០ ខែធ្នូ ឆ្នាំ​ ២០២១ បានរៀបចំ​កិច្ចប្រជុំ​ស្តីពី​ការពិនិត្យ ពិភាក្សា​លើ​សំណើសុំ​ធ្វើ​អាជីវកម្ម សេវា​អនាម័យ និង​បរិស្ថាន នៅ​ក្រុង​កំពង់ឆ្នាំង និង​ស្រុក​រលាប្អៀរ​។

តាមរយៈ​កិច្ចប្រជុំ​នោះ លោក​អភិបាលរង​ខេត្តកំពង់ឆ្នាំង បាន​សម្រេច​ឱ្យ​អ្នក​ដែលមាន​បំណង​ចង់​បម្រើ​សេវាកម្ម អនាម័យ និង​បរិស្ថាន​ទៅ​ដាក់ពាក្យ​ស្នើសុំ​ធ្វើ​អាជីវកម្ម​ទៅ​រដ្ឋបាល​ក្រុង​-​ស្រុក​ដោយផ្ទាល់ និង​ភ្ជាប់​តារាង​ឧបសម្ព័ន្ធ ដោយមាន បញ្ជីចំណាយ លម្អិត​លើ​សម្ភារ មធ្យោបាយ និង​កម្លាំង​ពលកម្ម​។

ជាមួយ​គ្នា​នោះ​អភិបាលខេត្ត​នេះ បាន​ណែនាំ​ថា មិនត្រូវ​ប្រើប្រាស់​ឈ្មោះ តួនាទី មុខងារ ក្នុង​ស្ថាប័ន​បច្ចុប្បន្ន​ឡើយ ចៀសវាង​មាន​វិសមភាព​។ បន្ថែម​លើ​នោះ​ត្រូវ​សហការ​អនុវត្ត​ជាមួយ​រដ្ឋបាល​ក្រុង​-​ស្រុក​ពាក់ព័ន្ធ និង​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ ដោយ​អនុវត្ត​ស្របតាម​នីតិវិធី​ព្រមទាំង​ត្រូវបំពេញ​នីតិវិធី​ពាក់ព័ន្ធ​ជាមួយនឹង​ក្រសួង​ស្ថាប័ន​ឱ្យ​បាន​មុន​សប្តាហ៍​ទី​ ៤ ខែធ្នូ ឆ្នាំ​ ២០២១៕