ខេត្តកែបៈ អភិបាលខេត្ត​កែប​អំពាវនាវ​ដល់​សប្បុរសជន​នានា បន្ត​ជួយឧបត្ថម្ភ​ដល់​រដ្ឋបាលខេត្ត​លើ​ការងារ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ និង​ការងារ​មនុស្សធម៌ នៅតាម​សហគមន៍ មូលដ្ឋាន ដែល​បង្ហាញ​នូវ​សិល្បៈ​នៃ​ការចែករំលែក និង​ស្មារតី​ចេះ​ជួយ​គ្នា​ទៅវិញទៅមក​របស់​សប្បុរសជន​នៅ​គ្រប់ទិសទី​។

ការអំពាវនាវ​បែបនេះ​ធ្វើឡើង​នៅពេល​លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប ទទួល​សម្ភារ​សុខាភិបាល ដែលជា​អំណោយ​របស់​លោក ហ៊ុន ម៉ាណែត និង​លោកស្រី ពេជ ចន្ទមុន្នី ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​ ១១ ខែធ្នូ ឆ្នាំ​ ២០២១ នេះ​។

លោក​អភិបាលខេត្ត​បញ្ជាក់ថា​៖ «​បើទោះជា​ស្ថានភាព​ជំងឺ​កូវីដ​ ១៩ នៅ​ខេត្ត​កែប​មាន​ការធូរស្រាល​ក៏ពិតមែន តែ​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​រង​វិបត្តិ​ដោយសារ​ជំងឺ​នេះ នៅ​ពុំទាន់​មាន​ជីវភាព​ប្រក្រតី​វិញ​នៅឡើយ ដែល​ទាមទារ​ឱ្យ​មាន​ការជួយ​ជ្រុំជ្រែង​ពី​អាជ្ញាធរ ដើម្បី​សម្រួល​ដល់​ជីវភាព​ប្រចាំថ្ងៃ​»​។

សម្ភារ​សុខាភិបាល​ដែល​រដ្ឋបាលខេត្ត​ទទួលបាន​នៅពេលនោះ រួមមាន សម្ភារ​ជំនួយការ​ពិនិត្យ​ជំងឺ​ទូទៅ និង​រោគ​ស្ត្រី​, សម្ភារ​ជំនួយ​ការងារ​មន្ទីរពិសោធន៍ សម្ភារ​ជំនួយការ​វះកាត់ និង​បរិក្ខារ​ផ្សេងៗ​ចំនួន ១៥០ ​កេះ​, ម៉ាស៊ីន X-Ray (Dentist) ០១ ​គ្រឿង​, ព្រមទាំង​ជែល​លាង​សម្អាត​ដៃ​ចំណុះ ៥០០ml ចំនួន ៣០ ០០០ ​ដប ដើម្បី​បម្រើឱ្យ​វិស័យ​សុខាភិបាល និង​ចូលរួម​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង និង​ជំងឺ​កូវីដ ១៩ ក៏ដូចជា​បម្រើឱ្យ​ការងារ​មនុស្សធម៌​។

លោក សោម ពិសិដ្ឋ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប​បាន​សម្ដែង​នូវ​ទឹកចិត្ត សប្បាយរីករាយ និង​ថ្លែងអំណរគុណ​ដល់​លោក ហ៊ុន ម៉ាណែត និង​លោកស្រី ដែល​តែង​ផ្តល់នូវ​ការឧបត្ថម្ភ ទាំង​ស្មារតី សម្ភារ និង​ឱវាទ​ល្អៗ​សម្រាប់​រដ្ឋបាលខេត្ត​កែប ទាំង​ការងារ​ដឹកនាំ និង​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ​៕