មណ្ឌលគិរីៈ អភិបាលខេត្ត​មណ្ឌលគិរី​បាន​ជំរុញ​ដល់​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត អាជ្ញាធរ​ក្រុង​សែនមនោរម្យ រៀបចំ​ធ្វើការ​កែលម្អ​នូវ​សោភ័ណភាព​ទីធ្លា​សួន​ស្រល់​ឱ្យ​មាន​បរិស្ថាន​ល្អ ដើម្បី​បង្កើន​ការទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ឱ្យ​មក​ទស្សនា​កម្សាន្ត​ក្នុង​ខេត្តមណ្ឌលគិរី បន្ថែមទៀត​។

លោក ថង សាវុន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី នៅ​ថ្ងៃទី​ ១១ ខែធ្នូ ឆ្នាំ​ ២០២១ ​នេះ​បាន​អញ្ជើញ​ចុះ​ពិនិត្យមើល​ទីតាំង​ដី​សួន​ស្រល់​របស់​រដ្ឋ ស្ថិតនៅក្នុង​ក្រុង​សែនមនោរម្យ ដែល​គ្រប់គ្រង​ដោយ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តមណ្ឌលគិរី​។

ក្នុង​ការចុះពិនិត្យ​ទីតាំង​ដី​សួន​ស្រល់​របស់​រដ្ឋ​ក្នុង​ភូមិសាស្ត្រ​ខាងលើនេះ លោក​អភិបាលខេត្ត​បាន​ជំរុញ​ដល់​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត អាជ្ញាធរ​ក្រុង​សែនមនោរម្យ ធ្វើការ​គ្រប់គ្រង​ដី​សួនស្រល់​របស់​រដ្ឋ និង​រៀបចំ​ធ្វើការ​កែលម្អ​នូវ​សោភ័ណភាព​ទីធ្លា​សួន​ស្រល់​ឱ្យ​មាន​បរិស្ថាន​ល្អ ដើម្បី​បង្កើន​ការទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ឱ្យ​មក​ទស្សនា​កម្សាន្ត​ក្នុង​ខេត្តមណ្ឌលគិរី កើនឡើង​មួយកម្រិត​ទៀត​៕