កណ្តាលៈ សមត្ថកិច្ច​នគរបាល​ខេត្តកណ្តាល​ឃាត់​រថយន្ត​មួយគ្រឿង ដឹក​សាច់គោ សាច់​ក្របី ចំនួន​ ៣ ​តោន កាលពី​ថ្ងៃទី​ ១០ ខែធ្នូ ឆ្នាំ​ ២០២១ ចំណុច​ផ្លូវជាតិ​លេខ​ ៣ ភូមិ​ព្រៃទទឹង ឃុំ​ត្រពាំងវែង ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល ដែល​លួច​នាំចូល​ដោយ​ខុសច្បាប់​ពី​ប្រទេស​វៀតណាម​តាម​ច្រក​ភ្នំដិន​។

សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​បានឱ្យ​ដឹងថា លោក​ឧត្តមសេនីយ៍ត្រី​ លី សុជាតិ ស្នងការរង​ទទួល​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាន​ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​រថយន្ត ១ ​គ្រឿង ដឹក​សាច់គោ​សាច់​ក្របី ចំនួន​ ៣ ​តោន លួច​នាំចូល​ខុសច្បាប់​ពី​ប្រទេស​វៀតណាម តាម​ច្រក​ភ្នំដិន​។

ប្រតិបត្តិការ​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី​ ១០ ខែធ្នូ ឆ្នាំ​ ២០២១ វេលា​ម៉ោង​ ១១ និង​ ០០ ​នាទី ចំណុច​ផ្លូវជាតិ​លេខ​ ៣ ភូមិ​ព្រៃទទឹង ឃុំ​ត្រពាំងវែង ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​។ ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​មួយចំនួន​រួមមាន​​រថយន្ត​មួយគ្រឿង​ម៉ាក​ SSANGYONG ​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2H-3680​។ សាច់គោ ម៉ាក AL-AMMAR ដាក់​ប្រអប់ ក្រដាស​ពណ៌​លឿង ចំនួន​ ៧៥ ​ប្រអប់​ក្នុង​មួយ​ប្រអប់​ចំនួន​ ២០ ​គីឡូក្រាម ស្មើនឹង​ ១ ៥០០ ​គីឡូក្រាម​។ សាច់​ក្របី ម៉ាក BLACK GOLD ប្រអប់​ក្រដាស​ពណ៌​ស​ចំនួន​ ៧៥ ​ប្រអប់​ក្នុង​មួយ​ប្រអប់​ចំនួន​ ២០ ​គីឡូក្រាម​ស្មើនឹង​ ១ ៥០០ ​គីឡូក្រាម ។ សរុប​សាច់គោ​ និង​សាច់​ក្របី ចំនួន​ ១៥០ ​ប្រអប់​ស្មើនឹង​ ៣ ០០០ ​គីឡូក្រាម​។

សមត្ថកិច្ច​បញ្ជាក់ថា នៅ​ថ្ងៃទី​ ១១ ខែធ្នូ​នេះ វត្ថុតាង​សាច់គោ និង​សាច់​ក្របី ត្រូវបាន​យកទៅ​ដុត​កម្ទេចចោល​ទាំងអស់​៕