បាត់ដំបងៈសមត្ថកិច្ច​នគរបាល​ខេត្តបាត់​ដំបង​បាន​បញ្ជូន​ជន​សង្ស័យ​ជា​មេខ្យល់​ម្នាក់​ទៅ​សាលា​ដំបូង​ខេត្តនៅ​ថ្ងៃទី១១ ​ខែធ្នូ ពាក់ព័ន្ធ​ករណីនាំ​យក​ចេញ​ដោយ​មិន​ស្រប​ច្បាប់​សម្រាប់​ការឆ្លង​ដែន ចំណែក​ពលករ​ដែល​ចាញ់​បោក​មេខ្យល់ ត្រូវបាន​អប់រំ​រួចអនុញ្ញាត​ឲ្យ​ត្រឡប់​ទៅផ្ទះ​វិញ​។

លោកស្រី ឧ​ត្ត​ម​សេនីយ៍​ត្រី រស់ ជីវី ស្នងការរង​ទទួល​ផែន​ការងារ​នគរ​បាល​ប្រឆាំង​ការជួញ​ដូរ​មនុស្ស​និង​ការពារ​អនីតិ​ជន​ខេត្តបាត់​ដំបង ​ថ្លែង​នៅ​ថ្ងៃទី​១២ ​ខែធ្នូ​ថា បន្ទាប់​ពី​ទទួល​សំណុំរឿង​ដែល​អធិការ​ស្រុក​កំរៀង​បញ្ជូន​មក​នៅ​ថ្ងៃទី១០ ​ខែតុលា សមត្ថ​កិច្ច​កា​រិ​យា​ល័យ​ជំនាញ​បាន​បន្ត​នីតិវិធី​និង​បាន​បញ្ជូន​ជន​នោះ​ទៅ​តុលាការ​នៅ​ថ្ងៃទី១១​ខែធ្នូ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី។ លោកស្រី​ថ្លែង​ថា ៖«យើង​បាន​បញ្ជូន​ជន​សង្ស័យ​នោះ​ទៅ​តុលា​ការ​រួចហើយ​កាល​ពី​ម្សិល​មិញ»​ ។

លោក ង៉ែត វណ្ណា អធិការ​រង​នគរបាល​ស្រុក​កំរៀង​បានឲ្យដឹង​នៅ​ថ្ងៃទី១២​ខែធ្នូ​ថា កម្លាំង​នគរបាល​វរ​សេនា​តូច​ការ​ពារ​ព្រំដែន​គោក​លេខ​៨១៩​ឃាត់​បាន​មេខ្យល់​ម្នាក់រួម​នឹង​ពលករ​ដែល​បម្រុង​ឆ្លងដែន​នៅ​ថ្ងៃទី៩ ខែធ្នូ នៅ​ចំណុច​ព្រំដែន​កម្ពុជា ​ថៃ​ក្នុងភូមិ​អូរ​ជ្រៃ ឃុំ​កំរៀង ស្រុក​កំរៀង​ខេត្ត​បាត់​ដំបង​។

លោកថា​បន្ទាប់​មកនៅ​ថ្ងៃទី១០​ខែធ្នូ​ ផ្នែក​ជំនាញ​របស់​លោក​បាន​ទទួល​ជន​សង្ស័យ​ម្នាក់​នោះ​រួម​នឹង​មនុស្ស​ចំនួន​១២នា​ក់ ស្រី​ចំនួន​៧​នាក់ ក្នុង​នោះមាន​អនីតិជន​៣នាក់​ ស្រី២នាក់​។នៅ​ថ្ងៃ​ដដែល​នោះ​មន្ត្រី​ជំនាញ​បានសា​កសួរ​​ពលករ​ទាំង​អស់នោះដែ​លជា​លទ្ធផល​ពួកគេ​ប្រាប់​ថាមា​នបំណង​ទៅធ្វើ​ការ​នៅប្រទេស​ថៃ ហើយ​បាន​ទាក់​ទង​ជាមួយ​មេខ្យល់​ដោយស្រុះ​ស្រួល​គ្នា​យក​ថ្លៃឈ្នួល​នាំ​ផ្លូវ​ក្នុង១នាក់​ចំនួន​៧០០០ ទៅ៨ ០០០បាត ហើយដល់​កន្លែ​ងធ្វើការ​ទើប​យក​ប្រាក់។

លោក​ថ្លែង​ថា៖«ពួក​គាត់​បាននាំ​គ្នា​ជិះ​រថយន្ត​ឈ្នួល​មកដល់​ស្រុក​កំរៀងក៏មាន​ម៉ូតូ​មក​ឌុប​បន្ត​យក​ទៅដាក់​ក្នុង​ចម្ការ​ដំឡូង​មី​១កន្លែង​រហូតដល់​វេលា​យប់​ក៏មាន​មនុស្ស​ប្រុស​ចំនួន២នាក់(មេខ្យល់)មក​នាំ​ពួកគាត់​ដើរ​សំដៅទៅ​ប្រទេស​ថៃក៏ត្រូវ​សម​ត្ថកិច្ច​ឃាត់​ខ្លួន​រួម​នឹង​មេខ្យល់​១នាក់ ចំណែក​ម្នាក់​ទៀត​រត់​គេច​ខ្លួន​បាត់»​។

លោក​បញ្ជាក់​ថា ជនសង្ស័យ ឈ្មោះ​គង់ វង់​ ភេទ​ប្រុស​អាយុ ​២២ឆ្នាំ រស់នៅ​ភូមិ​តា​ក្រី ឃុំ​តា​ក្រី ស្រុក​កំរៀង ខេត្ត​បាត់​ដំបង។ ​ជន​នោះបាន​សារ​ភាពថា ពិតជា​បាន​នាំ​ក្រុមពលករដែល​សមត្ថកិច្ច​ឃាត់​មក​សាក​សួរ​នោះយកទៅ​ប្រទេស​ថៃ​ប្រាកដ​មែន​។ ដោយ​ឡែក​ពលករដែល​ចាញ់​បោក​មេខ្យល់​ត្រូវបាន​អប់រំ​ណែនាំ​រួច​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ។

លោក ដួង សារ៉ន អ្នកនាំពាក្យ​តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្តបាត់​ដំបងបានឲ្យដឹង​នៅ​ថ្ងៃទី១២ ខែធ្នូ​ថា ករណី​ឈ្មោះ គង់ វង់ ដែលជា​មេខ្យល់​នោះ​បាន​បញ្ជូនទៅ​ចៅក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​ខេត្ត​រួច​ហើយ​នៅ​ថ្ងៃទី១២ ខែធ្នូ​។

ចំណែក​លោកស្រី ជា ច័ន្ទ​រស្មី អ្នក​នាំពាក្យ​តុលាកា​រខេត្ត​បាត់​ដំបង​ប្រាប់ថា ករណីនេះ​លោក​ស្រី​មិនទាន់​ដឹងថា​ចៅក្រម​សម្រេច​ឃុំខ្លួន​ឬ​នៅទេ​មក​ដល់​ម៉ោង៥ល្ងាច​ថ្ងៃទី១២ ខែធ្នូ​ ។ យ៉ាង​ណា ​លោកស្រី​បញ្ជាក់​ថា នឹង​ជូនដំណឹង​នៅ​ពេល​ទទួល​បាន​ព័ត៌មាន​នេះ​៕