ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន អំពាវនាវ​ជាថ្មី​ដល់​អ្នកសារព័ត៌មាន​ឱ្យ​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន ដោយ​មាន​សុចរិតភាព​ក្នុង​ការផ្សព្វផ្សាយ ចៀសវាង​ការបំពាន​វិជ្ជាជីវៈ​ធ្វើឱ្យប៉ះពាល់​ដល់​សេចក្តី​ថ្លៃថ្នូរ​ស្ថាប័ន និង​អ្នកសារព័ត៌មាន​អាជីព​ដែល​អនុវត្តបាន​ត្រឹមត្រូវ​។

លោក​ ហ៊ុន សែន អំពាវនាវ​បែបនេះ​តាមរយៈ​សារលិខិត​អបអរសាទរ​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុជា​ (​វ.ន.ស.ក.) ស្តីពី «​កូវីដ​ ១៩៖ បញ្ហា​ប្រឈម និង​ឱកាស​សម្រាប់​អ្នក​សារព័ត៌មាន​» នៅ​ថ្ងៃទី​ ១១ ធ្នូ​» ហើយ​ដែល​វេទិកា​នេះ ក៏​ត្រូវបាន​ប្រារព្ធ​ធ្វើ​នៅ​សណ្ឋាគារ​ហ៊ីម៉ាវ៉ារី ក្នុង​រាជធានី​ភ្នំពេញ​។ វេទិកា​នេះ​ក៏បាន​អំពាវនាវ​ដល់​និយោជក​ក្នុង​វិស័យ​សារព័ត៌មាន​មិនគួរ​កាត់​ប្រាក់បៀវត្សរ៍ ឬ បញ្ឈប់​បុគ្គលិក​ពី​ការងារ​ឡើយ ក្នុង​ស្ថានភាព​ដ៏លំបាក​នេះ​។

ក្នុង​លិខិត​លោក​ ហ៊ុន សែន សរសេរថា​៖ «​ជាថ្មី​ម្តងទៀត ខ្ញុំ​សូម​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​ស្ថាប័ន​សារព័ត៌មាន និង​បងប្អូន​អ្នកសារព័ត៌មាន​ទាំងអស់​សូម​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន និង​មាន​សុចរិតភាព​ក្នុង​ការបំពេញ​ភារកិច្ច ចៀសវាង​ការបំពាន ច្បាប់ និង​វិជ្ជាជីវៈ ដោយ​គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន​ធ្វើឱ្យ​ប៉ះពាល់​ដល់​កិត្តិយស សេចក្តី​ថ្លៃថ្នូរ កិត្យានុភាព​ស្ថាប័ន​សារព័ត៌មាន និង​អ្នកសារព័ត៌មាន​អាជីព​ដែល​អនុវត្ត​បាន​ត្រឹមត្រូវ​តាម​វិជ្ជាជីវៈ​»​។

តាមរយៈ​សារលិខិត លោក​នាយករដ្ឋមន្ត្រី​ក៏​អំពាវនាវ​អ្នកសារព័ត៌មាន​ឱ្យ​ចូលរួម​កាន់តែ​សកម្ម​ថែមទៀត​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​ ១៩ ដោយ​ធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​អប់រំ និង​វិធានការ​របស់​រដ្ឋាភិបាល​ក្នុង​ការទប់ស្កាត់​ជំងឺ​កូវីដ​ ១៩ ព្រមទាំង​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​នឹង​ព័ត៌មាន ក្លែងក្លាយ​ដោយ​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត និង​ធ្វើការ​បកស្រាយ​ពន្យល់ ដើម្បី​បន្សាប​ព័ត៌មាន​ក្លែងក្លាយ​ឱ្យបាន​ទាន់​សភាពការណ៍​។

ក្នុង​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុជា​នា​ថ្ងៃទី​ ១១ ធ្នូ លោក​ ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ថ្លែងថា បញ្ហា​កូវីដ​ ១៩ បាន​បង្ក​ការជ្រួលច្របល់​ទូទាំង​ពិភពលោក មិនមែន​តែ​នៅ​កម្ពុជា​ទេ​។ ប៉ុន្តែ មាន​ការលេចឡើង​ថ្មី​មួយទៀត​នោះ​គឺ​ការកើនឡើង​ច្រើន​នូវ​សារព័ត៌មាន អនឡាញ​។ លោក​ថា សារព័ត៌មាន អនឡាញ​កំពុង​តែ​វាយលុក​ទីផ្សារ ដែល​ធ្វើឱ្យ​ទូរទស្សន៍​ដែល​សម្បូរ​ទីផ្សារ​ផ្សាយពាណិជ្ជកម្ម​រង​ផលប៉ះពាល់​មួយចំនួន​។ ទោះ​យ៉ាងណា​ទីផ្សារ​របស់​ព័ត៌មាន​អនឡាញ​បាន​ផ្សាយពាណិជ្ជកម្ម​ច្រើន និង​មាន​ភាពធូរ​ថ្លៃ​ជាង​។

លោក​រដ្ឋមន្ត្រី​ជំរុញ​ជាថ្មី​ឱ្យ​អ្នកសារព័ត៌មាន គោរព​នូវ​វិជ្ជាជីវៈ​របស់ខ្លួន​ឱ្យ​បាន​ខ្ជាប់ខ្ជួន ព្រោះ​គ្រប់គ្នា​អាច​ធ្វើ​ជា​អ្នកព័ត៌មាន ប៉ុន្តែ​ពេល​ក្លាយខ្លួន​ជា​អ្នកព័ត៌មាន​ត្រូវគោរព​វិជ្ជាជីវៈ និង​មិនត្រូវ​រំលោភ​ទៅលើ​ដែន​សមត្ថកិច្ច​នោះទេ ថ្វីដ្បិត​តែ​អ្នកព័ត៌មាន​អាច​ទៅ​ទីណា​បាន​ដោយ​សេរី​ក៏ដោយ​។

លោក​ថ្លែងថា​៖ «​អ្វីដែល​សំខាន់ ពេលណា​ក្លាយជា​អ្នក​សារព័ត៌មាន​ត្រូវ​ប្រឹងប្រែង​គោរព​វិជ្ជាជីវៈ ហើយ​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​នេះ​ជា​អាវ​ក្រោះ​របស់​យើង​ផង ការពារ យើង​ផង លើក​កិត្តិយស​យើង​ផង​។ បើ​យើង​មិន​នាំគ្នា​ថែរក្សា​វិជ្ជាជីវៈ ក្រមសីលធម៌​របស់​យើង​ទេ កាលណា​យើង​ចុះ​និយាយ​គេ​មិន​ស្តាប់ គឺ​ខ្លួន​យើង​ផ្ទាល់​ដែល​ទទួលផល​វិបត្តិ​ពី​បញ្ហា​នេះ​»​។

លោក​ ខៀវ កាញារីទ្ធ ក៏​ជំរុញ​ឱ្យ​គ្រប់​ស្ថាប័ន​របស់​រដ្ឋ​ទាំងអស់​គួរតែ​មាន​មន្ត្រី​ព័ត៌មាន​ប្រចាំ​ស្ថាប័ន​របស់ខ្លួន ដើម្បី​ឆ្លើយតប​ជាមួយ​អ្នកសារព័ត៌មាន ព្រោះ​ប្រធាន​ស្ថាប័ន​អាច​មិន​ឆ្លើយតប​ជាមួយ​អ្នក​សារព័ត៌មាន​គ្រប់ពេល ដូច​អ្នកនាំពាក្យ ឬ​មន្ត្រី​ព័ត៌មាន​ឡើយ​។

លោក​ ប៉ែន បូណា ប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា​ថ្លែងថា វិស័យ​សារព័ត៌មាន​ដែល​កំពុង​ទទួលរង​ផលប៉ះពាល់ ដោយសារ​ជំងឺ​កូវីដ​ ១៩ គឺជា​ប្រធានបទ​មួយ​ត្រូវតែ​លើក​យកមក​ពិភាក្សា​។ ២ ​ឆ្នាំ​ជាប់​គ្នា​ដែល​ក្លិប​អ្នកកាសែត​លើកយក បញ្ហា​នេះ​មក​ពិភាក្សា ខណៈ​ឆ្នាំនេះ វេទិកា​និពន្ធ​នាយក​នឹង​ពិនិត្យមើល បញ្ហា​ប្រឈម និង​ឱកាស​ដែល​កើតចេញពី​បញ្ហា​កូវីដ​ ១៩​។

លោក​ថ្លែងថា​៖ «​យើង​នឹង​រិះរក​មធ្យោបាយ​ទាំងអស់​គ្នា​ត្រៀមខ្លួន​ថា តើ​ថ្ងៃមុខ​ត្រូវធ្វើ​អ្វី​ដើម្បី​ប្រឈមមុខ​ដោះស្រាយ​បញ្ហា​ណាមួយ​ដែល​កើតឡើង​ដូច​កូវីដ​ ១៩ ដែល​កើតមាន​ពេលនេះ​ជាដើម​»​។

លោក បូណា ​បញ្ជាក់ថា ក្នុង​បរិបទ​នៃ​ជំងឺ​កូវីដ​ ១៩ បានធ្វើឱ្យ​ការងារ​របស់​អ្នកសារព័ត៌មាន​ជួប​ឧបសគ្គ​ជាច្រើន រួមមាន មិនអាច​ជួប​សម្ភាស​ប្រភព​ដោយផ្ទាល់​មិនអាច​ចុះ​យក​ព័ត៌មាន​ដោយ​សេរី និង​ពេលខ្លះ​អ្នកសារព័ត៌មាន​ត្រូវ​ធ្វើការ​ពី​ផ្ទះ ឬ​ពី​ចម្ងាយ​។

សេចក្តី​ថ្លែងការណ៍​រួម​នៃ​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុជា​លើក​ទី​ ១៨ ដែលមាន​និពន្ធ​នាយក ចាងហ្វាង តំណាង​សមាគម និង​ជា​អ្នកដឹកនាំ​សារព័ត៌មាន​ចំនួន​ ៦៨ ​នាក់ មកពី​ ៤៦ ​អង្គភាព បាន​ទទួលស្គាល់ថា កូវីដ​ ១៩ ​ក៏​ជា​វិញ្ញាសា​មួយ​ដែល​បាន​បង្វឹក​អ្នក​សារព័ត៌មាន​ឱ្យមាន​ភាពជំនាញ​កាន់តែ​ខ្លាំង​ក្នុង​ការថ្លឹងថ្លែង​រវាង​ព័ត៌មាន​ពិត និង​ព័ត៌មាន​ក្លែងក្លាយ​រវាង​ផលប្រយោជន៍​របស់​ព័ត៌មាន​ចំពោះ​មហាជន និង​ផលវិបាក​អវិជ្ជមាន​របស់​វា​ទៅលើ​សង្គម​។

វេទិកា​ (​វ.ន.ស.ក.) ​កោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​អ្នកសារព័ត៌មាន​ទាំងអស់ ដែល​បាន​ពុះពារ​គ្រប់​ឧបសគ្គ និង​ធ្វើការ​ក្នុង​ស្ថានភាព​លំបាក​ជាង​មុន​ ដើម្បី​បុព្វហេតុ​នៃ​ការផ្តល់​ព័ត៌មាន​ពិត​ជូន​ដល់​មហាជន​។

វ.ន.ស.ក. ក៏​សំណូមពរ​ថ្នាក់ដឹកនាំ​គ្រប់​ក្រសួង ស្ថាប័ន និង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ សម្រួល​កិច្ចការ​ដល់​អ្នកសារព័ត៌មាន​ឱ្យ​អនុវត្ត​សិទ្ធិសេរីភាព វិជ្ជាជីវៈ​របស់​ខ្លួន​។ ជាមួយ​គ្នា​នេះ អំពាវនាវ​ដល់​និយោជក​ក្នុង​វិស័យ​សារព័ត៌មាន​ទាំងអស់​បន្ត​ការអត់ធ្មត់ និង​យោគយល់​ចំពោះ​ស្ថានការណ៍​លំបាក​នេះ ដោយ​មិនគួរ​កាត់​បៀវត្សរ៍​ ឬ​បញ្ឈប់​បុគ្គលិក​ពី​ការងារ​ឡើយ​។ ករណី​មាន​ការបញ្ចប់​កិច្ចសន្យា​ការងារ សូម​និយោជក​អនុវត្តតាម​ច្បាប់​ស្តីពី​ការងារ​ឱ្យ​បាន​ត្រឹមត្រូវ​ ដើម្បី​កុំឱ្យ​ប៉ះពាល់​ដល់​អត្ថប្រយោជន៍​របស់​អ្នកសារព័ត៌មាន​៕

វីដេអូ៖