ភ្នំពេញៈ ​សមត្ថកិច្ច​ជំនាញ​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ បង្កើន​ការប្រុងប្រយ័ត្ន​បន្ថែមទៀត ចំពោះ​បញ្ហា​គ្រោះ​អគ្គិភ័យ​ក្នុង​រដូវរំហើយ​នេះ ខណៈ​មាន​គ្រោះអគ្គិភ័យ​បាន​កើតឡើង​ផ្ទួនៗ​គ្នា​ក្នុង​រាជធានី-ខេត្ត​ចំនួន​ ៣ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ បង្ក​ឱ្យ​មាន​ជនរងគ្រោះ​ស្លាប់ និង​រងរបួស​ចំនួន​ ៤ ​នាក់​ខូចខាត​លំនៅឋាន​សរុប​ជិត​ ១០០ ​ខ្នង និង​ខូចខាត​ដំណាំ​អំពៅ​ ៤០ ​ហិកតា​។

ប្រធាន​នាយកដ្ឋាន​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ក្រសួង​មហាផ្ទៃ​លោក នេត វន្ថា បាន​ថ្លែងថា​៖ «​សូម​បង្កើន​ការប្រុងប្រយ័ត្ន ចំពោះ​ការប្រើប្រាស់​ភ្លើង ទាំង​សម្រាប់​ការដាំ​ស្ល ឬ​ដុត​កម្ទេច​សំរាម និង​ស្មៅ​នៅក្នុង​ចម្ការ​ស្រែ ព្រោះ​ក្នុង​រដូវរំហើយ​នេះ​មាន​ខ្យល់​បក់បោក​ខ្លាំង ងាយ​បង្ក​ជា​គ្រោះ​អគ្គិភ័យ​។ ទន្ទឹម​នឹងនេះ ការប្រើ​ឧបករណ៍​អគ្គិសនី​ចាស់ៗ ក៏​ងាយ​នឹង​បង្ក​ឱ្យ​ផ្ទុះ​ឆ្លង​ចរន្តអគ្គិសនី បង្ក​ជា​គ្រោះ​អគ្គិភ័យ​ផងដែរ​»​។

បើតាម​លោក វន្ថា នៅក្នុង​រយៈពេល​ ១២ ​ថ្ងៃ​នៃ​ខែធ្នូ ឆ្នាំ​ ២០២១ ​នេះ គ្រោះ​អគ្គិភ័យ​បាន​កើតឡើង​ចំនួន​ ៨ លើក​នៅក្នុង​រាជធានី-ខេត្ត​ចំនួន​ ៤ រួមមាន ភ្នំពេញ សៀមរាប ក្រចេះ និង ខេត្តស្វាយរៀង​បណ្ដាលឱ្យមាន​ជនរងគ្រោះ​ស្លាប់​ចំនួន​ ៥ ​នាក់ និង​រងរបួស​ ៣ ​នាក់ ខូចខាត​លំនៅឋាន​សរុប ៩៥ ​ខ្នង និង ខូចខាត​ដំណាំ​អំពៅ​ប្រមាណ​ ៤០ ​ហិកតា​។ លោក​បញ្ជាក់ថា​៖ «​ករណី​គ្រោះ​អគ្គិភ័យ​នេះ ភាគច្រើន​បណ្ដាល​មកពី​ការផ្ទុះ​ឆ្លង​ចរន្តអគ្គិសនី និង​ភ្លើង [​អុស ធ្យូង ចង្ក្រានហ្គាស និង​ធូប​ទៀន​] ខ្វះ​ការប្រុងប្រយ័ត្ន​»​។

ស្រដៀង​គ្នា​នេះ​លោក ព្រំ យ៉ន ប្រធានការិយាល័យ​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ថ្លែងថា ការភ្ជាប់​ខ្សែបណ្ដាញ​អគ្គិសនី មិនត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស និង​ការប្រើប្រាស់​ឧបករណ៍​អគ្គិសនី​ចាស់ៗ ព្រមទាំង​កង្វះខាត​ការត្រួតពិនិត្យ​មុនពេល និង​ក្រោយ​ការប្រើប្រាស់​ឧបករណ៍​អគ្គិសនី​ជា​កត្តា​បង្ក​ឱ្យ​មាន​គ្រោះអគ្គិភ័យ​កើតឡើង​។

លោក​ថ្លែងថា​៖ «​មាន​សំណង់​មិន​រៀបរយ​ជាច្រើន នៅ​រាជធានី​ភ្នំពេញ​យើង​តំបន់​ដែលមាន​សំណង់​មិន​រៀបរយ​ទាំងនោះ មាន​ការភ្ជាប់​ខ្សែបណ្ដាញ​អគ្គិសនី ខ្វែងខ្វាត់ និង​មិន​សម​ស្របតាម​លក្ខណៈ​បច្ចេកទេស ដែល​ងាយ​បង្ក​ឱ្យ​កើតមាន​ការផ្ទុះ​ឆ្លង​ចរន្តអគ្គិសនី ក្លាយជា​គ្រោះ​អគ្គិភ័យ​នៅពេល​មាន​ការប្រើប្រាស់​ឧបករណ៍​អគ្គិសនី​ចាស់ៗ ដែល​ស្រូប​ទាញ​ថាមពល​អគ្គិសនី​ច្រើន​ហួស​ពី​បរិមាណ​កំណត់​»​។

បើតាម​លោក​ ព្រំ យ៉ន ក្នុង​រយៈពេល​ ១២ ​ថ្ងៃ​នៃ​ខែធ្នូ​នេះ គ្រោះ​អគ្គិភ័យ​បាន​កើតឡើង​ចំនួន​ ៥ ​លើក​ក្នុង​នោះ​នៅក្នុង​ខណ្ឌ​ឫស្សីកែវ ចំនួន​ ២ ​លើក នៅ​ខណ្ឌ​សែនសុខ ចំនួន​ ២ ​លើក និង​នៅ​ខណ្ឌដូនពេញ ១ ​លើក បណ្ដាលឱ្យ​ខូចខាត​ផ្ទះ​សរុប​ ៩៥ ​ខ្នង ប៉ុន្តែ​មិន​បង្កឱ្យមាន​ជនរងគ្រោះ​ស្លាប់ និង​រងរបួស​នោះទេ​។

ចំណែក​លោក ច្រឹង ផល្លី ស្នងការរង​ខេត្តក្រចេះ​ទទួល​បន្ទុក​ផ្នែក​ស្ថិតិ និង​អាវុធជាតិផ្ទុះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការផ្ទេរ​សាំង​ពី​ប៊ីដុង​ទៅ​ដប ឬ​ពី​រថយន្ត​ស៊ីទែន​ដឹកសាំង​ចូល​ទៅក្នុង​ស៊ីទែន​ស្តុក​សាំង​ក្នុង​ស្ថានីយ ដែល​ខ្វះ​ការប្រុងប្រយ័ត្ន ឬ​ខុស​បច្ចេកទេស​អាច​បង្កឱ្យ​មាន​គ្រោះ​អគ្គិភ័យ​កើតឡើង និង ធ្វើឱ្យ​ខូចខាត​ដល់​ទ្រព្យសម្បត្តិ និង​អាយុជីវិត​ចំពោះ​ខ្លួនឯង និង​អ្នកដទៃ​។

លោក​ ផល្លី បាន​លើកយក​ករណី​គ្រោះ​អគ្គិភ័យ​ ១ ដែល​បាន​កើតឡើង​កាលពី​ថ្ងៃទី​ ១០ ធ្នូ នៅ​ចំណុច​ភូមិ​ឈើទាល​ភ្លោះ​ក្រោម ឃុំ​កញ្ជរ ស្រុក​ឆ្លូង ដែលមាន​ជនរងគ្រោះ​ជា​ក្មេងស្រី​ ២ ​នាក់​ស្លាប់ និង​ឪពុកម្ដាយ​របស់​ពួកគេ​ ២ ​នាក់​ទៀត​រងរបួស មក​ពន្យល់ថា ករណី​គ្រោះ​អគ្គិភ័យ​នោះ គឺ​បណ្ដាលមកពី​ «​ជនរងគ្រោះ​ជា​ឪពុក និង​ជា​ប្ដី​ខ្វះ​ការប្រុងប្រយ័ត្ន​» ​ធ្វើឱ្យ​ដួលរលំ​ដប​សាំង​ហូរ​ទៅ​ប៉ះ​ចង្ក្រានហ្គាស ដែល​ស្ត្រី​ជា​ប្រពន្ធ​កំពុង​ដាំ​ស្ល បណ្ដាល​ឱ្យ​ឆាបឆេះ​ផ្ទះ​។

លោក​បញ្ជាក់ថា​៖ «​ការធ្វេសប្រហែស​តែ​ ១ ​ប៉ប្រិចភ្នែក របស់​បុរស​ជា​ឪពុក​នោះ បានធ្វើឱ្យ​ទ្រព្យសម្បត្តិ ទាំងអស់​នៅក្នុង​ផ្ទះ​ឆេះ​ខូចខាត​អស់​ទាំងស្រុង ព្រមទាំង​បណ្ដាលឱ្យ​កូនស្រី​វ័យ​ ២ ​ឆ្នាំ​ម្នាក់​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង និង​កូនស្រី​វ័យ​ ៤ ​ឆ្នាំ​ម្នាក់ទៀត​បាន​រងរបួសធ្ងន់ ហើយ​ស្លាប់​ពេល​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​នៅ​ភ្នំពេញ​។ ចំណែក​បុរស​ជា​ឪពុក និង​ស្ត្រី​ជា​ប្រពន្ធ ក៏​រងរបួស​មធ្យម​ផងដែរ​»​។

រីឯ​លោក ហាស សាលី អធិការរង​ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង​បាន​លើកឡើងថា ការបោះ​កន្ទុយបារី ឬ​ការដុត​ជញ្ជ្រាំង​ស្រូវ​នៅក្នុង​ដីស្រែ ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន​ក៏​នឹង​បង្កឱ្យ​មាន​គ្រោះ​អគ្គិភ័យ​កើតឡើង​ផងដែរ​។ លោក​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កាលពី​រសៀល​ថ្ងៃទី​ ១០ ខែធ្នូ មាន​គ្រោះ​អគិ្គភ័យ​មួយ​កើតឡើង​នៅ​ចំណុច​ភូមិ​​កំពោតទូក ឃុំ​គគីរសោម ស្រុក​ស្វាយទាប បណ្ដាល​ឱ្យ​ខូចខាត​ដំណាំ​អំពៅ សរុប​ ៤០ ​ហិកតា​របស់​ក្រុមហ៊ុន កុយ ឈី និង​ក្រុមហ៊ុន សុផាត​។

លោក​ថ្លែងថា​៖ «​ចម្ការ​អំពៅ​របស់​ក្រុមហ៊ុន​ទាំង​ ២ ​នេះ គឺ​ឆេះ​ជា​រៀងរាល់​ឆ្នាំ ឱ្យតែ​ជិត​ដល់ពេល​ប្រមូលផល ហើយ​ករណី​នេះ​សមត្ថកិច្ច​បាន​ដាក់​ការសង្ស័យថា មាន​ការលួច​ដុត​ពី​ក្រុម​ជន​មិន​ស្គាល់មុខ​ ឬ​ការបោះ​ភ្លើង​កន្ទុយបារី​ចោល​នៅក្នុង​ចម្ការ​អំពៅ​នោះ​ក្នុង​ចេតនា​ធ្វើឱ្យ​ឆេះ ហើយ​ករណីនេះ​សមត្ថកិច្ច​យើង​កំពុង​ធ្វើការ​ស្រាវជ្រាវ​»​។

យោងតាម​ទិន្នន័យ​ដែល​ភ្នំពេញ-ប៉ុស្តិ៍​ទទួល​បាន គ្រោះ​អគ្គិភ័យ​នៅក្នុង​ឆ្នាំ​ ២០២១ គិត​ត្រឹម​ថ្ងៃទី​ ១២ ខែធ្នូ បាន​បង្ក​ឱ្យ​មនុស្ស​ចំនួន​ ២៥ ​នាក់ ស្លាប់ និង ៣៨ ​នាក់​ទៀត​រងរបួស និង​ខូចខាត​ផ្ទះសំបែង​ជាង​ ៦០០ ​ខ្នង តូប​លក់ដូរ​ ២២០ ​តូប និង​ទ្រព្យសម្បត្តិ​គិត​ជា​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​៕

វីដេអូ៖