ជា​រៀងរាល់ឆ្នាំ នៅ​ថ្ងៃទី​ ៣ ខែធ្នូ ព្រះរាជាណាចក្រ​កម្ពុជា​តែង​បាន​ប្រារព្ធ​ពិធី​ជួបជុំ​ ដើម្បី​អបអរសាទរ​ទិវា​ជន​មាន​ពិការភាព​ជាតិ និង​អន្តរជាតិ​យ៉ាង​អធិកអធម​។ ជា​អកុសល ដោយសារ​កូវីដ​ ១៩ នៅ​ថ្ងៃទី​ ៣ ខែធ្នូ ឆ្នាំ​ ២០២១ នេះ កម្ពុជា​មិន​បាន​ប្រារព្វ​ទិវា​អបអរសាទរ​ជន​មាន​ពិការភាព​កម្ពុជា​លើក​ទី​ ២៣ និង​អន្តរជាតិ​លើក​ទី​ ៣៩ ដែល​បាន​កំណត់​ក្រោម​ប្រធានបទ​ «​ភាព​ជា​អ្នកដឹកនាំ​ និង​ការចូលរួម​របស់​ជនមាន​ពិការភាព​ ដើម្បី​ឆ្ពោះ​ទៅ​រក​ការស្តារ​ឡើងវិញ ក្រោយ​កូវីដ​ ១៩ ប្រកប​ដោយ​បរិយាប័ន្ន ផាសុកភាព និង​ចីរភាព​» ​ឡើយ​។

ទោះបី​ទិវា​មិនត្រូវ​បានរៀបចំ​អឹកធឹក​ដូច​បណ្តា​ឆ្នាំមុនៗ​ក្តី ក៏​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​ជាទី​សក្ការៈ​ដ៏ខ្ពង់ខ្ពស់​បំផុត និង​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចេញ​ព្រះរាជសារ​ និង​សារលិខិត​ដោយឡែក​ពីគ្នា​ដែល​មាន​ខ្លឹមសារ​បង្ហាញ​ពី​ការនឹករឭក ការយកចិត្ត​ទុកដាក់​ចំពោះ​សុខ ទុក្ខ សុខុមាលភាព​កូនចៅ និង​ជន​រួមជាតិ​ដែល​មាន​ពិការភាព​នៅ​កម្ពុជា ជាពិសេស​ក្នុងស្ថានភាព​កូវីដ-១៩​ដ៏អាក្រក់​នេះ​។

ក្នុង​ព្រះរាជសារ ព្រះមហាក្សត្រ​បាន​អំពាវនាវ​ដល់​បងប្អូន​ជនរួមជាតិ ពិសេស​បងប្អូន​មាន​ពិការភាព​ទៅ​ទទួល​វ៉ាក់សាំង​ឱ្យ​បាន​គ្រប់ៗ​គ្នា​តាម​ការណែនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រសួង​សុខាភិបាល និង​សូម​បន្ត​អនុវត្ត​វិធានការ​សុខាភិបាល «៣​កុំ ៣​ការពារ​» ដែល​ដាក់ចេញ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេជោនាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

តាម​គំនិត​ខ្ញុំ ទិវា​ជាតិ​ជនពិការ​ថ្ងៃទី​ ៣ ខែធ្នូ ជា​ថ្ងៃ​ដ៏ល្អ និង​មាន​អត្ថប្រយោជន៍​ជាច្រើន​សម្រាប់​ប្រជាជន​ទូទៅ ជាពិសេស​សម្រាប់​ជនពិការ​ឱ្យ​កាន់តែ​ប្រសើរឡើង ស្វែងយល់​ពី​ច្បាប់​ស្តីពី​ការការពារ និង​ការលើក​កម្ពស់​សិទ្ធិ​ជនពិការ​។

វា​ក៏​បង្ហាញ​ពី​ការយកចិត្ត​ទុកដាក់​​របស់​រដ្ឋាភិបាល​ក្នុង​ការលើក​កម្ពស់​សិទ្ធិ​ជនពិការ និង​លើកកម្ពស់​សិទ្ធិ​នេះ​ឱ្យ​កាន់តែ​ទូលំទូលាយ​។ ជាង​នេះ​ទៅ​ទៀត ដើម្បី​លើក​ទឹកចិត្ត​ជនពិការ​ឱ្យ​ចូលរួម​សកម្មភាព​ផ្សេងៗ​ក្នុងសង្គម ក៏ដូចជា​ការផ្តល់​ឱកាស​ការងារ​នៅក្នុង​ស្ថាប័ន សាធារណៈ និង​អង្គការ​ឯកជន ដោយ​គ្មាន​ការរើសអើង​។

ហើយ​ការយល់ដឹង និង​ការលើកកម្ពស់​ជន​មាន​ពិការភាព មិនមែន​មនុស្ស​តែ​ម្នាក់ ឬ​ស្ថាប័ន​មួយ​អាច​ធ្វើបាន​នោះទេ ប៉ុន្តែ​មនុស្ស​គ្រប់រូប និង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ចូលរួម និង​ប្រើប្រាស់​គ្រប់​ទម្រង់​នៃ​ការផ្សព្វផ្សាយ​ពី​ថ្នាក់ជាតិ​ដល់​សហគមន៍ និង​ការតស៊ូ​មតិ ដើម្បី​លុបបំបាត់​ការរើសអើង និង​ផ្លាស់ប្តូរ​ទម្លាប់ គិត ថា​ពិការភាព ជា​កម្មពៀរ​ពី​ជាតិ​មុន ប៉ុន្តែ​វា​ជា​កត្តា​ជីវសាស្ត្រ ជំងឺ និង​គ្រោះថ្នាក់​ជាដើម ដែល​មាន​ដូចជា កង្វះ​អាហារូបត្ថម្ភ គ្រោះថ្នាក់​ចរាចរណ៍ និង​គ្រោះថ្នាក់​ដោយសារ​គ្រាប់មីន​។ លើស​ពី​នេះ​ទៀត​ជនពិការ​ខ្លួនឯង​ត្រូវតែ​អាច​ជម្នះ គ្រប់​ឧបសគ្គ ដើម្បី​ទទួល​បាន​ភាពឧត្តុង្គឧត្តម និង​ជា​ប្រជាពលរដ្ឋ​ដែល​មាន​ប្រយោជន៍​នៅក្នុង​សង្គម​៕