ភ្នំពេញៈ គណបក្ស​ហ៊្វុនស៊ិនប៉ិច​​គ្រោង​រៀបចំ​ធ្វើ​សមាជ​គណបក្ស​នៅ​អំឡុង​ខែមករា​ឆ្នាំ ២០២២ ខាងមុខនេះ ដើម្បី​ថ្វាយ​ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ព្រះ​បុត្រាច្បង​នៃ​សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ធ្វើជា​ប្រធាន​គណបក្ស​នេះ​ជា​ផ្លូវការ​ ដើម្បី​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​អាណត្តិ​ទី​ ៥ ឆ្នាំ​ ២០២២ និង​បោះឆ្នោត​សកល​ឆ្នាំ​ ២០២៣​។

លោក ញឿន រ៉ាដែន អ្នកនាំពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ ​នៅ​ថ្ងៃទី​ ១២ ខែ ធ្នូ ឆ្នាំ​ ២០២១ ថា មុន​ពេលដែល​សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ សោយទិវង្គត ព្រះអង្គ​បាន​សម្រេច​ប្រទាន​សិទ្ធិ​ថ្វាយ​ដល់​ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ធ្វើជា​ប្រធាន​ស្តីទី​ដឹកនាំ​គណបក្ស​ បន្ទាប់ពី​អវត្តមាន ព្រះអង្គ​។

លោក​បន្តថា ថ្នាក់ដឹកនាំ​នៃ​គណបក្ស​បាន​ទទួល​ស្គាល់​រួចហើយ ប៉ុន្តែ​មិនទាន់​​បាន​បំពេញ​កាតព្វកិច្ច និង​តាមច្បាប់​ជា​ធរមាន ស្រប​តាម​លក្ខន្តិកៈ​ដែល​ត្រូវបាន​តម្កល់​នៅ​ក្រសួង​មហាផ្ទៃ​។ ​ដូច្នេះ​គណបក្ស​នឹង​រៀបចំ​ធ្វើ​សមាជ​របស់ខ្លួន​នៅ​អំឡុង​ខែមករា​ ដើម្បី​ថ្វាយ​ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ដែល​បច្ចុប្បន្ន​ជា​ប្រធាន​ស្តីទី​ឱ្យ​កា្លយ​ជា​ប្រធាន​​គណបក្ស​ពេញសិទ្ធិ​។

លោក​ថា​៖ «​យើង​កំណត់​រួចហើយ យើង​នឹង​រៀបចំ​ធ្វើ​នៅក្នុង​អំឡុង​ខែមករា ពីព្រោះ​ច្បាប់​បាន​ចែង​ច្បាស់​ថា បន្ទាប់ពី​អវត្តមាន ប្រធាន​រយៈពេល ៦០ ​ថ្ងៃ គឺ​គណបក្ស​នឹង​រៀបចំ​ក្បាល​ថ្នាក់ដឹកនាំ​ថ្មី​មួយ​ ដើម្បី​ចូលរួម​បោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​ ២០២២ និង​បោះឆ្នោត​ ២០២៣ ខាងមុខ​»​។

លោក​បញ្ជាក់ទៀតថា គណបក្ស​នឹង​នៅតែ​បន្ត​ទទួល​បាន​ប្រជាប្រិយភាព​​ និង​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​ដដែល ពីព្រោះ​ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ បាន​ដង្ហែ​សម្តេចក្រុមព្រះ​ជា​យូរណាស់​មកហើយ ជាពិសេស​លោក​ ជា បញ្ញវន្ត និង​ជា​យុវជន​ ១ ​រូប ដែល​គណបក្ស​គិតថា ព្រះអង្គ​ទទួល​បាន​ប្រជាប្រិយភាព និង​ការគាំទ្រ​ពី​សមាជិក​សមាជិកា​របស់​គណបក្ស​បន្ថែមទៀត​។

ទោះជា​យ៉ាងណា លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ និង​អ្នកវិភាគ​នយោបាយ​បានបង្ហាញ​ការយល់ឃើញ​ថា ការរៀបចំ​សមាជ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​នៅពេល​ខាងមុខ ដើម្បី​ថ្វាយ​ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ធ្វើជា​ប្រធាន​គណបក្ស​ពេញសិទ្ធិ ជំនួស​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ នឹង​មិន​ទទួលបាន​ប្រជាប្រិយភាព និង​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​ទេ ព្រោះ​ព្រះនាម​របស់​អង្គ​មិនសូវ​ឮ​ដល់​ពលរដ្ឋ​ដែល​ពិបាក​ក្នុង​ការកសាង​ជំនឿ​ទុកចិត្ត​ផងដែរ​។

លោក​បន្តថា គណបក្ស​ហ៊្វុនស៊ិនប៉ិច​ពី​កន្លងមកនេះ​ទទួល​បាន​ការគាំទ្រ​ពី​មនុស្ស​ចាស់ៗ ជំនាន់​មុន​ដែល​ធ្លាប់​គាំទ្រ​សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ប៉ុន្តែ កម្លាំង​ការគាំទ្រ​នៅក្នុង​ជួរ​គណបក្ស​បាន​បែកខ្ញែក​គ្នាច្រើន​ ដែល​ធ្វើឱ្យ​គណបក្ស​នេះ​ពិបាក ហើយ​កម្លាំង​ធំ​នៅក្នុង​គណបក្ស​ត្រូវបាន​សមាហរណកម្ម​ជាមួយ​គណបក្ស​កាន់​អំណាច​នៅ​ឆ្នាំ​ ២០០៨​។

លោក​ថ្លែងថា​៖ «​យើង​គិត​ទៅ​គណបក្ស​ហ្នឹង​វា​ពិបាក​ការកសាង​តម្លៃ​ឡើងវិញ​ឱ្យ​ប្រជាពលរដ្ឋ​គាំទ្រ ខ្ញុំ​គិតថា វា​ពិបាក​ណាស់ ព្រោះ​អ្នកដឹកនាំ​ថ្មី​ក៏​មិនសូវ​មាន​ឈ្មោះ​បោះ​សំឡេង​ និង​មិនសូវ​សកម្ម​។ បញ្ហា​ឈឺឆ្អាល​របស់​ប្រជាពលរដ្ឋ​ក៏​មិនសូវមាន​ហើយ​ទៅ​ឃោសនាយក​ការគាំទ្រ​គឺ​យក​មិន​បានទេ ព្រោះ​​មិន​ធ្វើ​សកម្មភាព​ផង​ហ្នឹង ហើយ​បាន​តម្លៃ​ពី​ណា​ឱ្យ​ពលរដ្ឋ​គាំទ្រ​នោះ​»​។

បើតាម​លោក ឯម សុវណ្ណារ៉ា គណបក្ស​ហ៊្វុនស៊ិនប៉ិច​ត្រូវបាន​ប្រជាពលរដ្ឋ​ជ្រើសរើស​យក​ម្តង​រួចហើយ​កាលពី​ឆ្នាំ​ ១៩៩៣ ប៉ុន្តែ​គណបក្ស​នេះ​ហាក់​មិនមាន​អ្វី​កែទម្រង់ និង​ឆ្លើយតប​ទៅនឹង​សេចក្តី​ត្រូវការ​របស់​ប្រជាពលរដ្ឋ​នោះទេ ដែល​ធ្វើឱ្យ​បាត់​សេចក្តី​ទុកចិត្ត​ច្រើន​ចាប់តាំងពី​ពេលនោះ​មកដល់​បច្ចុប្បន្ន​។

លោក​ថា ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ដែល​គ្រោងឡើង​ធ្វើ​ជា​ប្រធាន​គណបក្ស​ថ្មី គួរតែ​បញ្ចេញ​សកម្មភាព​ឱ្យ​បាន​ច្រើន​ក្នុង​ការជួយ ឬ​ឈឺឆ្អាល​ចំពោះ​ប្រជាពលរដ្ឋ​ដែល​ត្រូវបាន​រំលោភបំពាន​ ដើម្បី​កសាង​តម្លៃ​ និង​ប្រជាប្រិយភាព​ឱ្យ​ប្រជាពលរដ្ឋ​មាន​ជំនឿ​ទុកចិត្ត​ឡើងវិញ បើ​មិន​ធ្វើ​ដូច្នោះ​ទេ​គណបក្ស​នេះ​នៅតែ​មិន​មាន​ប្រជាប្រិយភាព និង​ទទួលបាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​ដូច​នៅក្នុង​ឆ្នាំ​ ២០១៧ ដដែល​។

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ដែល​ជា​បុត្រា​ច្បង​របស់​សម្ដេចក្រុមព្រះ​នរោត្ដម រណឫទ្ធិ និង​ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី ត្រូវបាន​តែងតាំង​ជា​ព្រះប្រធាន​ស្ដីទី​នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច នា​ថ្ងៃទី​ ៨ ខែសីហា ឆ្នាំ​ ២០១៨៕

វីដេអូ៖