ភ្នំពេញៈ ពលរដ្ឋ​ប្រមាណ​ ២០០ ​នាក់​តំណាងឱ្យ​ ៣៥០ ​គ្រួសារ​រស់នៅ​ភូមិ​អូរជ្រៅ​ សង្កាត់​ដើមមៀន ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​បាន​ស្នើ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ជួយ​អន្តរាគមន៍​ក្នុង​ជម្លោះ​ដី​បឹង​សហគមន៍​ជាង​ ៧ ​ហិកតា​ ដោយ​​ពួកគាត់​បាន​ចោទ​ក្រុមហ៊ុន​ឯកជន​ថា​បាន​រំលោភ​ដី​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​។

ក្រុម​ពលរដ្ឋ​ទាំងនោះ​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ជិត​ដី​បឹង​មាន​ជម្លោះ​ពីថ្ងៃ​ទី​ ១២ ធ្នូ តាម​បណ្តោយ​មហាវិថី​សម្តេចតេជោ​ ហ៊ុន សែន ឬ​ហៅថា​ផ្លូវ​ ៦០ ​ម៉ែត្រ ដោយបាន​លើក​បដា និង​ស្នើ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន អន្តរាគមន៍​ជម្លោះដីធ្លី​ដែល​បាន​អូសបន្លាយ​ច្រើន​ឆ្នាំ​មកនេះ​។

លោក អឿន សំអូន តំណាង​ពលរដ្ឋ​បាន​ថ្លែងថា ដី​បឹង​ជីភោ​ដែល​មាន​ទំហំ​ ៧៤ ១៥៣ ​ម៉ែត្រការ៉េ ត្រូវបាន​ពលរដ្ឋ​ធ្លាប់​គ្រប់គ្រង​ និង​អាស្រ័យផល​តាំងពី​ឆ្នាំ​ ១៩៧០-១៩៨០ មក​ម្ល៉េះ​ដោយ​​បាន​ដាំ​ត្រកួន កញ្ឆែត និង​ដាំ​ដំណាំ​ផ្សេងទៀត ដើម្បី​លក់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។ លោក​បន្តថា ក្រោយមក​ក្រុមហ៊ុន ING Holding បាន​ដើរ​ទិញ​ដី​នៅក្បែរ​បឹង​នោះ ប៉ុន្តែ​បែរជា​បោះបង្គោល​ហ៊ុមព័ទ្ធ​រំលោភ​យក​ដី​បឹង​ជីភោ​ទំហំ​ជាង​ ៧ ​ហិកតា​ប៉ះពាល់​ដល់​ជីវភាព​ពលរដ្ឋ​។

លោក​ថា​៖ «​ក្រុមហ៊ុន ING គាត់​រំលោភ​យកតែ​ម្តង​នៅ​ថ្ងៃ​​ទី​ ៩ ​ខែមករា ឆ្នាំ​ ២០១៦ ក្រុមហ៊ុន​នេះ​បាន​អះអាងថា ដី​នោះ​គាត់​បាន​ទិញ​ហើយ និង​ហាម​ពលរដ្ឋ​មិនឱ្យ​រក​ត្រី ដាំ​ដំណាំ ហើយ​គាត់​លួច​បន្ដ​ចាក់ដី​ទាំងយប់​»​។

ក្នុង​នាម​ជា​ជនរងគ្រោះ​ ១ ​រូប លោក សំអូន ស្នើ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន អន្តរាគមន៍​យក​ដី​នេះ​ជូន​ពលរដ្ឋ​ប្រើប្រាស់​ជា​ប្រយោជន៍​រួម​វិញ​​ ឬ​ផ្តល់​ដំណោះស្រាយ​សមរម្យ​ដល់​ពួកគាត់​។ លោក​ថា​៖ «​យើង​​មិនដឹងថា ក្រុមហ៊ុន​ឃុបឃិត​ជាមួយ​មន្ត្រី​ណា​ទេ ដូច្នេះ​យើង​មានតែ​លើកដៃ​ម្រាម​ ១០ ស្នើ​សម្តេចតេជោ​ ហ៊ុន សែន ជួយ​ពលរដ្ឋ ដើម្បី​ឱ្យបាន​ដី​បឹង​នេះ​មកវិញ​សម្រាប់​អាស្រ័យផល​។

បើតាម លោក សំអូន ដី​បឹង​នោះ​ដំបូង​ឡើយ ស្ថិត​នៅក្នុង​ខេត្ត​កណ្តាល ប៉ុន្តែ​ក្រោយមក​កាត់​ចូល​ដែនដី​រដ្ឋបាល​រាជធានី​ភ្នំពេញ​វិញ​។

ពលរដ្ឋ​ម្នាក់ទៀត​លោក យ៉ាវ ហៃសាន្ត បាន​ថ្លែង​ដែរ​ថា គាត់​បាន​ប្រើប្រាស់​ដី​បឹង​នេះ​តាំងពី​ឆ្នាំ​ ១៩៧៩ ​មក ដោយ​លោក​ថា ជា​ដី​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ទុកឱ្យ​ពលរដ្ឋ​ប្រើប្រាស់​ជា​សមូហភាព​។

លោក​ថា​៖ «​ដី​បឹង​នេះ​គឺជា​របស់​រួម ដី​សមូហភាព​ភូមិ សម្តេច​វាស់វែង​ឱ្យ​ប្រើប្រាស់​សម្រាប់​ដោះស្រាយ​ជីវភាព អ្នកក្រខ្សត់​​ ដើម្បី​ឱ្យមក​ដាំ​ដំណាំ​ ដើម្បី​បន្ត​ជីវភាព​»​។ លោក​បន្តថា មុន​មាន​ជម្លោះ​ពលរដ្ឋ​អាច​ប្រមូលផល​ពី​បឹង​នេះ​ដូចជា​ការដាំ​បន្លែ និង​រកត្រី​ទៅ​លក់​ក្នុង​ ១ ​ថ្ងៃ​អាច​រកបាន​ ១ ​ម៉ឺន ឬ​ ២ ​ម៉ឺន​រៀល សម្រាប់​ផ្គត់ផ្គង់​ក្នុង​គ្រួសារ​។

ចំណែក​អ្នកស្រី ភោគ ផៃ ជា​អ្នក​តវ៉ា​ម្នាក់ទៀត​បានបញ្ជាក់​​ថា៖ «​ខ្ញុំ​អាស្រ័យផល​លើដី​នេះ​តាំងពី​ឆ្នាំ​ ៧០ ដាំ​បន្លែ រកត្រី ហើយ​បូមទឹក​ធ្វើ​ស្រូវប្រាំង ឥឡូវនេះ​ខ្ញុំ​ទាមទារ​យកតែ​ដី​នោះ​​មក​វិញ​ទេ​...»​។

អភិបាល​រាជធានី​ភ្នំពេញ​លោក​ ឃួង ស្រេង បាន​ថ្លែងថា ក្នុងករណី​ពលរដ្ឋ​មិន​សុខចិត្ត​រឿង​អ្វីមួយ គួរ​ដាក់ពាក្យ​ទៅ​អាជ្ញាធរ​ដែន​សមត្ថកិច្ច​នោះ​​ក្រុម​ការងារ​នឹង​ពិនិត្យ​លទ្ធភាព​ដោះស្រាយ​ជូន​។ លោក​​ថា​៖ «​គាត់​ដាក់​ទៅ​ខណ្ឌ​ទៅ​គេ​នឹង​ពិនិត្យ​តាម​ឋានានុក្រម​ ព្រោះ​ស្រុក​យើង​មាន​អាជ្ញាធរ​មាន​នៅ​គ្រប់កន្លែង បើ​មិន​សុខចិត្ត​រឿង​អី​ទៅ​រក​អាជ្ញាធរ ប្រសិនបើ​មានអី​ដាក់​តាម​លិខិតស្នាម​​រដ្ឋបាល​យើង​មក យើង​នឹង​ពិនិត្យ​លទ្ធភាព​ដោះស្រាយ​ជូន​គាត់​​ថា អ្នកណា​ខុស​អ្នកណា​ត្រូវ ប៉ុន្តែ​ហាម​តែមួយ​ទេ​គឺ​ហាម​ធ្វើបាតុកម្ម កូដកម្ម​ខុសច្បាប់​»​។

ប៉ុន្តែ​តាម​លិខិតស្នើ​អន្តរាគមន៍​បានឱ្យ​ដឹងថា ពលរដ្ឋ​ធ្លាប់បាន​ដាក់ពាក្យ​បណ្តឹង​ទៅ​រដ្ឋបាល​ខេត្ត​កណ្តាល មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​​ខេត្ត​កណ្តាល និង​ខុទ្ធកាល័យ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុន្តែ​មកទល់​ពេល​នេះ​មិនទាន់មាន​ដំណោះស្រាយ​ទេ​។

មន្ត្រី​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លោក គង់ ចំរើន ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា លោក​ធ្លាប់បាន​បញ្ជូន​ពាក្យ​​បណ្តឹង​ពលរដ្ឋ​ទាំងនោះ​ទៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​រួចហើយ​ក្នុង​​ឆ្នាំ​ ២០២០​។ លោក​ថា​៖ «​យើង​បាន​បញ្ជូន​ឯកសារ​នោះ​ទៅ​ក្រសួង​ដែនដី ហើយ​បណ្តឹង​របស់​ប្រជាជន​ដែល​យកមក​ដាក់​យើង​មិន​ហ៊ាន​ទុក​ទេ យើង​បញ្ជូន​ទៅ​ជំនាញ​អស់ហើយ​»​។

ជុំវិញ​បញ្ហា​នេះ ភ្នំពេញ​ប៉ុស្តិ៍​មិន​អាច​សុំ​ការអត្ថាធិប្បាយ​ពី​ក្រុមហ៊ុន ING Holding និង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​នៅឡើយ​ទេ នៅ​ថ្ងៃទី​ ១២ ធ្នូ​។

នាយករង​អង្គការ​សិទ្ធិមនុស្ស​​លីកាដូ​លោក អំ សំអាត បាន​ថ្លែង​នៅ​ថ្ងៃទី​ ១២ ធ្នូ​ថា ស្ថាប័ន​ពាក់ព័ន្ធ​គួរតែ​ចេញមុខ​ដោះស្រាយ​បញ្ហា​នេះ​ជូន​ពលរដ្ឋ​​ ដើម្បី​ចៀសវាង​បាតុភាព​នានា​ដែល​អាច​កើតឡើង​។ ​លោក​ថា​៖ «​បើសិន​ករណីនេះ​មិនត្រូវ​បាន​​ដោះស្រាយ​ទេ អ៊ីចឹង​វិវាទ​កាន់តែ​បន្ត ហើយ​ការអភិវឌ្ឍ​អាច​នឹងគាំង​មិន​រលូន​ទៅមុខ ហើយ​​ប្រជាពលរដ្ឋ​នៅតែ​ទាមទារ អ៊ីចឹង​យើង​បារម្ភ​ខ្លាច​មាន​បាតុភាព​នៃ​អំពើហិង្សា ឬ​ការចាប់​ខ្លួន​ជាដើម​»៕

វីដេអូ៖