ភ្នំពេញៈ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន​លក់​ឧបករណ៍​តេស្ត​រហ័ស​អង់ទីហ្ស៊ែន​កូវីដ ​១៩ ក្នុងតម្លៃ​ដើម ជាង​ ៦ ​លាន​តេស្ត ដល់​ពលរដ្ឋ ក្រសួង ស្ថាប័នរដ្ឋ និង​ឯកជន ត្រឹម​ដើម​ខែធ្នូ ឆ្នាំ​ ២០២១ ហើយ​ចាប់ពី​ថ្ងៃទី​ ១៣ ខែធ្នូ​នេះ​តទៅ ក្រសួង​ក៏បាន​ផ្ទេរ​ការចែកចាយ​ឧបករណ៍​តេស្ត​រហ័ស​ទៅ​ប្រៃសណីយ៍​កម្ពុជា ដើម្បី​ចែកចាយ​បន្តទៅ​ប្រជាពលរដ្ឋ​វិញ​។

លោក សូ វិសុទ្ធី រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ កាលពី​ថ្ងៃទី​ ១០ ធ្នូ ថា ដោយសារ​តែ​ក្រសួង​មាន​ភារកិច្ច​ជាច្រើន​បន្ថែមទៀត ដូច្នេះ​ទើប​ក្រសួង​បាន​បង្វែរ​ការចែកចាយ​ឧបករណ៍​តេស្ដ​រហ័ស​នេះ​ទៅ​ប្រៃសណីយ៍​កម្ពុជា ជា​អ្នក​ចែកចាយ​បន្ត​វិញ​។

លោក​ថ្លែងថា​៖ «​គិត​ត្រឹម​ដើមខែ​ធ្នូ​នេះ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លក់​ជាង ៦ ​លាន​តេស្ដ​ក្នុង​តម្លៃ​ដើម​ដល់​ប្រជាពលរដ្ឋ ក្រសួង ស្ថាប័នរដ្ឋ និង​ឯកជន ដែល​បាន​ទិញ​យកទៅ​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​ ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការទប់ស្កាត់​ជំងឺ​កូវីដ​ ១៩»​។

លោក​បញ្ជាក់ថា​៖ «​អ៊ីចឹង​ហើយ​បាន​យើង​បង្វែរ​កិច្ចការងារ​នេះ​ទៅ​ឱ្យ​ខាង​ប្រៃសណីយ៍-កម្ពុជា​វិញ ដែល​នៅ​ទីនោះ​ត្រូវ​នឹង​ជំនាញ​របស់គាត់​ក្នុង​នាម​ជា​សហគ្រាស​សាធារណៈ​ក្រោម​ឱវាទ​របស់​ក្រសួង​ផង​»​។

លោក​ សូ វិសុទ្ធី បានឱ្យដឹងថា ប្រៃសណីយ៍​កម្ពុជា​ក៏​នឹង​រៀបចំ​ឱ្យមាន​សេវា​ដឹកជញ្ជូន នៅពេល​ដែល​អតិថិជន ឬ​អ្នកទិញ​ដែល​បាន​បញ្ជា​ទិញ មិន​ចង់​ទៅយក​ផ្ទាល់​ដោយ​ខ្លួនឯង គឺអាច​ខាង​ប្រៃសណីយ៍​កម្ពុជា​រៀបចំ​ការដឹកជញ្ជូន ដល់​ទីកន្លែង ដោយ​ក្នុងនោះ​នឹងមាន​បូក​បញ្ចូល​បន្ថែម​តម្លៃ​សេវា​បន្ដិចបន្តួច​លើ​ការដឹកជញ្ជូន​។

ប្រៃសណីយ៍​កម្ពុជា កាលពី​ថ្ងៃទី​ ៧ ធ្នូ បាន​ជូនដំណឹង ស្តីពី​ការបន្ត​ការចែកចាយ​ឧបករណ៍​តេស្ត​រហ័ស​ពី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ចាប់ពី​ថ្ងៃទី​ ១៣ ខែធ្នូ ឆ្នាំ​ ២០២១ ​នេះ​តទៅ​។ ប្រៃសណីយ៍​កម្ពុជា​នឹង​ចាប់ផ្តើម​ចែកចាយ​ឧបករណ៍​តេស្ត​រហ័ស​អង់ទីហ្សែន​កូវីដ​ ១៩ បន្ត​ពី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ជូន​ក្រសួង ស្ថាប័ន ក្រុមហ៊ុន សហគ្រាស រោងចក្រ មន្ទីរពេទ្យ​ឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង ភ្នាក់ងារ​ចែកចាយ និង​សាធារណជន​។

ប្រៃសណីយ៍​កម្ពុជា​បញ្ជាក់​ថា ក្រសួង ស្ថាប័ន ក្រុមហ៊ុន សហគ្រាស រោងចក្រ មន្ទីរពេទ្យ​ឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង ទីភ្នាក់ងារ​ចែកចាយ​ និង​សាធារណជន​អាច​បន្ត​បញ្ជា​ទិញ​ចាប់ពី​ ១ ​ប្រអប់​ឡើងទៅ​នូវ​ឧបករណ៍​តេស្ត​រហ័ស​ចំនួន​ ២ ​ប្រភេទ​។ ​ទី​ ១ ឧបករណ៍​តេស្ត​រហ័ស​អង់ទីហ្ស៊ែន​កូវីដ​ ១៩ Asan Easy Test ផលិត​នៅ​ប្រទេស​កូរ៉េ ១ ​ប្រអប់ មាន​ ២៥ ឧបករណ៍​តេស្ត ហើយ​ ១ ​ឧបករណ៍​តេស្ត តម្លៃ ២,៩ ​ដុល្លារ​អាមេរិក​ (​ត្បារ​យក​សំណាក​ពី​ក្នុង​រន្ធ​ច្រមុះ​)​។ ទី​២ ឧបករណ៍​តេស្ត​រហ័ស​អង់ទីហ្ស៊ែន​កូវីដ​ ១៩ Wondfo ផលិត​នៅ​ប្រទេស​ចិន ១ ​ប្រអប់​មាន ២០ ​ឧបករណ៍​តេស្ត ហើយ​ ១ ​ឧបករណ៍​តេស្ត តម្លៃ​ ២ ​ដុល្លារ​អាមេរិក​ (​ត្បារ​រាក់ៗ​ពី​ក្នុង​រន្ធច្រមុះ ដើម្បី​យក​សំណាក​)​។

បើតាម​ប្រៃសណីយ៍​កម្ពុជា ដើម្បី​បញ្ជា​ទិញ​ឧបករណ៍​តេស្ត​រហ័ស​ទាំង​ ២ ​ប្រភេទ​ខាងលើ អ្នកបញ្ជា​ទិញ អាច​ចូលទៅ​កាន់​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម ដែលមាន​តំណ​ភ្ជាប់ mptc.gov.kh/rt ឬក៏​មក​ទិញ ដោយផ្ទាល់​នៅ​ប្រៃសណីយ៍​កម្ពុជា ដែល​មាន​អាសយដ្ឋាន នៅ​វិថី​ព្រះអង្គអេង សង្កាត់​វត្តភ្នំ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ​៕