កំពង់ឆ្នាំងៈ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង ​លោក ​លី ឡា ​បានឱ្យដឹង​ថា ​កូនឈើ​លិចទឹក ​និង​ដើម​ឫស្សី​ប្រមាណ ​៣ ០០០ ដើម​ត្រូវបាន​ដាំ​បន្ថែមទៀត ​នៅ​ថ្ងៃអង្គារ​នេះ ​ក្នុង​តំបន់​ព្រៃ​លិចទឹក​បឹង​ទន្លេសាប ​រីឯ ​ខេត្ត​កំពង់ធំ ​បាន​វាស់វែង ​និងចុះ​ពិនិត្យ​ផ្ទៃដី​ក្នុង​តំបន់​ ៣ ​រួចរាល់​ជាង​ ៤ ម៉ឺន​ហិកតា។

កាលពី​ថ្ងៃ​ទី ២ ​ខែធ្នូ ​ រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង ​បានដឹកនាំ​ក្រុមការងារ​ពាក់ព័ន្ធ​ធ្វើ​យុទ្ធនាការ​ដាំដើម​ឈើ​ជាលើក​ដំបូង ​បាន​ប្រមាណ ​២ ពាន់​ដើម​លើ​ផ្ទៃដី ​៤០ ហិកតា ​ស្ថិត​ក្នុង​ស្រុក​កំពង់​លែង ​បន្ទាប់ពី​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​បាន​បញ្ជា​ខ្លាំងៗ ​ឱ្យធ្វើការ​ចុះបង្រ្កាប ​និង​ដក​ហូត​ដីព្រៃ​លិចទឹក​ជុំវិញ​បឹង​ទន្លេសាប ​យកមក​គ្រប់គ្រង ​និង​ធ្វើការ​ដាំ​ដុះ​ព្រៃ​លិច​ទឹក​ឡើង​វិញ។

លោក​ លី ឡា ​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ១៣ ​ធ្នូថា ​ក្រោយពី​ការដាំដើម​ឈើ​លិច​ទឹក​លើក​ទី១ ​ទទួលបាន​ជោគ​ជ័យ​ នៅ​ថ្ងៃ​ទី ១៤ ​ធ្នូនេះ ​ក្រុមការងារ​ពាក់ព័ន្ធ​បានបន្ត​ដាំ​ដើមឈើ​លិចទឹក​ប្រមាណ ​៣០០០ដើម​បន្ថែម​ទៀត ​ក្នុង​តំបន់ ​៣ ​នៃ​បឹង​ទន្លេសាប ​ស្ថិត​ក្នុង​ឃុំ​ច្រណូក ​ស្រុក​កំពង់​លែង។

លោក​បញ្ជាក់ថា​៖«សរុប​មក​ជាបណ្តើរៗ ​លើក​ទី១ ​យើង​ដាំ​បាន​២០០០ដើម ​ដែល​មាន​កូនរាំង ​និង​កូន​រំដេញ។ ស្អែក​នេះ​(ថ្ងៃ​ទី ១៤ ​ធ្នូ) ​គឺ​មាន​ជាដើម​ឫស្សី ​១៥០០ដើម ​និង​១៥០០ដើម​ទៀត ​មាន​ជាដើម​រាំង ​និង​ដើមរំដេញ​ ដែលយើង​ នឹង​ធ្វើការ​ដាំដុះ​បន្ត​ជាលើក​ទី២។ សរុប​ជារួម ​មក​ដល់​ពេលនេះ ​ខេត្ត​កំពង់ឆ្នាំង ​យើង​ដាំបាន​ប្រមាណ​ ៥ ០០០​ ដើម»។

ដោយ​ឡែក ​ថ្ងៃ​ទី១៩ ​ខាងមុខ​នេះ ​លោក​ លី ឡា ​បានអះអាង​ថា ​រដ្ឋបាល​ជលផល ​និង​អាជ្ញាធរ​ពាក់ព័ន្ធ ​ក៏ត្រៀម​ដើម​ឈើ​លិចទឹក​ប្រមាណ ​ជាង​៣០០០ដើម ​សម្រាប់​បន្ត​សកម្មភាព​នៃ​ការដាំដុះ​ព្រៃ​លិចទឹក​ឡើងវិញ ​ដើម្បី​ចូលរួម​ការពារ​ជីវ​ចម្រុះ ​ជាពិសេស​ប្រភព​ត្រី ​ដែលជា​ស្បៀង​ដ៏សំខាន់​បំផុត ​សម្រាប់​ប្រជាពលរដ្ឋ។

លោក​ឱម សាវ៉ាត ​នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល ​(FACT) ​និយាយថា ​ការដាំ​ព្រៃ​លិច​ទឹក​ឡើង​វិញ ​គឺជា​ចំណុច​ចាប់ផ្តើម​មួយ​ដ៏ល្អ ​ដែល​ខេត្ត​នីមួយៗ ​មាន​ការទទួល​ខុសត្រូវ​ក្នុង​ការរៀបចំ​ស្តារព្រៃ​លិច​ទឹក​ឡើង​វិញ។ លោក​បន្តថា ​តំបន់៣ ​ជុំវិញ​បឹង​ទន្លេសាប ​គឺជា​តំបន់មួយ​ដែល​ទាមទារ​ឱ្យមាន​ការការពារ​ព្រៃលិច​ទឹក​ឱ្យ​បានល្អ ​ដើម្បី​ជាជម្រក​ត្រី​ពងកូន ​និង​ការពារ​ការហូរ​ច្រោះ​បាក់​ដី។ កន្លង​មក ​គឺ​មាន​ជនឆ្លៀត​ឱកាស ​បានកាប់​បំផ្លាញ​យក​ព្រៃ​លិចទឹក​ទាំង​នេះ។

លោក​ឱម សាវ៉ាត ​លើកឡើង​ថា ​កន្លង​មក​ រដ្ឋាភិបាល ​មាន​គោល​នយោបាយ​ឆ្វៀល​ដី​ខ្លះ ​សម្រាប់​ផ្តល់​ជូន​ដល់​ប្រជា​ពលរដ្ឋ​ក្នុង​ការទ្រទ្រង់​ជីវភាព​ប្រចាំថ្ងៃ ​តាមរយៈ​ការដាំដុះ​ជាលក្ខណៈ​គ្រួសារ។ គោល​នយោបាយ​នេះ​ គឺ​មិនប៉ះ​ពាល់​ធ្ងន់ធ្ងរ​ទៅដល់​ស្ថានភាព​នៃ​ព្រៃ​លិចទឹក​នោះ​ទេ។ ប៉ុន្តែ​រដ្ឋាភិបាល ​ក៏ត្រូវមាន​គោល​នយោ​បាយ​រៀបចំ​ឱ្យ​មាន​ប្រសិទ្ធភាព​ទាក់ទង​នឹង​ការស្តារ​ព្រៃ​លិច​ទឹក​ឡើងវិញ ​ក៏ដូចជា​កាត់បន្ថយ​ការប្រើប្រាស់​ដីព្រៃ​លិច​ទឹក​សម្រាប់​ជា​ប្រយោជន៍​ក្នុង​ការដាំ​ដុះ​ដំណាំ​កសិកម្ម។ ព្រោះ​ព្រៃ​លិចទឹក ​គឺ​មាន​ប្រយោជន៍​ច្រើន​លើសលប់ ​និង​ផលប្រយោជន៍​ច្រើន​ជាង​ បើ​ធៀប​ទៅ​នឹង​ការយក​ដីព្រៃ​លិចទឹក​មក​ធ្វើការ​ដាំដុះ។

លោក​បញ្ជាក់ថា​៖«បើ​យើង​រក្សា​ព្រៃលិច​ទឹក ​គឺ​បាន​ប្រយោជន៍​ច្រើន​ទូទៅ ​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​កម្ពុជា​យើង​ បើសិនជា​ពួកគាត់ ​យល់ដឹង​ពី​កិច្ចការងារ​នេះ។ យើង​រក្សា​ព្រៃលិច​ទឹក​ គឺ​ប្រសើរ​ជាង​យើង​ដាំដំណាំ​កសិកម្ម ​រួមផ្សំ​ដែល​មិនបាន​ផល​ច្រើន​ដូច​ទៅនឹង​ការរក្សា​ព្រៃលិច​នោះ​ទេ។ខ្ញុំ​នៅតែ​លើក​ទឹកចិត្ត​ដល់​ប្រជា​នេសាទ​ពលរដ្ឋ​រស់​នៅជាប់​បឹង​ទន្លេសាប ​រួមគ្នា​ការពារ​ព្រៃ​លិច​ទឹក»។

ជាមួយ​នឹង​ប្រតិបត្តិការ​ដកហូត​ដី ​និង​រក្សា​ព្រៃ​លិចទឹក​ក្នុង​តំបន់​ទន្លេសាប​នេះ​ដែរ ​កាលពី​ថ្ងៃទី១៣ ​ធ្នូ ​លោក​ ងួន រតនៈ ​អភិបាល​នៃ​គណៈអភិបាល​ខេត្ត​កំពង់ធំ ​បានជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ឡៅ ទិព្វសីហា ​រដ្ឋលេខាធិការ​ក្រសួង​រៀប​ចំ​ដែនដី ​នគរូបនីយកម្ម ​និង​សំណង់ ​និង​លោក​ ម៉ៅ ហាក់ ​អនុប្រធាន​អាជ្ញាធរ​ទន្លេសាប ​ដើម្បី​ពិនិត្យ​របាយការណ៍​វឌ្ឍនភាព ​ដែល​ក្រុម​ការងារ ​និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ​ចុះពិនិត្យ​ព្រំប្រទល់​ដី​តំបន់២ ​និង​ដីតំបន់​៣ ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់​ធំ ។

លោក​ងួន រតនៈ ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី១៣ ​ធ្នូ​ថា ​គិត​មក​ដល់​ពេលនេះ ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ធំ ​មាន​ការចុះ​វាស់​វែង ​និង​ពិនិត្យ​ដី​ព្រៃ​លិចទឹក ​ស្ថិត​ក្នុង​តំបន់៣ ​ជាប់​បឹង​ទន្លេសាប ​បាន​ប្រមាណ ​ជា ​៤ម៉ឺនហិកតា ​ខណៈ​សកម្មភាព​នេះ​ នៅ​មិនទាន់​បិទបញ្ចប់​នៅ​ឡើយ​នោះ​ទេ។

ទោះ​យ៉ាងណា ​លោក​អះអាងថា ​មាន​ប្រជាពលរដ្ឋ​ជាង​ ៥០០គ្រួសារ ​ដែល​ព្រម​ចូលខ្លួន​ប្រគល់​ដីព្រៃ​លិច​ទឹក​ប្រមាណ​៣ ០០០ហិកតា ​ដែល​បានកាន់​កាប់​អាស្រ័យ​ផល​កន្លង​មក។ តាម​គោល​ការណ៍ ​ផ្ទៃដី​ទាំងនេះ ​នឹង​មិន​អនុញ្ញាត​ឱ្យ​មាន​ការចូល​ដាំដុះ​ជាថ្មី​នោះ​ទេ។

តាម​តួលេខ​ដែល​បង្ហាញ​ដោយ​ក្រសួង​កសិកម្ម ​រុក្ខាប្រមាញ់ ​និង​នេសាទ ​ថា ​ក្រោយការ​បិទបញ្ចប់​បេសក​កម្ម​ចុះ​តាម​បណ្តា​ខេត្ត​ទាំង៦ ​របស់​លោក​ជា សុផារ៉ា ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី ​នគរូបនីយកម្ម ​និង​សំណង់ ​ផ្ទៃដី​ព្រៃ​លិច​ទឹក​ដែល​ត្រូវបាន​រំលោភ​បំពាន​ក្នុង​តំបន់​៣ ​ជុំវិញ​បឹង​ទន្លេសាប​ជិត​៣ម៉ឺន​ហិកតា ​ត្រូវបាន​រក​ឃើញ។ ផ្ទៃដី​ដែល​រកឃើញ​នេះ​ ក៏​ត្រូវ​បាន​រដ្ឋាភិបាល ​សម្រេច​ធ្វើការ​ដកហូត ​សម្រាប់​យកមក​ធ្វើការ​ដាំ​ដុះ​ព្រៃ​លិចទឹក​ឡើង​វិញ៕