ភ្នំពេញៈ មនុស្ស ២ នាក់​ បាន​រងរបួស​ក្នុង​គ្រោះ​អគ្គិភ័យ ក្នុង​រាជធានី-ខេត្ត​ចំនួន ៤ រួមមាន​រាជធានី​ភ្នំពេញ ខេត្តព្រះវិហារ បន្ទាយមានជ័យ និង​ខេត្តកំពង់ចាម កាលពី​យប់​ថ្ងៃទី១២ ធ្នូ ឆ្នាំ២០២១ ដោយ​សារ​ផ្ទុះ​ឆ្លង​ចរន្ត​អគ្គិសនី​។

លោក ឯម កុសល ស្នងការ​នគរបាល​ខេត្តកំពង់ចាម បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កាលពី​វេលា​ម៉ោង២១:១០នាទី​យប់ ថ្ងៃទី១២ធ្នូ​ មាន​ករណី​អគ្គិភ័យ​មួយ​នៅ​ចំណុច​ភូមិ​កោះគល់ ឃុំ​កោះ​រកា ស្រុក​កំពង់សៀម​ បណ្ដាល​ឱ្យឆេះ​ខូចខាត​ផ្ទះ​ចំនួន៣ខ្នង និង​ទ្រព្យសម្បត្តិ​មួយចំនួនធំ ​និង​បាន​បង្ករឱ្យ​ស្ត្រី​វ័យ៦៣ឆ្នាំ​ម្នាក់​ រងរបួស​ស្រាល។

លោក​ថ្លែងថា៖«ករណី​គ្រោះ​អគ្គិភ័យ​នេះ បង្កឡើង​ដោយសារ​ការផ្ទុះ​ឆ្លង​ចរន្តអគ្គិសនី»។

ក្នុង​ប្រតិបត្តិការ​ពន្លត់​អគ្គិភ័យ​នោះ សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​បាញ់​ទឹក​ចំនួន៣គ្រឿង និង​ប្រើប្រាស់​ពេលវេលា​ប្រមាណ៣០នាទី​។

ចំណែក នៅ​រាជធានី​ភ្នំពេញ​ ក៏មាន​ជនរងគ្រោះ​ម្នាក់​ផងដែរ នៅ​ក្នុង​​គ្រោះ​អគ្គិភ័យ​ឆាបឆេះ បន្ទប់​ជួល​មួយកន្លែង​នៅក្នុង​ភូមិ​ដំណាក់​ធំ​ សង្កាត់​ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ កាលពី​ថ្ងៃទី១២ ធ្នូ។ នេះ​បើតាម​​​លោក​ព្រំ យ៉​ន ប្រធានការិយាល័យ​បង្កា ពន្លត់​អគ្គិភ័យ និងសង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ។

លោក​ថ្លែងថា៖«ក្នុង​ហេតុការណ៍​នេះ បុរស​ជា​ម្ចាស់​បន្ទប់​ជួល​ ឈ្មោះ​យិន គ​ន្ធា អាយុ២០ឆាំ្ន ជា​កម្មករ​រោងចក្រ បាន​រងរបួស​ស្រាល ដោយ​ឆេះ​រលា​កដៃ​និង​ជើង បន្តិចបន្តួច​ បន្ទាប់ពី​គាត់ ព្យាយាម​ប្រមូល​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ចេញពី​បន្ទប់​ជួល ដែល​កំពុងតែ​ឆាបឆេះ មុនពេល​សមត្ថកិច្ច​នគ​របាល​ពន្លត់​អគ្គិភ័យ​ទៅដល់»។

ករណី​គ្រោះ​អគ្គិភ័យ​នេះ ក៏​បណ្ដាលមកពី «ការផ្ទុះ​ឆ្លង​ចរន្តអគ្គិសនី» ផងដែរ ប៉ុន្តែ មិន​បង្ក​ឱ្យ​ឆេះ​រាលដាល​ដល់ផ្ទះ​អ្នកដទៃ​ទៀតឡើយ។ សមត្ថកិច្ច​ប្រើប្រាស់​រថយន្ត​បាញ់​ទឹក២គ្រឿង និង​ប្រើប្រាស់​ទឹក​អស់​ចំនួន​៥ម៉ែត្រគូប​។

ចំណែក​ លោក ឱ សេង អធិការ​ស្រុក​គូលែន ខេត្តព្រះវិហារ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា អគ្គិភ័យ កាលពី​យប់​ថ្ងៃទី១២ ធ្នូ បាន​បណ្ដាល​ឱ្យ​ខូចខាត​ផ្ទះ​ពលរដ្ឋ​ចំនួន២ខ្នង រួមទាំង​ស្រូវ​អង្ករ និង​សម្ភារប្រើប្រាស់​មួយចំនួនទៀត របស់​ឪ​ពុក​ កូន នៃ​គ្រួសារ​កសិករ​មួយ​ នៅក្នុង​ភូមិ​ថ្នល់បំបែក ឃុំ​ថ្មី ស្រុក​គូលែន។ ប៉ុន្តែ​មិន​បង្ក​ឱ្យឆាបឆេះ​រាល​ដាល​ដល់ផ្ទះ​អ្នកជិតខាង​ផ្សេង​ទៀតឡើយ។

លោក​សេង​និយាយ​ថា ករណី​គ្រោះ​អគ្គិភ័យ​នេះ ផ្ដើមចេញពី​ការផ្ទុះ​ឆ្លង​ចរន្តអគ្គិសនី ​ពី​ផ្ទះ​បុរស​ជា​កូន ហើយ​ឆេះ​រាលដាល​ដល់ផ្ទះ​របស់​ឪ​ពុក​ម្ដាយ ដែល​សង់​ជាប់​គ្នា​ ប្រមាណ២ម៉ែត្រ។ ទោះយ៉ាងណា ករណីនេះ មិន​បង្ក​ឱ្យ​មាន​អ្នករងរបួស​ឬ​ស្លាប់​ឡើយ។

ដូចគ្នានេះដែរ នៅ​ស្រុក​ថ្មពួក​ ខេត្តបន្ទាយមានជ័យ មាន​ករណី​ឆេះ​ជង្រុក​ស្រូវ​ ​របស់​ប្រជាពលរដ្ឋ​ម្នាក់ នៅ​ភូមិ​កាប់​​ចោរ ឃុំ ភូមិ​ថ្មី ធ្វើ​ឱ្យខូចខាត​ស្រូវ​ជាង១តោន និង​សម្ភារប្រើប្រាស់​មួយចំនួន។ នេះ​បើតាម​ លោក យ៉​ត សា​រ៉ា​យ អធិការ​ស្រុក ថ្មពួក នៅ​ថ្ងៃ​ទី​១៣ធ្នូ​។

លោក​ថ្លែងថា តាម​ការអះអាង​របស់​បុរស​ជា​ម្ចាស់ផ្ទះ​ឈ្មោះ គី សេង អាយុ៣៥ឆ្នាំ ថា ​មុនពេល​ឆេះ មាន​ផ្ទុះ​ឆ្លង​ចរន្តអគ្គិសនី នៅក្បែរ​ដំបូល​ជង្រុក​ស្រូវ​នោះ៕