ភ្នំពេញៈ និយតករ​ទូរគមនាគមន៍​កម្ពុជា​ (​ន.ទ.ក) សហការ​ជាមួយ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ បាន​ចាត់វិធានការ​បិទខ្ទប់​គេហទំព័រ និង​ យូអអិល (URLs) ចំនួន​ ៩ ​បន្ទាប់ពី​រកឃើញ​ថា គេហទំព័រ​ទាំងនេះ​បាន​បង្ហោះ​រូបភាព និង​វីដេអូ​អាសអាភាស​កុមារ​តាម​ប្រព័ន្ធ​អនឡាញ​នៅ​កម្ពុជា​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​និយតករ​ទូរគមនាគមន៍​កម្ពុជា ចុះ​ថ្ងៃទី​ ១៣ ​ធ្នូ បានឱ្យ​ដឹងថា ន.ទ.ក នឹង​បន្ត​សហការ​ជាមួយ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ ដើម្បី​កុមារ អាជ្ញាធរ​ពាក់ព័ន្ធ​និង​ប្រតិបត្តិករ ទូរគមនាគមន៍​ទាំងអស់ ដើម្បី​លុបបំបាត់​រាល់​គេហទំព័រ និង​ យូអអិល ដែល​បង្ហោះ​រូបភាព និង​វីដេអូ​អាសអាភាស​កុមារ​តាម​ប្រព័ន្ធ​អនឡាញ​។ ន.ទ.ក បាន​សង្កត់ធ្ងន់​ថា​៖ «​សកម្មភាព​នេះ បាន​ជំរុញ និង​បង្ក​ឱ្យ​កើតមាន​អាជីវកម្ម​ពេស្យាកម្ម និង​ការជួញដូរ​មនុស្ស ដែល​បង្ក​នូវ​ការឈឺចាប់​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​ដល់​ជនរងគ្រោះ ព្រមទាំង​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សណ្តាប់ធ្នាប់ សាធារណៈ និង​សេចក្តីថ្លៃថ្នូរ​របស់​ប្រទេសជាតិ​»​។

គេហទំព័រ (​វេបសាយ​) ទាំង​ ៩ រួមមាន Xvideos.com, Dood.ws, Quip.com, Haraag.net, theporndude.com, 8kun.top, xnxx.com, xnxx2.pro, និង pornimages-xxx.com​។

លោក អំ សំអាត នាយករង​អង្គការ​សិទ្ធិមនុស្ស​លីកាដូ សម្តែង​ការគាំទ្រ​ចំពោះ​ចំណាត់ការ​នេះ​ដោយ​លោក​មើលឃើញ​ថា កុមារ​មួយចំនួន​ក៏​រងគ្រោះ ដោយសារ​រង​ឥទ្ធិពល​ពី​វេបសាយ​អាសអាភាស​នោះដែរ​។ លោក​ថា​៖ «​ការបិទ​វេបសាយ​ជា​រឿង​ល្អ​មួយ​ហើយ ប៉ុន្តែ​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវមាន​វិធានការ​ទប់ស្កាត់​សកម្មភាព​ជួញដូរ​កុមារ​បន្ថែមទៀត ព្រោះ​វេបសាយ​មួយចំនួន មិនមែន​បង្កើតឡើង​ ដើម្បី​ចែកចាយ​ព័ត៌មាន​ត្រឹមត្រូវ​ទេ គឺ​បង្កើតឡើង​ដើម្បី​ផលប្រយោជន៍​នៃ​ការជួញដូរ​រូប​អាសអាភាស​របស់​កុមារ ស្ត្រី ឬ​ការជួញដូរ​ផ្លូវភេទ​»​។

លោក​យល់ថា ការបិទ​វេបសាយ​ទាំងនេះ ក៏​ជា​ផ្នែក​មួយ​ក្នុង​ការកាត់បន្ថយ​ការរំលោភបំពាន​លើ​កុមារ​ផងដែរ​។ លោក​ថា​៖ «​នេះ​គ្រាន់តែ​ជា​ចំណែក​មួយ​ទេ ​រដ្ឋាភិបាល​ត្រូវមាន​វិធានការ​បន្ថែមទៀត ត្រូវ​បង្កើន​យន្តការ​នៃ​ការទប់ស្កាត់ ការបង្ក្រាប ការជួញដូរ​ផ្លូវភេទ​លើ​កុមារ ការជួញដូរ​វីដេអូ​អាសអាភាស​»​។ លោក​សំអាត ក៏​បាន​កត់សម្គាល់​ផងដែរ​ថា ការផ្តល់​កម្ចី​ឥណទាន​តាម​ប្រព័ន្ធ​អនឡាញ ក៏​ជា​ផ្នែក​មួយ​នៃ​ការជួញដូរ​វីដេអូ​អាសអាភាស​កុមារ​ផងដែរ ដើម្បី​ជា​ថ្នូរ​នឹង​ការផ្តល់​ប្រាក់កម្ចី​។ លោក​ថា​៖ «​ថ្មីៗ​នេះ មាន​ការរីករាលដាល​ជាច្រើន ទាក់ទិន​នឹង​កម្ចី​អនឡាញ​ហើយ​ការផ្តល់​កម្ចី​តាម​ប្រព័ន្ធ​អនឡាញ​មួយចំនួន ជា​ការរំលោភបំពាន​ទៅលើ​សិទ្ធិ​ស្ត្រី ឬ​កុមារ ពីព្រោះ​ការឱ្យ​កម្ចី​ខ្លះ មាន​ការឱ្យ​ថតរូប​អាក្រាតកាយ ជា​ថ្នូរ​ផ្តល់​កម្ចី​ប្រាក់ នេះ​ជា​មុខរបរ ឬ​អាជីវកម្ម​របស់​ឈ្មួញ​ទៅលើ​ស្ត្រី និង​កុមារ​»​។

ទន្ទឹមនេះដែរ ន.ទ.ក បាន​អំពាវនាវ​ដល់​សាធារណជន​ឱ្យ​ចូលរួម​រាយការណ៍​ជូន ន.ទ.ក តាមរយៈ​លេខ​ទូរស័ព្ទ ៦៧៨៩ នៅ​រៀងរាល់​ម៉ោង​ធ្វើការ ឬ​តាម​បណ្តាញ​សង្គម Facebook: “​និយតករ​ទូរគមនាគមន៍​កម្ពុជា Telecommunication Regulator of Cambodia” នូវ​គេហទំព័រ និង​ យូអអិល ណាមួយ​ដែល​បាន​បង្ហោះ​រូបភាព និង​វីដេអូ​អាសអាភាស​កុមារ​តាម​ប្រព័ន្ធ​អនឡាញ ហើយ ន.ទ.ក នឹង​រក្សា​ការសម្ងាត់​ជូន​។

នាយក​ប្រតិបត្តិ​អង្គភាព​ការពារ​កុមារ (Child Protection Unit) លោក James McCabe ថ្លែងថា ការបិទ​វេបសាយ​ទាំងនោះ ជា​ការសម្រេចចិត្ត​ដ៏ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល ក្នុង​ការទប់ស្កាត់​វីដេអូ​អាសអាភាស​កុមារ​ក្នុងប្រទេស​កម្ពុជា​។ លោក​ថា​៖ «​នេះ​គឺជា​ការចាប់ផ្តើម និង​ជា​កាយវិការ​ដ៏ល្អ ហើយ​ខ្ញុំ​ចូលរួម​សាទរ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​បិទ​ចោល​វេបសាយ​ទាំងនោះ ព្រោះ​វា​ជា​គេហទំព័រ​ដ៏ធំ ដែល​អាច​មាន​រឿង​អាសអាភាស​ជាច្រើន និង​អាច​បង្ក​ជា​បញ្ហា​ដល់​កុមារ​»៕

វីដេអូ៖