ភ្នំពេញៈ ​ក្នុង​រយៈពេល​ ១១ ​ខែ​ឆ្នាំ​ ២០២១ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ត្រួតពិនិត្យ​យានយន្ត​សរុប​ជាង ២,៣ ​លាន​គ្រឿង​ក្នុង​នោះ​រកឃើញ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កំណត់​ជាង ៧ សែន​គ្រឿង និង​ផាកពិន័យ​ចំនួន ២ ៨០៣ ​គ្រឿង ខណៈ​ក្រសួង​នឹង​បន្ត​អនុវត្ត​ច្បាប់​ និង​ទប់ស្កាត់​ការដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ដោយ​មិនមាន​ការលើកលែង​ឡើយ​។

លោក សេង ឈួន រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កាលពី​សប្ដាហ៍មុន​បាន​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​មន្ដ្រី​ពាក់ព័ន្ធ ប្រធាន​ស្ថានីយ​ជញ្ជីង និង​មន្ត្រី​តំណាង​រដ្ឋបាល​រាជធានី-ខេត្ត​ទាំង​ ៣៣ ​ស្ថានីយ​នៅ​ទូទាំង​ប្រទេស ដើម្បី​បូកសរុប​លទ្ធផល​ការងារ​ត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​ដែល​សម្រេចបាន​ក្នុង​រយៈពេល​ ១១ ខែ​ក្នុង​ឆ្នាំ​ ២០២១ និង​លើក​ទិសដៅ​បន្ត​។

បើតាម​របាយការណ៍​លទ្ធផល​នៃ​ការអនុវត្ត​ការងារ​ក្នុង​រយៈពេល ១១ ​ខែ ឆ្នាំ​ ២០២១ យានយន្ត​ត្រួតពិនិត្យ​សរុប​មាន​ចំនួន ២ ៣៣៤ ៣៧១ ​គ្រឿង​ក្នុងនោះ​យានយន្ត​លើស​ទម្ងន់​កម្រិត​កំណត់​ចំនួន ៧៣៩ ៥៣៨ គ្រឿង ស្មើនឹង ៣១,៦៨% យានយន្ត​ផ្ទុក​លើស​ក្នុង​កម្រិត អនុគ្រោះ ចំនួន ៧៣៦ ៧៣៥ គ្រឿង និង​យានយន្ត​លើស​ទម្ងន់​កម្រិត​កំណត់​ដែល​បាន​ពិន័យ​មាន​ចំនួន ២ ៨០៣ ​គ្រឿង​។

លោក សេង ឈួន ថ្លែងថា​៖ «​ក្រុមការងារ​នឹង​បន្ត​អនុវត្ត​ច្បាប់ និង​ទប់ស្កាត់​ការដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​យ៉ាង​តឹងរ៉ឹង​បំផុត​ដោយ​មិនមាន​ការលើកលែង​ឡើយ​»​។

ក្នុងទិសដៅ​បន្ត​ក្រុមការងារ​ពាក់ព័ន្ធ​របស់​ក្រសួង​នឹង​បន្ត​ផ្សព្វផ្សាយ​ពន្យល់​ណែនាំ​ដល់​ម្ចាស់​យានយន្ត ម្ចាស់​អាជីវកម្ម​ដឹកជញ្ជូន ការដ្ឋាន​អាជីវកម្ម​កិនថ្ម ដេប៉ូខ្សាច់ រណ្តៅ​ដី និង​សាធារណជន​ទាំងអស់​ឱ្យបាន​ជ្រាប​កាន់តែ​ទូលំទូលាយ អំពី​បទដ្ឋានច្បាប់​នានា​ដែល​ពាក់ព័ន្ធ​ការដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​។ ជាពិសេស​ច្បាប់​ស្តីពី​ផ្លូវថ្នល់​មាត្រា ២៦ និង​មាត្រា​ ៦០ និង​សេចក្ដី​ជូនដំណឹង​លេខ​ ០៤៩ ស្តីពី​ការពង្រឹង​វិធានការ​យ៉ាង​តឹងរ៉ឹង​បន្ថែម​ចំពោះ​យានយន្ត​ដឹកជញ្ជូន​ធុនធ្ងន់​ដែល​បើកបរ​លើ​បណ្តាញ​ផ្លូវថ្នល់​នៅ​ទូទាំង​ប្រទេស​។

បើតាម​លោក ឈួន ក្រសួង​នឹង​បន្ត​ដំឡើង​កាមេរ៉ា​សុវត្ថិភាព (CCTV Camera) និង​ជញ្ជីង​ស្វ័យប្រវត្តិ (AI and Weigh in Motion Sensor) នៅតាម​ស្ថានីយ​មួយចំនួន ដើម្បី​តាមដាន និង​ត្រួតពិនិត្យ​លើ​ការអនុវត្ត​ការងារ​របស់​មន្ត្រី​ប្រចាំការ​នៅតាម​ស្ថានីយ​ជញ្ជីង​ផងដែរ​។ លោក​លើកឡើងថា ដោយសារ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ក្នុងប្រទេស​មានការ​អភិវឌ្ឍ និង​រីកចម្រើន​ច្រើន និង​ជា​តម្រូវការ​ចាំបាច់​របស់​រដ្ឋបាលខេត្ត ក្រសួង​នឹង​រៀបចំ​ដាក់ឱ្យ​ប្រើប្រាស់​ស្ថានីយ​ជញ្ជីង​ថ្មី ចំនួន ២ គឺ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ៣៣ ក្នុង​ខេត្ត​កែប និង​ផ្លូវជាតិ​លេខ​ ៦២ ក្នុង​ខេត្ត​ព្រះវិហារ​ព្រមទាំង​គ្រោង​សាងសង់​ស្ថានីយ​ជញ្ជីង​ថ្មី​បន្ថែមទៀត​នៅ​ខេត្តមណ្ឌលគិរី និង​ខេត្ត​កោះកុង​ក្នុង​ផែនការ​ឆ្នាំ​ ២០២២​។

លោក​ ឈួន នៅ​ថ្ងៃទី​ ១១ ​ធ្នូ​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត និង​បណ្ណ​បើកបរ​របស់​អ្នកបើក​រថយន្ត​ដឹកទំនិញ​ចេញ-ចូល​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ដើម្បី​អប់រំ​អ្នកបើកបរ​យានយន្ត​ដឹកទំនិញ​កុងតឺន័រ​ឱ្យ​មាន​ការភ្ញាក់រឭក​ចូលរួម​គោរព​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​។ ជា​លទ្ធផល​គិត​ចាប់ពី​ថ្ងៃទី​ ១ ខែមករា ដល់​ថ្ងៃទី​ ៣០ ​វិច្ឆិកា ឆ្នាំ​ ២០២១ ក្រុមការងារ​បាន​ត្រួតពិនិត្យ​យានយន្ត​សរុប​ចំនួន ​១៤ ៩៣៧ ​គ្រឿង ក្នុង​នោះបាន​រកឃើញ​យានយន្ត​មាន​កំហុស​សរុប​ចំនួន ៤៦៤ ​គ្រឿង និង​យានយន្ត​ត្រឹម​ត្រូវមាន​ចំនួន ១៤ ៤៧៣ ​គ្រឿង និង​ពិន័យ​បាន​ប្រាក់​ជាង ២៨០ ​លាន​រៀល​។ ​បើតាម​របាយការណ៍​រថយន្ត​កុងតឺន័រ​មួយចំនួន​ត្រូវបាន​រកឃើញ​មាន​បញ្ហា​បច្ចេកទេស និង​ប្រើប្រាស់​ឯកសារ​មិន​ត្រឹមត្រូវ​៕

វីដេអូ៖