ភ្នំពេញៈ ក្រសួង​អប់រំ យុវជន និង​កីឡា សហការ​ជាមួយ​ទីភ្នាក់ងារ KOICA ប្រចាំ​កម្ពុជា និង​ដៃគូ​អភិវឌ្ឍន៍​មួយចំនួន​ទៀត រៀបចំ​មហោស្រព​ជាតិ​លើក​ទី​ ១ ​ស្ដីពី​ពិព័រណ៍​ការអប់រំ​ស្ទែម​ (STEM) រយៈពេល ៣ ​ថ្ងៃ ដើម្បី​ជំរុញ និង​លើកកម្ពស់​ការអប់រំ​បែប​ស្ទែម​នេះ​ដោយ ផ្តោតលើ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា​នៅតាម​សាលារៀន​។

យោងតាម​ក្រសួង​អប់រំ​បាន​ឱ្យ​ដឹងថា ការអប់រំ​តាមបែប​ស្ទែម (STEM) គឺ​សំដៅលើ មុខជំនាញ​ផ្នែក វិទ្យាសាស្ត្រ (Science) បច្ចេកវិទ្យា (Technology) វិស្វកម្ម (Engineering) និង​គណិតវិទ្យា (Mathematics)​។

លោក ច័ន្ទ រ័ត្ន ប្រធាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ​គរុកោសល្យ​ជំនាន់​ថ្មី​នៃ​វិទ្យាស្ថាន​ជាតិ​អប់រំ​ថ្លែង​ក្នុងពេល​បើក​មហោស្រព​កាលពី​ថ្ងៃទី​ ១៣ ធ្នូ​ថា ការអប់រំ​នាពេល​បច្ចុប្បន្ន​មាន​ការផ្លាស់ប្ដូរ​លឿន លើស​ពី​ការរំពឹងទុក ដែល​តម្រូវឱ្យ​មាន​ការរៀបចំ​ផែនការ​ត្រឹមត្រូវ និង​ច្បាស់លាស់ ឆ្លើយតប​ការផ្លាស់ប្ដូរ​នៃ​បរិបទ​សកលភាវូបនីយកម្ម​។ មហោស្រព​ជាតិ​លើក​ទី​ ១ ស្ដីពី​ពិព័រណ៍​ការអប់រំ​ស្ទែម តាម​ប្រព័ន្ធ​អនឡាញ​នាពេលនេះ គឺ​បាន​ចូលរួម​ចំណែក​ក្នុង​ការចែករំលែក ចំណេះដឹង បទពិសោធ កិច្ចការងារ​នៃ​ការអប់រំ​ស្ទែម និង​ការបញ្ជ្រាប​ការប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​អប់រំ ព្រមទាំង​បាន​ឆ្លុះបញ្ចាំង​ពី​តួនាទី និង​សារៈសំខាន់​នៃ​បច្ចេកវិទ្យា​ក្នុង​វិស័យ​អប់រំ​ផងដែរ​។

លោក​ថ្លែងថា​៖ «​គោលបំណង​នៃ​ការរៀបចំ​មហោស្រព​នេះ​គឺ​ដើម្បី​ផ្លាស់ប្ដូរ​បទពិសោធ​តាមរយៈ​កិច្ចពិភាក្សា​ពី​គំរូ​ផ្សេងៗ​នៃ​ការអប់រំ​ស្ទែម ទស្សនៈ​នៃ​ការយល់ឃើញ លើ​ការអនុវត្ដ​ការអប់រំ​ស្ទែម​នៅ​កម្រិត​សាលារៀន និង​បានផ្ដល់​ឱកាស​ដល់​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស រក្សាបាន​នូវ​បណ្ដាញ​ទំនាក់ទំនង ជា​សហគមន៍ ព្រម​ទាំង​បាន​អភិវឌ្ឍ​សមត្ថភាព ចំណេះដឹង និង​បទពិសោធ​លើ​វិជ្ជាជីវៈ​របស់​ខ្លួន​ផងដែរ​»​។

លោក ច័ន្ទ រ័ត្ន ថ្លែងថា អ្នកសិក្សា​ស្រាវជ្រាវ គ្រូបង្រៀន គ្រូឧទ្ទេស ទីប្រឹក្សា​អប់រំ អ្នក​ប្រឹក្សាយោបល់ សិស្សានុសិស្ស ត្រូវបាន​អញ្ចើញ​ឱ្យ​ចូលរួម​ក្នុង​មហោស្រព​នេះ ដើម្បី​ចែករំលែក ចំណេះដឹង និង​បទពិសោធ​លើ​ការងារ​អប់រំ​ស្ទែម​ក្នុង​បរិបទ កំណែទម្រង់​វិស័យ​អប់រំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​សម្រេច​បាន​នូវ​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល គឺ​នៅ​ឆ្នាំ​ ២០៣០ ប្រជាជន​កម្ពុជា​នឹងមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​។ មហោស្រព​នៅពេលនេះ​ប្រព្រឹត្ដ​ទៅ​រយៈពេល​ ៣ ​ថ្ងៃ ចាប់ពី​ថ្ងៃទី​ ១៣-១៥ ខែធ្នូ ឆ្នាំ​ ២០២១ តាម​ប្រព័ន្ធ​អនឡាញ ហ្ស៊ូម ដោយមាន​បទ​បង្ហាញ​ជា​វីដេអូ មកពី​រាជធានី​ភ្នំពេញ​ចំនួន ៥៤ វីដេអូ តាម​ខេត្ត​មួយចំនួនធំ សរុប​មាន​ចំនួន ១១៦ វីដេអូ សម្រាប់​ចាក់​បង្ហាញ​ជូន​រយៈពេល ៣ ​ថ្ងៃនេះ​។

លោក​ថ្លែងថា មហោស្រព​នេះ​អាច​ជា​កាលានុវត្ដភាព​ថ្មី​ឆ្លើយតប​ទៅនឹង​កិច្ចខិតខំ​ប្រឹងប្រែង​ ដើម្បី​បង្កើត​ឱ្យ​មាន​សហគមន៍​សិក្សា​វិជ្ជាជីវៈ លើ​ការអប់រំ​ស្ទែម និង​ជំរុញ​ឱ្យ​មាន​កិច្ចសហប្រតិបត្ដិការ​រវាង​ភាគី​ពាក់ព័ន្ធ​លើ​ការជំរុញ និង​លើកកម្ពស់​ការអប់រំ​ស្ទែម​នៅ​កម្ពុជា​។ តាមរយៈ​មហោស្រព​នេះ មាន​លោកគ្រូ-អ្នកគ្រូ​ចំនួន ៤១ ​នាក់ ដែល​បាន​ឆ្លងកាត់​ការបណ្ដុះបណ្ដាល​នៅ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​គ្រូ​សម្រាប់​ការអប់រំ​ស្ទែម ចូលរួមចំណែក​ក្នុង​ការចែករំលែក​វិធីសាស្ដ្រ​បង្រៀន​តាមបែប​អប់រំ​ស្ទែម និង​វិធី​បង្កើត​លំហាត់​ដែលមាន​ការគិត​លំដាប់​ខ្ពស់ និង​ដំណោះស្រាយ​សម្រាប់​ជា​ទុន​សម្រាប់​ចូលរួម​ប្រកួតប្រជែង​ជា​លក្ខណៈ​អន្តរជាតិ​។

លោក Rho Hyun Jun តំណាង KOICA នៅ​កម្ពុជា​បាន​ថ្លែងថា​៖ «​វិស័យ​អប់រំ ក៏​ជា​ផ្នែក​ដ៏សំខាន់​មួយ សម្រាប់ KOICA ប្រចាំ​នៅ​កម្ពុជា ហើយក៏​ជា​ការលើកឡើង​នៅក្នុង​យុទ្ធសាស្ដ្រ​សម្រាប់​គម្រោង​នៃ​ភាព​ជា​ដៃគូ​របស់​យើង​ផងដែរ​។ យោងតាម​ចំណុច​នេះ ក្នុងនាម KOICA ជា​ដៃគូ​អភិវឌ្ឍន៍​ដ៏សំខាន់ និង​ជា​មិត្ត​យូរអង្វែង​របស់​ប្រទេស​កម្ពុជា ទីភ្នាក់ងារ KOICA ក៏​បាន​ដាក់​វិស័យ​​អប់រំ​ជា​វិស័យ​អាទិភាព ក្នុង​ការជួយ​រាជរដ្ឋាភិបាល​កម្ពុជា​»​។

លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ថ្លែង​ពេល​ធ្វើជា​អធិបតី​បើក​ពិធី​មហោស្រព​នេះ​ថា មហោស្រព​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​បង្កើន​ការយល់ដឹង​ពី​សារៈសំខាន់​នៃ​ការអប់រំ​ស្ទែម ដោយមាន​ការចូលរួម​ពី​គ្រប់​គ្រឹះស្ថានសិក្សា​រដ្ឋ គ្រឹះស្ថាន​បណ្ដុះបណ្ដាល​គ្រូ និង​គ្រឹះស្ថាន​សិក្សា​ឯកជន និង​បានផ្ដល់​ឱកាស​ដល់​គ្រូបង្រៀន លើ​មុខវិជ្ជា​ឯកទេស​លើ​វិទ្យាសាស្ដ្រ គណិតវិទ្យា​។ លោក​ថ្លែងថា​៖ «​មហោស្រព​នេះ​ក៏បាន​បំផុស​លោកគ្រូ​-​អ្នកគ្រូ បានបង្ហាញ​នូវ​សមត្ថភាព​ក្នុង​ការបង្រៀន​តាមបែប​ស្ទែម និង​អាចឱ្យ​សិស្សានុសិស្ស​បង្ហាញ​នូវ​ស្នាដៃ​នៃ​ការបង្កើត​ថ្មី​របស់ខ្លួន​តាមរយៈ​ការផលិត​ជា​វីដេអូ​រយៈពេល ៥ ​នាទី​។ មហោស្រព​នេះ​ក៏​បាន​បើកឱកាស​ដល់​យុវជន សិស្សានុសិស្ស ដែលមាន​ទេពកោសល្យ​បានបង្ហាញ​នូវ​សមត្ថភាព​របស់ខ្លួន ផ្នែក​ស្ទែម​លើ​ឆាក​ជាតិ និង​អន្តរជាតិ​ផងដែរ​»៕