ព្រះសីហនុ/កំពង់ស្ពឺៈ យ៉ាង​ហោចណាស់​មាន​ជនជាតិ​ចិន​ម្នាក់​ស្លាប់​ និង​ ២ ​នាក់​ទៀត​ត្រូវ​បាន​ចាប់ខ្លួន​ជាមួយ​គ្រឿងញៀន​ជិត​ ១,៥ ​តោន ក្រោយ​ការប៉ះទង្គិច​ដោយ​អាវុធ​រវាង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ និង​ក្រុម​​ឧក្រិដ្ឋកម្ម​គ្រឿងញៀន​លើ​កំណាត់​​ផ្លូវជាតិ​លេខ​ ៤ ​ក្នុងស្រុក​កំពង់សិលា ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ​ទី​ ១២ ខែធ្នូ ​ឆ្នាំ​ ២០២១​។ ​នេះ​​បើតាម​មន្ត្រី​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​។

លោក ម៉ក់ ជីតូ អគ្គស្នងការរង​នគរបាលជាតិ​ទទួលបន្ទុក​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ក្រសួង​មហាផ្ទៃ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៣ ធ្នូ​ថា ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​ដ៏ធំ​នេះ​​មាន​ការចូលរួម​ពី​សមត្ថកិច្ច​នគរបាល​ប្រឆាំង​គ្រឿងញៀន​រាជធានី-ខេត្ត​ចំនួន​ ៤ ​រួមមាន រាជធានី​ភ្នំពេញ កំពង់ស្ពឺ ព្រះសីហនុ និង ខេត្តកោះកុង ដោយ​ចាប់បាន​មេខ្លោង​ជាតិចិន​ម្នាក់​ឈ្មោះ​ Ye Yean Sow អាយុ​ជាង​ ៥០ ​ឆ្នាំ​ស្នាក់នៅ​ទីតាំង​ដី​ជួល​ ១ ​កន្លែង​ក្នុងភូមិ​ដំបង​វេញ ឃុំ​សង្កែ​សាទប ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ​។ ​រីឯ​​បក្ខពួក​ ២ ​នាក់​ទៀត មាន​ឈ្មោះ Ly Tung Han អាយុ​ ៣២ ​ឆ្នាំ​បាន​ស្លាប់ ក្រោយពី​ប៉ះទង្គិច​ដោយ​អាវុធ​នៅ​ទីតាំង​កើតហេតុ​ និង​ម្នាក់ទៀត​ឈ្មោះ​ Ly Po Han ​អាយុ​ ៤៧ ​ឆ្នាំ​ជា​អ្នកបើកបរ​រថយន្ត​ត្រូវបាន​ចាប់ខ្លួន​ជាមួយ​គ្រឿងញៀន​ប្រភេទ​ Ketamine ​ជិត​ ១,៥ ​តោន​។

លោក​បាន​បញ្ជាក់ថា​៖ «​បច្ចុប្បន្ន​​ជនសង្ស័យ​ឈ្មោះ​ Ye YeanSow និង​ឈ្មោះ​ Ly Po Han រួមទាំង​វត្ថុតាង​គ្រឿងញៀន​ប្រភេទ​ Ketamine ចំនួន​ ១ ៤៨០ ​គីឡូក្រាម និង​សារ​ធាតុគីមី​ផ្សំ​សម្រាប់​កែច្នៃ​ធ្វើជា​គ្រឿងញៀន​ប្រមាណ​ ៧០ ​តោន​រួមទាំង​អាវុធ K54 ​មួយ​ដើម និង​រថយន្ត​ទំនើប​ ២ ​គ្រឿង​​ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ​បញ្ជូន​មកកាន់​រាជធានី​ភ្នំពេញ​ ដើម្បី​សាកសួរ​ចម្លើយ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​»​។

បើតាម​លោក ម៉ក់ ជីតូ ពេលនេះ សមត្ថកិច្ច​ជំនាញ​កំពុង​បន្ត​ស្រាវជ្រាវ​បន្ថែម​ដើម្បី​ស្វែងរក​ចាប់ខ្លួន​អ្នកពាក់ព័ន្ធ​មួយ​​ចំនួន​ទៀត​។

តាម​ប្រភពពី​អាជ្ញាធរ​ស្រុក​ឱរ៉ាល់ ទីតាំង​ដែល​ជនសង្ស័យ​ជួល​កែច្នៃ​គ្រឿងញៀន​នោះ​គឺ​ស្ថិតនៅ​ខាងក្រោយ​រោងចក្រ​ផលិត​តំណាប់​ស្វាយ​របស់​ក្រុមហ៊ុន RICHFARMASIA CO.,LTD ក្នុងភូមិ​ដំបង​វេញ ឃុំ​សង្កែ​សាទប ស្រុក​ឱរ៉ាល់ ខេត្តកំពង់ស្ពឺ​។

យ៉ាងណាក្ដី នាយក​ក្រុមហ៊ុន RICHFARM ASIA CO.,LTD លោក ហ៊ុន ឡាក់ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្រុមហ៊ុន​របស់លោក​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ករណីនេះ​ទេ បើទោះជា​រោងចក្រ​ផលិត​តំណាប់​ស្វាយ​ជា​ដៃគូ​របស់​ក្រុមហ៊ុន​លោក​ស្ថិតនៅ​ក្បែរ​ទីតាំង​កែច្នៃ​គ្រឿងញៀន​នោះ​ក្ដី​។

លោក​ថ្លែងថា​៖ «​ក្រុមហ៊ុន​របស់ខ្ញុំ​គ្រាន់តែ​ជា​អ្នក​កុម្ម៉ង់​ទិញ​តំណាប់​ផ្លែស្វាយ​ចេញពី​រោងចក្រ​កែច្នៃ​ផ្លែស្វាយ​ ១ ​កន្លែង​នៅ​ក្នុង​តំបន់​នោះ ហើយ​ស្លាក​ក្រុមហ៊ុន​របស់​យើង​ដាក់​នៅ​ទីនោះ ដើម្បី​បង្ហាញ​ដល់​អតិថិជន​របស់​យើង​ពី​ប្រភព​តំណាប់​ផ្លែស្វាយ​​ដែល​យើង​កុម្ម៉ង់​ទិញ​ប៉ុណ្ណោះ​។

ម្យ៉ាងទៀត​រោងចក្រ​កែច្នៃ​ផ្លែស្វាយ​នោះ​ក៏​មិន​ជាប់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​នេះដែរ ព្រោះ​ទីតាំង​រោងចក្រ​ក្នុង​តំបន់​នេះ​មាន​ច្រើន​ហើយ​មាន​ម្ចាស់​ផ្សេងៗ​គ្នា​»​។

លោក​បាន​បន្តថា នៅ​ព្រឹក​ថ្ងៃទី​ ១៣ ខែធ្នូ លោក​បាន​សហការ​ផ្ដល់​របាយការណ៍​មួយចំនួន​ ដើម្បី​ចូលរួម​បំភ្លឺ​ដល់​សមត្ថកិច្ច​​ជាពិសេស​អាជ្ញាធរខេត្ត​កំពង់ស្ពឺ​ដោយ​បញ្ជាក់ថា ក្រុមហ៊ុន​របស់​លោក​មិន​ជាប់​ពាក់ព័ន្ធ​ក្នុង​ករណី​គ្រឿងញៀន​នេះ​ទេ​។

ការបំភ្លឺ​របស់លោក ក្រោយពី​មាន​ការផ្សព្វផ្សាយ​តាម​បណ្ដាញសង្គម​មួយចំនួន​បាន​ភ្ជាប់​ស្លាកសញ្ញា​ក្រុមហ៊ុន RICHFARM ASIA CO.,LTD របស់លោក​ទៅនឹង​ករណីនេះ​។

ជុំវិញ​ករណីនេះ លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នៅក្នុង​ជំហាន​បឋម លោក​ជឿថា ក្រុមហ៊ុន RICHFARM ASIA CO.,LTD មិន​ជាប់​ពាក់ព័ន្ធ​ក្នុង​​ករណី​គ្រឿងញៀន​ដ៏ធំ​នេះ​ទេ​។ «​ប៉ុន្តែ​ករណីនេះ វា​កំពុងស្ថិត​ក្រោម​ការស៊ើបអង្កេត​របស់​សមត្ថកិច្ច​ជំនាញ​នៅឡើយ​»​។

បើតាម​លោក វ៉ី សំណាង មុនពេល​មានការ​ចុះបង្ក្រាប​នេះ​សមត្ថកិច្ច​នគរបាល​ខេត្ត​កំពង់ស្ពឺ​បាន​ចុះ​ស្រាវជ្រាវ​អស់​រយៈពេល​ជាង​ ២ ​ខែ​មកហើយ ក្រោយពី​ទទួលបាន​តម្រុយ​ពី​សមត្ថកិច្ច​ជំនាញ​ថ្នាក់ជាតិ​ពី​ករណី​សង្ស័យ​​លួច​ច្នៃ​គ្រឿងញៀន​នៅក្នុង​ស្រុក​ឱរ៉ាល់​។

លោក អំ សំអាត នាយករង​អង្គការ​លីកាដូ​ថ្លែងថា បច្ចុប្បន្ននេះ​គ្រឿងញៀន​ជា​បញ្ហា​ធំ និង​ជា​ឧបករណ៍​មួយ​បំផ្លាញ​ធនធាន​មនុស្ស និង​បង្កើត​អសន្តិសុខ​ក្នុង​សង្គមជាតិ​។

លោក​ថ្លែងថា​៖ «​កន្លងមកនេះ​យើង​បាន​មើលឃើញ​ថា សមត្ថកិច្ច​បង្ក្រាប​ករណី​គ្រឿងញៀន​ធំៗ​ភាគច្រើន​ដែល​ប្រព្រឹត្តឡើង​ដោយ​ជនជាតិ​ចិន ដូច្នេះ​មើល​​ទៅ​គោលដៅ​នៃ​អ្នកប្រព្រឹត្ត​ (​អ្នក​សង្គមងងឹត​) ​គឺ​ហាក់បីដូច​ចង់យក​ទីតាំង​ទឹកដី​កម្ពុជា​យើង​ក្នុង​ការផលិត ចែកចាយ​ក្នុងស្រុក និង​នាំ​បន្តទៅ​ក្នុង​តំបន់​»​។

បើតាម​លោក អំ សំអាត អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​បង្កើន​ការទប់ស្កាត់ និង​បង្ក្រាប​លើ​ករណី​គ្រឿងញៀន ដោយមាន​ការត្រួតពិនិត្យ និង​ធ្វើ​អធិការកិច្ច​ទៀងទាត់​លើ​ក្រុមហ៊ុន និង​រោងចក្រ​មួយចំនួន​ដែលមាន​ការសង្ស័យ ដើម្បី​ធានា​កុំ​អោយ​ជនខិលខូច​យក​លេស​ក្រុមហ៊ុន និង​រោង​ច្រក​ទៅ​ផលិត​គ្រឿងញៀន និង​ប្រព្រឹត្ត​អំពើ​ខុសច្បាប់​។

ជុំវិញ​ករណីនេះ លោក ម៉ក់ជីតូ បាន​ថ្លែងថា ការបង្ក្រាប​គ្រឿងញៀន​ដ៏ធំ​នេះ​បាន​បង្ហាញ​​ថា កម្ពុជា​កំពុង​ប្រឹងប្រែង​ខ្លាំង​ក្នុង​ការទប់ស្កាត់​បទល្មើស​គ្រឿងញៀន​ដោយ​ប្រឆាំង​ដាច់ខាត​ការប៉ុនប៉ង​យក​កម្ពុជា​ជា​ទីតាំង​ផលិត​គ្រឿងញៀន​សម្រាប់​ទីផ្សារ​ក្នុង​តំបន់ និង​ពិភពលោក​។

លោក​បានឱ្យ​ដឹងថា ក្នុង​ឆ្នាំ​ ២០២១ ​គិត​ត្រឹម​ថ្ងៃទី​ ១៣ ខែធ្នូ​​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ទូទាំងប្រទេស​បាន​ជាង ៥ ០០០ ​ករណី ចាប់​ជនសង្ស័យ​ចំនួន​ជាង​ ១ ​ម៉ឺន​នាក់ និង​រឹបអូស​គ្រឿងញៀន​ចម្រុះ​បាន​ប្រមាណ​ ៣ ​តោន​។ លោក​ថា​៖ «​ថ្វីបើ​យ៉ាង​ដូច្នេះ​ក្ដី​ប្រទេស​កម្ពុជា​នៅ​មិនទាន់​ក្លាយជា​ប្រទេស​ផលិត​គ្រឿងញៀន​នោះទេ ព្រោះ​យើង​បាន​កាត់ផ្ដាច់​បណ្ដាញ​ក្រុម​បាន​ទាន់ពេល​»៕

វីដេអូ៖