ភ្នំពេញៈ អាជ្ញាសាលា​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នឹង​ចុះ​អនុវត្ត​ដីកា​សម្រេច បង្គាប់​ឱ្យ​ស្រាវជ្រាវ​ស្ថានភាព​បច្ចុប្បន្ន ផ្ទះ​របស់លោក សម រង្ស៊ី និង​លោកស្រី ជូឡុង សូមូរ៉ា ដែលជា​អតីត​​ទីស្នាក់ការ​គណបក្ស​សង្គ្រោះជាតិ ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ​ ២ ភូមិ​ព្រែកតាគង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌ​មានជ័យ​នៅ​ថ្ងៃទី​ ២០ ​ធ្នូ ឆ្នាំ​ ២០២១ ​ខាងមុខ​។

យោងតាម​លិខិត​ជូនដំណឹង​ដែល​ចុះហត្ថលេខា​ដោយ​លោក ទៀង សោភ័ណ អាជ្ញាសាលា​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​ ១៣ ធ្នូ ឆ្នាំ​ ២០២១ បញ្ជាក់ថា ការចុះ​អនុវត្ត​ដីកា​សម្រេច​បង្គាប់​ឱ្យ​ស្រាវជ្រាវ​ស្ថានភាព​បច្ចុប្បន្ន​ផ្ទះ​របស់លោក សម រង្ស៊ី និង​លោកស្រី​ ជូឡុង សូមូរ៉ា សហកូនបំណុល​នេះ​គឺ​ផ្អែកលើ​សំណុំរឿង​អនុវត្ត​ដោយ​បង្ខំ​លេខ ២០៤ ចុះ​ថ្ងៃទី​ ២៨ ខែតុលា ឆ្នាំ ២០២១ របស់​សាលាដំបូង​រាជធានី​។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះដែរ លោក អ៊ឹម វណ្ណៈ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​ ៤ ខែវិច្ឆិកា​បានចេញ​ដីកា​សម្រេច​ដាក់លក់​ដោយ​បង្ខំ​នូវផ្ទះ​របស់​លោក សម រង្ស៊ី និង​លោកស្រី ជូឡុង សូមូរ៉ា សហកូនបំណុល បន្ទាប់ពី​អ្នក​ទាំង​ ២ ​មិនបាន​អនុវត្តតាម​សាលដីកា​ស្ថាពរ​សំណុំ​រឿងនេះ​ចេញ​ដោយ​តុលាការ​កំពូល និង​សាលាដំបូង​រាជធានី​ភ្នំពេញ​។

តុលាការ​កំពូល​កាលពី​ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ​ ២០១៨ បានចេញ​សាលដីកា​ស្ថាពរ​បង្គាប់​ឱ្យ​លោក សម រង្ស៊ី សងជំងឺចិត្ត​ចំនួន ៤ ០០០ ​លាន​រៀល ជូនទៅ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​សំណុំរឿង​បរិហារកេរ្តិ៍​។ តុលាការ​កំពូល​កាលពី​ថ្ងៃទី​ ១ ខែវិច្ឆិកា ឆ្នាំ​ ២០១៧ ​បានចេញ​សាលដីកា​ស្ថាពរ​បង្គាប់​ឱ្យ​លោក សម រង្ស៊ី សងជំងឺចិត្ត ចំនួន ៤ ​ពាន់​លាន​រៀល ជូន​លោក​ ហេង សំរិន ប្រធាន​រដ្ឋសភា​។ សាលាដំបូង​រាជធានី​កាលពី​ថ្ងៃទី​ ៣០ ខែធ្នូ ឆ្នាំ​ ២០២០ ​បានចេញ​សាលក្រម​ស្ថាពរ​បង្គាប់​ឱ្យ​លោក​ សម រង្ស៊ី សងជំងឺចិត្ត​ចំនួន​ ២ ​ពាន់​លាន​រៀល​ជូន​លោក ស ខេង ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​កាលពី​ថ្ងៃទី​ ១ ​មីនា ឆ្នាំ​ ២០២១ ​សាលាដំបូង​រាជធានី បានចេញ​សាលក្រម​ស្ថាពរ​បង្គាប់​ឱ្យ​លោក​ សម រង្ស៊ី ​បង់ប្រាក់​ចំនួន ​១ ៨០០ ​លាន​រៀល​សងជំងឺចិត្ត​ជូន​រាជរដ្ឋាភិបាល​។

លោក សេង សារី អ្នកវិភាគ​បញ្ហានយោបាយ និង​សង្គម​ថ្លែងថា​ «​តុលាការ ចេញ​ដីកា​លក់​ផ្ទះ​របស់​លោក​ សម រង្ស៊ី ដែល​ជា​ទីស្នាក់ការ​អតីត​គណបក្ស​សង្គ្រោះជាតិ​ដោយ​បង្ខំ​នៅពេល​នេះ​បានបង្ហាញ​ថា គណបក្ស​កាន់អំណាច​កំពុង​បិទ​ទំព័រ​ប្រវត្តិសាស្ត្រ របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​បង្ហាញថា គណបក្ស​សង្គ្រោះជាតិ​មិនអាច​រស់​ឡើង​វិញទៀត​នោះទេ​»៕

វីដេអូ៖