វិទ្យាស្ថាន​ ខេមអេដ ប៊ីហ្សនេសស្គូល គឺជា​គ្រឹះស្ថាន​ឧត្តមសិក្សា​ដែល​ត្រូវបាន​ទទួលស្គាល់​ជា​អន្តរជាតិ និង​ជា​វិទ្យាស្ថាន​ឈានមុខ​គេ​នៅ​កម្ពុជា​ដែល​ផ្តោត​សំខាន់​លើ​ផ្នែក​គណនេយ្យ ហិរញ្ញវត្ថុ សវនកម្ម ដោយ​ក្នុង​រយៈពេល​ជាង​ ២០ ​ឆ្នាំ​កន្លងមកនេះ ខេមអេដ ​បានផ្តល់​ការបណ្តុះបណ្តាល​និស្សិត​កម្ពុជា​យ៉ាងច្រើន​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ ដើម្បីឱ្យ​ពួកគេ​មាន​សមត្ថភាព​ខ្ពស់​នៅក្នុង​ទីផ្សារការងារ និង​អាជីវកម្ម ដែល​កំពុង​រីកចម្រើន​ទាំង​សម្រាប់​ទីផ្សារ​ក្នុងស្រុក និង​អន្តរជាតិ​។

វគ្គសិក្សា​ថ្នាក់​គណនេយ្យករ​ជំនាញ នៅ​វិទ្យាស្ថាន​ ខេមអេដ គឺ​រៀបចំ​ឱ្យ​និស្សិត​មានចំណេះដឹង​ទូលំទូលាយ ប្រកប​ដោយ​ជំនាញ​វិជ្ជាជីវៈ នៅក្នុង​វិស័យ​គណនេយ្យ សវនកម្ម ច្បាប់​អាជីវកម្ម ហិរញ្ញវត្ថុ ការអនុវត្ត​ពន្ធដារ និង​មាន​ច្រើន​ទៀត​។ និស្សិត​ដែល​សិក្សា​នៅ​វិទ្យាស្ថាន​ ខេមអេដ ​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក គណនេយ្យ និង​ហិរញ្ញវត្ថុ (BA+CAT) កម្មវិធី​អន្តរជាតិ CAT និង ACCA សុទ្ធសឹងតែ​ឆ្លងកាត់​ការប្រឡង​ជា​អន្តរជាតិ ដែល​រៀបចំឡើង​ដោយ​ស្ថាប័ន​អន្តរជាតិ ACCA ដែល​មាន​ទីតាំងនៅ​ចក្រភព​អង់គ្លេស​។

ចំពោះ​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​គណនេយ្យ និង​ហិរញ្ញវត្ថុ (BA+ CAT) គឺ​ត្រូវ​សិក្សា​រយៈពេល​ ៤ ​ឆ្នាំ​មាន ៨ ឆមាស ហើយ​ក្នុង​ ១ ​ឆមាស មាន​រយៈពេល ៦ ​ខែ​។ ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​គណនេយ្យ និង​ហិរញ្ញវត្ថុ​សិក្សា​ផ្តោត​សំខាន់​លើ​ផ្នែក​គណនេយ្យ ហិរញ្ញវត្ថុ សវនកម្ម និង​ពាណិជ្ជកម្ម​។

អ្វីដែល​កាន់តែ​ពិសេស​ទៀត​នោះ វិទ្យាស្ថាន​ ខេមអេដ ដែល​បណ្តុះបណ្តាល​ជំនាញ​ហិរញ្ញវត្ថុ​ឈានមុខ​គេ​នៅ​កម្ពុជា ក៏​ផ្តល់​ឱកាស អាហារូបករណ៍​ដល់​និស្សិត​សម្រាប់​ថ្នាក់ (BA+CAT) ផងដែរ ដោយ​ផ្ដល់​អាហារូបករណ៍​រហូតដល់​ ៤ ០០០ ​ដុល្លារ​។

ដើម្បី​ទទួលបាន​អាហារូបករណ៍​សិក្សា​ថ្នាក់ BA+CAT នៅ​សាលា​ ខេមអេដ និស្សិត​ត្រូវ​ឆ្លងកាត់​ការប្រឡង​រយៈពេល ២ ​ម៉ោង​កន្លះ​លើ​មុខវិជ្ជា​អង់គ្លេស និង​គណិតវិទ្យា រួមទាំង​ការសម្ភាស​រយៈពេល ៥ ​ទៅ​ ១០ ​នាទី ហើយ​និស្សិត​អាច​ណាត់ និង​ជ្រើសរើស​ថ្ងៃ​ប្រឡង និង​កំណត់​ម៉ោង​ប្រឡង​ដោយ​ខ្លួនឯង​ចាប់ពី​ថ្ងៃ​ចន្ទ ដល់​ថ្ងៃអាទិត្យ ពី​ម៉ោង ៨ ព្រឹក ដល់ ម៉ោង ៥ ​រសៀល ហើយ​និស្សិត​នឹង​​ធ្វើការ​ប្រឡង​តាមរយៈ​អនឡាញ​។ ការផ្តល់ជូន​អាហារូបករណ៍​នេះ​ផ្តោត​សំខាន់​លើ​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​គណនេយ្យ និង​ហិរញ្ញវត្ថុ (BA+CAT) នៅ​សាលា​ ខេមអេដ សម្រាប់​រយៈពេល​ ៤ ​ឆ្នាំ​។

វិទ្យាស្ថាន​ ខេមអេដ គឺជា​វិទ្យាស្ថាន​មួយ​ដែលមាន​ការទទួល​ស្គាល់​ខ្ពស់​នៅក្នុង​ទីផ្សារការងារ​រួមជាមួយ​ថ្នាល​បណ្ដុះបណ្ដាល​ដែល​ប្រកបដោយ​គុណភាព គុណវុឌ្ឍិ និង​ការទទួលស្គាល់ ទាំង​ក្នុងស្រុក និង​លើ​ឆាក​អន្តរជាតិ​។ ក្នុងនោះ ខេមអេដ ​ត្រូវបាន​ទទួលស្គាល់​ទាំង​ក្នុងស្រុក និង​នៅលើ​ឆាក​អន្តរជាតិ ដូចជា​សមាគម​គណនេយ្យករ​ជំនាញ (ACCA) នៅ​ចក្រភព​អង់គ្លេស​, ស្ថាប័ន​ជំនាញ​អ្នកវិភាគ​ផ្នែក​ហិរញ្ញវត្ថុ (CFA) និង Accreditation Council for Business Schools and Programs នៅ​សហរដ្ឋអាមេរិក​, ស្ថាប័ន​ធានា​គុណភាព​អប់រំ​នៃ​បណ្តាញ​សាកល​វិទ្យាល័យ​អាស៊ាន (AUN-QA) នៅ​អាស៊ី​, ការទទួលស្គាល់​ផ្នែក​ការគ្រប់គ្រង​កម្រិតស្ដង់ដា ISO 9001: 2015 ដោយ Guardian Independent Certification ដែល​ចុះបញ្ជី​នៅ​ចក្រភព​អង់គ្លេស​ផងដែរ​។

ម្យ៉ាងវិញទៀត កាលពីពេល​ថ្មីៗ​នេះ វិទ្យាស្ថាន​ ខេមអេដ គឺជា​វិទ្យាស្ថាន​ឧត្តមសិក្សា​មុនគេ​បង្អស់​នៅ កម្ពុជា​ដែល​ត្រូវបាន​ទទួលស្គាល់​គុណភាព​អប់រំ​កម្រិត​ផ្កាយ​ ៥ ​ពី​ស្ថាប័ន QS Rating Stars នៅ​ចក្រភព​អង់គ្លេស​។

ការទទួលស្គាល់​នេះ​នឹង​ធ្វើឱ្យ​និស្សិត​កម្ពុជា​ដែល​បញ្ចប់​ការសិក្សា​នៅ​វិទ្យាស្ថាន​ ខេមអេដ រឹតតែ​មាន​ការទទួល​ស្គាល់​ទូលំទូលាយ​លក្ខណៈ​អន្តរជាតិ ហើយ​ការទទួលស្គាល់​នេះ​ក៏​ជួយ​សម្រួល​ដល់​និស្សិត​ដែលមាន​បំណង​ផ្ទេរ​ការសិក្សា​ទៅ​ក្រៅ​ប្រទេស​ផងដែរ​។

វិទ្យាស្ថាន​ ខេមអេដ គឺ​តែងតែ​សម្រិតសម្រាំង​យក​នូវ​សាស្ត្រាចារ្យ ដែល​មាន​ទាំង​ចំណេះដឹង ជំនាញ បទពិសោធ និង​មានគុណ​វុឌ្ឍិ​ខ្ពស់ សម្រាប់​បណ្ដុះបណ្ដាល និង​ប្រឹក្សា​យោបល់​ដល់​និស្សិត ដែល​មកពី​សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស សិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន ហុងកុង និង​ប្រទេស​ជាច្រើន​ទៀត ដើម្បី​ធានាថា និស្សិត​ដែល​បញ្ចប់​ការសិក្សា​នៅ​ ខេមអេដ គឺមាន​ចំណេះដឹង និង​ជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​ពិតប្រាកដ​។ មកដល់​បច្ចុប្បន្ន ខេមអេដ បណ្តុះបណ្តាល​និស្សិត​ថ្នាក់ BA+CAT បាន​ ៦ ​ជំនាន់ សរុប​ជាង​ ១ ៤៦៤ ​នាក់​៕