ភ្នំពេញៈ ​សាលាដំបូង​រាជធានី-ភ្នំពេញ​បានចេញ​ដីកា​កោះហៅ​សមាជិក​គណបក្ស​បេះដូង​ជាតិ​ចំនួន ២ ​រូប​ពាក់ព័ន្ធ​នឹង​ករណី​ «​ក្លែងបន្លំ​» ​ឱ្យចូល​បំភ្លឺ​នៅ​ថ្ងៃទី ១៦ ធ្នូ ខណៈ​គណបក្ស​នេះ​ចាត់ទុក​ការកោះហៅ​នេះ គឺជា​រូបភាព​គំរាមកំហែង​បំភិតបំភ័យ បំបាក់ស្មារតី​ប្រជាពលរដ្ឋ ក្នុង​បរិយាកាស​នយោបាយ​ជាក់ស្តែង​ដែល​គួរឱ្យ​ព្រួយបារម្ភ​។

យោងតាម​ដីកា​ចំនួន​ ២ ដែល​ចុះហត្ថលេខា​ដោយ​លោក សេង ហៀង ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​ ៦ ខែធ្នូ ឆ្នាំ​ ២០២១ ​បាន​កោះហៅ លោកស្រី ស៊ីម ធាំ អាយុ ៦១ ​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​ត្រាវបាក់​ ឃុំ​តាយ៉ែក ស្រុក​សូទ្រនិគម ខេត្ត​សៀមរាប និង​លោក ជា អ៊ាន អាយុ ៦២ ឆ្នាំ​រស់នៅ​ភូមិ​ងែកងក ឃុំ​បន្ទាយចក្រី ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ឱ្យចូល​បំភ្លឺ​នៅ​ថ្ងៃទី​ ១៦ ធ្នូ ឆ្នាំ ២០២១ ករណី​ក្លែងបន្លំ​ពាក់ព័ន្ធ​គណបក្ស​បេះដូង​ជាតិ​។

លោក​ ផ្លង់ សុផល ​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ថ្លែង​នៅ​ថ្ងៃទី​ ១៣ ធ្នូ​ថា លោក មិនមាន​យោបល់​ចំពោះ​ករណី​ខាងលើនេះ​ទេ​។

លោក សៀម ភ្លុក ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៣ ធ្នូ ថា តាម​ព័ត៌មាន​គឺ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​កោះហៅ សមាជិក​របស់​លោក​មាន​ចំនួន​ច្រើន ដូចជា​នៅ​ខេត្តកំពង់ធំ ខេត្ត​ព្រៃវែង និង​ខេត្តសៀមរាប​ឱ្យចូល​បំភ្លឺ ប៉ុន្តែ​សមាជិក​គាំទ្រ​គណបក្ស​បេះដូង​ជាតិ​នៅ​មូលដ្ឋានចំនួន ២ រូប​ទើប​ទទួលបាន​ដីកា​កោះហៅ​កាលពី​ថ្ងៃទី​ ១២ ខែធ្នូ​។

អ្នក​ទាំង​ ២ ​រូបនេះ នឹង​ទៅ​ចូលរួម​ឆ្លើយបំភ្លឺ តាម​កាលបរិច្ឆេទ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​មិន​រួញរា​នោះទេ​។

ទោះជា​យ៉ាងណា​លោក​ចាត់ទុក​ការកោះហៅ​នេះ គឺជា​រូបភាព​មួយ​គំរាមកំហែង​បំភិតបំភ័យ បំបាក់ស្មារតី​ប្រជាពលរដ្ឋ​ដែល​បាន​គាំទ្រ​បង្កើត​គណបក្ស​នយោបាយ​ដែលមាន​ទស្សនៈ​ផ្ទុយ​គណបក្ស​កាន់​អំណាច និង​គួរឱ្យ​ព្រួយបារម្ភ​យ៉ាងខ្លាំង​។ តាម​រដ្ឋធម្មនុញ្ញ​កម្ពុជា​បាន​ធានា​ការពារ​សិទ្ធិសេរីភាព​ប្រជាពលរដ្ឋ ក្នុង​ការសម្តែង​មតិ ឬ​ការចូលរួម​បង្កើត​សមាគម និង​គណបក្ស​នយោបាយ​តាម​ឆន្ទៈ​ខ្លួន ដោយ​គ្មាន​ការគំរាមកំហែង និង​ការបំភិតបំភ័យ​ឡើយ​។

លោក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​យល់ឃើញថា វា​កំពុង​បង្ហាញ​ពិភពលោក​ថា​នៅ​កម្ពុជា​កំពុងតែ​មាន​ការគំរាមកំហែង បំបិទ​សិទ្ធិសេរីភាព និង​បំភិតបំភ័យ ផ្នែក​នយោបាយ​ចំពោះ​អ្នក​ដែលមាន​ទស្សនៈ និង​ឆន្ទៈ​នយោបាយ​ផ្ទុយ​ពី​រដ្ឋាភិបាល និង​មួយវិញទៀត ជា​ការរំខាន​ដល់​ប្រជាពលរដ្ឋ ព្រោះ​នៅពេល​ដែល​គាត់​មក​គាត់​ត្រូវការ​ចំណាយលុយ​ធ្វើដំណើរ និង​ខាត​ការងារ​របស់គាត់​ថែមទៀត​»​។

បើតាម​លោក សៀម ភ្លុក ការគាំទ្រ​គណបក្ស​នយោបាយ​ពី​សំណាក់​ប្រជាពលរដ្ឋ​តាមរយៈ​ការផ្តិត​មេដៃ​នេះ​បើទោះបី​ស្នាម​មេដៃ​ច្បាស់ ឬ​មិនច្បាស់ ក្រសួង​គ្រាន់តែ​បដិសេធ​មិន​ទទួលស្គាល់​ទៅ​វា​ចប់​បាត់​ទៅ​ហើយ​ ព្រោះ​វា​មិន​បង្ក​ព្យៈសនកម្ម​ធ្វើឱ្យ​ប៉ះពាល់​ដល់​សង្គម ឬ​បុគ្គល​ណា​ដែល​ត្រូវយក​ច្បាប់​មក​អនុវត្ត​នោះទេ​។ ប៉ុន្តែ បើ​វា​បង្ក​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​តុលាការ​ធ្វើ​នេះ​គឺ​ត្រឹមត្រូវ និង​ទទួលបាន​ការគាំទ្រ​។

លោក សំ សុខគង់ មេធាវី​ការពារ​ក្តី​ឱ្យ​គណបក្ស​បេះដូង​ជាតិ​យល់ឃើញថា សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​សមាជិក​គាំទ្រ​គណបក្ស​បេះដូង​ជាតិ​ចំនួន​ ២ ​រូប​ឱ្យ​ចូល​បំភ្លឺ ពាក់ព័ន្ធ​ការ «​ក្លែងបន្លំ​» ​នេះ​បន្ទាប់ពី​លោក ​សៀម ភ្លុក ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ ប្តឹង​ក្រសួង​មហាផ្ទៃ​ដែល​បដិសេធ​មិន​ចុះបញ្ជី​គណបក្ស​ទៅ​តុលាការ​កំពូល​ដែល​នឹងត្រូវ​បើកសវនាការ​នៅ​ថ្ងៃទី​ ២៤ ខែធ្នូ ខាងមុខ​។

លោក​ថ្លែងថា​៖ «​បើតាម​ការប្រាប់​របស់​ពួកគាត់​ថា​ពួកគាត់​មិនបាន​ក្លែង​ស្នាម​មេដៃ ដូច​ការចោទប្រកាន់​ទេ ខ្ញុំ​គិតថា វា​ប៉ះពាល់​ដល់​ការសម្រេច​របស់​តុលាការ​កំពូល​ដែរ​ដោយសារ​តែ​តុលាការ​កំពូល​មិនទាន់​បាន​​សម្រេច​ថា តើ​ការចេញ​សេចក្តី​សម្រេច​របស់​ក្រសួង​មហាផ្ទៃ​ហ្នឹង ត្រូវ​រក្សាទុក​ ត្រូវ​លុបចោល ឬ បង្គាប់​ឱ្យ​ក្រសួងមហាផ្ទៃ​ចុះឈ្មោះ​ឡើងវិញ​ទេ​»​។

បើតាម​លោក សំ សុខគង់ សាលាដំបូង​រាជធានី​ភ្នំពេញ​មិន​គួរ​ណា​ធ្វើ​ដីកា​កោះហៅ​សមាជិក​គាំទ្រ​គណបក្ស​បេះដូង​ជាតិ​ឱ្យ​ចូល​បំភ្លឺ​ជុំវិញ​ករណី​ក្លែងបន្លំ​មេដៃ​នៅពេល​នេះ​នោះទេ គួរតែ​អនុញ្ញាត​ឱ្យ​តុលាការ​កំពូល​សម្រេច​បែបណា​ជាមុនសិន វា​ល្អ​ជាង​។

ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​ទាក់ទង លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​សុំ​ធ្វើ​អត្ថាធិប្បាយ​ករណីនេះ​បានទេ នៅ​ថ្ងៃទី​ ១៣ ធ្នូ​។ ប៉ុន្តែ ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃ​ទី​ ១៦ វិច្ឆិកា បានចេញ​លិខិត​បដិសេធ​មិន​ចុះបញ្ជី​គណបក្ស​បេះដូង​ជាតិ ដោយសារ​ការផ្តិត​ស្នាម​មេដៃ មាន​ភាព​មិន​ប្រក្រតី ដោយ​មាន​ការផ្តិត​ស្នាមមេដៃ​ជំនួស ការកន្លែង​បន្លំ​អត្តសញ្ញាណ​បុគ្គល និង​ការផ្តិត​ធ្វើឱ្យ​ខូចគុណភាព ដើម្បី​បង្កើន​បរិមាណ​ចំនួន​គណបក្ស​៕

វីដេអូ៖