ភ្នំពេញៈ និស្សិត​ ១ ​ក្រុម​បង្កើត​យុទ្ធនាការ​មួយ ដែល​មាន​ឈ្មោះថា​ ១ ​ដុល្លារ ដើម្បី​ស្នាមញញឹម​ដំរី ដោយ​រៃអង្គាស​ថវិកា​ពី​សប្បុរសជន ដើម្បី​ជួយ​អភិរក្ស​សត្វ​ដំរី​នៅ​តំបន់​ជើងភ្នំ​គូលែន និង​សម្រាប់​ដោះស្រាយ​បញ្ហា​ជីវភាព​អ្នកភូមិ​ក្នុង​តំបន់​នោះ បន្ទាប់ពី​ពួកគេ​រង​ផលប៉ះពាល់ ដោយសារ​គ្មាន​ភ្ញៀវទេសចរ​ចូល​ទស្សនា​។

យុវជន សាមរ៉ុង ហុកស្រ៊ុន ដែលជា​ប្រធាន​ក្រុម​អ្នក​ផ្តួចផ្តើម​ក្នុង​ចំណោម​និស្សិត​ចំនួន​ ៧ ​រូប​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃទី​ ១៣ ធ្នូ ថា យុទ្ធនាការ​ ១ ​ដុល្លារ ដើម្បី​ស្នាមញញឹម​ដំរី គឺជា​យុទ្ធនាការ​មួយ​ដែល​បាន​បង្កើតឡើង​ដោយ​ក្រុមនិស្សិត​សុទ្ធសាធ បន្ទាប់ពី​មើលឃើញ​ពី​ផលប៉ះពាល់ និង​ការខ្វះខាត​របស់​ក្រុម​អ្នក​អភិរក្ស​សត្វ​ដំរី​ក្នុង​ខេត្តសៀមរាប​។ ជាពិសេស​បញ្ហា​ប្រឈម​នឹង​ការខ្វះខាត​ស្បៀង​សម្រាប់​សត្វ​ដំរី​។

យុវជន ហុកស្រ៊ុន បញ្ជាក់ថា​៖ «​យើង​បង្កើត​យុទ្ធនាការ​នេះ ដោយសារ​ឃើញថា​ដំរី​ទាំងនេះ​ពី​ដើមឡើយ គាត់​ដឹក​ភ្ញៀវទេសចរ​នៅក្នុង​ខេត្តសៀមរាប​យូរហើយ​។ តែ​នៅពេល​មើលឃើញ​ពី​ការធ្វើ​អំពើ​ឃោរឃៅ​ទៅលើ​វា​ហ្នឹង បាន​គេ​យក​វា​ទៅធ្វើ​ការអភិរក្ស​នៅ​ភ្នំ​គូលែន​»​។

ហុកស្រ៊ុន ​បន្ថែមថា​៖ «​ដោយសារ​តែមួយ​រយៈ​ចុងក្រោយ​នេះ មាន​ការប៉ះពាល់​ដោយសារ​កូវីដ-១៩ ក៏​អត់​សូវ​មាន​ភ្ញៀវទេសចរ​ទៅ​អ៊ីចឹង​ទៅ ក៏បាន​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ដំរី​ដែរ​។ យើង​ក៏​គិតថា អាចជួយ​បាន​ខ្លះ ក្នុង​នាម​ជា​សិស្ស​»​។

យុវជន សាមរ៉ុង ហុកស្រ៊ុន ដែលជា​និស្សិត​ឆ្នាំ​ទី​ ៤ នៅ​សាលា Paragon រាជធានី​ភ្នំពេញ និយាយ ថា យុទ្ធនាការ​ដែល​ក្រុម​ខ្លួន​បង្កើត​នេះ មាន​រយៈពេល ១ ​ខែ គឺ​ចាប់ពី​ដើមខែ​ធ្នូ ហើយនឹង​បញ្ចប់​នៅ​ដើមខែ​មករា​។ ថវិកា​ដែល​ប្រមូលបាន​ពី​សប្បុរសជន​នឹង​យកទៅ​ប្រគល់ជូន​ក្រុម​អ្នក​អភិរក្ស និង​ប្រជាសហគមន៍​តែម្តង​។

យុវជន​រូបនេះ​ប្រាប់ថា​៖ «​យុទ្ធនាការ​យើង​នេះ យើង​បង្កើតជា​ផេក​ដោយ​ធ្វើការ​ផ្សព្វផ្សាយ​តាមរយៈ​បណ្តាញ​សង្គម​ហ្វេសប៊ុក ដើម្បី​កៀរគរ​ឱ្យ​មាន​ការចូលរួម​ពី​សប្បុរសជន​នានា​។ យើង​ទើបតែ​បាន​ ១ ​អាទិត្យ​ទេ តែ​ក៏មាន​អ្នកចូលរួម​ជាច្រើន​។ យើង​សង្ឃឹមថា​នឹងមាន​ការចូល​រួម​គាំទ្រ​បន្ថែមទៀត​»​។

តំបន់​អភិរក្ស​សត្វ​ដំរី​នៅ​ជើងភ្នំ​គូលែន មាន​ទីតាំងនៅ​ភូមិ​បុស្សធំ ឃុំ​ខ្នារពោធិ៍ ស្រុក​សូទ្រនិគម ខេត្តសៀមរាប​ត្រូវបាន​បង្កើតឡើង កាលពី​ចុងឆ្នាំ​ ២០១៩ បន្ទាប់ពី​បានសម្រេច​ប្រមូល​សត្វ​ដំរី​ចំនួន​ ១៣ ​ក្បាល​របស់​ប្រជាសហគមន៍​ដែល​ប្រកបរបរ​ដឹក​ភ្ញៀវ​ទស្សនា​កម្សាន្ត​តាម​តំបន់​អង្គរ​យកមក​រក្សាទុក​ក្នុង​តំបន់​នេះ​។

លោក ពីយ៉ូត ដាវីតហ្យាយ៉ា សហ​ស្ថាបនិក​តំបន់​អភិរក្ស​សត្វដំរី​នៅ​ជើងភ្នំ​គូលែន ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៣ ធ្នូ ថា គោលដៅ​នៃ​ការប្រមូល​សត្វ​ដំរី​ទាំងនេះ ដើម្បី​កាត់បន្ថយ​ការធ្វើ​អំពើ​ឃោរឃៅ​លើ​សត្វដំរី ដោយ​ផ្តល់​ឱ្យ​ពួកគេ​នូវ​សេរីភាព និង​ការរស់នៅ​ជាមួយនឹង​ធម្មជាតិ​ជំនួស​វិញ​។

ប៉ុន្តែ​ក្រោយ​គម្រោង​ដំណើរការ លោក​បន្តថា ស្ថានភាព​នៃ​ការផ្ទុះ​កូវីដ​ ១៩ ក៏បាន​ផ្ទុះឡើង ដែល​ជា​ហេតុ​ធ្វើឱ្យ​ប៉ះពាល់​ស្ថិរភាព និង​ការរស់នៅ​របស់​ប្រជាសហគមន៍ និង​ការរស់នៅ​របស់​សត្វដំរី ព្រោះតែ​ចំណូល​ដែល​រំពឹង​ពី​ភ្ញៀវទេសចរ​ចូល​មើល​កម្សាន្ត​ក្នុង​តំបន់​អភិរក្ស ត្រូវ​បាន​បាត់បង់​ជា​បណ្តើរៗ​។

លោក​ថ្លែងថា​៖ «​តាមពិតទៅ គម្រោង​ដំរី​នេះ យើង​មាន​បញ្ហា​ប្រមូល​ថវិកា​តាំងពី​ដើមដំបូង ផ្ទុះ​កូវីដ​ ១៩ នៅ​ដើមឆ្នាំ​ ២០២០ ​មកម៉្លេះ​។ ព្រោះ​អី​នៅ​ខេត្ត​សៀមរាប គម្រោង​យើង​រស់​តែ​ជាមួយ​ចំណូល ទេសចរណ៍ ហើយ​យើង​បើក​ដំណើរការ​មិនទាន់​ស្រួលបួល​ផង ក៏​កូវីដ​នេះ​ធ្លាក់​មក​។ ចំណូល​យើង​ឥឡូវ​បាន​តែ​ភ្ញៀវ​ក្នុងស្រុក ដែល​ខ្សត់​ជាង​មុន​ឆ្ងាយ​ណាស់​»​។

លោក ពីយ៉ូត ដាវីតហ្យាយ៉ា ឱ្យដឹងថា ក្នុង​ ១ ​ថ្ងៃ សត្វ​ដំរី​ក្នុង​តំបន់​អភិរក្ស​ត្រូវ​ស៊ី​ចំណី យ៉ាងហោចណាស់​ប្រមាណ​ជា​ ២០០ ទៅ ៣០០ ​គីឡូ ដែល​ក្នុង​ ១ ​ថ្ងៃៗ តំបន់​អភិរក្ស​សត្វ​ដំរី​ជើងភ្នំ​គូលែន ត្រូវ​ចំណាយ​ផ្គត់ផ្គង់​ដំរី​ចំនួន​ ១៣ ​ក្បាល​។ លោក​បង្ហាញ​ក្តី​សង្ឃឹមថា ការបង្កើត​ជា​យុទ្ធនាការ​របស់​ក្រុមនិស្សិត​ក្នុង​ពេលនេះ គឺជា​ផ្នែក​មួយ ដើម្បី​ចូលរួម​ជួយ​ដល់​សត្វ​ដំរី​ក្នុងប្រទេស​កម្ពុជា​។

យុវជន លាង គុំមៈ ដែល​បាន​ចូលរួម​ផ្តល់​ថវិកា​តាមរយៈ​យុទ្ធាការ​នេះ​បាន​និយាយថា ការចូលរួម​របស់ខ្លួន ក៏​ព្រោះ​មើលឃើញ​ថា ការជួយ​ទៅលើ​សត្វ​ដំរី វា​ជា​ការជួយ​មួយផ្នែក​ទៅលើ​សង្គម​ផងដែរ ខណៈ​ដែល​សត្វ​ដំរី​អាច​ទាក់ទាញ​ជនបរទេស​មក​ទស្សនា ហើយ​វា​អាច​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​មាន​ភ្ញៀវទេសចរ​ច្រើន​៕