ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជំរុញ​ឱ្យ​ភាគី​ពាក់ព័ន្ធ​សិក្សា​ឱ្យបាន​ស៊ីជម្រៅ​អំពី​បញ្ហា​ប្រឈម​ក្នុង​ការដោះស្រាយ​វិវាទ​ការងារ​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ សំដៅ​ធានា​បាន​នូវ​សុខដុម​រមណីយកម្ម​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ ដែល​ជា​កត្តា​ស្នូល​ទាក់ទាញ​ការវិនិយោគ​។

ការជំរុញ​នេះ​ធ្វើឡើង​ក្នុង​វេទិកា​ត្រីភាគី​ស្តីពី​អនាគត​នៃ​ការដោះស្រាយ​វិវាទ​ការងារ ដោយ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​នា​ព្រឹក​ថ្ងៃទី​ ១៣ ធ្នូ ដោយ​មាន​ការចូលរួម​ពី​ក្រសួង​ការងារ​តំណាង​អង្គការ​ ILO តំណាង​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល និង​មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល តំណាង​អង្គការ​វិជ្ជាជីវៈ​របស់​និយោជក តំណាង​អង្គការ​វិជ្ជាជីវៈ​របស់​កម្មករនិយោជិត និង​តំណាង​អ្នកបញ្ជា​ទិញ​អន្តរជាតិ​។

វេទិកា​ត្រីភាគី​នេះ គឺជា​ឱកាស​ដ៏សំខាន់​ក្នុង​ការពិនិត្យ​ឡើង​វិញ​នូវ​សមិទ្ធផល​ការងារ និង​បញ្ហា​ប្រឈម​នានា​ក្នុង​ការពង្រឹង​ទំនាក់ទំនង​វិជ្ជាជីវៈ​នៅ​កម្ពុជា​។ ជាពិសេស​ការអនុវត្ត​យន្តការ​ដោះស្រាយ​វិវាទ​ការងារ​រួម​ដោយ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​។

នាឱកាស​នោះ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក​ អ៊ិត សំហេង បាន​ធ្វើការ​ណែនាំ​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ​សិក្សា​ឱ្យ​បាន​ស៊ីជម្រៅ​អំពី​បញ្ហា​ប្រឈម​ដែល​បាន និង​កំពុង​ជួបប្រទះ​ក្នុង​ការដោះស្រាយ​វិវាទ​ការងារ​រួម​។ លោក​ជំរុញ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ត្រូវ​ស្វែងរក​ដំណោះស្រាយ​រួមគ្នា ប្រកប​ដោយ​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់​ចំពោះ​វិវាទ​បុគ្គល​។

លោក​ថ្លែង​ថា​៖ «​ភាគី​ពាក់ព័ន្ធ​សូម​ធ្វើការ​ពិចារណា​ដោយ​ផ្អែកលើ​មូលដ្ឋាន​គតិយុត្ត​ជា​ធរមាន និង​ដើម្បី​ផលប្រយោជន៍​រួម​សំដៅ​ធានា​បាន​សុខដុម​រមណីយកម្ម​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ ដែល​ជា​កត្តា​ស្នូល​ក្នុង​ការទាក់ទាញ​ការវិនិយោគ​»​។

លោក​ អ៊ិត សំហេង សង្ឃឹមថា គ្រប់ភាគី​ពាក់ព័ន្ធ​នឹង​បន្ត​ផ្តល់​ទំនុកចិត្ត​ដល់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ដោយ​ផ្អែកលើ​បទពិសោធ និង​ការដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​ការដោះស្រាយ​វិវាទ​ការងារ​រួម​ប្រកបដោយ​ជោគជ័យ​។ លោក​ថា វេទិកា​ត្រីភាគី​នឹង​ចូលរួម​ចំណែក​យ៉ាងសំខាន់​ក្នុង​ការកំណត់​នូវ​ទិសដៅ​រួមគ្នា ដែល​កើតចេញ​ពី​ការឯកភាព និង​ការគាំទ្រ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​លើ​អនាគត​នៃ​ការដោះស្រាយ​វិវាទ​ការងារ​ដោយ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល ប្រកប​ដោយ​ប្រសិទ្ធភាព និង​តម្លាភាព​ស្របតាមច្បាប់ និង​បទប្បញ្ញត្តិ​ជា​ធរមាន​។

លោក​លើកទឹកចិត្ត​ឱ្យ​បន្ត​យន្តការ​គាំទ្រ​ហិរញ្ញវត្ថុ​ពី​ពហុភាគី ប៉ុន្តែ​ចៀសវាង​ការធ្វើ​ចលនា​ទាមទារ​ឱ្យ​មាន​ការកាត់​វិភាគទាន​ពី​កម្មករនិយោជិត​តាមរយៈ​សហជីព ដើម្បី​គាំទ្រ​ហិរញ្ញវត្ថុ​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ក្នុង​ដំណាក់កាល​នៃ​ការស្តារ​សេដ្ឋកិច្ច​ក្នុង និង​ក្រោយ​វិបត្តិ​កូវីដ​ ១៩ ដែល​អាច​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​ការពង្រឹង​ទំនាក់ទំនង​វិជ្ជាជីវៈ និង​ការលើកកម្ពស់​កម្រិតជីវភាព​របស់​កម្មករនិយោជិត​។

នាយក​ប្រតិបត្តិ​នៃ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​លោក​ ម៉ែន និមិ្មត ថ្លែងថា ក្នុង​រយៈពេល ១៨ ​ឆ្នាំ​មកនេះ ការដោះស្រាយ​វិវាទ​រួម​តាមរយៈ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​មាន​ប្រមាណ​ ៣ ០០០ ​សំណុំរឿង ដែល​អត្រា​ជោគជ័យ​មាន ៧៥ ​ភាគរយ​។

លោក​ថា​៖ «​ប្រភេទ​វិវាទ​ដែល​ដោះស្រាយ​រវាង​កម្មករនិយោជិត និង​និយោជក គឺជា​ប្រភេទ​វិវាទ​រួម​។ បញ្ហា​កើតឡើង​ដោយសារ​ការបណ្តេញចេញ ការបើក​ប្រាក់ខែ​ខុស ធ្វើការ​លើស​ម៉ោង​ដែលជា​ប្រភេទ​វិវាទ​ចម្បង​»​។

លោក​បន្តថា ក្រៅពីនោះ មាន​ប្រភេទ​វិវាទ​ផ្សេងទៀត​ទាក់ទង​ទៅនឹង​ការរើសអើង​ពាក់ព័ន្ធ​ស្ត្រី​បំបៅ​ដោះ​កូន​ត្រូវការ​កន្លែង​ត្រឹមត្រូវ​ក្នុង​សហគ្រាស និង​វិវាទ​ផ្សេងៗ​ទៀត​ដែល​រាប់​ថា​ជា​វិវាទ​ផលប្រយោជន៍​។ លោក​ថា ការដោះស្រាយ​នៅ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​មាន​ភាពខុសគ្នា​ខ្លាំង​ជាមួយ​ការដោះស្រាយ​វិវាទ​នៅតាម​តុលាការ​។ លោក​បន្តថា​៖ «​អ្វីដែល​ខុសគ្នា​សំខាន់​នោះ គឺ​យើង​ប្រើពេល​វេលា​តែ ​១៥ ​ថ្ងៃ​ទេ ក្រោម​ផ្លូវច្បាប់​។ ប៉ុន្តែ​បើ​ភាគី​វិវាទ​គាត់​ព្រមព្រៀង​គ្នា​ថា សុំឱ្យ​អាជ្ញាកណ្តាល​ចំណាយពេល​បន្ថែមទៀត​ ដោយសារ​បញ្ហា​ស្មុគស្មាញ យើង​អាច​ពន្យារពេល​លើសពី​ ១៥ ​ថ្ងៃ បន្ទាប់មក​យើង​ចេញ​សេចក្តី​បង្គាប់​ទៅ​គេ អាច​យកទៅ​ប្រើប្រាស់​បាន​ថា អ្នកណា​ជា​អ្នកឈ្នះ​»​។

លោក​ និម្មិត ​បន្ត​ថា​៖ «​ប៉ុន្តែ​បើ​នៅ​តុលាការ មាន​ ៣ ​ជាន់​នៅ​សាលាដំបូង សាលាឧទ្ធរណ៍ និង​តុលាការ​កំពូល ហើយ​ការដោះស្រាយ​នៅ​តុលាការ​ជា​ការរក​យុត្តិធម៌​ស៊ីជម្រៅ​។ ត្រូវ​ប្រើប្រាស់​ពេលវេលា​ច្រើនណាស់ ហើយ​ដោះស្រាយ​បាន​ទាំង​វិវាទ​បុគ្គល និង វិវាទ​រួម​ដែល​ត្រូវការ​ពេល​រាប់​ខែ​ ឬ​រាប់​ឆ្នាំ​»​។

ប្រធាន​សហភាព​សហជីព​យុវជន​ការពារ​សិទ្ធិ​កម្មករ​កម្ពុជា លោក​ ឡុង សុផាត ថ្លែងថា វត្តមាន​នៃ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល គឺជា​យន្តការ​មួយ បង្កើតឡើង​ដោយ​ច្បាប់​ស្តីពី​ការងារ​។ ការដោះស្រាយ​មាន​ភាពល្អ​ច្រើន​។

លោក​ថ្លែងថា​៖ «​តាំងពី​បង្កើត​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​យើង​មើលឃើញ​ដំណើរការ​ក្នុង​ការដោះស្រាយ​វិវាទ​ការងារ​ជារួម​កន្លងមក គឺ​ប្រសិទ្ធភាព​ធ្វើឱ្យមាន​សុខដុម​រមណីយកម្ម​នៅ​កន្លែង​ការងារ គឺ​មាន​ភាពល្អ​ច្រើន ដោយសារ​ភាគីនិយោជក និង​កម្មករនិយោជិត នៅពេល​មាន​វិវាទ​កើតឡើង គាត់​បាន​ជួបគ្នា​នៅ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល មុន​ឈាន​ដល់​តុលាការ​»៕