ព្រះសីហនុ/កំពង់ស្ពឺៈ ករណី​បង្ក្រាប​គ្រឿងញៀន​ជាង​២តោន​ នៅ​ស្រុក​កំពុងសីលា ​ខេត្ត​ព្រះសីហនុ ​និង​នៅ​ស្រុក​ឱរ៉ាល់​ក្នុង​ខេត្ត​កំពង់​ស្ពឺ ​សមត្ថ​កិច្ច​នគរបាល​ជំនាញ ​អះអាងថា ​ជាប្រតិបត្តិការ​ ២ ​ក្នុង​ពេល​តែ​មួយ។

លោក​ម៉ក់​ ជីតូ ​អគ្គស្នងការរង​នគរបាល​ជាតិ ​ទទួល​បន្ទុក​បង្ក្រាប​បទល្មើស​គ្រឿងញៀន ​បានប្រាប់​នៅ​ថ្ងៃទី១៤ ​ខែធ្នូ​នេះ​ថា​ ករណី​ទាំង២​នេះ ​សមត្ថកិច្ច​នគរបាល​ជំនាញ ​បានធ្វើ​ការស្រាវជ្រាវ ​អស់​រយៈពេល​៣ខែ​មក​ហើយ ​បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពី​នគរបាល​ជំនាញ​នៃ​ប្រទេសចិន​ថា​ មាន​ជនជាតិចិន​១ក្រុម ​ប៉ុនប៉ង​ធ្វើ​ការកែច្នៃ​គ្រឿង​ញៀន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​នាំចេញ​ទៅកាន់​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់។ ថ្មីៗ​នេះ ​មាន​សេចក្ដី​រាយការណ៍ ​ពី​ភ្នាក់​ងារ​សម្ងាត់​ថា ​មាន​ជន​ជាតិ​ចិន​១ក្រុម​ទៀត ​មាន​ផែនការ​ដឹកជញ្ជូន​គ្រឿងញៀន​ដ៏ច្រើន​សន្ធឹក​សន្ធាប់​ ចេញពី​ភ្នំពេញ ​ក្នុង​គោលដៅ​ទៅ​ខេត្ត​ព្រះសីហនុ​ ឬ ​ខេត្ត​កោះកុង ​ដើម្បី​នាំយក​ទៅកាន់​នាវា​១​នៅ​កោះ​តាង។

លោក​បញ្ជាក់ថា​៖«ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ករណី​គ្រឿងញៀន​ទាំង​២ករណី ​ក្នុង​ពេល​តែមួយ​នេះ ​សមត្ថកិច្ច​យើង ​បានប្រើ​សិទ្ធិ​ការពារ​ខ្លួន ​បាញ់​តតប​បណ្ដាល​ឱ្យ​ជនសង្ស័យ​ជនជាតិ​ចិន​ម្នាក់​ស្លាប់​នៅនឹង​កន្លែង ​បន្ទាប់ពី​ជន​សង្ស័យ​រូបនោះ ​ បាន​បើក​ឡាន​បុក​បារ៉ាស់​ហើយ​បាញ់​មកលើ​សមត្ថកិច្ច​យើង​ទាំង​កម្រោល»។

បើ​តាម​លោក​ម៉ក់ ជីតូ ​ក្រោយ​ការបង្ក្រាប​ ដោយ​មាន​ការបាញ់​ប្រហារ​គ្នា ​ជាមួយ​ក្រុមជន​សង្ស័យ​នៅលើ​កំណាត់​ផ្លូវ​ជាតិ​លេខ៤ ​ក្នុង​ភូមិសាស្ត្រ​ស្រុក​កំពង់សីលា ​ខេត្ត​ព្រះសីហនុ ​ដែល​បណ្ដាលឱ្យ​ជនសង្ស័យ​ម្នាក់​ស្លាប់ ​សមត្ថកិច្ច​បានចាប់​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់ ​ជាមួយ​គ្រឿញៀន ​ប្រភេទ ​Ketamine​ចំនួន​១ ៤៨០គីឡូ​ក្រាម។ បន្ទាប់​ពី​សួរចម្លើយ​ជន​សង្ស័យ​រូប​នោះ ​សមត្ថកិច្ច​ក៏បាន​ដឹង​ពី​ទីតាំង​ផលិត​ ហើយ​ឈាន​ដល់​ការបង្ក្រាប​ចាប់​បាន​មេខ្លោង​ធំ​ម្នាក់​ទៀត​នៅ​ក្នុង​រោងចក្រ​ផលិត​អាល់កុល ​ក្នុង​ស្រុក​ឱរ៉ាល់​ ខេត្ត​កំពង់ស្ពឺ ​រួមទាំង​អ្នកពាក់​ព័ន្ធ​ចំនួន​១៤នាក់ ​ដែល​ក្នុងនោះ​ភាគច្រើន​ជា​កម្មករ។

លោក​បញ្ជាក់​ថា​៖«នៅ​ទីតាំង​រោងចក្រ​នេះ ​សមត្ថកិច្ច​យើង​បានរកឃើញ​ថ្នាំញៀន​ប្រភេទ​ Ketamine ​ចំនួន​៧៥៣​គីឡូ​ក្រាម​បន្ថែម​ទៀត ​រួមទាំង​សារធាតុ​គីមី​ផ្សំ​ជាង​៨៤តោន។ ដូច្នេះ​គ្រឿងញៀន​ដែល​យើង​បង្ក្រាបបាន​កាលពី​ថ្ងៃទី១៣​ មាន​ចំនួន​សរុប​ជាង​២តោន»។

លោក​បានបន្ថែម​ថា ​នៅពេល​នេះ​កម្លាំង​សមត្ថកិច្ច​គរបាល​ជំនាញ​កំពុង​បន្ត​ស៊ើបសួរ​ជនសង្ស័យ ​និង​ កំពុង​សហការ​ជាមួយ​កម្លាំង​នគរបាល​ជើងទឹក ​ដើម្បី​ស្រាវជ្រាវ​រកនា​វា ​របស់​ក្រុម​ជនសង្ស័យ​នៅ​កោះ​តាង៕