កំពតៈ ទីតាំង​ដី​ព្រែក​ក្បាលរមាស ស្ថិតនៅ​ឃុំ​ជុំក្រៀល ស្រុក​ទឹកឈូ​ដែល​អាជ្ញាធរ​ទើបតែ​អនុវត្ត​វិធានការ​ក្តៅ ចុះ​រុះរើ​សំណង់ និង​កាយ​អាចម៍ដី​ចេញពី​ចំណី​ព្រែក​វិញ​នោះ អាច​នឹង​ត្រូវ​រៀបចំ​ធ្វើជា​សួនច្បារ​ ដើម្បី​បម្រើ​ប្រយោជន៍​សាធារណៈ​។

លោក​ សេង សារីបុត្រ អភិបាលរង​ខេត្តកំពត​ថ្លែង​នៅ​ថ្ងៃទី ១៤ ខែធ្នូ​ថា ក្រោយ​អនុវត្ត​វិធានការ​ក្តៅ​ក្នុងការ​រុះរើ​សំណង់​ និង​កាយ​អាចម៍ដី​ចេញពី​ចំណី​ព្រែក​វិញ​ទីតាំង​ដី​ព្រែក​ក្បាលរមាស​ដែល​ស្ថិតនៅ​ឃុំ​ជុំក្រៀល ស្រុក​ទឹកឈូ អាច​នឹងត្រូវ​រៀបចំ​សម្អាត​ធ្វើជា​សួនច្បារ​ ឬ​ជា​កន្លែង​អ្វីមួយ ដើម្បី​បម្រើ​ប្រយោជន៍​សាធារណៈ​។ យ៉ាងណា​លោក​អភិបាលរង​ខេត្ត មិន​បាន​បញ្ជាក់​ច្បាស់ ថា ទីតាំង​នោះ មាន​ទំហំ​ប៉ុនណា​នោះឡើយ​។

លោក​ថ្លែងថា​៖ «​យើង​នឹង​សម្អាត​ឱ្យទៅជា​របស់​រដ្ឋ យើង​អាចធ្វើ​សួន​ ឬ​ធ្វើជា​កន្លែង​អ្វីមួយ សម្រាប់​បម្រើ​ជា​របស់​សាធារណៈ​តែម្តង​។ អាហ្នឹង ក្រោយពី​អនុវត្ត​សំខាន់​គោលការណ៍​ឯកឧត្តម​អភិបាល អ៊ីចឹង អភិបាល​គាត់​ថា​ចង់​ធ្វើ​ម៉េច​អាហ្នឹង​លើ​គាត់​សម្រេចចិត្ត​នៅពេល​ក្រោយ​»​។

កាលពី​ថ្ងៃទី​ ១៣ ធ្នូ លោក សារីបុត្រ បាន​ដឹកនាំ​កម្លាំងចម្រុះ​ចុះទៅ​រុះរើ​សំណង់​នៅ​ទីតាំង​ព្រែក​ក្បាលរមាស​ក្រោយពី​អាជ្ញាធរ​បាន​ជូនដំណឹង​ជាច្រើនលើក​ច្រើនសា ដោយ​តម្រូវឱ្យ​អ្នក​បំពាន​កាន់កាប់​ដី​របស់​រដ្ឋ ត្រូវ​រុះរើ​សំណង់ និង​កាយ​អាចម៍​ដី​ចេញពី​ព្រែក​វិញ ប៉ុន្តែ​ដល់​ថ្ងៃ​ឱសានវាទ​នៃ​ការជូន​ដំណឹង​ចុងក្រោយ នៅ​ថ្ងៃទី​ ៨ ធ្នូ អ្នកល្មើស​នៅតែ​មិន​អនុវត្តតាម​។

លោក​ប្រាប់ថា ការចុះទៅ​អនុវត្ត​កិច្ចការងារ​នេះ គឺ​ធ្វើ​ឡើង​ក្រោម​បទបញ្ជា​ពី លោក ម៉ៅ ធនិន អភិបាល​ខេត្តកំពត និង​មាន​តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្តកំពត​ចូលរួម​ផងដែរ​។ កម្លាំង​នៃ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​បាន​ចុះ​រុះរើ​សំណង់​សង់​លើ​ចំណី​ព្រែក ដែល​ធ្វើឡើង​ដោយ​ជនខិលខូច​ចំនួន ២ ​នាក់​។

លោក​អភិបាលរង​ខេត្តកំពត​បញ្ជាក់បន្ថែម​ថា ចំពោះ​ជនខិលខូច​ទាំង​ ២ ​រូបនោះ​នៅ​មិនទាន់​មាន​ការសម្រេច​ពិន័យ​យ៉ាងណា​ឡើយ ប៉ុន្តែ​អ្វីដែល​អ្នក​ទាំងនោះ​រំលោភច្បាប់ នឹង​ត្រូវ​ធ្វើជា​របាយការណ៍​មួយ​ដើម្បី​ដាក់ជូន​អភិបាលខេត្ត​។

លោក​ នាក់ សុវណ្ណារី អភិបាលស្រុក​ទឹកឈូ​ថ្លែង​នៅ​ថ្ងៃទី ១៤ ធ្នូ​ថា តំបន់​នោះបាន​ចុះបញ្ជី​លក្ខណៈ​ជា​ប្រព័ន្ធ​រួចរាល់​តាំងពី​ឆ្នាំ ២០២០​។ ក្រោយ​ចេញ​បណ្ណ​ជូន​ពលរដ្ឋ​អាជ្ញាធរ​ឃុំ និង​ស្រុក​បានដឹងថា មាន​អ្នកធ្វើ​របង​ពី​លើដី​ចំណី​ព្រែក ក៏បាន​ធ្វើការ​ចុះទៅ​ណែនាំ ក្រោយ​មក​ទៀត ជនខិលខូច​ក៏បាន​ចាក់ដី​បន្ថែមទៀត អាជ្ញាធរ​នៅតែ​បន្ត​ចុះ​អប់រំ​ណែនាំ​បន្ថែមទៀត​។

លោក​អភិបាលស្រុក​បញ្ជាក់ថា ការបំពាន​ដី​រដ្ឋ​នេះ​មិនមែន​អាជ្ញាធរ​ព្រងើយកន្តើយ​ទុកឱ្យ​បញ្ហា​កើតឡើង​នោះទេ​។ អាជ្ញាធរ​បានដឹង​ពី​ការបំពាន​នៅ​ទីតាំង​ដី​នោះ និង​បាន​ចុះទៅ​ពន្យល់​អប់រំ​ណែនាំ​ជា​បន្តបន្ទាប់​ជាច្រើន​លើក​ច្រើនសា ប៉ុន្តែ​ទោះជា​អាជ្ញាធរ​ចុះទៅ​ណែនាំ និង​ជូនដំណឹង​យ៉ាងណា ក៏​អ្នកប្រព្រឹត្ត​មិនបាន​ស្តាប់ និង​មិន​អនុវត្តតាម​ឡើយ​។

លោក​ថ្លែងថា​៖ «​អាជ្ញាធរ​មិន​ហ៊ាន​រំលោភ​ទៅលើ​បងប្អូន​ប្រជាពលរដ្ឋ​ទេ ដាច់ខាត​មិន​ហ៊ាន​ទេ យើង​ចុះទៅ​ម្តង​ ២ ​ដង ចេះតែ​ជម្រាបជូន​បន្តបន្ទាប់​អ៊ីចឹងទៅ ផ្ទាល់មាត់​ក៏មាន លិខិត​ក៏មានដែរ ធ្វើ​ម៉េច​ឱ្យមាន​ការចូលរួម​ជាមួយ​គ្នា​ដោយ​សន្តិវិធី ហើយ​អាជ្ញាធរ​យកចិត្ត​ទុកដាក់​ជាមួយ​ពលរដ្ឋ​ណាស់ ទម្រាំ​តែ​អនុវត្ត​វិធានការ​ក្តៅ​ម្តងៗ​»​។

លោក ស៊ឹង សែនករុណា អ្នកនាំពាក្យ​សមាគម​អាដហុក​ថ្លែង​នៅ​ថ្ងៃទី​ ១៤ ធ្នូ​ថា ការរំលោភ​លើដី​សាធារណៈ​របស់​រដ្ឋ​មិនមែន​ជា​រឿង​ថ្មី​ទេ ប៉ុន្តែ​លោក​សង្កេតឃើញ​ថា មាន​ភាពអសកម្ម​មួយចំនួន​ចំពោះ​អាជ្ញាធរ​សាមី នៅ​មូលដ្ឋាន​រហូតដល់​អាជ្ញាធរខេត្ត ដែល​ខ្វះ​ការយកចិត្តទុកដាក់​លើ​បញ្ហា​ទាំងអស់នោះ ខណៈ​ក្នុង​រយៈពេល​ថ្មីៗ​នេះ លោក​សង្កេតឃើញ​ថា រដ្ឋាភិបាល​មាន​វិធានការ​ផ្លាស់ប្តូរ​អភិបាលខេត្ត​ថ្មី​។ លោក​ ករុណា បាន​ទទូច​ឱ្យ​អាជ្ញាធរ​ពិនិត្យមើល​ឡើងវិញ ចំពោះ​ការចូល​គ្រប់គ្រង​កាន់កាប់​ប្រើប្រាស់​ដី​នៅ​តំបន់​ទាំងនោះ​ឱ្យបាន​ច្បាស់លាស់​ចៀសវាង​ប៉ះពាល់​ដល់​អ្នក​ដែលមាន​លិខិត​បទដ្ឋាន​គតិយុត្ត​ត្រឹមត្រូវ​។

លោក​បញ្ជាក់ថា​៖ «​អ្នកខ្លះ​គាត់​មានកម្ម​សិទ្ធិ​ស្របច្បាប់ អ៊ីចឹង​គួរតែ​ពិនិត្យមើល​ឡើងវិញ​ដែរ ដើម្បី​ឱ្យ​គាត់​អាច​បន្ត​ការកាន់កាប់​បាន ប៉ុន្តែ​បើ​ពិនិត្យឃើញ​ថា ជា​ទម្រង់​ដែល​កើតឡើង​ដោយ​មិន​ត្រឹមត្រូវ តាមផ្លូវ​ច្បាប់ គួរតែមាន​ចំណាត់ការ​ទៅលើ​បញ្ហា​ទាំងអស់​ហ្នឹង ដើម្បី​កុំឱ្យ​មាន​អំពើ​រំលោភបំពាន​លើដី​ឆ្នេរ​ជា​របស់​រដ្ឋ​បន្តទៀត​»៕