ភ្នំពេញៈ គណបក្ស​ហ៊្វុនស៊ិនប៉ិច​បានចាប់ផ្តើម​បន្ត​មាន​ជម្លោះផ្ទៃក្នុង​ឡើងវិញ ក្រោយពី​មាន​ការប្រកាស​រៀបចំ​ធ្វើ​សមាជ​នៅ​ដើមឆ្នាំ​ក្រោយ ដែល​គ្រោង​ថ្វាយ​ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ធ្វើជា​ប្រធាន​គណបក្ស​នេះ ក៏ប៉ុន្ដែ​ការប្រកាស​មិនទាន់​បាន​ប៉ុន្មាន​ថ្ងៃ​ផង ក៏មាន​ការបើក​កិច្ចប្រជុំ​គណៈកម្មាធិការ​នាយក​គណបក្ស​ហើយ​​បាន​ច្រានចោល​ការប្រកាស​នេះ ដោយ​អះអាងថា​ផ្ទុយ​នឹង​ច្បាប់ និង​លក្ខន្តិកៈ​គណបក្ស​។

លោក ញឿន រ៉ាដែន អ្នកនាំពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៤ ខែធ្នូ ឆ្នាំនេះ​ថា លោក​ទទួលបាន​ព័ត៌មាន​ពី​កិច្ចប្រជុំ ចំពោះ​ការមិន​ពេញចិត្ត​នេះ ប៉ុន្តែ​ក្រុម​នេះ​ត្រូវបាន​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បណ្តេញ​ចេញពី​បក្ស​ជាច្រើន​ឆ្នាំ​មកហើយ គឺ​គេ​មិនមាន​សិទ្ធិ​ប្រជុំ​ ឬ​សម្រេច​អ្វី​ទាំងអស់​។

លោក​បន្តថា ក្រុម​នេះ​ធ្លាប់បាន​ដាក់ពាក្យ​បណ្តឹង​ទៅ​តុលាការ​ពី​ករណី​បណ្តេញចេញ​នេះ ប៉ុន្តែ​មកទល់​ពេល​នេះ តុលាការ​​មិនបាន​ចាត់ការ​នៅឡើយ​ទេ​។

ឥឡូវ​ពួកគាត់​នៅតែ​បន្តធ្វើ​ខុស​​ច្បាប់ ប៉ុន្តែ​នេះ​គឺជា​សិទ្ធិ​របស់គាត់​។

គណបក្ស​នឹងមិន​ថា​អ្វី​ទេ គ្រាន់តែ​នឹង​រៀបចំ​ពាក្យបណ្តឹង​ប្តឹង​ទៅ​តុលាការ ព្រោះ​ពួកគាត់​បាន​​ចាត់តាំង​តួនាទី​ភារកិច្ច​ខ្លួនឯង​ផ្ទុយ​ពី​ច្បាប់ និង​លក្ខន្តិកៈ​របស់​គណបក្ស​។

លោក​បាន​បញ្ជាក់ថា គណបក្ស​នៅតែ​បន្ត​រក្សា​ជំហរ​រៀបចំ​ធ្វើ​សមាជ​ដដែល​ទេ​ដើម្បី​ថ្វាយ​ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ធ្វើជា​ប្រធាន​គណបក្ស​ដោយ​ក្នុងនោះ​មាន​ការគាំទ្រ​ច្រើន​ពី​បណ្តា​ទូត​នានា និង​ព្រះរាជវង្សានុវង្ស ជាពិសេស​មិត្ត​ចិន​នៅតែ​ប្តេជ្ញា​ទំនាក់ទំនង​ការទូត​ល្អ​រវាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​​ និង​គណបក្ស​កុម្មុយនីស្ត​ចិន​។

លោក​បន្តថា ក្នុង​លក្ខន្តិកៈ​​បាន​ចែងថា ប្រសិនបើ​អវត្តមាន​ប្រធាន​គណបក្ស​ក្នុង​ប្រការ​ណាមួយ អ្នក​ដែល​ទទួលបាន​លិខិត​ប្រទាន​សិទ្ធិ​ពី​ប្រធាន​​ដែល​ព្រះអង្គម្ចាស់ ចក្រាវុឌ្ឍ​​ទទួល​រួចហើយ និង​បាន​បញ្ជូនទៅ​ក្រសួងមហាផ្ទៃ​ថ្ងៃ​ ២២ ខែវិច្ឆិកា​​ គឺ​ស្របទៅតាម​ច្បាប់ ដោយ​នៅតែ​ធ្វើ​សមាជ​ទទួលស្គាល់​ជា​ផ្លូវការ​ប៉ុណ្ណោះ​។

យ៉ាងណាក្ដី លោក ផាន់ សិទ្ធី ដែល​ត្រូវបាន​អះអាងថា ទទួល​​បន្ទុក​ជា​អ្នកនាំពាក្យ​ឱ្យ​គណៈកម្មាធិការ​នាយក​គណបក្ស​ហ៊្វុនស៊ិនប៉ិច ថ្លែងថា ការដាក់​ពាក្យ​ប្តឹង​ប្រឆាំងនឹង​ក្រុម​លោក​គឺជា​សិទ្ធិ​របស់​ភាគី​ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ប៉ុន្តែ​បើ​ពិនិត្យ​ផ្លូវច្បាប់ និង​តុលាការ​ថា​ត្រឹមត្រូវ​ ឬ​ខុសច្បាប់​យ៉ាងណា​​នោះ ត្រូវតែ​គោរព ព្រោះ​ភាគី​​លោក​ក៏​សំអាង​លើ​ច្បាប់​ដែរ​។

លោក​បាន​បន្តថា លោក​ក៏​មិនបាន​ហាម​ការធ្វើ​សមាជ​ថ្វាយ​ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ធ្វើជា​ប្រធាន​គណបក្ស​​ដែរ ប៉ុន្តែ​ការធ្វើ​នោះ​ត្រូវតែ​ស្រប​​ទៅតាម​ច្បាប់ និង​លក្ខន្តិកៈ ខណៈ​កម្មាធិការ​នាយក​នៅ​​មាន​វត្តមាន​នៅឡើយ​។

ជាមួយ​នេះ លោក​បាន​បន្ថែម​​ថា មាន​បុគ្គល​ខ្លះ មិន​មាន​​ឈ្មោះ​ក្នុង​បញ្ជី​គណបក្ស​ទេ ប៉ុន្តែ​ប្រកាស​ប្តឹង​អ្នក​ដែល​មាន​តួនាទី​ត្រឹមត្រូវ និង​មាន​ឈ្មោះ​​តម្កល់​នៅ​ក្រសួង​មហាផ្ទៃ​ផង​​ និង​ក្នុង​គណបក្ស​ផង​គឺ​មិនអាច​ទទួល​យក​បានទេ​។

លោក​ថា​៖ «​យើង​ជា​ម្ចាស់ផ្ទះ ហើយ​គេ​មក​ប្រាប់​យើង​ថាឱ្យ​យើង​ចេញ និង​ចាត់ទុក​ថា​ជា​ផ្ទះ​​របស់គេ តើ​ឱ្យ​ខ្ញុំ​ចេញ​ទៅ​ណា បើ​ខ្ញុំ​នៅ​ហ្នឹង​យូរហើយ​ហ្នឹង​? មួយទៀត ខ្ញុំ​ក៏​មិន​ដែល​ឃើញ​ក្រដាស​បណ្តេញចេញ​ណាមួយ​​មក​ដល់​ដៃខ្ញុំ​ទេ ខ្ញុំ​អត់​ដែល​មាន​ទេ ខ្ញុំ​ឃើញតែ​បង្ហោះ​នៅលើ​​ហ្វេសប៊ុក ខ្ញុំ​មិនដឹងថា ព័ត៌មាន​ពិត​ ឬ​ក្លែងក្លាយ​ទេ​»​។

យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ស្តីពី​លទ្ធផល​នៃ​អង្គប្រជុំ​​វិសាមញ្ញ​គណៈកម្មាធិការ​នាយក​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ថ្ងៃទី​ ១៣ ​ខែធ្នូ ឆ្នាំនេះ ការតែងតាំង​ប្រធានស្ដីទី​កន្លងមក​ត្រូវ​បាន​​ក្រសួងមហាផ្ទៃ​ចេញ​លិខិត​លេខ ១៥២៥ សជណ ចុះ​ថ្ងៃទី​ ១០ ​ខែកញ្ញា ឆ្នាំ​ ២០១៨ តម្រូវឱ្យ​អនុវត្ត​ត្រឹមត្រូវ​តាម​លក្ខន្តិកៈ​។

ក៏ប៉ុន្តែ​រហូត​មក​ទល់​ពេលនេះ​​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ពុំទាន់​​បាន​ចាត់ចែង​អនុវត្តតាម​នៅ​​ឡើយ​ទេ​។

សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​បន្តថា ក្នុងស្ថានភាព​ដែល​គណបក្ស​ហ៊្វុនស៊ិនប៉ិច​គ្មាន​ប្រធាន​ដឹកនាំ គណបក្ស​បាន​ស្ថិតក្នុង​​ករណី​ប្រធាន​សក្តិ ដូច​មាន​ចែង​​ក្នុង​ប្រការ​ ២៤ ​នៃ​លក្ខន្តិកៈ ដូច្នេះ​មានតែ​គណៈកម្មាធិការ​នាយក​ទេ ដែល​មាន​សមត្ថកិច្ច កោះប្រជុំ​សមាជ​ស្របតាម​នីតិវិធី​ដូច​មានចែង​ក្នុង​លក្ខន្តិកៈ​។

យោងតាម​មាត្រា​ ១៨. ​ថ្មី​នៃ​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​បាន​​អនុញ្ញាត​ឱ្យ​គណបក្ស​នយោបាយ​ចាត់​នីតិវិធី​ដើម្បី​ជំនួស​ប្រធាន​គណបក្ស​ដែល​បាត់បង់​តួនាទី​ក្នុង​រយៈពេល​យ៉ាងយូរ​ ៩០ ​ថ្ងៃ គិតពី​ថ្ងៃ​បាត់បង់​តួនាទី​នោះ​។ ​ដោយឡែក​ប្រការ​ ២៤ ​វាក្យខណ្ឌ​ ៣ ​នៃ​លក្ខន្តិកៈ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ចែងថា​ “​ក្នុង​​ករណី​ប្រធាន​សក្ដិ គណៈកម្មាធិការ​នាយក​ត្រូវ​រៀបចំ​កោះប្រជុំ​សមាជ ដើម្បី​ជ្រើសតាំង​ប្រធាន​គណបក្ស​ក្នុង​រយៈវេលា​ ៦០ ​ថ្ងៃ យ៉ាងយូរ​។

ទោះជា​យ៉ាងណា គណបក្ស​ហ៊្វុនស៊ិនប៉ិច នៅ​ថ្ងៃទី​ ១៤ ខែធ្នូ បានប្រកាស​បដិសេធ​ទាំងស្រុង​​ចំពោះ​សេចក្តី​ប្រកាស​ស្តីពី​លទ្ធផល​នៃ​អង្គប្រជុំ​វិសាមញ្ញ​គណៈកម្មាធិការ​នាយក​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ចុះ​ថ្ងៃទី​ ១៣ ​ខែធ្នូ​ឆ្នាំ​ ២០២១ ហើយ​ថា បច្ចុប្បន្ន​គណបក្ស​នេះ ស្ថិតក្រោម​ការដឹកនាំ​របស់​ព្រះអង្គ​ម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ព្រះប្រធាន​ស្ដីទី​ស្របច្បាប់​។

លោក យង់ ពៅ គ្រូបង្រៀន​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ថ្លែងថា ដំណើរ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដែល​បាន​ចូលរួម​សង្វៀន​នយោបាយ​ចាប់តាំងពី​ឆ្នាំ​ ១៩៩៣ ​រហូតមកទល់​ពេលនេះ​មាន​សភាព​ឃ្លេងឃ្លោង ដោយសារ​មាន​បញ្ហា​ផ្ទៃក្នុង​មិនចេះចប់​មិនចេះហើយ​។

លោក​បន្តថា អ្នកដទៃ​បាន​ចាត់ទុកថា បញ្ហា​ផ្ទៃ​ក្នុងនេះ កើតឡើង​ដោយសារ​មាន​ការជ្រៀតជ្រែក​ពី​មជ្ឈដ្ឋាន​ខាងក្រៅ ប៉ុន្តែ​តាមពិត​មិនមែន​ដូច្នោះ​ឡើយ គឺ​ផ្ទៃក្នុង​របស់​គណបក្ស​នេះ​មាន​ភាពមិន​រឹងមាំ​ខ្លួនឯង ដែល​ទិដ្ឋភាព​ត្រូវ​បាន​កើត​មកជា​លំដាប់​លំដោយ​តរៀងមក​ទល់នឹង​បច្ចុប្បន្ន​។

លោក​ថ្លែងថា​៖ «​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ធ្វើដំណើរ​មកពី​គណបក្ស​ធំជាងគេ​ដែល​ឈ្នះ​កៅអី​នៅក្នុង​រដ្ឋសភា​ច្រើន​ជាងគេ​រហូតដល់​អស់​កៅអី​រលីង​ និង​ខ្សោយ​ទៅៗ​របស់​គណបក្ស ដោយសារតែ​មិន​ឯកភាព​ផ្ទៃក្នុង​ហើយ​មកដល់​ដំណាក់កាល​ថ្មី​ទៀត ឥរិយាបថ​នយោបាយ​របស់​គណបក្ស​នេះ នៅ​​តែ​ដដែល គឺ​មិនមាន​ការឯកភាព​គ្នា​ជា​ធ្លុង​មួយ​»​។

បើតាម​លោក យង់ ពៅ បើ​គណបក្ស​នេះ​មិនមាន​ការឯកភាព​ផ្ទៃក្នុង​ទេ គឺ​មិនអាច​ទៅ​ឃោសនា​រក​សំឡេងឆ្នោត​ និង​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​បាន​​ទេ​។ លោក​ថា អ្នកនយោបាយ ឬ​គណបក្ស​នយោបាយ​ដែល​អាច​ទាញយក​សមានចិត្ត​ពី​ប្រជាពលរដ្ឋ​គឺ​ត្រូវ​បង្ហាញ​ភាពរឹងមាំ​ទើប​អាច​ទទួល​បាន​ការជឿ​ទុកចិត្ត​៕

វីដេអូ៖