ភ្នំពេញៈ អង្គភាព​ស៊ីម៉ាក់​មាន​ផែនការ​រំដោះ​ផៃ្ទ​ដី​រង​ការគំរាមកំហែង​ ដោយសារ​គ្រាប់មីន និង​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម ជាង​ ១២៥ ​គីឡូម៉ែត្រ​ក្រឡា​សម្រាប់​ផែនការ​ឆ្នាំ​ ២០២២ ​ខាងមុខ និង​ក៏​អាច​ពង្រីក​បន្ថែម​ ដើម្បី​សម្រេច​មហិច្ឆតា​តាម​ផែនការ​។ នេះ​បើតាម​លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC)​។

តាមរយៈ​ផែនការ​នេះ អង្គភាព​ស៊ីម៉ាក់​បាន​ទទួល​ការគាំទ្រ​ពី​គម្រោង​ផ្សេងៗ សរុប​ចំនួន​ ២៥ រួមមាន របស់​រាជរដ្ឋាភិបាល គម្រោង​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន គម្រោង​ជំនួយ​តាមរយ:​ដេញថ្លៃ​ពី UNDP និង​អាជ្ញាធរ​មីន គម្រោង​ជំនួយ​របស់​រដ្ឋាភិបាល​ចិន គម្រោង​ជំនួយ​របស់​អង្គការ​ជំនួយ​ប្រជាជន​ន័រវែស (NPA ដែល​ទទួលបាន​ពី​រដ្ឋាភិបាល ន័រវែស និង​អាមេរិក​) គម្រោង​ជំនួយ​អង្គការ APOPO របស់​រដ្ឋាភិបាល​ប៊ែលហ្ស៊ិក គម្រោង​ជំនួយ​របស់​អង្គការ JMAS និង​គម្រោង​ជំនួយ​ជាមួយ​អង្គការ MAG សរុប​មាន​ចំនួន​ ២៥ ​គម្រោង និង​អាចមាន​លទ្ធភាព​ពង្រីក​បន្ថែម ដើម្បី​សម្រេច​មហិច្ឆតា​ផែនការ​ឆ្នាំ​ ២០២២ ​ខាងមុខនេះ​។

លោក​ ហេង រតនា អគ្គនាយក CMAC ថ្លែង​នៅ​ថ្ងៃទី​ ១៣ ធ្នូ ថា ក្នុង​រយៈពេល​ ១១ ​ខែ គិត​ចាប់ពី​ខែមករា ដល់​ខែវិច្ឆិកា ឆ្នាំ​ ២០២១ ក្រុមការងារ CMAC បាន​ធ្វើការ​បោសសម្អាត​មីន និង​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម រំដោះ​ផ្ទៃដី​ចម្ការមីន និង​ចម្ការ​គ្រាប់​សរុប​ទំហំ​ ៩១ ៩១៩ ៩៧២ ​ម៉ែត្រក្រឡា ស្មើនឹង​ជាង​ ៩២% នៃ​ផែនការ ដោយ​រុករក​ឃើញ និង​កម្ទេចចោល គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​គ្រប់​ប្រភេទ​សរុប​ចំនួន ៨២ ១៣៨ ​គ្រាប់​។ ក្នុង​នោះ​គ្រាប់មីន​ប្រឆាំង​មនុស្ស​ចំនួន​ ១៦ ១៣៨ ​គ្រាប់ មីន​ប្រឆាំង​រថក្រោះ​ចំនួន​ ៣២៣ ​គ្រាប់ គ្រាប់បែក​ទម្លាក់​ពី​យន្ដហោះ​ ៣៩ ​គ្រាប់ គ្រាប់បែក​ចង្កោម ៨ ០៩០ ​គ្រាប់ មីន​ច្នៃ​ចំនួន​ ១៧ ​គ្រាប់ និង​គ្រាប់​យុទ្ធភណ្ឌ មិនទាន់​ផ្ទុះ​គ្រប់​ប្រភេទ​មាន​ចំនួន​ ៥៧ ៥៣១ ​គ្រាប់​។

លោក​ថ្លែងថា​៖ «​នេះ​ជា​លទ្ធផល មួយ​ដែល​បង្ហាញ​ពី​ការខិតខំ​របស់​បងប្អូន ហើយ​ជា​មោទនភាព​ដែល​យើង​សម្រេចបាន​ជោគជ័យ ដោយ​មិនមាន​បញ្ហា​អ្វី​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ស្ថានភាព​សុខភាព​របស់​បងប្អូន​ក្នុងសម័យ​កូវីដ-១៩​។ អ្វី​ដែលជា​មោទនភាព​របស់​យើង គឺ​យើង​អរគុណ​ដៃគូ​អភិវឌ្ឍន៍ ភ្នាក់ងារ​ផ្តល់ជំនួយ​ទាំងអស់​ទោះ​ក្នុង​កាលៈទេសៈ​ដ៏លំបាក​នៃ​ស្ថានភាព​សេដ្ឋកិច្ច​ក៏ដោយ ក៏​នៅតែ​ប្តេជ្ញា​បន្ត​គាំទ្រ​យើង​ពេញទំហឹង​»​។

បើតាម​លោក​អគ្គនាយក​ក្នុង​រយៈពេល​ ១១ ​ខែ ឆ្នាំ​ ២០២១ ​នេះ អង្គភាព​ស៊ីម៉ាក់ និង​បណ្តាញ​ស្ម័គ្រចិត្ត តាម​ភូមិ ឃុំ ស្រុក ក៏បាន​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​អប់រំ ការយល់ដឹង​ពី​គ្រោះថ្នាក់ ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ដល់​ក្រុម​គោលដៅ​បាន​ចំនួន​ជាង​ ១៦ ០០០ លើក ដោយ​ចុះ​ជួប​តាម​ខ្នង​ផ្ទះ​មាន​ចំនួន​ជាង​ ៦០០ ០០០ ​ខ្នង​ផ្ទះ មាន​ប្រជាពលរដ្ឋ​ចូលរួម​សរុប​ចំនួន​ជិត​ ១ ​លាន​នាក់​។

លោក​ ហេង រតនា ប្រាប់ថា ជាមួយ​គ្នា​នេះ ក្រុមការងារ​ក៏បាន​ចុះ​ពិនិត្យ​ទីតាំង​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ដែល​ប្រជាពលរដ្ឋ​បាន​រាយការណ៍ និង​កម្ទេចចោល​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​គ្រប់​ប្រភេទ​បាន​ចំនួន​ជិត​ ១៥ ៤០០ ​គ្រាប់ និង​អាវុធ​ធុន​ស្រាល​មួយចំនួន​ផងដែរ​។

លោក​បន្តថា តាម​លទ្ធផល​ដែល​បានផ្តល់​ការអប់រំ​នេះ សង្កេតឃើញ​ថា ទី​ ១ ពលរដ្ឋ​បាន​យល់ដឹង និង​ចេះ​ផ្តល់នូវ​ព័ត៌មាន​ទីតាំង​គ្រាប់ ដែល​ធ្លាប់​ជួប​កន្លងមក​ដើម្បី​ឱ្យ​ស៊ីម៉ាក់​ទៅ​យកមក​កម្ទេចចោល​។ លោក​ថា នេះ​ជា​ឥរិយាបថ​មួយ​ដែល​ពលរដ្ឋ​បាន​ចូលរួម​សហការ​រាយការណ៍​ពី​ទីតាំង​គ្រាប់ ដែល​គាត់​ធ្លាប់​ជួបប្រទះ បាន​ជោគជ័យ ជាង​ ១ ​ម៉ឺន​គ្រាប់​។ ប៉ុន្តែ​ប្រទេស​ខ្លះ ១ ​ឆ្នាំ​បានតែ​ ១០០ ឬ​ ២០០ ​គ្រាប់​ប៉ុណ្ណោះ បើ​គិតពី​ការចូលរួម​សហការ​របស់​ប្រជាពលរដ្ឋ​។

លោក​ថ្លែងថា​៖ «​ការអប់រំ​មួយទៀត គឺ​គាត់​ផ្លាស់ប្តូរ​ឥរិយាបថ​របស់ គាត់​កាន់តែ​ទូលំទូលាយ ជាង​មុន ដោយ​គាត់​ស្ម័គ្រចិត្ត​ចូលរួម​ជាមួយ​យើង​តែម្តង គឺ​ចូលរួម​តាមរយៈ​បណ្តាញ​ស្ម័គ្រចិត្ត​»​។

លោក​ អ៊ឹម ប៊ុនយូ មេឃុំ​តាគ្រាម ស្រុក​បាណន់ ខេត្ត​បាត់ដំបង ថ្លែង​នៅ​ថ្ងៃទី​ ១៤ ធ្នូ ថា គ្រាប់មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ នៅតែ​ជា​ក្តីបារម្ភ​មួយ​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​តាគ្រាម​។ ព្រោះ​ពេលខ្លះ​ពលរដ្ឋ​បាន​ប្រទះឃើញ​គ្រាប់​ទាំងនោះ នៅពេល​ជីក​ប្រឡាយ ឬ​ឃ្វាលគោ​ជាដើម ប៉ុន្តែ​យ៉ាងណា​ក៏ដោយ អង្គការ​ស៊ីម៉ាក់​កំពុង​បន្ត​ស្រាវជ្រាវ​រុករក​សម្អាត និង​ប្រមូល​យក​ទៅ​កម្ទេចចោល​ជា​បន្តបន្ទាប់​។

លោក​បន្តថា ការ​បោសសម្អាត​ប្រមូល​គ្រាប់មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​មាន​ប្រយោជន៍​ច្រើន ហើយ​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន​ភាពកក់ក្តៅ និង​មិនសូវ​ភ័យខ្លាច​គ្រោះថ្នាក់​ដោយសារ​គ្រាប់​ទាំងនោះ​ទៀត​។ បច្ចុប្បន្ន ពលរដ្ឋ​យល់ដឹង​ជាង​មុន និង​បាន​ចូលរួម​សហការ​ល្អ​ក្នុង​ការរាយការណ៍​មក​អាជ្ញាធរ ឬ​សមត្ថកិច្ច ព្រមទាំង​ចេះ​ប្រយ័ត្ន និង​ការពារ​ខ្លួន​ដោយ​មិន​បំពាន​ទីកន្លែង​មាន​មីន​ផងដែរ​។

លោក​ថ្លែងថា​៖ «​មាន​ប្រយោជន៍​ទី​ ១ ​បងប្អូន​យើង​មិន​ព្រួយបារម្ភ​ពី​គ្រោះថ្នាក់​ដោយសារ​គ្រាប់​មិនទាន់ ផ្ទុះ ទី​ ២ ​ទៀត​បងប្អូន​យើង​គាត់​ថា អាច​សាងសង់​ទីលំនៅ​អី​នៅតាម​ដីភូមិ​របស់គាត់ អ៊ីចឹង​ទៅណា​។ បើសិន​ជា​ការសហការ​របស់​យើង មិនបាន​ល្អ នឹង​ធ្វើឱ្យ​ពលរដ្ឋ​មាន​បញ្ហា​គ្រោះថ្នាក់​ស្ទើរតែ​រាល់​ឆ្នាំ តាមរយៈ​ការធ្វើ​ចម្ការ ឃ្វាលគោ និង​ការអាស្រ័យផល​ផ្សេងៗ​»៕