ភ្នំពេញៈ តំណាង​កម្មករ​ប្រមាណ ៥០ ​នាក់​បាន​ប្រមូល​ផ្តុំគ្នា​តវ៉ា​នៅ​ព្រឹក​ថ្ងៃទី​ ១៤ ខែធ្នូ នៅមុខ​ការដ្ឋាន​សាងសង់​មួយកន្លែង​ស្ថិតនៅតាម​បណ្ដោយផ្លូវ​លេខ​ ៣៦ ភូមិ​បឹងសាឡាង​ សង្កាត់​ទួលសង្កែ ខណ្ឌ​ឫស្សីកែវ បន្ទាប់ពី​ក្រុមហ៊ុន​ម៉ៅការ​សាងសង់​អគារ​នេះ មិនបាន​ទូទាត់​ប្រាក់​ទៅតាម​កិច្ចសន្យា​។

តំណាង​កម្មករ​បាន​អះអាង​ថា ក្រុមហ៊ុន​ម៉ៅការ​សាងសង់ YT ដែល​ជា​អ្នកម៉ៅការ​សាងសង់​គម្រោង​ដ៏ធំ​មួយ​នៅ​មជ្ឈមណ្ឌល​ផ្សារ​បោះដុំ ឈ្មោះថា TCC មិនបាន​ទូទាត់​ប្រាក់​សាងសង់​ទៅតាម​កិច្ចសន្យា​។

លោក ពៅ កម្មករ​ម្នាក់​ដែល​ធ្វើការ​សាងសង់​អគារ​នេះ​រយៈពេល ២ ​ឆ្នាំ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៤ ធ្នូ​ថា ក្នុងអំឡុងពេល​កូវីដ ក្រុមហ៊ុន YT បាន​ជំពាក់​ប្រាក់ខែ​កម្មករ ជា​ហូរហែ ទៅតាម​ផ្នែក​នីមួយៗ ដែល​ទទួលបាន​ការសាងសង់​បន្ត​ពី​ក្រុមហ៊ុន​នេះ​។ មេការ​ដែល​ជួល​ខ្លួន ធ្វើការ​អះអាង​ថា ក្រុមហ៊ុន​នេះ​ជំពាក់​ប្រមាណ ១០ ​ម៉ឺន​ដុល្លារ​។

លោក​បាន​បន្តថា​៖ «​យើង​បាន​ប្រមូលគ្នា​នេះ ព្រោះតែ​យើង​រង់ចាំ​យូរហើយ គេ​ចេះតែ​មិន​បើក​លុយ​ឱ្យ​យើង ហើយ​ឱ្យ​យើង​បន្ត​សាងសង់​រហូត​។ យើង​មក​ប្រមូលផ្តុំ​គ្នា​នេះ គឺ​សង្ឃឹមថា នឹងមាន​ការជួយ​ដោះស្រាយ​ឱ្យ​ក្រុមហ៊ុន​នេះ សងលុយ​មក​ពួកយើង​»​។

បើតាម​លោក ពៅ បាន​អះអាងថា គម្រោង​ដ៏ធំ​មួយ​នៅ​មជ្ឈមណ្ឌល​ផ្សារ​បោះដុំ ឈ្មោះថា TCC ត្រូវបាន​សាងសង់​រយៈពេល ជិត ២ ​ឆ្នាំ​មកហើយ ដោយ​បច្ចុប្បន្ននេះ គម្រោង​នេះ​បាន​សាងសង់​បាន​ប្រមាណ​ជាង ៥០ ​ភាគរយ ដោយមាន​ក្រុម​ម៉ៅ​ការបន្ត​ជាច្រើន​ក្រុម បាន​ទទួល​ការសាងសង់​បន្ត​ពី​ក្រុមហ៊ុន​ម៉ៅការ​សាងសង់ YT​។

ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​ស្វែងរក​លេខ​ទំនាក់ទំនង​តំណាង​ក្រុមហ៊ុន​ម៉ៅការ​សាងសង់ YT ដើម្បី​សុំ​អត្ថាធិប្បាយ​បានទេ កាលពី​ថ្ងៃទី​ ១៤ ធ្នូ​។

លោក ឯក ឃុនដឿន អភិបាលខណ្ឌ​ឫស្សីកែវ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៤ ធ្នូ ថា បន្ទាប់ពី​មានការ​ប្រមូលផ្តុំ​តវ៉ា​របស់​កម្មករ អាជ្ញាធរ​ខណ្ឌ​បាន​កោះហៅ​តំណាង​ពាក់ព័ន្ធ​ចូលខ្លួន​មក​ដោះស្រាយ និង​ពិនិត្យ​លើ​ឯកសារ​ពាក់ព័ន្ធ​នានា ខណៈ​ការតវ៉ា​របស់​កម្មករ មិនទាន់​មាន​ភាពច្បាស់លាស់ ព្រោះតែ​កម្មករ​មាន​អ្នកម៉ៅការ​ច្រើន​ផ្សេងៗ​គ្នា​។

លោក​បាន​បញ្ជាក់​ទៀតថា​៖ «​យើង​កំពុងតែ​អញ្ជើញ​តំណាង ដើម្បី​យក​ឯកសារ​មក​ពិនិត្យ​នៅ​ខណ្ឌ ហើយ​យើង​នឹង​បន្ត​សម្របសម្រួល​ឱ្យ​ពួកគាត់​។ យើង​មិនទាន់​ដឹង​ពី​រឿងរ៉ាវ​ច្បាស់​ទេ ចាំមើល​តំណាង​កម្មករ យក​ឯកសារ​មកឱ្យ​អស់​សិន តែ​គ្រាន់តែ​ដឹងថា ដោយសារតែ​អ្នក​សាងសង់ និង​អ្នក​បន្ត​ការសាងសង់ អត់​បាន​បើក​លុយ​ឱ្យ​កម្មករ អ៊ីចឹង​យើង​មើល​ឯកសារ​ឱ្យ​ច្បាស់​សិន​»​។

លោក មូល វិរៈ ចៅសង្កាត់​​ឫស្សីកែវ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ដែរ​ថា អគារ​ការដ្ឋាន​នេះ គឺ​បាន​ដំណើរ​ការសង​សង់​រយៈពេល ២ ​ឆ្នាំ​មកហើយ ដោយ​មាន​ការជួល​បន្ត​ពី​ជនជាតិ​ចិន​៕