កំពង់ធំៈ សហគមន៍​ច្រាំង​ក្រហម នៅ​ឃុំ​តាំងក្រសៅ ស្រុក​ប្រាសាទសំបូរ ស្នើសុំ​អាជ្ញាធរ​ខេត្តកំពង់ធំ​ជួយ​អន្តរាគមន៍​ទប់ស្កាត់​ជាបន្ទាន់​ចំពោះ​ការទន្ទ្រាន​យក​ដី​សហគមន៍ ព្រោះ​មាន​អ្នក​លួច​សង់រោង សង់ផ្ទះ និង​ដាំ​ដើម​ចន្ទី​លើដី​សហគមន៍​ជា​បន្តបន្ទាប់ ហាមឃាត់​មិន​ឈ្នះ​។ យ៉ាងណា​ជុំវិញ​រឿងនេះ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ អះអាងថា កំពុង​ស្ថិតនៅ​ក្នុង​ការស្រាវជ្រាវ​។

លោក ស៊ន ស៊ុម ប្រធាន​សហគមន៍​ច្រាំងក្រហម ថ្លែង​នៅ​ថ្ងៃទី​ ១៣ ខែធ្នូ​ថា មាន​ប្រជាពលរដ្ឋ​មកពី​កន្លែង​ផ្សេង​ចូល​ទន្ទ្រាន​លើដី​សហគមន៍​ច្រាំងក្រហម​នៅ​ភូមិ​ជាំ ឃុំ​តាំងក្រសៅ ស្រុក​ប្រាសាទសំបូរ ដោយ​ប្រើ​រូបភាព​សាងសង់​រោង សង់ផ្ទះ ហើយ​ពួកគេ​ធ្វើជា​ចុះទៅ​រុះរើ​ចេញ​វិញ និង​ចោទថា សហគមន៍​បានរួម​គំនិត​គ្នា​ជា​ប្រព័ន្ធ​ជាមួយ​អាជ្ញាធរ​ក្នុង​ការសម្រួល​ឱ្យមាន​ការទន្ទ្រាន​យក​ដី​ទៅវិញ​។

លោក​ថា មាន​ពលរដ្ឋ​មួយចំនួន​ទៀត​កំពុង​ចូលទៅ​ចាប់ដី​នៅ​ទីនោះ​ធ្វើជា​កម្មសិទ្ធិ​របស់​ខ្លួន ខ្លះទៀត​ព័ទ្ធ​របង​យក និង​កន្លែង​ខ្លះ​បានដាក់​ស្លាក​លក់​ទៀតផង ទោះបី​ជា​ទៅប្រាប់ ពន្យល់​ណែនាំ​យ៉ាងណា ក៏​អ្នក​ទាំងនោះ​មិន​ព្រម​រុះរើ​ចេញ​ឡើយ​។ លោក​បញ្ជាក់ថា សហគមន៍​នេះ លោក​គ្រប់គ្រង​តាំងពី​ឆ្នាំ​ ២០០៨ រហូតមកទល់​បច្ចុប្បន្ន ដើមឡើយ​មិន​មាន​ការចូល​ទន្ទ្រាន​កាន់កាប់​អនាធិបតេយ្យ​បែបនេះ​ទេ ទើបតែ​ក្នុង​ឆ្នាំ​ ២០២០ និង ២០២១ ​នេះ​មាន​សកម្មភាព​ខ្លាំង​។ អ្នក​ចូលមក​ទន្ទ្រាន​ទាំងនោះ អាច​មាន​ខ្នង​ជា​អ្នកមាន​លុយ មាន​អំណាច ព្រោះ​មិន​ខ្លាចរអា​សហគមន៍​ឡើយ​។

លោក​ថ្លែងថា​៖ «​ដី​ហ្នឹង​ពួកខ្ញុំ​ការពារ​ណាស់ ប្រជាជន​ខ្ញុំ​ស្វិតស្វាញ​ណាស់ ប៉ុន្តែ​ការពារ​វា​អត់​ឈ្នះ​ដោយសារ​អ្នក​មាន​អំណាច និង​អ្នកមាន​លុយ​លូកលាន់​ចូលមក​។ នៅ​ឆ្នាំ​ ២០២០ និង​ ២០២១ ​នេះ​គេ​ចូល​ដាំ​ចន្ទី​ពេញ​ក្នុង​ដី​ទាំងអស់​ឱ្យ​ខាង​ខ្ញុំ​ធ្វើ​ម៉េច​ឥឡូវ បើ​ឧទាហរណ៍​ថា យើង​រាយការណ៍​ទៅ រដ្ឋបាល​ព្រៃឈើ ដាក់​ទៅ​ថា​រវល់ ខាង​នេះ​រវល់ ខាង​នោះ​រវល់ ហើយ​ចេះតែ​ថា ពួកខ្ញុំ​រាយការណ៍​»​។

លោក ស៊ុម ថ្លែងថា កន្លងមក​នៅពេល​លោក​ទៅ​ជួប​ជាមួយ​អភិបាលរង​ខេត្ត ដែល​បាន​ចុះមក​ពិនិត្យ​បញ្ហា​ដី​នៅទីនេះ លោក​បាន​សំណូមពរ​ឱ្យ​អាជ្ញាធរខេត្ត​ដោះស្រាយ​ដី​នោះមក​​ឱ្យ​សហគមន៍​វិញ​គ្រប់​ចំនួន ៨៩៨ ​ហិកតា និង​សុំឱ្យ​បញ្ឈប់​រាល់​សកម្មភាព​ដែល​ទន្ទ្រាន​ទាំងអស់ ប៉ុន្តែ​មិនបាន​ផល​អ្វី​ឡើយ​។ ការគ្រប់គ្រង​ដី​នេះ បើ​អាជ្ញាធរ​ជួយ​ដោះស្រាយ​មិនបាន​មានតែ​ប្រគល់ជូន​រដ្ឋាភិបាល​វិញ​។

លោក​បាន​ថ្លែងថា​៖ «​រាល់ថ្ងៃ​ពួកខ្ញុំ​ពិភាក្សា​គ្នា ប្រសិនបើ​រដ្ឋ​ត្រូវការ​ពួកខ្ញុំ​សុខចិត្ត​ជូន​រដ្ឋ​វិញ​ហ្មង ឱ្យ​តែ​រដ្ឋ​យក​ទៅ​ធ្វើជា​លក្ខណៈ​រដ្ឋាភិបាល កុំ​លក់​ទៅ​ឱ្យ​ពួកឯកជន គឺ​ពួកខ្ញុំ​អត់​ព្រម​ទេ​»​។

លោក ប៊ុន រ៉ា មេឃុំ​តាំង​ក្រសៅ ថ្លែង​នៅ​ថ្ងៃទី​ ១៣ ខែធ្នូ​ថា ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ច្រាំង​ក្រហម​ពិតជា​មិនបាន​ទៅ​លក់​ដី​សហគមន៍​នោះទេ គឺ​មានតែ​ចូលរួម​ថែរក្សា​ការពារ​ឱ្យនៅ​គង់វង្ស ប៉ុន្តែ​មាន​ប្រជាពលរដ្ឋ​មកពី​កន្លែង​ផ្សេងទៀត​បាន​ចូលទៅ​ទន្ទ្រាន​ដី​សហគមន៍​នេះ ហើយ​អះអាង​ខ្លួន​ថា ជា​ពលរដ្ឋ​ក្នុង​សហគមន៍​ច្រាំង​ក្រហម​។

លោក​មេឃុំ​បញ្ជាក់ថា ប្រជាជន​ក្នុង​សហគមន៍​ច្រាំង​ក្រហម​បាន​អាស្រ័យផល​នៅ​ទីនោះ​តាំងពី​ឆ្នាំ​ ២០០៥ និង​ក្លាយជា​សហគមន៍​តាមច្បាប់​តាំងពី​ឆ្នាំ​ ២០០៨ ដែល​ដើមឡើយ សហគមន៍​នេះ​មាន​ប្រមាណ​ ១៥០ ​គ្រួសារ​។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក​ប្រចាំ​ខេត្តកំពង់ធំ លោក សុក រដ្ឋា ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ១៣ ខែធ្នូ​ថា លោក មិនបាន​ដឹង​ពី​បញ្ហាដីធ្លី​ក្នុង​សហគមន៍​ច្រាំង​ក្រហម​ទេ​។

ចំណែក​លោក សុខ ហៃ អភិបាលរង និង​ជា​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​កំពង់ធំ​អះអាង នៅ​ថ្ងៃទី​ ១៣ ខែធ្នូ​ថា ជុំវិញ​រឿងនេះ​លោក​ក៏​មិនទាន់​ទទួលបាន​ព័ត៌មាន​ច្បាស់លាស់​នៅឡើយ​ដែរ ប៉ុន្តែ​យ៉ាងណា លោក​នឹង​ប្រាប់​ឱ្យ​មន្ត្រី​ចុះទៅ​ពិនិត្យមើល​។

លោក ប៊ុន សុធី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ​ថ្លែង​នៅ​ថ្ងៃទី​ ១៣ ខែធ្នូ​ថា បញ្ហាដីធ្លី​នៅ​ទីនោះ មន្ត្រី​ជំនាញ​បាន​ចុះទៅ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​នៅ​ទីនោះ​មួយរយៈ​ពេល​មកហើយ ដោយឡែក​បច្ចុប្បន្ន​កំពុង​បន្តការងារ​បន្ថែមទៀត ដោយសារ​តែ​ដី​នៅ​ទីនោះ​មាន​ច្រើន​ហិកតា​។ ជា​នីតិវិធី​មន្ត្រី​ជំនាញ​ត្រូវតែ​សិក្សា​ឱ្យបាន​ច្បាស់លាស់ និង​ពិនិត្យមើល​ទិដ្ឋភាព​ច្បាប់​គតិយុត្ត​ទាំងអស់​។ ​យ៉ាងណា លោក​បញ្ជាក់ថា តាម​ព័ត៌មាន​ដែល​ទទួលបាន​ពី​មន្ត្រី​ជំនាញ​ចុះទៅ​ផ្ទាល់ គឺ​មិនមាន​សំណង់​រឹង​នៅ​ទី​នោះទេ​។

លោក​ថ្លែងថា​៖ «​តាម​ព័ត៌មាន​ដែល​ខ្ញុំ​បានទទួល​គឺ​ដូចជា​រើ​អស់ហើយ វា​មិនមែនជា​សំណង់​អី​ទេ គ្រាន់តែ​ថា​របៀប​យក​បង្គោល​ ២-៣ ទៅ​ធ្វើ​អ៊ីចឹង​ទៅ ហើយ​មិនមាន​ជា​សំណង់​អី​រឹងមាំ​ទេ​តាម​ខ្ញុំ​ដឹង ព្រោះ​អី​ទីតាំង​ហ្នឹង​យើង​បាន​ចុះ​ធ្វើ​មួយ​សា​ហើយ ប៉ុន្តែ​​វា​មាន​ការលួច​ដាំ​អី ចន្ទី​អ៊ីចឹង​មែន នៅ​​ក្នុង​តំបន់​ហ្នឹង យ៉ាងណា នីតិវិធី​យើង​កំពុង​បន្ត​»៕