ភ្នំពេញៈ អង្គការ UNDP និង​ស្ថាប័ន​ពាក់ព័ន្ធ​សម្ពោធ​ជា​ផ្លូវការ​នូវ​របាយការណ៍​ស្តីអំពី «​តម្រូវការ និង​ការផ្គត់ផ្គង់​ជំនាញ​ឌីជីថល​នៅ​កម្ពុជា​» ដែល​បង្ហាញ​ពី​ការសិក្សា និង​ការព្យាករ​ពី​តម្រូវការ និង​ការផ្គត់ផ្គង់​ជំនាញ​ឌីជីថល​នៅក្នុង​ប្រទេស​​កម្ពុជា ខណៈ​អ្នកជំនាញ លើក​ឡើង​ថា ជំនាញ​ជីឌីថល និង​ការអប់រំ​នៅ​កម្ពុជា​នៅ​មាន​កម្រិត ដែល​ទាមទារ​ឱ្យមាន​ការចូលរួម​បន្ថែម​។

កាលពី​ថ្ងៃទី ១៤ ខែធ្នូ ស្ថាប័ន​ពាក់ព័ន្ធ អ្នកជំនាញ​មកពី​ស្ថាប័ន​នានា​ប្រមាណ​ជាង ២០០ ​នាក់​បាន​ចូលរួម​ក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ​នូវ​របាយការណ៍​ស្តីអំពី «​តម្រូវការ និង​ការផ្គត់ផ្គង់​ជំនាញ​ឌីជីថល​នៅ​កម្ពុជា​» តាមរយៈ​វីដេអូ​អនឡាញ ដែល​រៀបចំឡើង​ដោយ​អង្គការ UNDP​។

ក្នុង​ឱកាស​នោះ លោកស្រី Alissar Chaker អ្នកតំណាង​អង្គការ UNDP បាន​ថ្លែងថា ការចុះឈ្មោះ​ចូលរៀន​ជំនាញ​ឌីជីថល​នៅ​កម្ពុជា គឺមាន​កម្រិត​នៅឡើយ ខណៈ​ភាគច្រើន​នៃ​អ្នកសិក្សា​ជំនាញ​ទាំងនេះ គឺជា​ក្មេងប្រុស​។ ជាមួយ​នឹង​ចំនួន​សិក្សា​នៅមាន​កម្រិត​នេះ លោកស្រី​បន្តថា សូម្បីតែ​ទីផ្សារការងារ​ក៏​នៅមាន​ការខ្វះខាត​នូវ​ធនធាន​មនុស្ស ដែល​ទាមទារ​ឱ្យមាន​ការចូលរួម និង​បង្កើន​នូវ​ធនធាន​មនុស្ស​ក្នុង​វិស័យនេះ​ឱ្យបាន​ទូលំទូលាយ​។

ទន្ទឹម​នឹងនេះ លោកស្រី​បាន​ចាត់ទុកថា កំណើន​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​ដ៏រឹងមាំ និង​ដ៏យូរអង្វែង​របស់​កម្ពុជា នៅក្នុង​បរិបទ​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី​ ៤ ពឹង​ផ្អែកលើ​សមត្ថភាព​របស់​ប្រទេស​នេះ​ក្នុង​ការបង្កើន​ការប្រកួតប្រជែង​សេដ្ឋកិច្ច និង​ផលិតភាព​របស់ខ្លួន​។

ដូច្នេះ លោកស្រី​យល់​ថា ការវាយតម្លៃ​ស្តីពី​តម្រូវការ និង​ការផ្គត់ផ្គង់​ជំនាញ​ឌីជីថល និង​ព័ត៌មានវិទ្យា​សម្រាប់​ពេលបច្ចុប្បន្ន និង​អនាគត ក៏ដូចជា​ការដោះស្រាយ​បញ្ហា​ប្រឈម​ចំពោះ​ការទទួល​យក​បច្ចេកវិទ្យា​ឌីជីថល​ពេញលេញ និង​ការត្រៀម​លក្ខណៈ​នៃ​កម្លាំង​ពលកម្ម​ជំនាញ​ដោយ​ភាគី​ពាក់ព័ន្ធ​នានា គឺជា​ជំហាន​ដ៏សំខាន់​ឆ្ពោះទៅមុខ​របស់​កម្ពុជា​។

លោកស្រី​បញ្ជាក់ថា​៖ «​ជំនាញ​ឌីជីថល​នេះ នៅ​មាន​តិចតួច​នៅឡើយ ដែល​អ្នកសិក្សា​ភាគច្រើន គឺជា​ក្មេងប្រុស ដែល​ការបណ្តុះបណ្តាល​ជំនាញ​ទន់ ដំណើរការ​គ្រឿង​ម៉ាស៊ីន និង​ជំនាញ AI (​បញ្ញា​និមិ្មត​) ​និង​ការសិក្សា​ពី​វិទ្យាសាស្ត្រ​ផ្សេងៗ​ទៀត នៅ​មាន​កម្រិត​នៅឡើយ​។ យ៉ាងណា​យើង​ឃើញថា មាន​កំណើន​ជា​សកល​សម្រាប់​ជំនាញ​នេះ ដែលមាន​សារៈសំខាន់​សម្រាប់​កម្ពុជា ក្នុង​ការបង្កើន​ជំនាញ​នេះ​។ កម្ពុជា​អាច​នឹង​ជម្នះ​បញ្ហា​ប្រឈម​ទាំងអស់​នេះ សម្រាប់​ឆ្នាំ ២០២៥ ខាង​មុខ​នេះ​»​។

លោកស្រី Alissar Chaker បង្ហាញ​ក្តីសង្ឃឹម​ថា របាយការណ៍​ស្រាវជ្រាវ​នេះ​នឹង​ផ្តល់​ជា​ធាតុ​ចូល​មួយ ដល់​ភាគី​ពាក់ព័ន្ធ និង​ដើម្បី​ជំរុញ​ឱ្យ​យុវជន​ខ្មែរ ចាប់យក​ជំនាញ​ឌីជីថល​ជា​គ្រឹះ​ឱ្យស្រប​ទៅនឹង​តម្រូវការ និង​ដើម្បី​ឈានទៅ​សម្រេចបាន​នូវ​គោលដៅ​របស់​រដ្ឋាភិបាល​ដែល​ឱ្យ​ឈ្មោះថា រដ្ឋាភិបាល​ឌីជីថល​។

លោក ហ៊ាន សំបឿន អនុប្រធាន​វិទ្យាស្ថាន​ជាតិ​នៃ​បណ្ឌិត្យសភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា​ដែល​ជា​ស្ថាប័ន​មួយ​ចូលរួម​ធ្វើការ​ស្រាវជ្រាវ​លើ​របាយការណ៍​នេះ បាន​និយាយថា របាយការណ៍​ស្រាវជ្រាវ​នេះ គឺ​បានធ្វើ​ការស្ទង់មតិ​ពី​បណ្តា​ក្រុមហ៊ុន​ជាង ២០០ និង​បានចាប់ផ្តើម​តាំងពី​ដើមឆ្នាំ ២០២០ ដើម្បី​ធ្វើយ៉ាងណា​រកឱ្យឃើញ​ពី​តម្រូវការ បញ្ហា​ប្រឈម និង​ដំណោះស្រាយ​សម្រាប់​ឆ្លើយតប​នឹង​ការដាក់ចេញ​នូវ​គោលនយោបាយ​របស់​រដ្ឋាភិបាល ដែល​កំពុង​ផ្តោតលើ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល ឆ្នាំ ២០២១ ដល់​ឆ្នាំ​ ២០៣៥​។

លោក​អះអាង​ថា​៖ «​ដើម្បី​រុញច្រាន​សេដ្ឋកិច្ច​ឌីជីថល​ប្រទេស​កម្ពុជា​ឱ្យ​មាន​ដំណើរការ​ទៅមុខ នោះ​ឃើញថា​ជំនាញ​ឌីជីថល​នៅ​កម្ពុជា ជំនាញ​ឌីជីថល និង​ការអប់រំ នៅមាន​បញ្ហា​ប្រឈម​ផងដែរ ដូចជា ភាពមិន​ស៊ីគ្នា រវាង​ជំនាញ និង​កង្វះខាត​នូវ​ជំនាញ ដែល​ភាគច្រើន​តែងតែ​កើតមាន​នៅក្នុង​ប្រទេស​កំ​ពុង​អភិវឌ្ឍន៍​»​។

លោក ហ៊ាន សំបឿន បាន​អះអាង​បន្តថា កម្រិត​នៃ​ជំនាញ ដែល​មិន​ស៊ីគ្នា និង​ការខ្វះខាត​នេះហើយ ដែល​ធ្វើឱ្យ​មាន​ការយឺតយ៉ាវ​នវានុវត្តន៍ និង​ការចាប់​យក​បច្ចេកវិទ្យា​ថ្មី ដែល​គោលនយោបាយ​របស់​កម្ពុជា​បានដាក់​នេះ ដោយ​ទាមទារ​តម្រូវឱ្យមាន​ព័ត៌មាន​ច្បាស់លាស់ បញ្ហា​ពី​តម្រូវការ​នាពេល​បច្ចុប្បន្ន និង​អនាគត សម្រាប់​ជា​ទុន​ក្នុង​ការបង្កើត​ធនធាន​មនុស្ស​នៅក្នុង​វិស័យ​​ទាំងនេះ​។

បើតាម​របាយការណ៍​ដែល​បានបង្ហាញ​នេះ បាន​អះអាងថា ក្នុង​រយៈពេល​ ២ ​ឆ្នាំ​យ៉ាងតិច តម្រូវការ​ជំនាញ​ឌីជីថល​នេះ នឹង​នៅតែ​បន្ត​មាន​ទីផ្សារការងារ​តាមរយៈ​ក្រុមហ៊ុន​ដែល​ផ្តល់​សេវា​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​ឌីជីថល ខណៈ​ជំនាញ​ធំៗ​ចំនួន ៤ ដែល​ត្រូវការ​ចាំបាច់ និង​កើនឡើង មាន​ដូចជា អ្នកបង្កើត​កម្មវិធី អ្នកជំនាញ​ផ្នែក​បណ្តាញ​កុំព្យូទ័រ អ្នកជំនាញ​ផ្នែក​រចនា​ក្រាហ្វិក និង​អ្នកជំនាញ​ចម្រុះ​ផ្នែក​ផ្សព្វផ្សាយ​៕