
មន្ត្រី CPU របស់អូស្រ្តាលី និងមន្ត្រីនគរបាលកម្ពុជា នាថ្ងៃទី ១៥ ធ្នូ បន្តចុះស៊ើបអង្កេតករណីក្មេងស្រីជនជាតិអ៊ិស្លាមស្លាប់ នៅខេត្តកំពង់ចាម។ រូបថត CPU Cambodia
កំពង់ចាមៈ អង្គភាពការពារកុមាររបស់ប្រទេសអូស្តាលីប្រចាំនៅកម្ពុជា (CPU) សហការជាមួយមន្ត្រីជំនាញក្រសួងមហាផ្ទៃ និងនគរបាលជំនាញខេត្តកំពង់ចាម នៅថ្ងៃទី ១៤ ធ្នូ បានចុះស៊ើបអង្កេតបន្តទៀត ករណីស្លាប់ក្មេងស្រីខ្មែរអ៊ិស្លាមម្នាក់នៅភូមិទី១៣ ឃុំ-ស្រុក កោះសូទិន ខេត្តកំពង់ចាម ដែលសង្ស័យថា ជាអំពើឃាតកម្ម កាលពីថ្ងៃទី ២៨ កញ្ញា ឆ្នាំ ២០២១។ នេះបើតាមមន្ត្រីនគរបាលខេត្តកំពង់ចាម។
លោក ហេង វុទ្ធី ស្នងការរងទទួលផែន ការងារនគរបាលព្រហ្មទណ្ឌ ខេត្តកំពង់ចាម ឱ្យដឹងនៅថ្ងៃទី ១៥ ធ្នូថា ការិយាល័យព្រហ្មទណ្ឌខេត្តកំពង់ចាម សហការជាមួយនគរបាលជំនាញរបស់ក្រសួងមហាផ្ទៃ និងអង្គភាពការពារកុមារ របស់ប្រទេសអូស្ត្រាលីបានចុះធ្វើការស៊ើបអង្កេត និងស្រាវជ្រាវបន្តទៀតពាក់ព័ន្ធការស្លាប់របស់ក្មេងស្រីខ្មែរអ៊ិស្លាម ឈ្មោះ ឧស្មាន ហ្វាអីយ៉េស អាយុ ១៤ ឆ្នាំ។ ករណីនេះសមត្ថកិច្ចកំពុងស្វែងរកជនល្មើស។
លោកបន្តថា ការបើកការស៊ើបអង្កេតបន្តនេះ កម្លាំងជំនាញរបស់លោកទទួលបានគោលការណ៍ពីលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងមានការសម្របសម្រួលផ្លូវច្បាប់ពីអយ្យការអមសាលាដំបូងខេត្តកំពង់ចាមផងដែរ។ ចាប់តាំងពីថ្ងៃទី ២៩ កញ្ញា ឆ្នាំ ២០២១ មក បន្ទាប់ពីបានរកឃើញសពក្មេងស្រីរងគ្រោះ រហូតដល់ខែធ្នូ ឆ្នាំ ២០២១ នេះ សមត្ថកិច្ចបានធ្វើការងារជាប់រហូតមិនបានបង្អង់ដៃទេ។
លោកថ្លែងថា៖ «រឿងនេះកម្លាំងសមត្ថកិច្ចរបស់យើងខិតខំណាស់។ កម្លាំងជំនាញរបស់ខ្ញុំនៅតែរំកិលធ្វើការងារនេះផ្ទាល់នៅកន្លែងកើតហេតុ។ ពីម្សិលមិញ (ថ្ងៃទី ១៤ ធ្នូ) យើងក៏បានធ្វើការងារនេះមួយជំហានទៀតដែរ ដែលបានចុះស្រាវជ្រាវជាមួយអង្គភាពការពារកុមារ (CPU) របស់ប្រទេសអូស្ត្រាលី តែលទ្ធផលយ៉ាងណានោះវាជាវិជ្ជាជីវៈរបស់យើង»។
លោកសន សាគុណ នាយប៉ុស្តិ៍នគរបាលឃុំកោះសូទិន ប្រាប់នៅថ្ងៃទី ១៥ ធ្នូថា កាលពីថ្ងៃទី ១៤ ធ្នូ ឆ្នាំ ២០២១ មានក្រុមការងារនៃអង្គភាពការពារកុមារ របស់ប្រទេសអូស្ត្រាលី និងនគរបាលជំនាញខេត្តកំពង់ចាម បានចុះធ្វើការស្រាវជ្រាវករណីសំណុំរឿងក្មេងស្រីរងគ្រោះឈ្មោះឧស្មាន ហ្វាអីយ៉េស។ ប៉ុន្តែលោកមិនបានចូលរួមទេ ដោយសារមិនមែនជាជំនាញរបស់លោក។
លោកបញ្ជាក់ថា៖ «ខ្ញុំគ្រាន់តែដឹងថា ក្រុមការងារបានចុះស្រាវជ្រាវម្តងទៀតជុំវិញការស្លាប់របស់ក្មេង ហើយរហូតមកដល់ពេលនេះក៏យើងនៅតែកំពុងបន្តស្វែងរងជនដៃដល់ដែរ»។
បើតាមលោកសាគុណ ក្មេងរងគ្រោះឈ្មោះ ឧស្មាន ហ្វាអីយ៉េស រស់នៅក្នុងភូមិទី១៣ ឃុំ-ស្រុកកោះសូទិន ខេត្តកំពង់ចាម ហើយត្រូវបានគេសម្លាប់នៅល្ងាចថ្ងៃទី២៨ កញ្ញា ឆ្នាំ២០២១ ខណៈក្មេងរងគ្រោះទៅដឹកគោពីវាលស្រែមកផ្ទះ កាលពីវេលាម៉ោងប្រហែល ៥ ល្ងាច ថ្ងៃទី ២៨ កញ្ញា តែបាត់ខ្លួនរហូត។ លុះនៅវេលាម៉ោងជាង ១០ ព្រឹកថ្ងៃទី ២៩ កញ្ញា ឆ្នាំ២០២១ ទើបក្រុមគ្រួសារនិងអ្នកភូមិរកឃើញសាកសពក្នុងចម្ការពោតនៅម្តុំទីតាំងឃ្វាលគោ មានចម្ងាយពីភូមិប្រហែល២០០ម៉ែត្រ។
លោកបន្តថា បើតាមមន្ត្រីជំនាញកោសល្យវិច័យ និងគ្រូពេទ្យខេត្តកំពង់ចាម ប្រាប់កាលពីថ្ងៃទី២៩ កញ្ញា ថា សពក្មេងរងគ្រោះមានស្នាមជាំត្រង់ក និងស្នាមជាំនៅចង្កា។ រីឯប្រដាប់ភេទ ក៏គ្មានស្លាកស្នាម មិនមានការរំលោភសេពសន្ថវៈឡើយ។
លោកនូ លីម ជាមេភូមិទី១៣ ឃុំកោះសូទិន ប្រាប់នៅថ្ងៃទី១៥ ធ្នូ ថា ក្មេងរងគ្រោះមានបងប្អូន៣នាក់ ស្រី២ ប្រុស១ នាងជាកូនពៅ។ សមត្ថកិច្ចជំនាញខេត្តកំពង់ចាម និងខាងអង្គភាពការពារកុមារ(CPU)របស់ប្រទេសអូស្ត្រាលីបានចុះដល់ភូមិរបស់លោកកាលពីថ្ងៃទី១៤ ធ្នូ ដើម្បីប្រមូលវត្ថុតាង ដូចជា រូបថត និងសម្ភារប្រើប្រាស់របស់ក្មេងរងគ្រោះយកទៅធ្វើកោសល្យវិច័យបន្ថែមទៀត។
លោកបញ្ជាក់ថា៖«សពក្មេងស្រី ប្រហែលជាបាក់ឆ្អឹងក ព្រោះពី ក ទៅក្បាលទន់។ បើមិនយកដៃទប់ គឺក្បាលធ្លាក់ដល់ស្មាតែម្តង។ ប្រហែលជាជនដៃដល់ប៉ងរំលោភតែមិនបានសម្រេចក៏សម្លាប់ចោលទៅ»៕